ណាពីសាការីយ៉ា 4
4
និមិត្តហេតុអំពីជើងចង្កៀងមាស និងអូលីវពីរដើម
1ម៉ាឡាអ៊ីកាត់ដែលសន្ទនាជាមួយខ្ញុំពីមុននោះវិលមកវិញ ហើយដាស់ខ្ញុំឲ្យភ្ញាក់ស្មារតី ដូចដាស់មនុស្សឲ្យក្រោកពីដំណេក។ 2ម៉ាឡាអ៊ីកាត់នោះពោលមកខ្ញុំថា៖ «តើអ្នកឃើញអ្វី?»។ ខ្ញុំឆ្លើយថា៖ «ខ្ញុំឃើញជើងចង្កៀង មួយធ្វើអំពីមាស នៅចុងខាងលើ មានកន្លែងដាក់ប្រេង និងក្បាលចង្កៀងប្រាំពីរ ហើយមានបំពង់បញ្ឆេះប្រាំពីរភ្ជាប់ទៅនឹងក្បាលចង្កៀងដែលនៅចុងខាងលើ។ 3នៅក្បែរជើងចង្កៀងនោះមានអូលីវពីរដើម មួយនៅខាងស្ដាំកន្លែងដាក់ប្រេង មួយទៀតនៅខាងឆ្វេង»។ 4ខ្ញុំពោលទៅកាន់ម៉ាឡាអ៊ីកាត់ដែលសន្ទនាជាមួយខ្ញុំនោះថា៖ «លោកម្ចាស់ តើវត្ថុទាំងនេះមានន័យដូចម្ដេច?»។ 5ម៉ាឡាអ៊ីកាត់តបមកខ្ញុំវិញថា៖ «តើអ្នកមិនដឹងទេឬ?»។ ខ្ញុំតបថា៖ «ខ្ញុំមិនដឹងទេ លោកម្ចាស់»។ 6ពេលនោះ ម៉ាឡាអ៊ីកាត់ក៏ពោលមកខ្ញុំទៀតថា៖
អុលឡោះតាអាឡាមានបន្ទូលមកកាន់លោកសូរ៉ូបាបិលថា៖ «អ្នកបំពេញកិច្ចការនេះបាន មិនមែនដោយប្រើអំណាច ឬប្រើកម្លាំងទេ គឺដោយរសរបស់យើងវិញ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
7ភ្នំធំអើយ តើអ្នកជាអ្វី? អ្នកនឹងរលាយនៅចំពោះមុខសូរ៉ូបាបិល។ គាត់នឹងយកថ្មមួយចេញពីភ្នំនោះ ដើម្បីយកទៅធ្វើកំពូលម៉ាស្ជិទ។ ប្រជាជននាំគ្នាស្រែកឡើងថា “ថ្មនេះល្អណាស់! ថ្មនេះល្អណាស់!”»។
8 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំ ដូចតទៅ៖ 9«សូរ៉ូបាបិលបានចាក់គ្រឹះដំណាក់នេះ រួចគាត់ក៏បង្ហើយការសាងសង់ដែរ។ ពេលហេតុការណ៍នេះសម្រេចជារូបរាង អ្នកនឹងទទួលស្គាល់ថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលពិតជាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នាមែន។ 10មិនត្រូវមាក់ងាយកិច្ចការតូចតាចនៅពេលដែលគេផ្ដើមកសាងនោះឡើយ តែត្រូវសប្បាយរីករាយដោយឃើញលោកសូរ៉ូបាបិលចាប់ផ្ដើមចាក់គ្រឹះដូច្នេះ»។
«ចង្កៀងទាំងប្រាំពីរនេះជាភ្នែករបស់អុលឡោះតាអាឡាដែលមើលផែនដីទាំងមូល»។ 11ខ្ញុំសួរម៉ាឡាអ៊ីកាត់ថា៖ «ចុះអូលីវទាំងពីរដើមដែលនៅខាងស្ដាំ និងខាងឆ្វេងជើងចង្កៀងជាអ្វីដែរ?»។ 12ខ្ញុំសួរម៉ាឡាអ៊ីកាត់ទៀតថា៖ «តើមែកអូលីវពីរនៅជិតបំពង់មាសទាំងពីរ ហើយបង្ហូរប្រេងមាសពីដើមអូលីវទៅក្នុងចង្កៀងនោះជាអ្វីដែរ?»។ 13ម៉ាឡាអ៊ីកាត់តបមកខ្ញុំថា៖ «តើអ្នកមិនដឹងទេឬ?»។ ខ្ញុំតបថា៖ «ទេ លោកម្ចាស់!»។ 14ម៉ាឡាអ៊ីកាត់ពោលថា៖ «មែកអូលីវទាំងពីរនេះជាតំណាងមនុស្សពីរនាក់ ដែលអុលឡោះតាអាឡាជាម្ចាស់នៃផែនដីទាំងមូលចាក់ប្រេងតែងតាំងឲ្យនៅបម្រើទ្រង់»។
ទើបបានជ្រើសរើសហើយ៖
ណាពីសាការីយ៉ា 4: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.