ណាពីសាការីយ៉ា 13
13
បន្ទូលរបស់អុលឡោះព្រមានណាពីក្លែងក្លាយមួយចំនួន
1នៅថ្ងៃនោះនឹងមានប្រភពទឹកផុសឡើង លាងជម្រះអំពើបាប និងអំពើសៅហ្មងរបស់ព្ញាតិវង្សស្តេចទត និងប្រជាជននៅក្រុងយេរូសាឡឹម។
2«នៅថ្ងៃនោះ យើងនឹងដកព្រះក្លែងក្លាយចេញពីស្រុក ហើយគ្មាននរណានឹកនាដល់ឈ្មោះរបស់ព្រះទាំងនោះទៀតឡើយ។ យើងក៏បំបាត់ណាពីក្លែងក្លាយ និងវិញ្ញាណមិនបរិសុទ្ធរបស់ពួកគេឲ្យអស់ពីស្រុកដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ 3ប្រសិនបើអ្នកណាម្នាក់នៅតែទាយបន្តទៅទៀត ឪពុកម្ដាយដែលបង្កើតអ្នកនោះមក នឹងពោលថា “កូនឯងមិនអាចរស់តទៅទៀតទេ ព្រោះកូនប្រើនាមរបស់អុលឡោះតាអាឡា ដើម្បីពោលពាក្យកុហក!” ពេលអ្នកនោះទាយ ឪពុកម្ដាយដែលបានបង្កើតខ្លួនមក នឹងចាក់ទម្លុះគេ។ 4នៅថ្ងៃនោះ ណាពីម្នាក់ៗនឹងត្រូវអាម៉ាស់ ព្រោះតែនិមិត្តហេតុដែលខ្លួនបានឃើញ ហើយគេនឹងលែងពាក់អាវរោមសត្វ ដើម្បីបោកបញ្ឆោតអ្នកដទៃទៀតហើយ។ 5ម្នាក់ៗបែរជាពោលថា “ខ្ញុំមិនមែនជាណាពីទេ ខ្ញុំជាអ្នកស្រែចម្ការ ខ្ញុំភ្ជួររាស់ដីដែលគេឲ្យខ្ញុំទិញតាំងពីក្មេងមក”។ 6ប៉ុន្តែ គេនឹងតបទៅអ្នកនោះវិញថា “តើស្នាមនៅទ្រូងរបស់អ្នកជាអ្វី!” គាត់នឹងតបវិញថា “នេះជាស្នាមរបួសដែលខ្ញុំបានទទួលក្នុងផ្ទះរបស់មិត្តភក្តិខ្ញុំ”»។
ដាវប្រហារមេដឹកនាំ
7«ដាវអើយ ចូរភ្ញាក់ឡើងប្រហារអ្នកគង្វាល ដែលយើងបានតែងតាំង។ ចូរប្រហារអ្នកធ្វើការរួមជាមួយយើង! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ ចូរវាយសម្លាប់អ្នកគង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ! បន្ទាប់មក យើងនឹងបែរទៅវាយចៀមតូចៗ។ 8ពេលនោះ នៅក្នុងស្រុកទាំងមូល ប្រជាជនពីរភាគបីនឹងវិនាសបាត់បង់ តែមួយភាគបីនឹងនៅសេសសល់ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ 9យើងនឹងយកមួយភាគបីដែលនៅសេសសល់នេះទៅដាក់ក្នុងភ្លើង យើងនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធប្រាក់ និងមាស។ ពួកគេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកពួកគេវិញ។ យើងនឹងពោលថា: “អ្នកទាំងនេះជាប្រជាជនរបស់យើង” ហើយគេនឹងពោលថា: “អុលឡោះតាអាឡាជាម្ចាស់របស់ពួកយើង”»។
ទើបបានជ្រើសរើសហើយ៖
ណាពីសាការីយ៉ា 13: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.