ណាពី​សាកា‌រីយ៉ា 14

14
ថ្ងៃ​របស់​អុលឡោះ
1ថ្ងៃ​របស់អុលឡោះ‌តាអាឡា​មក​ជិត​ដល់​ហើយ!
ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ
ថ្ងៃ​នោះ ខ្មាំង​សត្រូវ​នឹង​ចែក​ទ្រព្យ​សម្បត្តិ
របស់​អ្នក​រាល់​គ្នា នៅ​មុខ​អ្នក​រាល់​គ្នា។
2យើង​នឹង​ប្រមូល​ប្រជា‌ជាតិ​ទាំង​អស់
ឲ្យ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម។
ពួក​គេ​នឹង​វាយ​យក​បាន​ទីក្រុង
ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​អស់​ពី​ផ្ទះ
ព្រម​ទាំង​រំលោភ​លើ​ស្រីៗ​ទៀត​ផង។
អ្នក​ក្រុង​ចំនួន​ពាក់​កណ្ដាល​នឹង​ត្រូវ​គេ​កៀរ
យក​ទៅ​ជា​ឈ្លើយ
តែ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់
មិន​ត្រូវ​គេ​ដេញ​ចេញ​ពី​ទី​ក្រុង​ឡើយ។
3 អុលឡោះ‌តាអាឡា​នឹង​ចេញ​មក
ប្រហារ​ប្រជា‌ជាតិ​ទាំង​នោះ
ដូច​នៅ​ថ្ងៃ​ទ្រង់​ធ្វើ​សឹក​សង្គ្រាម
និង​ថ្ងៃ​ទ្រង់​ប្រយុទ្ធ​នឹង​គូ​សត្រូវ។
4នៅ​ថ្ងៃ​នោះ ទ្រង់​ដាក់​ជើង
លើ​ភ្នំ​ដើម​អូលីវ ដែល​នៅ​ទល់​មុខ​នឹង
ក្រុង​យេរូ‌សាឡឹម គឺ​នៅ​ខាង​កើត​ទីក្រុង។
ភ្នំ​ដើម​អូលីវ​នឹង​ត្រូវ​ប្រេះ​ជា​ពីរ ចំ​ពាក់​កណ្ដាល
ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច
ហើយ​ក្លាយ​ទៅ​ជា​ជ្រលង​ភ្នំ​មួយ​យ៉ាង​ធំ។
ចំហៀង​ភ្នំ​ម្ខាង​កំរើក​ទៅ​ខាង​ជើង
ម្ខាង​ទៀត​ទៅ​ទិស​ខាង​ត្បូង។
5ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន
ទៅ​នៅ​តាម​ជ្រលង​ភ្នំ​របស់​យើង
ដ្បិត​ជ្រលង​ភ្នំ​នេះ​លាត​សន្ធឹង
រហូត​ដល់​អាសែល។
អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន
ដូច​អ្នក​រាល់​គ្នា​រត់​គេច​ពី​ការ​រញ្ជួយ​ផែនដី
នៅ​ជំនាន់​អូសៀស ជា​ស្ដេច​ស្រុក​យូដា។
អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ នឹង​មក
ហើយ​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ទាំង​អស់​របស់​ទ្រង់
ក៏​មក​ជា​មួយ​ដែរ។
6នៅ​ថ្ងៃ​នោះ​នឹង​លែង​មាន​ពន្លឺ​ថ្ងៃ
លែង​មាន​ធាតុ​ត្រជាក់ ឬ​ទឹក​កក​ទៀត​ដែរ។
7ថ្ងៃ​នោះ ជា​ថ្ងៃ​មួយ​ខុស​ប្លែក​ពី​ធម្មតា
មាន​តែអុលឡោះ‌តាអាឡា​ទេ​ដែល​ជ្រាប។
ពេល​នោះ គ្មាន​ថ្ងៃ​គ្មាន​យប់​ទេ
សូម្បី​តែ​ពេល​ល្ងាច ក៏​នៅ​តែ​ភ្លឺ​ដែរ
8នៅ​ថ្ងៃ​នោះ នឹង​មាន​ទឹក​ផ្ដល់​ជីវិត
ហូរ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម
មួយ​ផ្នែក​ហូរ​ចាក់​ទៅ​សមុទ្រ​ខាង​កើត
មួយ​ផ្នែក​ទៀត​ហូរ​ទៅ​សមុទ្រ​ខាង​លិច
រដូវ​ប្រាំង ក៏​ដូច​ជា​រដូវ​វស្សា​ដែរ។
9 អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ជា​ស្តេច​គ្រង​រាជ្យ
លើ​ផែនដី​ទាំង​មូល។
នៅ​ថ្ងៃ​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ថ្វាយ‌បង្គំ​តែអុលឡោះ‌តាអាឡា​ទេ
គឺ​មាន​តែ​នាម​ទ្រង់​ប៉ុណ្ណោះ។
10ទឹក​ដី​ទាំង​មូល គឺ​ចាប់​ពី​កេបា​រហូត​ដល់​រីម៉ូន
ដែល​នៅ​ខាង​ត្បូង​ក្រុង​យេរូ‌សាឡឹម
នឹង​ទៅ​ជា​វាល​ទំនាប។
គេ​នឹង​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ
នៅ​លើ​កន្លែង​ដដែល
គឺ​ចាប់​តាំង​ពី​ទ្វារ​ពុន‌យ៉ាមីន
រហូត​ដល់​កន្លែង​ដែល​មាន​ទ្វារ​កាល​ពី​មុន
និង​រហូត​ដល់​ទ្វារ​មុម
ហើយ​ចាប់​តាំង​ពី​ប៉ម​ហាណា‌នាល
រហូត​ដល់​កន្លែង​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​របស់​ស្តេច។
11ក្រុង​យេរូ‌សាឡឹម​នឹង​មាន​ប្រជា‌ជន​រស់​នៅ​ឡើង​វិញ
ហើយ​ក៏​គ្មាន​នរណា​មក​បំផ្លាញ​ទៀត​ដែរ
យេរូ‌សាឡឹម​នឹង​បាន​សុខ‌សាន្ត‌ត្រាណ។
12 អុលឡោះ‌តាអាឡា​នឹង​ប្រហារ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន
ដែល​បាន​លើក​ទ័ព​មក​វាយ​លុក
ក្រុង​យេរូ‌សាឡឹម
ដោយ​ប្រើ​គ្រោះ​កាច​ដូច​ត​ទៅ:
សាច់​របស់​ពួក​គេ​នឹង​ត្រូវ​រលួយ
នៅ​ពេល​ដែល​ពួក​គេ​ឈរ
គ្រាប់​ភ្នែក​របស់​ពួក​គេ​នឹង​រលួយ​ក្នុង​ភ្នែក
អណ្ដាត​របស់​ពួក​គេ​នឹង​រលួយ​នៅ​ក្នុង​មាត់។
13នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​កើត
វឹក‌វរ​យ៉ាង​ខ្លាំង​ក្នុង​ជួរ​ទ័ព​របស់​ពួក​គេ
ម្នាក់ៗ​ងាក​ទៅ​ប្រហារ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន។
14អ្នក​ស្រុក​យូដា​នាំ​គ្នា​ការពារ​ក្រុង​យេរូ‌សាឡឹម
ពួក​គេ​នឹង​ប្រមូល​យក​ជយ‌ភ័ណ្ឌ
ពី​ប្រជា‌ជាតិ​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ
គឺ​មាស ប្រាក់ និង​សម្លៀក‌បំពាក់​ដ៏​ច្រើន។
15គ្រោះ​កាច​ក៏​នឹង​កើត​មាន​ចំពោះ​សេះ
លា​កាត់ អូដ្ឋ លា និង​សត្វ​ទាំង​អស់
នៅ​ក្នុង​ជំរំ​របស់​ពួក​គេ
គ្រោះ​កាច​នេះ ក៏​ដូច​គ្រោះ​កាច​មុន​ដែរ។
16ពេល​នោះ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់
ដែល​បាន​វាយ​លុក​ក្រុង​យេរូ‌សាឡឹម
អស់​អ្នក​ដែល​នៅ​សេស‌សល់​នឹង​នាំ​គ្នា​មក
ជា​រៀង​រាល់​ឆ្នាំ
ដើម្បី​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល
ដែល​ជា​ស្តេច
ហើយ​ពួក​គេ​ប្រារព្ធ​ពិធី​បុណ្យ​ជំរំ។
17ប្រសិន​បើ​មាន​អំបូរ​ណា​នៅ​លើ​ផែនដី
មិន​ឡើង​មក​ក្រុង​យេរូ‌សាឡឹម
ដើម្បី​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល
ដែល​ជា​ស្តេច​ទេ
នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​លើ​ទឹក​ដី​គេ​ឡើយ។
18ប្រសិន​បើ​អំបូរ​របស់​ជន‌ជាតិ​អេស៊ីប
មិន​ឡើង​មក​ទេ
អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន
ចំពោះ​ពួក​គេ
ដូច​ប្រជា‌ជាតិ​នានា​ដែល​មិន​ព្រម​ឡើង​មក
ប្រារព្ធ​ពិធី​បុណ្យ​ជំរំ​ដែរ។
19ទោស​នេះ​នឹង​កើត​មាន​ចំពោះ​ស្រុក​អេស៊ីប
និង​ប្រជា‌ជាតិ​ទាំង​អស់​ដែល​មិន​ឡើង​មក
ប្រារព្ធ​ពិធី​បុណ្យ​ជំរំ។
20នៅ​ថ្ងៃ​នោះ គេ​នឹង​ចារឹក​អក្សរ​នៅ​លើ
កណ្ដឹង​ដែល​គេ​ពាក់​ឲ្យ​សេះ​ថា
“ញែក​ជូនអុលឡោះ‌តាអាឡា”។
រីឯ​ថ្លាង​សម្រាប់​ស្ងោរ​សាច់​នៅ​ក្នុង
ដំណាក់​របស់អុលឡោះ‌តាអាឡា
ក៏​គេ​ចាត់​ទុក​ជា​សក្ការៈ
ដូច​ចាន​សម្រាប់​ប្រោះ​ឈាម
ដែល​ស្ថិត​នៅ​ក្បែរ​អាសនៈ​ដែរ។
21ថ្លាង​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម
និង​នៅ​ក្នុង​ស្រុក​យូដា
ត្រូវ​ញែក​ជូនអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។
អស់​អ្នក​ដែល​មក​ជូន​គូរបាន
នឹង​ប្រើ​ថ្លាង​ទាំង​នោះ​សម្រាប់​ស្ងោរ​សាច់។
នៅ​ថ្ងៃ​នោះ លែង​មាន​អ្នក​លក់​ដូរ
នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់
នៃ​ពិភព​ទាំង​មូល​ទៀត​ហើយ។

ទើបបានជ្រើសរើសហើយ៖

ណាពី​សាកា‌រីយ៉ា 14: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល