ណាពីសាការីយ៉ា 14
14
ថ្ងៃរបស់អុលឡោះ
1ថ្ងៃរបស់អុលឡោះតាអាឡាមកជិតដល់ហើយ!
ប្រជាជនក្រុងយេរូសាឡឹមអើយ
ថ្ងៃនោះ ខ្មាំងសត្រូវនឹងចែកទ្រព្យសម្បត្តិ
របស់អ្នករាល់គ្នា នៅមុខអ្នករាល់គ្នា។
2យើងនឹងប្រមូលប្រជាជាតិទាំងអស់
ឲ្យលើកគ្នាមកវាយលុកក្រុងយេរូសាឡឹម។
ពួកគេនឹងវាយយកបានទីក្រុង
ហើយរឹបអូសយកទ្រព្យសម្បត្តិអស់ពីផ្ទះ
ព្រមទាំងរំលោភលើស្រីៗទៀតផង។
អ្នកក្រុងចំនួនពាក់កណ្ដាលនឹងត្រូវគេកៀរ
យកទៅជាឈ្លើយ
តែប្រជាជនដែលនៅសេសសល់
មិនត្រូវគេដេញចេញពីទីក្រុងឡើយ។
3 អុលឡោះតាអាឡានឹងចេញមក
ប្រហារប្រជាជាតិទាំងនោះ
ដូចនៅថ្ងៃទ្រង់ធ្វើសឹកសង្គ្រាម
និងថ្ងៃទ្រង់ប្រយុទ្ធនឹងគូសត្រូវ។
4នៅថ្ងៃនោះ ទ្រង់ដាក់ជើង
លើភ្នំដើមអូលីវ ដែលនៅទល់មុខនឹង
ក្រុងយេរូសាឡឹម គឺនៅខាងកើតទីក្រុង។
ភ្នំដើមអូលីវនឹងត្រូវប្រេះជាពីរ ចំពាក់កណ្ដាល
ពីទិសខាងកើតទៅទិសខាងលិច
ហើយក្លាយទៅជាជ្រលងភ្នំមួយយ៉ាងធំ។
ចំហៀងភ្នំម្ខាងកំរើកទៅខាងជើង
ម្ខាងទៀតទៅទិសខាងត្បូង។
5ពេលនោះ អ្នករាល់គ្នានឹងរត់ភៀសខ្លួន
ទៅនៅតាមជ្រលងភ្នំរបស់យើង
ដ្បិតជ្រលងភ្នំនេះលាតសន្ធឹង
រហូតដល់អាសែល។
អ្នករាល់គ្នានឹងរត់ភៀសខ្លួន
ដូចអ្នករាល់គ្នារត់គេចពីការរញ្ជួយផែនដី
នៅជំនាន់អូសៀស ជាស្ដេចស្រុកយូដា។
អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ នឹងមក
ហើយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ទ្រង់
ក៏មកជាមួយដែរ។
6នៅថ្ងៃនោះនឹងលែងមានពន្លឺថ្ងៃ
លែងមានធាតុត្រជាក់ ឬទឹកកកទៀតដែរ។
7ថ្ងៃនោះ ជាថ្ងៃមួយខុសប្លែកពីធម្មតា
មានតែអុលឡោះតាអាឡាទេដែលជ្រាប។
ពេលនោះ គ្មានថ្ងៃគ្មានយប់ទេ
សូម្បីតែពេលល្ងាច ក៏នៅតែភ្លឺដែរ
8នៅថ្ងៃនោះ នឹងមានទឹកផ្ដល់ជីវិត
ហូរចេញពីក្រុងយេរូសាឡឹម
មួយផ្នែកហូរចាក់ទៅសមុទ្រខាងកើត
មួយផ្នែកទៀតហូរទៅសមុទ្រខាងលិច
រដូវប្រាំង ក៏ដូចជារដូវវស្សាដែរ។
9 អុលឡោះតាអាឡានឹងធ្វើជាស្តេចគ្រងរាជ្យ
លើផែនដីទាំងមូល។
នៅថ្ងៃនោះ មនុស្សគ្រប់ៗគ្នានឹងថ្វាយបង្គំតែអុលឡោះតាអាឡាទេ
គឺមានតែនាមទ្រង់ប៉ុណ្ណោះ។
10ទឹកដីទាំងមូល គឺចាប់ពីកេបារហូតដល់រីម៉ូន
ដែលនៅខាងត្បូងក្រុងយេរូសាឡឹម
នឹងទៅជាវាលទំនាប។
គេនឹងសង់ក្រុងយេរូសាឡឹមឡើងវិញ
នៅលើកន្លែងដដែល
គឺចាប់តាំងពីទ្វារពុនយ៉ាមីន
រហូតដល់កន្លែងដែលមានទ្វារកាលពីមុន
និងរហូតដល់ទ្វារមុម
ហើយចាប់តាំងពីប៉មហាណានាល
រហូតដល់កន្លែងជាន់ផ្លែទំពាំងបាយជូររបស់ស្តេច។
11ក្រុងយេរូសាឡឹមនឹងមានប្រជាជនរស់នៅឡើងវិញ
ហើយក៏គ្មាននរណាមកបំផ្លាញទៀតដែរ
យេរូសាឡឹមនឹងបានសុខសាន្តត្រាណ។
12 អុលឡោះតាអាឡានឹងប្រហារជាតិសាសន៍ទាំងប៉ុន្មាន
ដែលបានលើកទ័ពមកវាយលុក
ក្រុងយេរូសាឡឹម
ដោយប្រើគ្រោះកាចដូចតទៅ:
សាច់របស់ពួកគេនឹងត្រូវរលួយ
នៅពេលដែលពួកគេឈរ
គ្រាប់ភ្នែករបស់ពួកគេនឹងរលួយក្នុងភ្នែក
អណ្ដាតរបស់ពួកគេនឹងរលួយនៅក្នុងមាត់។
13នៅថ្ងៃនោះ អុលឡោះតាអាឡានឹងធ្វើឲ្យកើត
វឹកវរយ៉ាងខ្លាំងក្នុងជួរទ័ពរបស់ពួកគេ
ម្នាក់ៗងាកទៅប្រហារអ្នកដែលនៅក្បែរខ្លួន។
14អ្នកស្រុកយូដានាំគ្នាការពារក្រុងយេរូសាឡឹម
ពួកគេនឹងប្រមូលយកជយភ័ណ្ឌ
ពីប្រជាជាតិទាំងអស់ដែលនៅជុំវិញ
គឺមាស ប្រាក់ និងសម្លៀកបំពាក់ដ៏ច្រើន។
15គ្រោះកាចក៏នឹងកើតមានចំពោះសេះ
លាកាត់ អូដ្ឋ លា និងសត្វទាំងអស់
នៅក្នុងជំរំរបស់ពួកគេ
គ្រោះកាចនេះ ក៏ដូចគ្រោះកាចមុនដែរ។
16ពេលនោះ ក្នុងចំណោមប្រជាជាតិទាំងអស់
ដែលបានវាយលុកក្រុងយេរូសាឡឹម
អស់អ្នកដែលនៅសេសសល់នឹងនាំគ្នាមក
ជារៀងរាល់ឆ្នាំ
ដើម្បីថ្វាយបង្គំអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល
ដែលជាស្តេច
ហើយពួកគេប្រារព្ធពិធីបុណ្យជំរំ។
17ប្រសិនបើមានអំបូរណានៅលើផែនដី
មិនឡើងមកក្រុងយេរូសាឡឹម
ដើម្បីថ្វាយបង្គំអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល
ដែលជាស្តេចទេ
នោះនឹងគ្មានភ្លៀងធ្លាក់លើទឹកដីគេឡើយ។
18ប្រសិនបើអំបូររបស់ជនជាតិអេស៊ីប
មិនឡើងមកទេ
អុលឡោះតាអាឡានឹងធ្វើឲ្យគ្រោះកាចកើតមាន
ចំពោះពួកគេ
ដូចប្រជាជាតិនានាដែលមិនព្រមឡើងមក
ប្រារព្ធពិធីបុណ្យជំរំដែរ។
19ទោសនេះនឹងកើតមានចំពោះស្រុកអេស៊ីប
និងប្រជាជាតិទាំងអស់ដែលមិនឡើងមក
ប្រារព្ធពិធីបុណ្យជំរំ។
20នៅថ្ងៃនោះ គេនឹងចារឹកអក្សរនៅលើ
កណ្ដឹងដែលគេពាក់ឲ្យសេះថា
“ញែកជូនអុលឡោះតាអាឡា”។
រីឯថ្លាងសម្រាប់ស្ងោរសាច់នៅក្នុង
ដំណាក់របស់អុលឡោះតាអាឡា
ក៏គេចាត់ទុកជាសក្ការៈ
ដូចចានសម្រាប់ប្រោះឈាម
ដែលស្ថិតនៅក្បែរអាសនៈដែរ។
21ថ្លាងទាំងអស់នៅក្រុងយេរូសាឡឹម
និងនៅក្នុងស្រុកយូដា
ត្រូវញែកជូនអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
អស់អ្នកដែលមកជូនគូរបាន
នឹងប្រើថ្លាងទាំងនោះសម្រាប់ស្ងោរសាច់។
នៅថ្ងៃនោះ លែងមានអ្នកលក់ដូរ
នៅក្នុងដំណាក់របស់អុលឡោះតាអាឡាជាម្ចាស់
នៃពិភពទាំងមូលទៀតហើយ។
ទើបបានជ្រើសរើសហើយ៖
ណាពីសាការីយ៉ា 14: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.