ណាពីសាការីយ៉ា 1
1
អុលឡោះត្រាស់ហៅជនជាតិអ៊ីស្រអែលឲ្យវិលមករកទ្រង់វិញ
1នៅខែទីប្រាំបី ក្នុងឆ្នាំទីពីរនៃរជ្ជកាលស្តេចដារីយូស អុលឡោះតាអាឡាមានបន្ទូលមកកាន់ណាពីសាការីយ៉ា ជាកូនរបស់លោកបេរេគា និងជាចៅរបស់លោកអ៊ីដោ ដូចតទៅ:
2 អុលឡោះតាអាឡាខឹងនឹងដូនតារបស់អ្នករាល់គ្នាយ៉ាងខ្លាំង។ 3ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «ចូរនាំគ្នាវិលមករកយើង នោះយើងក៏នឹងវិលមករកអ្នករាល់គ្នាវិញដែរ -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ 4កុំធ្វើដូចដូនតារបស់អ្នករាល់គ្នាឡើយ។ ពួកណាពីនៅជំនាន់ដើមធ្លាប់ប្រកាសប្រាប់ដូនតារបស់អ្នករាល់គ្នាថា “អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលដូចតទៅ: ចូរនាំគ្នាវិលមកវិញ ដោយងាកចេញពីមាគ៌ាអាក្រក់ ហើយឈប់ប្រព្រឹត្តអំពើទុច្ចរិតទៀតទៅ!” ប៉ុន្តែ ដូនតារបស់អ្នករាល់គ្នាពុំព្រមស្ដាប់ ពួកគេមិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 5ដូនតារបស់អ្នករាល់គ្នាបាត់បង់ជីវិតអស់ទៅហើយ រីឯពួកណាពីក៏មិននៅរស់រហូតដែរ។ 6ដូនតារបស់អ្នករាល់គ្នាឮពាក្យរបស់យើង និងហ៊ូកុំដែលយើងបានបង្គាប់ដល់ពួកណាពីជាអ្នកបម្រើរបស់យើង។ ដូនតារបស់អ្នករាល់គ្នាបានវិលមកវិញ ហើយពោលថា “អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលប្រព្រឹត្តចំពោះពួកយើង ដូចទ្រង់បានសម្រេចស្របតាមមារយាទ និងអំពើដែលពួកយើងប្រព្រឹត្ត”»។
និមិត្តហេតុអស្ចារ្យអំពីសេះ
7នៅថ្ងៃទីម្ភៃបួន ខែទីដប់មួយ ដែលត្រូវនឹងខែមាឃ ក្នុងឆ្នាំទីពីរនៃរជ្ជកាលស្តេចដារីយូស អុលឡោះតាអាឡាមានបន្ទូលមកកាន់ណាពីសាការីយ៉ា ជាកូនរបស់លោកបេរេគា និងជាចៅរបស់លោកអ៊ីដោ ដូចតទៅ:
8នៅពេលយប់ ខ្ញុំបាននិមិត្តឃើញបុរសម្នាក់ជិះសេះមួយសម្បុរក្រហម ឈប់នៅកណ្ដាលគុម្ពផ្កាយីថោក្នុងជ្រលងភ្នំមួយដ៏ជ្រៅ។ នៅពីក្រោយគាត់ មានសេះឯទៀតៗសម្បុរក្រហម ត្នោត និងស ដែលមានអ្នកជិះពីលើ។ 9ខ្ញុំក៏សួរថា៖ «លោកម្ចាស់ អ្នកទាំងនោះជានរណា?»។ ម៉ាឡាអ៊ីកាត់ដែលនិយាយជាមួយខ្ញុំ ពោលថា៖ «ខ្ញុំនឹងបង្ហាញឲ្យអ្នកដឹងថា អ្នកទាំងនោះជានរណា»។ 10បុរសដែលនៅកណ្ដាលគុម្ពផ្កាយីថោ ពោលថា៖ «ពួកគេជាអ្នកដែលអុលឡោះតាអាឡាបានចាត់ឲ្យធ្វើដំណើរឆ្លងកាត់ផែនដី»។ 11អ្នកទាំងនោះពោលទៅកាន់ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា ដែលនៅកណ្ដាលគុម្ពផ្កាយីថោថា៖ «យើងខ្ញុំបានធ្វើដំណើរឆ្លងកាត់ផែនដី ឃើញមនុស្សម្នាទាំងអស់រស់នៅយ៉ាងសុខសាន្ត ឥតមានកង្វល់»។
12ពេលនោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាពោលឡើងថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ! តើដល់ពេលណាទើបទ្រង់អាណិតមេត្តាក្រុងយេរូសាឡឹម និងក្រុងឯទៀតៗក្នុងស្រុកយូដា? ទ្រង់ខឹងនឹងក្រុងទាំងនេះអស់រយៈពេលចិតសិបឆ្នាំហើយ»។ 13អុលឡោះតាអាឡាមានបន្ទូលលើកទឹកចិត្ត និងសំរាលទុក្ខម៉ាឡាអ៊ីកាត់ដែលនិយាយជាមួយខ្ញុំ។ 14ពេលនោះ ម៉ាឡាអ៊ីកាត់ដែលនិយាយជាមួយខ្ញុំពោលមកខ្ញុំថា៖ «ចូរប្រកាសដូចតទៅ:
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា យើងស្រឡាញ់ក្រុងយេរូសាឡឹម និងភ្នំស៊ីយ៉ូនពន់ពេកណាស់ 15តែយើងខឹងយ៉ាងខ្លាំងទាស់នឹងប្រជាជាតិនានា ដែលអាងលើកម្លាំងខ្លួនឯង។ ពេលយើងខឹងនឹងអ៊ីស្រអែលតែបន្តិច ប្រជាជាតិទាំងនោះបែរជានាំគ្នាធ្វើបាបជនជាតិអ៊ីស្រអែលយ៉ាងសែនវេទនា»។ 16ហេតុនេះ អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងនឹងវិលមកក្រុងយេរូសាឡឹមវិញ ដោយចិត្តអាណិតអាសូរ។ ដំណាក់របស់យើងនឹងត្រូវសង់ឡើងវិញ ហើយគេនឹងយកខ្សែរង្វាស់មកវាស់ក្រុងយេរូសាឡឹម ដើម្បីជួសជុលឡើងវិញដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ 17ចូរប្រកាសទៀតថា «អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលដូចតទៅនេះ: ក្រុងនានារបស់យើងនឹងមានភោគទ្រព្យហូរហៀរឡើងវិញ។ យើងនឹងសំរាលទុក្ខក្រុងស៊ីយ៉ូនសាជាថ្មី ហើយយើងជ្រើសរើសក្រុងយេរូសាឡឹមដូចពីមុន»។
និមិត្តហេតុអស្ចារ្យអំពីស្នែងបួន និងជាងដែកបួននាក់
18ខ្ញុំក្រឡេកមើលទៅ ខ្ញុំនិមិត្តឃើញស្នែងបួន។ 19ខ្ញុំក៏សួរម៉ាឡាអ៊ីកាត់ដែលនិយាយជាមួយខ្ញុំថា៖ «តើស្នែងទាំងបួននោះជាតំណាងអ្វី?»។ ម៉ាឡាអ៊ីកាត់តបមកខ្ញុំថា៖ «ស្នែងទាំងនោះជាតំណាងប្រជាជាតិដែលបានកំចាត់កំចាយអ្នកស្រុកយូដា អ្នកស្រុកអ៊ីស្រអែល និងអ្នកក្រុងយេរូសាឡឹម»។
20បន្ទាប់មក អុលឡោះតាអាឡាប្រទានឲ្យខ្ញុំឃើញជាងដែកបួននាក់។ 21ខ្ញុំសួរថា៖ «តើអ្នកទាំងនេះមកធ្វើអ្វី?»។ ទ្រង់ពន្យល់ប្រាប់ខ្ញុំថា៖ «ស្នែងទាំងបួនបានកំចាត់កំចាយអ្នកស្រុកយូដា គ្មាននរណាអាចតទល់នឹងពួកគេបានឡើយ។ ប៉ុន្តែ ជាងដែកទាំងបួននាក់នាំគ្នាមក ដើម្បីបំភ័យ និងកំទេចស្នែងនៃប្រជាជាតិទាំងបួនដែលបានប្រើកម្លាំងវាយស្រុកយូដា និងកំចាត់កំចាយប្រជាជន»។
ទើបបានជ្រើសរើសហើយ៖
ណាពីសាការីយ៉ា 1: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.