ម៉ាកុស 6

6
អ្នក​ភូមិ​ណា​សារ៉ែត​បដិ‌សេធ​មិន​ព្រម​ទទួល​ណាពី​អ៊ីសា
1អ៊ីសា​ចេញ​ពី​ទី​នោះ​ត្រឡប់​ទៅ​ភូមិ​ស្រុក​របស់​គាត់​វិញ ពួក​សិស្ស​ក៏​ទៅ​តាម​គាត់​ដែរ។ 2លុះ​ដល់​ថ្ងៃ​ជំអាត់ អ៊ីសា​បង្រៀន​អ្នក​ស្រុក​នៅ​ក្នុង​សាលា​ប្រជុំ។ មនុស្ស​ជា​ច្រើន​ដែល​បាន​ស្ដាប់​អ៊ីសា​ងឿង‌ឆ្ងល់​ក្រៃ‌លែង។ គេ​និយាយ​គ្នា​ថា៖ «តើ​គាត់​ដឹង​សេចក្ដី​ទាំង​នេះ មក​ពី​ណា? ប្រាជ្ញា​ដែល​គាត់​បាន​ទទួល​នេះ ជា​ប្រាជ្ញា​អ្វី​ទៅ? ការ‌អស្ចារ្យ​ដែល​គាត់​បាន​ធ្វើ​នេះ កើត​ឡើង​ដោយ​វិធី​ណា? 3តើ​អ្នក​នេះ​មិន​មែន​ជា​ជាង​ឈើ ជា​កូន​នាង​ម៉ារីយំ ជា​បង​ប្អូន​របស់​យ៉ាកកូប យូសុះ យូដាស និង​ស៊ីម៉ូន​ទេ​ឬ​អី? ប្អូន​ស្រី​របស់​គាត់​ទាំង​ប៉ុន្មាន ក៏​រស់​នៅ​ក្នុង​ភូមិ​នេះ​ជា​មួយ​យើង​ដែរ!»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​មិន​អាច​ជឿ​អ៊ីសា​បាន​ឡើយ។ 4អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ធម្មតា​គេ​មើល‌ងាយ​ណាពី​តែ​ក្នុង​ស្រុក​កំណើត ក្នុង​ក្រុម​គ្រួសារ និង​ក្នុង​ផ្ទះ​របស់​គេ​ប៉ុណ្ណោះ»។ 5នៅ​ទី​នោះ អ៊ីសា​ពុំ​អាច​ធ្វើ​ការ‌អស្ចារ្យ​អ្វី​បាន​ឡើយ បាន​ត្រឹម​តែ​ដាក់​ដៃ​លើ​អ្នក​ជំងឺ​ខ្លះ ដើម្បី​ប្រោស​គេ​ឲ្យ​បាន​ជា​ប៉ុណ្ណោះ។ 6អ៊ីសា​នឹក​ឆ្ងល់ ដោយ​ឃើញ​គេ​គ្មាន​ជំនឿ​បែប​នេះ។
ណាពី​អ៊ីសា​ចាត់​សិស្ស​ទាំង​ដប់‌ពីរ​នាក់​ឲ្យ​ទៅ​ប្រកាស​ដំណឹង‌ល្អ
អ៊ីសា​ទៅ​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ហើយ​គាត់​បង្រៀន​អ្នក​ស្រុក។ 7ពេល​នោះ អ៊ីសា​ហៅ​សិស្ស​ទាំង​ដប់‌ពីរ​នាក់​មក រួច​គាត់​ចាត់​គេ​ពីរៗ​នាក់​ឲ្យ​ទៅ ទាំង​ប្រទាន​ឲ្យ​គេ​មាន​អំណាច​ដេញ​អ៊ីព្លេស​ផង។ 8អ៊ីសា​ផ្ដែ‌ផ្ដាំ​គេ​មិន​ឲ្យ​យក​អ្វី​ទៅ​ជា​មួយ ក្នុង​ពេល​ធ្វើ​ដំណើរ​ឡើយ លើក‌លែង​តែ​ដំបង​ប៉ុណ្ណោះ៖ «កុំ​យក​ចំណី​អាហារ ថង់​យាម ឬ​យក​ប្រាក់​កាស​ជាប់​នឹង​ខ្លួន 9ចូរ​ពាក់​ស្បែក​ជើង តែ​មិន​ត្រូវ​យក​អាវ​ពីរ​បន្លាស់​ទៅ​ជា​មួយ​ឲ្យ​សោះ»។ 10អ៊ីសា​មាន​ប្រសាសន៍​ថា៖ «បើ​អ្នក​រាល់​គ្នា​ចូល​ផ្ទះ​ណា ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ​ទៅ។ 11បើ​នៅ​កន្លែង​ណា គេ​មិន​ព្រម​ទទួល មិន​ព្រម​ស្ដាប់​អ្នក​រាល់​គ្នា ចូរ​ចេញ​ពី​កន្លែង​នោះ​ទៅ ហើយ​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​អ្នក​រាល់​គ្នា​ផង ទុក​ជា​សញ្ញា​ព្រមាន​គេ»។
12ពួក​សិស្ស​ក៏​ចេញ​ទៅ ប្រកាស​ឲ្យ​មនុស្ស‌ម្នា​កែ​ប្រែ​ចិត្ដ​គំនិត។ 13គេ​បាន​ដេញ​អ៊ីព្លេស​ជា​ច្រើន​ចេញ​ពី​មនុស្ស ព្រម​ទាំង​ចាក់​ប្រេង​លើ​អ្នក​ជំងឺ​ច្រើន​នាក់ ដើម្បី​ប្រោស​ឲ្យ​គេ​បាន​ជា​សះ‌ស្បើយ។
ស្ដេច​ហេរ៉ូដ​សម្លាប់​យ៉ះយ៉ា ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក
14ស្តេច​ហេរ៉ូដ​បាន​ដឹង​អំពី​ហេតុ‌ការណ៍​ទាំង​អស់​នោះ ដ្បិត​កិត្ដិ‌នាម​របស់​អ៊ីសា​បាន​ល្បី​ឮ​ខ្ចរ‌ខ្ចាយ។ មាន​គេ​និយាយ​ថា៖ «យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​បាន​រស់​ឡើង​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​មាន​អំណាច​នឹង​ធ្វើ​ការ​អស្ចារ្យ​យ៉ាង​នេះ»។ 15អ្នក​ខ្លះ​ថា៖ «គាត់​ជា​ណាពី​អេលី‌យ៉េស» ហើយ​ខ្លះ​ទៀត​ថា៖ «គាត់​ជា​ណាពី​ម្នាក់​ដូច​ណាពី​ឯ​ទៀតៗ​ពី​ជំនាន់​ដើម​ដែរ»។ 16រីឯ​ស្តេច​ហេរ៉ូដ​វិញ កាល​បាន​ឮ​ដំណឹង​នេះ ស្តេច​និយាយ​ថា៖ «អ្នក​នេះ​ពិត​ជា​យ៉ះយ៉ា​ដែល​យើង​បាន​ឲ្យ​គេ​កាត់​ក​មែន ឥឡូវ​នេះ គាត់​រស់​ឡើង​វិញ»។
17ស្តេច​ហេរ៉ូដ​បាន​បញ្ជា​ឲ្យ​គេ​ចាប់​យ៉ះយ៉ា​ដាក់​ច្រវាក់​យក​ទៅ​ឃុំ‌ឃាំង ដោយ​ស្តេច​ជឿ​តាម​នាង​ហេរ៉ូឌាស ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​ស្ដេច​ភីលីព ជា​ប្អូន ហើយ​ស្តេច​ហេរ៉ូដ​យក​មក​ធ្វើ​ជា​ប្រពន្ធ។ 18យ៉ះយ៉ា​បាន​បន្ទោស​ស្ដេច​ហេរ៉ូដ​ថា៖ «ស្តេច​គ្មាន​សិទ្ធិ​នឹង​យក​ប្រពន្ធ​របស់​ប្អូន​មក​ធ្វើ​ជា​ប្រពន្ធ​ទេ»។ 19នាង​ហេរ៉ូឌាស​ចង​គំនុំ ប៉ង​សម្លាប់​យ៉ះយ៉ា តែ​រក​សម្លាប់​ពុំ​កើត 20ដ្បិត​ស្តេច​ហេរ៉ូដ​ខ្លាច​យ៉ះយ៉ា ព្រោះ​ស្តេច​ដឹង​ថា យ៉ះយ៉ា​ជា​មនុស្ស​សុចរិត និង​ជា​អ្នក​បរិសុទ្ធ។ ដូច្នេះ ស្តេច​ការ‌ពារ​យ៉ះយ៉ា។ កាល​ស្តេច​ស្តាប់​ពាក្យ​យ៉ះយ៉ា​ពេញ​ចិត្ត​ជា​ខ្លាំង តែ​ស្តេច​រារែក​មិន​ដឹង​ជា​ត្រូវ​គិត​យ៉ាង​ណា។
21មាន​ថ្ងៃ​មួយ ក្នុង​ឱកាស​បុណ្យ​ចំរើន​អាយុ​របស់​ស្តេច​ហេរ៉ូដ ស្តេច​បាន​រៀប‌ចំ​ពិធី​ជប់‌លៀង ដោយ​អញ្ជើញ​អស់​លោក​មន្ដ្រី មេ‌ទ័ព និង​នាម៉ឺន​ធំៗ ក្នុង​ស្រុក​កាលី‌ឡេ​មក​ចូល​រួម។ ពេល​នោះ ជា​ឱកាស​ល្អ​ដល់​នាង​ហេរ៉ូ‌ឌាស។ 22កូន​របស់​នាង​ក៏​ចូល​មក​រាំ ធ្វើ​ឲ្យ​ស្ដេច​ហេរ៉ូដ និង​ភ្ញៀវ​ទាំង​អស់​ពេញ​ចិត្ដ​ណាស់។ ស្ដេច​ក៏​និយាយ​ទៅ​កាន់​នាង​ថា៖ «បើ​នាង​ចង់​បាន​អ្វី ចូរ​សុំ​ពី​យើង​ចុះ យើង​នឹង​ឲ្យ​នាង»។ 23រួច​ស្ដេច​ស្បថ​នឹង​នាង​ថា៖ «អ្វីៗ​ដែល​នាង​សុំ​ពី​យើង យើង​នឹង​ឲ្យ​នាង ទោះ​បី​នគរ​មួយ​ចំហៀង​ក៏​ដោយ»។ 24នាង​ក៏​ចេញ​ទៅ​សួរ​ម្តាយ​ថា៖ «តើ​ខ្ញុំ​ត្រូវ​សុំ​អ្វី?»។ ម្តាយ​ឆ្លើយ​ថា៖ «ត្រូវ​សុំ​ក្បាល​របស់​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក!»។ 25នាង​ក៏​ប្រញាប់​ត្រឡប់​ទៅ​ជួប​ស្ដេច​វិញ​ភ្លាម រួច​ជម្រាប​ថា៖ «ខ្ញុំ​ចង់​បាន​ក្បាល​របស់​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដាក់​លើ​ថាស​ឥឡូវ​នេះ!»។ 26ស្ដេច​ព្រួយ​ចិត្ត​ក្រៃ‌លែង តែ​មិន​ហ៊ាន​បដិ‌សេធ​ឡើយ ព្រោះ​ស្តេច​បាន​ស្បថ​នៅ​មុខ​ភ្ញៀវ​ទាំង​អស់​គ្នា។ 27ស្តេច​បញ្ជា​ទាហាន​ម្នាក់ ឲ្យ​ទៅ​យក​ក្បាល​យ៉ះយ៉ា​មក​ភ្លាម។ 28ទាហាន​ទៅ​គុក​កាត់ ក​យ៉ះយ៉ា យក​ក្បាល​ដាក់​លើ​ថាស​មួយ​មក​ប្រគល់​ឲ្យ​នាង ហើយ​នាង​យក​ទៅ​ជូន​ម្តាយ។ 29កាល​ពួក​សិស្ស​របស់​យ៉ះយ៉ា​បាន​ឮ​ដំណឹង​នេះ គេ​នាំ​គ្នា​មក​យក​សព​របស់​យ៉ះយ៉ា​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។
ណាពី​អ៊ីសា​ចែក​នំបុ័ង​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់​បរិភោគ
30ពួក​សាវ័ក​វិល​ត្រឡប់​មក​ជួប​អ៊ីសា​វិញ​រៀប​រាប់​ជម្រាប​អ៊ីសា​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ធ្វើ និង​សេចក្ដី​ទាំង​អស់​ដែល​គេ​បាន​បង្រៀន។
31មនុស្ស​ជា​ច្រើន​ធ្វើ​ដំណើរ​ទៅ​មក ធ្វើ​ឲ្យ​អ៊ីសា និង​ពួក​សិស្ស រក​ពេល​បរិភោគ​ពុំ​បាន​សោះ។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ចូរ​នាំ​គ្នា​មក​រក​កន្លែង​ស្ងាត់​ដាច់​ឡែក​ពី​បណ្ដា‌ជន សម្រាក​បន្ដិច​សិន»។ 32អ៊ីសា​ក៏​ចុះ​ទូក​ជា​មួយ​ពួក​សិស្ស ឆ្ពោះ​ទៅ​កាន់​កន្លែង​មួយ​ស្ងាត់​ដាច់​ឡែក។ 33ប៉ុន្ដែ មាន​មនុស្ស​ជា​ច្រើន​បាន​ឃើញ​អ៊ីសា និង​ពួក​សិស្ស​ចេញ​ដំណើរ​ទៅ គេ​ក៏​ស្គាល់​អ៊ីសា និង​សិស្ស​ហើយ​នាំ​គ្នា​រត់​ចេញ​ពី​ទី‌ក្រុង​នានា​ទៅ​មុន។
34កាល​អ៊ីសា​ឡើង​ពី​ទូក​មក ឃើញ​មហា‌ជន​ច្រើន​យ៉ាង​នេះ អ៊ីសា​អាណិត​អាសូរ​គេ​ពន់​ពេក​ណាស់ ព្រោះ​អ្នក​ទាំង​នោះ​ប្រៀប‌បី​ដូច​ជា​ចៀម ដែល​គ្មាន​អ្នក​គង្វាល​ថែ​ទាំ។ អ៊ីសា​ក៏​បង្រៀន​គេ​អំពី​សេចក្ដី​ផ្សេងៗ​ជា​ច្រើន។ 35ពេល​នោះ​ថ្ងៃ​កាន់​តែ​ជ្រេ​ណាស់​ហើយ សិស្ស​នាំ​គ្នា​ចូល​មក​ជួប​អ៊ីសា ជម្រាប​ថា៖ «ទី​នេះ​ស្ងាត់​ណាស់ ថ្ងៃ​ក៏​ជិត​លិច​ផង 36សូម​ប្រាប់​អ្នក​ទាំង​នេះ​ឲ្យ​ត្រឡប់​ទៅ​វិញ ទៅ​រក​ទិញ​ម្ហូប​អាហារ​បរិភោគ​តាម​ផ្ទះ តាម​ភូមិ​ជិតៗ​នេះ»។ 37អ៊ីសា​បាន​ប្រាប់​ទៅ​គេ​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ទៅ!»។ គេ​ជម្រាប​អ៊ីសា​ថា៖ «តើ​យើង​ត្រូវ​យក​ប្រាក់​ពីរ​រយ​ដួង ទៅ​ទិញ​ម្ហូប​អាហារ​ឲ្យ​គេ​បរិភោគ​ឬ?»។ 38អ៊ីសា​បាន​សួរ​គេ​ថា៖ «ទៅ​មើល​មើល៍​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន​ដុំ?»។ កាល​បាន​ដឹង​ហើយ គេ​ជម្រាប​អ៊ីសា​ថា៖ «យើង​ខ្ញុំ​មាន​នំបុ័ង​ប្រាំ​ដុំ និង​ត្រី​ងៀត​ពីរ​កន្ទុយ»។ 39អ៊ីសា​បង្គាប់​ពួក​សិស្ស​ឲ្យ​ប្រាប់​បណ្ដា‌ជន អង្គុយ​ជា​ក្រុមៗ​នៅ​លើ​ស្មៅ​ខៀវ​ខ្ចី។ 40គេ​អង្គុយ​ជា​ជួរ ជួរ​ខ្លះ​មាន​មួយ​រយ​នាក់ ជួរ​ខ្លះ​មាន​ហា‌សិប​នាក់។ 41អ៊ីសា​យក​នំបុ័ង​ទាំង​ប្រាំ​ដុំ និង​ត្រី​ពីរ​កន្ទុយ​នោះ​មក​កាន់ អ៊ីសា​ងើប​មុខ​ឡើង សរសើរ​តម្កើង​អុលឡោះ ហើយ​កាច់​នំបុ័ង​ឲ្យ​ពួក​សិស្ស ដើម្បី​ឲ្យ​គេ​ចែក​បណ្ដា‌ជន​បរិភោគ អ៊ីសា​ចែក​ត្រី​ពីរ​កន្ទុយ​នោះ​ឲ្យ​គេ​ទាំង​អស់​គ្នា​ដែរ។ 42អ្នក​ទាំង​នោះ​បរិភោគ​ឆ្អែត​គ្រប់ៗ​គ្នា។ 43ពួក​សិស្ស​ប្រមូល​នំបុ័ង និង​ត្រី​ដែល​នៅ​សល់ ដាក់​បាន​ពេញ​ដប់‌ពីរ​ល្អី។ 44ក្នុង​ចំណោម​អ្នក​ដែល​បរិភោគ​នំបុ័ង មាន​ប្រុសៗ​ចំនួន​ប្រាំ​ពាន់​នាក់។
ណាពី​អ៊ីសា​ដើរ​លើ​ទឹក​សមុទ្រ
45រំពេច​នោះ អ៊ីសា​បញ្ជា​ពួក​សិស្ស​ឲ្យ​ចុះ​ទូក​ឆ្លង​ទៅ​ត្រើយ​ម្ខាង ឆ្ពោះ​ទៅ​ភូមិ​បេតសៃ‌ដា​មុន​គាត់ ហើយ​អ៊ីសា​ប្រាប់​បណ្ដា‌ជន​ឲ្យ​ត្រឡប់​ទៅ​វិញ។ 46កាល​ឲ្យ​បណ្ដា‌ជន​ចេញ​ផុត​អស់​ហើយ​អ៊ីសា​ទៅ​ទូរអា​នៅ​លើ​ភ្នំ។ 47លុះ​ដល់​យប់ ទូក​បាន​ទៅ​ដល់​កណ្ដាល​សមុទ្រ រីឯ​អ៊ីសា​វិញ​គាត់​នៅ​លើ​គោក​តែ​ម្នាក់​ឯង។ 48អ៊ីសា​ឃើញ​សិស្ស​កំពុង​តែ​អុំ​ទូក​យ៉ាង​លំបាក​ដ្បិត​បញ្ច្រាស​ខ្យល់។ ពេល​ជិត​ភ្លឺ អ៊ីសា​ដើរ​លើ​ទឹក ឆ្ពោះ​ទៅ​រក​ពួក​គេ ហើយ​ធ្វើ​ដូច​ជា​ចង់​ដើរ​បង្ហួស។ 49កាល​ពួក​សិស្ស​ឃើញ​អ៊ីសា​ដើរ​លើ​ទឹក​សមុទ្រ​ដូច្នេះ គេ​ស្មាន​ថា​ខ្មោច​លង ក៏​នាំ​គ្នា​ស្រែក 50ដ្បិត​គេ​បាន​ឃើញ​អ៊ីសា​គ្រប់ៗ​គ្នា ហើយ​ភ័យ​រន្ធត់​ជា​ខ្លាំង។ អ៊ីសា​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ភ្លាម​ថា៖ «ចូរ​តាំង​ចិត្ដ​ក្លា‌ហាន​ឡើង ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី!»។ 51បន្ទាប់​មក អ៊ីសា​ចូល​ក្នុង​ទូក​ជា​មួយ​គេ ហើយ​ខ្យល់​ក៏​ស្ងប់។ ពួក​សិស្ស​ងឿង‌ឆ្ងល់​ពន់‌ពេក​ណាស់ 52ដ្បិត​គេ​ពុំ​ទាន់​បាន​យល់​អំពី​រឿង​នំបុ័ង មក​ពី​គេ​មាន​ចិត្ដ​រឹង‌រូស។
ណាពី​អ៊ីសា​ប្រោស​អ្នក​ជំងឺ​នៅ​ស្រុក​គេនេ‌សារ៉ែត
53កាល​អ៊ីសា និង​ពួក​សិស្ស​បាន​ឆ្លង​ទៅ​ដល់​ត្រើយ​ម្ខាង​ក្នុង​ស្រុក​គេនេ‌សារ៉ែត​ហើយ គេ​ក៏​នាំ​គ្នា​ចត​ទូក។ 54អ៊ីសា​ឡើង​លើ​គោក​ជា​មួយ​សិស្ស ពេល​នោះ មនុស្ស‌ម្នា​ស្គាល់​គាត់​ភ្លាម។ 55គេ​រត់​ទៅ​គ្រប់​កន្លែង​ក្នុង​តំបន់ ហើយ​នាំ​គ្នា​សែង​អ្នក​ជំងឺ​ទៅ​កន្លែង​ដែល​គេ​ឮ​ថា​អ៊ីសា​នៅ។ 56គ្រប់​កន្លែង​ដែល​អ៊ីសា​ទៅ ទោះ​បី​នៅ​ក្នុង​ភូមិ​ក្នុង​ក្រុង ឬ​តាម​ស្រុក​ស្រែ​ក្ដី គេ​យក​អ្នក​ជំងឺ​មក​ដាក់​នៅ​តាម​ទីផ្សារ អង្វរ​សុំ​គ្រាន់​តែ​ពាល់​ជាយ​អាវ​អ៊ីសា​ប៉ុណ្ណោះ​អស់​អ្នក​ដែល​ពាល់​អ៊ីសា បាន​ជា​សះ‌ស្បើយគ្រប់ៗ​គ្នា។

ទើបបានជ្រើសរើសហើយ៖

ម៉ាកុស 6: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល