ម៉ាកុស 5

5
ណាពី​អ៊ីសា​ដេញ​អ៊ីព្លេស​ចេញ​ពី​មនុស្ស​ម្នាក់
1អ៊ីសា និង​ពួក​សិស្ស​បាន​ទៅ​ដល់​ត្រើយ​ម្ខាង ក្នុង​តំបន់​គេ‌រ៉ាស៊ីន។ 2កាល​អ៊ីសា​ឡើង​ពី​ទូក​ភ្លាម បុរស​ម្នាក់​មាន​អ៊ីព្លេស​ក្នុង​ខ្លួន ចេញ​ពី​ទី​បញ្ចុះ​សព ដើរ​តម្រង់​មក​រក​អ៊ីសា។ 3បុរស​នេះ​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះ‌សព គ្មាន​នរណា​អាច​ចង​គាត់​បាន​ឡើយ សូម្បី​តែ​យក​ច្រវាក់​មក​ចង​ក៏​មិន​ជាប់​ដែរ។ 4គេ​ដាក់​ខ្នោះ​ជើង និង​យក​ច្រវាក់​ចង​គាត់​ច្រើន​ដង ប៉ុន្ដែ គាត់​នៅ​តែ​កាច់​បំបាក់​ច្រវាក់ និង​ខ្នោះ​ទាំង​នោះ​ជា‌និច្ច គ្មាន​នរណា​អាច​បង្ក្រាប​គាត់​បាន​ឡើយ។ 5គាត់​រស់​នៅ​តាម​ទី​បញ្ចុះ​សព និង​តាម​ភ្នំ​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ចេះ​តែ​ស្រែក ព្រម​ទាំង​យក​ថ្ម​មក​អារ​សាច់​ខ្លួន​ឯង​ថែម​ទៀត​ផង។ 6កាល​គាត់​ឃើញ​អ៊ីសា​ពី​ចម្ងាយ ក៏​រត់​មក​ក្រាប​ថ្វាយ‌បង្គំ​អ៊ីសា 7ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ឱ​អ៊ីសា ជា​បុត្រា​របស់​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​អើយ តើ​លោក​ចង់​ធ្វើ​អ្វី​ខ្ញុំ? ខ្ញុំ​អង្វរ​លោក​ក្នុង​នាម​អុលឡោះ សូម​មេត្ដា​កុំ​ធ្វើ​ទុក្ខ​ទោស​ខ្ញុំ​អី!»។ 8អ៊ីព្លេស​និយាយ​ដូច្នេះ ព្រោះ​អ៊ីសា​បាន​បញ្ជា​វា​ថា៖ «នែ៎​អ៊ីព្លេស ចូរ​ចេញ​ពី​អ្នក​នេះ​ទៅ!»។ 9អ៊ីសា​មាន​ប្រសាសន៍​ទៅ​អ៊ីព្លេស​ថា៖ «ឯង​ឈ្មោះ​អី?» អ៊ីព្លេស​ឆ្លើយ​ថា៖ «ខ្ញុំ​ឈ្មោះ​កង‌ទ័ព ដ្បិត​យើង​ខ្ញុំ​មាន​គ្នា​ច្រើន»។ 10វា​ទទូច​អង្វរ សូម​កុំ​ឲ្យ​អ៊ីសា​បណ្ដេញ​ពួក​វា​ចេញ​ពី​ស្រុក​នោះ។ 11នៅ​ក្បែរ​នោះ​មាន​ជ្រូក​មួយ​ហ្វូង​ធំ កំពុង​រក​ស៊ី​នៅ​តាម​ចង្កេះ​ភ្នំ។ 12អ៊ីព្លេស​ទាំង​នោះ​អង្វរ​អ៊ីសា​ថា៖ «សូម​បញ្ជូន​យើង​ខ្ញុំ​ឲ្យ​ទៅ​ចូល​ក្នុង​ជ្រូក​ទាំង​នោះ​ទៅ!»។ 13អ៊ីសា​ក៏​យល់​ព្រម។ អ៊ីព្លេស​ចេញ​ពី​បុរស​នោះ​ទៅ​ចូល​ក្នុង​ជ្រូក ហ្វូង​ជ្រូក​ដែល​មាន​ចំនួន​ប្រមាណ​ជា​ពីរ​ពាន់​ក្បាល ក៏​បោល​ចុះ​តាម​ជំរាល​ភ្នំ តម្រង់​ទៅ​សមុទ្រ លង់​ទឹក​ងាប់​អស់។ 14ពួក​អ្នក​ថែ​រក្សា​ហ្វូង​ជ្រូក​យក​រឿង​នេះ​រត់​ទៅ​ប្រាប់​អ្នក​នៅ​ទី​ក្រុង និង​អ្នក​នៅ​ស្រុក​ស្រែ មនុស្ស‌ម្នា​ក៏​នាំ​គ្នា​មក​មើល​ហេតុ‌ការណ៍​នោះ។ 15គេ​ចូល​មក​រក​អ៊ីសា ឃើញ​បុរស​ដែល​មាន​អ៊ីព្លេស​ចូល​កាល​ពី​មុន អង្គុយ មាន​សម្លៀក‌បំពាក់ ហើយ​ដឹង​ស្មារតី នោះ​គេ​ក៏​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង។ 16អស់​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក រៀប​រាប់​ប្រាប់​គេ​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​បុរស​នោះ និង​អំពី​ហ្វូង​ជ្រូក។ 17គេ​សូម‌អង្វរ​អ៊ីសា ឲ្យ​ចាក​ចេញ​ពី​ស្រុក​ភូមិ​របស់​គេ។ 18ពេល​អ៊ីសា​កំពុង​ចុះ​ទូក បុរស​ដែល​អ៊ីព្លេស​ចូល​ពី​មុន បាន​អង្វរ​សុំ​នៅ​ជា​មួយ​អ៊ីសា។ 19អ៊ីសា​មិន​យល់​ព្រម​ទេ ផ្ទុយ​ទៅ​វិញ អ៊ីសា​ប្រាប់​ថា៖ «ចូរ​អ្នក​ត្រឡប់​ទៅ​ផ្ទះ ទៅ​នៅ​ជា​មួយ​ក្រុម​គ្រួសារ​វិញ​ចុះ ហើយ​រៀប​រាប់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​អុលឡោះ‌ជាអម្ចាស់​បាន​ប្រោស​ដល់​អ្នក​ដោយ​ចិត្ត​អាណិត​អាសូរ»។
20បុរស​នោះ​ក៏​ចេញ​ទៅ ហើយ​ចាប់​ផ្ដើម​ប្រកាស​ប្រាប់​ឲ្យ​ប្រជា‌ជន​ក្នុង​ស្រុក​ដេកា‌ប៉ូល ដឹង​អំពី​ការ​ទាំង​អស់ ដែល​អ៊ីសា​បាន​ប្រោស​ដល់​គាត់។ អស់​អ្នក​ដែល​បាន​ឮ​ពាក្យ​គាត់​និយាយ​កោត​ស្ញប់‌ស្ញែង​ក្រៃ‌លែង។
ណាពី​អ៊ីសា​ប្រោស​ស្ដ្រី​មាន​ជំងឺ​ធ្លាក់​ឈាម​ឲ្យ‌ជា និង​ប្រោស​កូន​ស្រី​លោក​យ៉ៃរូស​ឲ្យ​រស់​ឡើង​វិញ
21អ៊ីសា​ឆ្លង​ទូក​ពី​ត្រើយ​ម្ខាង​មក​វិញ គាត់​នៅ​ឆ្នេរ​សមុទ្រ។ មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​ចោម‌រោម​អ៊ីសា​ម្ដង​ទៀត។ 22ពេល​នោះ មាន​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​ម្នាក់​ឈ្មោះ​យ៉ៃរូស មក​ដល់។ កាល​គាត់​ឃើញ​អ៊ីសា គាត់​ក្រាប​ទៀប​ដល់​ជើង​អ៊ីសា 23ហើយ​ទទូច​អង្វរ​អ៊ីសា​ថា៖ «កូន​ស្រី​របស់​ខ្ញុំ​ឈឺ​ធ្ងន់ ជិត​ស្លាប់ សូម​លោក​អាណិត​មេត្ដា​អញ្ជើញ​ទៅ​ដាក់​ដៃ​លើ​នាង ដើម្បី​សង្គ្រោះ​នាង​ឲ្យ​មាន​ជីវិត»។ 24អ៊ីសា​ទៅ​ជា​មួយ​គាត់។ មាន​បណ្ដា‌ជន​ជា​ច្រើន​កុះ‌ករ​តាម​អ៊ីសា​ទៅ ទាំង​ប្រជ្រៀត​គ្នា​ជុំ‌វិញ​អ៊ីសា។
25នៅ​ពេល​នោះ មាន​ស្ដ្រី​ម្នាក់​កើត​ជំងឺ​ធ្លាក់​ឈាម​ដប់‌ពីរ​ឆ្នាំ​មក​ហើយ។ 26គ្រូ​ពេទ្យ​ជា​ច្រើន​បាន​ព្យាបាល​នាង តែ​នាង​ឈឺ​ចុក​ចាប់​រឹត​តែ​ខ្លាំង។ នាង​បាន​ចំណាយ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នាង​មាន តែ​ជំងឺ​របស់​នាង​នៅ​តែ​មិន​បាន​ធូរ​ស្រាល​ទេ ផ្ទុយ​ទៅ​វិញ​នាង​កាន់​តែ​ឈឺ​ខ្លាំង​ឡើងៗ។ 27នាង​បាន​ឮ​គេ​និយាយ​អំពី​អ៊ីសា ក៏​ចូល​ក្នុង​ចំណោម​បណ្ដា‌ជន ពាល់​អាវ​របស់​អ៊ីសា​ពី​ខាង​ក្រោយ 28ដ្បិត​នាង​នឹក​ក្នុង​ចិត្ដ​ថា៖ «បើ​ខ្ញុំ​បាន​ពាល់​អាវ​របស់​អ៊ីសា ខ្ញុំ​មុខ​ជា​ទទួល​ការ​សង្គ្រោះ​មិន​ខាន»។ 29រំពេច​នោះ ឈាម​ឈប់​ធ្លាក់​ភ្លាម ហើយ​នាង​ដឹង​ថា​ខ្លួន​នាង​បាន​ជា​សះ‌ស្បើយ​ពី​រោគា។ 30នៅ​ពេល​នោះ អ៊ីសា​ដឹង​ភ្លាម​ថា មាន​អំណាច​មួយ​ចេញ​ពី​ខ្លួន អ៊ីសា​បែរ​ទៅ​រក​បណ្ដា‌ជន មាន​ប្រសាសន៍​ថា៖ «អ្នក​ណា​ពាល់​អាវ​ខ្ញុំ?»។ 31ពួក​សិស្ស​ជម្រាប​អ៊ីសា​ថា៖ «តួន​ឃើញ​ស្រាប់​ហើយ បណ្ដា‌ជន​ប្រជ្រៀត​ប៉ះ​នឹង​តួន​គ្រប់​គ្នា ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​តួន​សួរ​ថា អ្នក​ណា​ពាល់​តួន​ដូច្នេះ?»។ 32អ៊ីសា​មើល​ជុំ‌វិញ​ដើម្បី​ឲ្យ​ដឹង​ថា អ្នក​ណា​បាន​ពាល់​គាត់។ 33ស្ដ្រី​នោះ​ភ័យ​ញ័រ​រន្ធត់ ព្រោះ​នាង​ដឹង​អំពី​ហេតុ​ដែល​កើត​ដល់​ខ្លួន​នាង។ នាង​មក​ក្រាប​ដល់​ជើង​អ៊ីសា ហើយ​ប្រាប់​ការ​ពិត​ទាំង​អស់​ដល់​អ៊ីសា។ 34អ៊ីសា​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សុខ‌សាន្ដ ហើយ​សូម​ឲ្យ​នាង​ជា​សះ‌ស្បើយ​ពី​ជំងឺ​ចុះ!»។
35កាល​អ៊ីសា​កំពុង​តែ​មាន​ប្រសាសន៍​នៅ​ឡើយ មាន​គេ​មក​ពី​ផ្ទះ​លោក​យ៉ៃរូស ជម្រាប​គាត់​ថា៖ «កូន​ស្រី​លោក​ផុត​ដង្ហើម​ទៅ​ហើយ ម្ដេច​ក៏​នៅ​រំខាន​តួន​ធ្វើ​អ្វី?»។ 36អ៊ីសា​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​របស់​អ្នក​ទាំង​នោះ​ឡើយ តែ​អ៊ីសា​មាន​ប្រសាសន៍​ទៅ​លោក​យ៉ៃរូស​ថា៖ «កុំ​ខ្លាច​អី គ្រាន់​តែ​ជឿ​ប៉ុណ្ណោះ​បាន​ហើយ»។ 37អ៊ីសា​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ទៅ​តាម​គាត់​ឡើយ លើក‌លែង​តែ​ពេត្រុស យ៉ាកកូប និង​យ៉ូហាន​ជា​ប្អូន​របស់​ពួក​គេ។ 38កាល​ទៅ​ដល់​ផ្ទះ​លោក​យ៉ៃរូស ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ អ៊ីសា​ឃើញ​មនុស្ស‌ម្នា​ជ្រួល​ច្របល់ ព្រម​ទាំង​ទ្រហោ​យំ​ជា​ខ្លាំង​ផង។ 39អ៊ីសា​ចូល​ទៅ​ក្នុង​ផ្ទះ មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ជ្រួល​ច្របល់ ហើយ​ទ្រហោ​យំ​ដូច្នេះ? ក្មេង​នេះ​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ!»។ 40គេ​នាំ​គ្នា​ចំ‌អក​ដាក់​អ៊ីសា អ៊ីសា​ក៏​ដេញ​គេ​ឲ្យ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា រួច​អ៊ីសា​នាំ​តែ​ឪពុក​ម្ដាយ​ក្មេង និង​សិស្ស​ទាំង​បី​នាក់ ចូល​ទៅ​ក្នុង​បន្ទប់​ដែល​ក្មេង​ស្រី​នោះ​ដេក។ 41អ៊ីសា​ចាប់​ដៃ​ក្មេង​ស្រី​នោះ ទាំង​មាន​ប្រសាសន៍​ថា៖ «តាលី‌ថា‌គូមី!» (ប្រែ​ថា “នាង​តូច​អើយ ខ្ញុំ​ប្រាប់​នាង​ថា ចូរ​ក្រោក​ឡើង!”)។ 42ក្មេង​ស្រី​ក៏​ក្រោក​ឡើង​ដើរ​មួយ​រំពេច ដ្បិត​នាង​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ​ហើយ។ គេ​ងឿង‌ឆ្ងល់​ពន់​ប្រមាណ 43ប៉ុន្ដែ អ៊ីសា​ហាម​ប្រាម​គេ មិន​ឲ្យ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។ បន្ទាប់​មក អ៊ីសា​ប្រាប់​គេ​ឲ្យ​យក​ចំណី​អាហារ មក​ឲ្យ​ក្មេង​ស្រី​នោះ​បរិភោគ។

ទើបបានជ្រើសរើសហើយ៖

ម៉ាកុស 5: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល