ម៉ាកុស 10
10
ដំបូន្មានអំពីរឿងលែងលះប្ដីប្រពន្ធ
1អ៊ីសាចេញពីទីនោះឆ្ពោះទៅស្រុកយូដា និងត្រើយខាងនាយទន្លេយ័រដាន់។ មហាជននាំគ្នាទៅរកអ៊ីសាសាជាថ្មី អ៊ីសាក៏ចាប់ផ្ដើមបង្រៀនគេតាមទម្លាប់របស់គាត់។ 2មានពួកខាងគណៈផារីស៊ីចូលមកជិត ក្នុងគោលបំណងល្បងលមើលអ៊ីសា។ គេសួរអ៊ីសាថា៖ «តើស្វាមីមានសិទ្ធិលែងភរិយាបានឬទេ?»។ 3អ៊ីសាសួរថា៖ «តើណាពីម៉ូសា បង្គាប់អ្នករាល់គ្នាឲ្យធ្វើអ្វី?»។ 4គេឆ្លើយតបថា៖ «ណាពីម៉ូសាអនុញ្ញាតឲ្យស្វាមីធ្វើលិខិតលែងលះប្រពន្ធបាន»។ 5អ៊ីសាប្រាប់ទៅគេថា៖ «ម៉ូសាចែងហ៊ូកុំទាំងនេះឲ្យអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្ដរឹងរូស។ 6ប៉ុន្ដែ កាលដើមដំបូងនៅពេលដែលអុលឡោះបានបង្កើតពិភពលោក អុលឡោះបង្កើតមនុស្សមកជាបុរសជាស្ដ្រី ។ 7“ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយទៅរួមរស់ជាមួយភរិយារបស់ខ្លួន 8ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ” គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។ 9ដូច្នេះមនុស្សមិនត្រូវបំបាក់បំបែកគូស្រករ ដែលអុលឡោះបានផ្សំផ្គុំនោះឡើយ»។ 10ពេលទៅដល់ផ្ទះ ពួកសិស្សសួរអ៊ីសាអំពីរឿងនេះម្ដងទៀត។ 11អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ប្រសិនបើស្វាមីណាលែងភរិយា ហើយទៅរៀបការនឹងស្ដ្រីម្នាក់ទៀត ស្វាមីនោះបានផិតក្បត់ភរិយារបស់ខ្លួន។ 12រីឯភរិយាណាដែលលែងស្វាមី ហើយទៅរៀបការនឹងបុរសម្នាក់ទៀត ស្ដ្រីនោះក៏បានប្រព្រឹត្ដអំពើផិតក្បត់ដែរ»។
ណាពីអ៊ីសាប្រទានពរដល់ក្មេងៗ
13មានមនុស្សម្នានាំក្មេងតូចៗមកឲ្យអ៊ីសាដាក់ដៃលើពួកវា ប៉ុន្ដែ ពួកសិស្សស្ដីបន្ទោសអ្នកទាំងនោះ។ 14កាលអ៊ីសាឃើញដូច្នោះ អ៊ីសាទាស់ចិត្តណាស់ ហើយមានប្រសាសន៍ថា៖ «ទុកឲ្យក្មេងៗ មករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្ដដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងនគរអុលឡោះបាន។ 15ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាមិនព្រមទទួលនគរអុលឡោះ ដូចក្មេងតូចមួយទទួលទេ អ្នកនោះមិនអាចចូលក្នុងនគរទ្រង់បានឡើយ»។
16បន្ទាប់មក អ៊ីសាអោបក្មេងទាំងនោះ រួចប្រទានពរឲ្យពួកវា ដោយដាក់ដៃពីលើ។
អ្នកមានម្នាក់ចង់បានជីវិតអស់កល្បជានិច្ច
17កាលអ៊ីសាកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មកដល់ លុតជង្គង់ចុះនៅមុខអ៊ីសា សួរថា៖ «តួនដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វីដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»។ 18អ៊ីសាឆ្លើយថា៖ «ហេតុអ្វីបានជាអ្នកថា ខ្ញុំសប្បុរសដូច្នេះ? ក្រៅពីអុលឡោះគ្មាននរណាម្នាក់សប្បុរសឡើយ។ 19អ្នកស្គាល់ហ៊ូកុំស្រាប់ហើយថា “កុំសម្លាប់មនុស្ស កុំប្រព្រឹត្ដអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឲ្យគេមានទោស កុំកេងប្រវ័ញ្ចយកសម្បត្តិនរណាឲ្យសោះ ចូរគោរពឪពុកម្តាយ” »។ 20បុរសនោះជម្រាបអ៊ីសាថា៖ «តួនអើយ! ខ្ញុំបានប្រតិបត្ដិតាមហ៊ូកុំទាំងនេះ តាំងពីក្មេងមក»។ 21អ៊ីសាមើលទៅគាត់ ហើយស្រឡាញ់គាត់ អ៊ីសាមានប្រសាសន៍ថា៖ «នៅខ្វះកិច្ចការមួយទៀតដែលអ្នកមិនទាន់ធ្វើ គឺត្រូវអញ្ជើញទៅលក់អ្វីៗដែលអ្នកមាន រួចចែកឲ្យជនក្រីក្រទៅ ធ្វើដូច្នេះ ទើបអ្នកមានសម្បត្តិសូរ៉កា បន្ទាប់មក សឹមអញ្ជើញមកតាមខ្ញុំ»។ 22កាលបុរសនោះឮដូច្នេះ គាត់មានទឹកមុខស្រពោន ហើយវិលត្រឡប់ទៅវិញទាំងព្រួយចិត្ដ ដ្បិតគាត់មានទ្រព្យសម្បត្តិស្ដុកស្ដម្ភណាស់។
23អ៊ីសាមើលជុំវិញ រួចមានប្រសាសន៍ទៅពួកសិស្សថា៖ «អ្នកមានមិនងាយចូលទៅក្នុងនគរអុលឡោះបានទេ»។ 24ពួកសិស្សងឿងឆ្ងល់នឹងពាក្យរបស់អ៊ីសាជាខ្លាំង។ អ៊ីសាមានប្រសាសន៍ទៅគេទៀតថា៖ «កូនចៅអើយ នគរអុលឡោះពិបាកចូលណាស់! 25សត្វអូដ្ឋចូលតាមប្រហោងម្ជុល ងាយជាងអ្នកមានចូលក្នុងនគរអុលឡោះទៅទៀត»។ 26ពួកសិស្សរឹតតែឆ្ងល់ថែមទៀត ហើយនិយាយគ្នាថា៖ «បើដូច្នេះ តើអ្នកណាអាចទទួលការសង្គ្រោះបាន?»។ 27អ៊ីសាមើលគេ រួចមានប្រសាសន៍ថា៖ «ការនេះមនុស្សធ្វើពុំកើតទេ តែអុលឡោះធ្វើកើត ដ្បិតទ្រង់ធ្វើគ្រប់ការទាំងអស់បាន»។ 28ពេត្រុសជម្រាបអ៊ីសាថា៖ «តួនឃើញស្រាប់ហើយថា យើងខ្ញុំបានលះបង់ចោលអ្វីៗទាំងអស់ ហើយយើងខ្ញុំបានមកតាមតួន»។ 29អ៊ីសាបានឆ្លើយថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសម្បែងបងប្អូនប្រុសស្រី ឪពុកម្ដាយកូន ឬស្រែចម្ការ ព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អ 30អ្នកនោះនឹងទទួលក្នុងពេលឥឡូវនេះមួយជាមួយរយ គឺផ្ទះសម្បែង បងប្អូនប្រុសស្រី ម្ដាយកូន និងស្រែចម្ការ ព្រមទាំងទទួលការបៀតបៀនហើយក៏នឹងមានជីវិតអស់កល្បជានិច្ច នៅក្នុងសូរ៉កាអុលឡោះថែមទៀតផង។ 31មនុស្សជាច្រើនដែលនៅខាងមុខ នឹងត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយ នឹងត្រឡប់ទៅនៅខាងមុខវិញ»។
ណាពីអ៊ីសាប្រកាសជាលើកទីបីថាគាត់នឹងត្រូវស្លាប់
32អ៊ីសាឡើងទៅក្រុងយេរូសាឡឹមជាមួយពួកសិស្ស។ អ៊ីសាដើរនាំមុខគេ ពួកសិស្សភ័យខ្លាចជាខ្លាំង រីឯអស់អ្នកដែលដើរតាមក្រោយក៏ភិតភ័យដែរ។ អ៊ីសានាំសិស្សទាំងដប់ពីរនាក់មកជាមួយគាត់សាជាថ្មី រួចនិយាយអំពីហេតុការណ៍ដែលនឹងកើតមានដល់គាត់៖ 33«ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម បុត្រាមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់ពួកអ៊ីមុាំ និងពួកតួន។ គេនឹងកាត់ទោសប្រហារជីវិតគាត់ ហើយបញ្ជូនគាត់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ។ 34ពួកនោះនឹងចំអកឲ្យគាត់ ព្រមទាំងស្ដោះទឹកមាត់ដាក់គាត់ផង។ គេនឹងវាយធ្វើបាបគាត់ រួចប្រហារជីវិតគាត់។ ប៉ុន្ដែ បីថ្ងៃក្រោយមក គាត់នឹងរស់ឡើងវិញ»។
សំណូមពររបស់យ៉ាកកូប និងយ៉ូហាន
35បន្ទាប់មកយ៉ាកកូប និងយ៉ូហាន ជាកូនលោកសេបេដេ ចូលមកជួបអ៊ីសា ជម្រាបថា៖ «តួន! សូមមេត្ដាយល់ព្រមតាមពាក្យសុំរបស់យើងខ្ញុំផង»។ 36អ៊ីសាសួរគេថា៖ «តើអ្នកទាំងពីរចង់ឲ្យខ្ញុំធ្វើអ្វី?»។ 37គេសុំអ៊ីសាថា៖ «ពេលតួនគ្រងរាជ្យប្រកបដោយសិរីរុងរឿងសូមប្រទានឲ្យយើងខ្ញុំបានអង្គុយអមតួនផង គឺម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង»។ 38អ៊ីសាមានប្រសាសន៍ថា៖ «អ្នកទាំងពីរមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកអាចទទួលពែងដែលខ្ញុំត្រូវទទួលនោះបានឬទេ? អ្នកអាចទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានឬទេ?»។ 39គេជម្រាបអ៊ីសាថា៖ «យើងខ្ញុំអាចទទួលបាន»។ អ៊ីសាមានប្រសាសន៍ថា៖ «អ្នកនឹងទទួលពែងដែលខ្ញុំត្រូវទទួល និងទទួលពិធីជ្រមុជដែលខ្ញុំត្រូវទទួលបានមែន 40ចំណែកឯអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំ ខ្ញុំមិនអាចសម្រេចបានឡើយ ព្រោះកន្លែងនោះបម្រុងទុក សម្រាប់តែអ្នកដែលអុលឡោះបានសម្រេចឲ្យប៉ុណ្ណោះ»។
41កាលសិស្សដប់នាក់ទៀតបានឮដូច្នោះ គេទាស់ចិត្ដនឹងយ៉ាកកូប និងយ៉ូហាន ជាខ្លាំង។ 42អ៊ីសាហៅសិស្សទាំងអស់មក ហើយមានប្រសាសន៍ថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ អ្នកដែលគេចាត់ទុកជាមេគ្រប់គ្រងស្រុក តែងជិះជាន់ប្រជារាស្ដ្ររបស់ខ្លួន រីឯអ្នកធំតែងតែប្រើអំណាចខ្លួនលើប្រជារាស្ដ្រ។ 43ក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ បើមានម្នាក់ចង់ធ្វើធំជាងគេ ក្នុងចំណោមអ្នករាល់គ្នា ត្រូវឲ្យអ្នកនោះបម្រើអ្នករាល់គ្នា។ 44ក្នុងចំណោមអ្នករាល់គ្នា បើមានម្នាក់ចង់ធ្វើមេគេ ត្រូវធ្វើជាខ្ញុំបម្រើគេគ្រប់គ្នាសិន 45ដ្បិតបុត្រាមនុស្សមកក្នុងពិភពលោកនេះ មិនមែនដើម្បីឲ្យគេបម្រើគាត់ឡើយ គឺគាត់មកបម្រើគេវិញ ព្រមទាំងលះបង់ជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
ណាពីអ៊ីសាប្រោសមនុស្សខ្វាក់ម្នាក់ឈ្មោះបារទីមេឲ្យភ្លឺ
46អ៊ីសា និងពួកសិស្សធ្វើដំណើរមកដល់ក្រុងយេរីខូ។ កាលអ៊ីសាចេញពីទីក្រុងជាមួយពួកសិស្ស និងបណ្ដាជនដ៏ច្រើនកុះករ មានមនុស្សខ្វាក់ម្នាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ អង្គុយសុំទាននៅក្បែរផ្លូវ។ 47កាលគាត់ឮថាអ៊ីសាជាអ្នកភូមិណាសារ៉ែត ដើរតាមនោះ គាត់ក៏ស្រែកឡើងថា៖ «ឱអ៊ីសា ជាពូជពង្សទតអើយ! សូមអាណិតមេត្ដាខ្ញុំផង»។ 48មនុស្សជាច្រើនបានគំរាមគាត់ឲ្យនៅស្ងៀម ប៉ុន្ដែ គាត់ស្រែករឹតតែខ្លាំងឡើងៗថា៖ «ឱពូជពង្សទតអើយ! សូមអាណិតមេត្ដាខ្ញុំផង»។ 49អ៊ីសាក៏ឈប់ហើយប្រាប់ថា៖ «សុំហៅគាត់មក»។ គេហៅមនុស្សខ្វាក់មក ដោយពោលថា៖ «កុំអស់សង្ឃឹមក្រោកឡើង អ៊ីសាហៅអ្នក»។ 50គាត់ក៏បោះអាវធំចោល ស្ទុះក្រោកឡើង តម្រង់ទៅរកអ៊ីសា។ 51អ៊ីសាសួរគាត់ថា៖ «តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វី?»។ អ្នកខ្វាក់ជម្រាបអ៊ីសាថា៖ «តួន! សូមប្រោសភ្នែកខ្ញុំឲ្យបានភ្លឺផង»។ 52អ៊ីសាប្រាប់ទៅគាត់ថា៖ «សុំអញ្ជើញទៅចុះ! ជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ!»។ រំពេចនោះ គាត់ឃើញភ្លាម ហើយដើរតាមផ្លូវជាមួយអ៊ីសាទៅ។
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 10: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.