ម៉ាកុស 9
9
1អ៊ីសាមានប្រសាសន៍ថា៖ «ប្រាកដមែន ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញនគររបស់អុលឡោះ មកដល់ប្រកបដោយអំណាច»។
សិរីរុងរឿងរបស់ណាពីអ៊ីសា
2ប្រាំមួយថ្ងៃក្រោយមក អ៊ីសានាំលោកពេត្រុសយ៉ាកកូប និងយ៉ូហានឡើងទៅលើភ្នំ គឺអ៊ីសានាំតែអ្នកទាំងបីទៅដាច់ឡែកពីគេ។ ពេលនោះ អ៊ីសាប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសិស្សទាំងបីនាក់ 3គឺសំលៀកបំពាក់របស់អ៊ីសាត្រឡប់ជាមានពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដីអាចធ្វើឲ្យសយ៉ាងនេះបានឡើយ។ 4ពេលនោះសិស្សទាំងបីនាក់ឃើញណាពីអេលីយ៉េស និងណាពីម៉ូសា សន្ទនាជាមួយអ៊ីសា។ 5លោកពេត្រុសជម្រាបអ៊ីសាថា៖ «តួន! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជំរកបី គឺមួយសម្រាប់តួន មួយសម្រាប់ណាពីម៉ូសា និងមួយទៀតសម្រាប់ណាពីអេលីយ៉េស»។ 6លោកពេត្រុសនិយាយដូច្នេះ មកពីគាត់ពុំដឹងថាចង់និយាយអំពីអ្វីឡើយ ដ្បិតសិស្សទាំងបីភ័យខ្លាចយ៉ាងខ្លាំង។ 7ពេលនោះស្រាប់តែមានពពកមកគ្របបាំងគេទាំងអស់គ្នា មានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង ចូរស្ដាប់គាត់ចុះ!»។ 8រំពេចនោះ ពួកសិស្សក្រឡេកមើលជុំវិញខ្លួន ពុំឃើញនរណាទៀតឡើយ ឃើញតែអ៊ីសាប៉ុណ្ណោះដែលនៅជាមួយគេ។
9ពេលអ៊ីសាចុះពីលើភ្នំជាមួយសិស្សទាំងបីគាត់ហាមប្រាមគេ មិនឲ្យនិយាយអំពីហេតុការណ៍ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រាមនុស្សរស់ឡើងវិញ។ 10អ្នកទាំងបីធ្វើតាមពាក្យរបស់អ៊ីសា តែសាកសួរគ្នាថា៖ «តើ “រស់ឡើងវិញ”មានន័យដូចម្ដេច?»។ 11បន្ទាប់មក គេសួរអ៊ីសាថា៖ «ហេតុដូចម្ដេចបានជាពួកតួនចេះតែនិយាយថា ណាពីអេលីយ៉េសត្រូវអញ្ជើញមកមុន?»។ 12អ៊ីសាឆ្លើយទៅគេថា៖ «ណាពីអេលីយ៉េសអញ្ជើញមកមុនមែន ដើម្បីរៀបចំសព្វគ្រប់ទាំងអស់ឡើងវិញ។ ប៉ុន្ដែ ហេតុអ្វីបានជាមានចែងទុកក្នុងគីតាបថា បុត្រាមនុស្សត្រូវរងទុក្ខលំបាកជាច្រើនព្រមទាំងត្រូវគេមើលងាយផងដូច្នេះ?។ 13ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ណាពីអេលីយ៉េសបានអញ្ជើញមករួចហើយ តែពួកគេបានធ្វើបាបគាត់សព្វបែបយ៉ាងតាមអំពើចិត្ដរបស់គេ ដូចមានចែងទុកក្នុងគីតាបអំពីគាត់ស្រាប់»។
ណាពីអ៊ីសាដេញអ៊ីព្លេសចេញពីក្មេងម្នាក់
14អ៊ីសា និងអ្នកទាំងបី បានមកជួបសិស្សឯទៀតៗ គាត់បានឃើញបណ្ដាជនច្រើនកុះករឈរនៅជុំវិញសិស្សទាំងនោះ ហើយឃើញពួកតួនជជែកជាមួយគេផង។ 15កាលបណ្ដាជនឃើញអ៊ីសា គេស្រឡាំងកាំងគ្រប់គ្នា ហើយរត់ទៅគោរពអ៊ីសា។ 16អ៊ីសាសួរគេថា៖ «តើអ្នករាល់គ្នាជជែកជាមួយគេអំពីរឿងអ្វី?»។ 17ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ជម្រាបអ៊ីសាថា៖ «តួន! ខ្ញុំនាំកូនប្រុសរបស់ខ្ញុំមករកតួន ដ្បិតវាមានអ៊ីព្លេសក្នុងខ្លួន ធ្វើឲ្យគនិយាយពុំរួច។ 18នៅទីណាក៏ដោយ ពេលអ៊ីព្លេសចូលម្ដងៗ វាផ្ដួលកូនខ្ញុំលើដីឲ្យបែកពពុះមាត់ សង្កៀតធ្មេញ ហើយរឹងខ្លួន។ ខ្ញុំបានសុំសិស្សរបស់តួនឲ្យដេញអ៊ីព្លេសនេះដែរ ប៉ុន្ដែ គេពុំអាចដេញវាចេញបានសោះ»។ 19អ៊ីសាមានប្រសាសន៍ទៅបណ្ដាជនថា៖ «នែ៎! ពួកមនុស្សពុំព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំក្មេងនោះមកឲ្យខ្ញុំ»។ 20គេក៏នាំវាចូលមកជិតអ៊ីសា។ កាលអ៊ីព្លេសឃើញអ៊ីសា វាផ្ដួលក្មេងនោះឲ្យប្រកាច់ប្រកិន ព្រមទាំងននៀលបែកពពុះមាត់។ 21អ៊ីសាសួរទៅឪពុកថា៖ «តើវាវេទនាបែបនេះ តាំងពីអង្កាល់មក?»។ ឪពុកតបថា៖ «តាំងតែពីតូចម៉្លេះ។ 22អ៊ីព្លេសធ្វើឲ្យវាដួលលើភ្លើង ឲ្យវាធ្លាក់ក្នុងទឹកជាច្រើនលើកច្រើនសា ចង់ឲ្យវាបាត់បង់ជីវិត។ ប្រសិនបើតួនអាចធ្វើបាន សូមមេត្ដាជួយយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំផង»។ 23អ៊ីសាបានប្រាប់ទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកពោលថា “ប្រសិនបើតួនអាចជួយបាន” ដូច្នេះ? អុលឡោះអាចសម្រេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ»។ 24ឪពុករបស់ក្មេងបន្លឺសំឡេងឡើងភ្លាមថា៖ «ខ្ញុំជឿហើយ! សូមមេត្ដាជួយឲ្យខ្ញុំ ដែលជាអ្នកមិនជឿនេះផង!»។ 25ពេលនោះអ៊ីសាឃើញបណ្ដាជនរត់មក អ៊ីសាក៏គំរាមអ៊ីព្លេសដោយបញ្ជាថា៖ «នែ៎អ៊ីព្លេសគថ្លង់! យើងដាក់បញ្ជាថា ចេញពីក្មេងនេះទៅ កុំចូលវាទៀតឲ្យសោះ!»។ 26វាក៏ស្រែកឡើង ព្រមទាំងធ្វើឲ្យក្មេងនោះប្រកាច់ប្រកិនយ៉ាងខ្លាំង រួចចេញទៅ។ ពេលនោះក្មេងនៅដេកស្ដូកស្ដឹងដូចមនុស្សស្លាប់ ធ្វើឲ្យមនុស្សជាច្រើនស្មានថាវាស្លាប់បាត់ទៅហើយ។ 27រីឯអ៊ីសាវិញ គាត់ចាប់ដៃវាលើកឡើង ក្មេងនោះក៏ក្រោកឈរ។
28កាលអ៊ីសាចូលទៅក្នុងផ្ទះ ពួកសិស្សសួរអ៊ីសា ដាច់ឡែកពីគេថា៖ «ហេតុអ្វីបានជាយើងខ្ញុំពុំអាចដេញអ៊ីព្លេសនេះចេញបាន?»។ 29អ៊ីសាប្រាប់ថា៖ «គេអាចដេញអ៊ីព្លេសប្រភេទនេះបាន លុះត្រាតែទូរអា»។
ណាពីអ៊ីសាប្រកាសសាជាថ្មីថាគាត់ត្រូវស្លាប់
30អ៊ីសាបានចាកចេញពីទីនោះជាមួយពួកសិស្ស កាត់តាមស្រុកកាលីឡេ។ អ៊ីសាមិនពេញចិត្តឲ្យនរណាដឹងឡើយ។ 31អ៊ីសាបង្រៀនពួកសិស្សឲ្យដឹងថា បុត្រាមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោក គេនឹងសម្លាប់គាត់ ប៉ុន្ដែ បីថ្ងៃក្រោយពីគាត់ស្លាប់គាត់នឹងជីវិតរស់ឡើងវិញ។ 32ពួកសិស្សពុំបានយល់ពាក្យនេះឡើយ តែគេមិនហ៊ានសួរអ៊ីសាទេ។
អ្នកដែលធំជាងគេ
33អ៊ីសា និងពួកសិស្សធ្វើដំណើរមកដល់ក្រុងកាពើណិម។ កាលអ៊ីសានៅក្នុងផ្ទះ គាត់បានសួរពួកសិស្សថា៖ «ពេលដើរតាមផ្លូវ អ្នករាល់គ្នានិយាយអំពីរឿងអ្វី?»។ 34ពួកសិស្សនៅស្ងៀម ដ្បិតកាលធ្វើដំណើរតាមផ្លូវ គេបានប្រកែកគ្នាចង់ដឹងថាក្នុងចំណោមពួកគេ អ្នកណាធំជាងគេ។ 35អ៊ីសាអង្គុយចុះ គាត់ត្រាស់ហៅសិស្សទាំងដប់ពីរនាក់មក ហើយមានប្រសាសន៍ថា៖ «អ្នកណាចង់ធ្វើមេគេ អ្នកនោះត្រូវដាក់ខ្លួនឲ្យតូចជាងគេ ព្រមទាំងបម្រើគេទាំងអស់គ្នាផង»។ 36បន្ទាប់មក អ៊ីសាយកក្មេងម្នាក់ ឲ្យមកឈរនៅកណ្ដាលពួកសិស្ស។ អ៊ីសាអោបក្មេងនោះ រួចមានប្រសាសន៍ទៅកាន់ពួកសិស្សថា៖ 37«អ្នកណាទទួលក្មេងណាម្នាក់ដូចក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំមិនត្រឹមតែទទួលខ្ញុំប៉ុណ្ណោះទេ គឺទទួលអុលឡោះដែលបានចាត់ខ្ញុំឲ្យមកនោះដែរ»។
អ្នកណាមិនជំទាស់យើងអ្នកនោះជាពួកយើង
38យ៉ះយ៉ាជម្រាបអ៊ីសាថា៖ «តួន! យើងខ្ញុំបានឃើញបុរសម្នាក់ដេញអ៊ីព្លេស ក្នុងនាមតួន។ យើងខ្ញុំបានឃាត់គេ ព្រោះគេមិនមកតាមយើងខ្ញុំទេ»។ 39អ៊ីសាមានប្រសាសន៍ថា៖ «កុំឃាត់គេអី ពុំដែលមាននរណាអាចធ្វើការអស្ចារ្យក្នុងនាមខ្ញុំ រួចបែរជាមានប្រសាសន៍អាក្រក់អំពីខ្ញុំភ្លាមនោះឡើយ 40ដ្បិតអ្នកណាមិនជំទាស់នឹងយើង អ្នកនោះជាគ្នាយើងហើយ។ 41ម៉្យាងទៀត បើអ្នកណាឲ្យទឹកមួយកែវដល់អ្នករាល់គ្នា ក្នុងនាមអ្នករាល់គ្នាជាសិស្សរបស់អាល់ម៉ាហ្សៀសខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកនោះនឹងទទួលរង្វាន់ជាមិនខាន»។
កុំនាំអ្នកដទៃឲ្យប្រព្រឹត្ដអំពើបាប
42អ្នកណានាំអ្នកតូចតាចម្នាក់ ក្នុងបណ្ដាអ្នកជឿទាំងនេះឲ្យប្រព្រឹត្ដអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចងកគាត់ទម្លាក់ទៅក្នុងសមុទ្រ នោះប្រសើរជាជាងទុកឲ្យគាត់នៅរស់។ 43ប្រសិនបើដៃនាំអ្នកឲ្យប្រព្រឹត្ដអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិត មានដៃតែម្ខាង ប្រសើរជាងមានដៃពីរ ហើយត្រូវធ្លាក់ទៅក្នុងនរ៉កា ដែលមានភ្លើងមិនចេះរលត់ [ 44ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់]។ 45ប្រសិនបើជើងនាំអ្នកឲ្យប្រព្រឹត្ដអំពើបាប ចូរកាត់ចោលទៅ ព្រោះបើអ្នកចូលទៅក្នុងជីវិតមានតែជើងមួយ នោះប្រសើរជាងមានជើងពីរ ហើយត្រូវគេបោះទៅក្នុងនរ៉កា [ 46ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់]។ 47ប្រសិនបើភ្នែកនាំអ្នកឲ្យប្រព្រឹត្ដអំពើបាប ចូរខ្វេះចេញទៅ ព្រោះបើអ្នកចូលទៅក្នុងនគរអុលឡោះមានតែភ្នែកម្ខាងនោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវគេបោះទៅក្នុងនរ៉កា 48ជាកន្លែងដែលមានដង្កូវមិនចេះងាប់ មានភ្លើងមិនចេះរលត់ 49ដ្បិតមនុស្សគ្រប់ៗរូបនឹងមានជាតិប្រៃដោយសារភ្លើង។ 50អំបិលជារបស់មួយសំខាន់ណាស់ ប៉ុន្ដែ បើវាបាត់ជាតិប្រៃហើយ តើអ្នករាល់គ្នាធ្វើដូចម្ដេចនឹងឲ្យវាប្រៃឡើងវិញបាន? 51ចូរមានជាតិប្រៃនៅក្នុងខ្លួន ហើយរស់នៅជាមួយគ្នាដោយសុខសាន្ដទៅ»។
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 9: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.