ម៉ាកុស 10

10
ដំបូន្មាន​អំពី​រឿង​លែង​លះ​ប្ដី​ប្រពន្ធ
1អ៊ីសា​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​ស្រុក​យូដា និង​ត្រើយ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់។ មហា‌ជន​នាំ​គ្នា​ទៅ​រក​អ៊ីសា​សា​ជា​ថ្មី អ៊ីសា​ក៏​ចាប់​ផ្ដើម​បង្រៀន​គេ​តាម​ទម្លាប់​របស់​គាត់។ 2មាន​ពួក​ខាង​គណៈ​ផារី‌ស៊ី​ចូល​មក​ជិត ក្នុង​គោល​បំណង​ល្បង‌ល​មើល​អ៊ីសា។ គេ​សួរ​អ៊ីសា​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​លែង​ភរិយា​បាន​ឬ​ទេ?»។ 3អ៊ីសា​សួរ​ថា៖ «តើ​ណាពី​ម៉ូសា បង្គាប់​អ្នក​រាល់​គ្នា​ឲ្យ​ធ្វើ​អ្វី?»។ 4គេ​ឆ្លើយ​តប​ថា៖ «ណាពី​ម៉ូសា​អនុញ្ញាត​ឲ្យ​ស្វាមី​ធ្វើ​លិខិត​លែង​លះ​ប្រពន្ធ​បាន»។ 5អ៊ីសា​ប្រាប់​ទៅ​គេ​ថា៖ «ម៉ូសា​ចែង​ហ៊ូកុំ​ទាំង​នេះ​ឲ្យ​អ្នក​រាល់​គ្នា ព្រោះ​តែ​អ្នក​រាល់​គ្នា​មាន​ចិត្ដ​រឹង​រូស។ 6ប៉ុន្ដែ កាល​ដើម​ដំបូង​នៅ​ពេល​ដែល​អុលឡោះ​បាន​បង្កើត​ពិភព​លោក អុលឡោះ​បង្កើត​មនុស្ស​មក​ជា​បុរស​ជា​ស្ដ្រី 7“ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន 8ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ” គេ​មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ 9ដូច្នេះ​មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូ​ស្រករ ដែល​អុលឡោះ​បាន​ផ្សំ​ផ្គុំ​នោះ​ឡើយ»។ 10ពេល​ទៅ​ដល់​ផ្ទះ ពួក​សិស្ស​សួរ​អ៊ីសា​អំពី​រឿង​នេះ​ម្ដង​ទៀត។ 11អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ប្រសិន​បើ​ស្វាមី​ណា​លែង​ភរិយា ហើយ​ទៅ​រៀប‌ការ​នឹង​ស្ដ្រី​ម្នាក់​ទៀត ស្វាមី​នោះ​បាន​ផិត​ក្បត់​ភរិយា​របស់​ខ្លួន។ 12រីឯ​ភរិយា​ណា​ដែល​លែង​ស្វាមី ហើយ​ទៅ​រៀប‌ការ​នឹង​បុរស​ម្នាក់​ទៀត ស្ដ្រី​នោះ​ក៏​បាន​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់​ដែរ»។
ណាពី​អ៊ីសា​ប្រទាន​ពរ​ដល់​ក្មេងៗ
13មាន​មនុស្ស‌ម្នា​នាំ​ក្មេង​តូចៗ​មក​ឲ្យ​អ៊ីសា​ដាក់​ដៃ​លើ​ពួក​វា ប៉ុន្ដែ ពួក​សិស្ស​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ។ 14កាល​អ៊ីសា​ឃើញ​ដូច្នោះ អ៊ីសា​ទាស់​ចិត្ត​ណាស់ ហើយ​មាន​ប្រសាសន៍​ថា៖ «ទុក​ឲ្យ​ក្មេងៗ មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ដ​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ ដែល​ចូល​ក្នុង​នគរ​អុលឡោះ​បាន។ 15ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​មិន​ព្រម​ទទួល​នគរ​អុលឡោះ ដូច​ក្មេង​តូច​មួយ​ទទួល​ទេ អ្នក​នោះ​មិន​អាច​ចូល​ក្នុង​នគរ​ទ្រង់​បាន​ឡើយ»។
16បន្ទាប់​មក អ៊ីសា​អោប​ក្មេង​ទាំង​នោះ រួច​ប្រទាន​ពរ​ឲ្យ​ពួក​វា ដោយ​ដាក់​ដៃ​ពី​លើ។
អ្នក​មាន​ម្នាក់​ចង់​បាន​ជីវិត​អស់‌កល្ប​ជា‌និច្ច
17កាល​អ៊ីសា​កំពុង​ចេញ​ដំណើរ​ទៅ មាន​បុរស​ម្នាក់​រត់​មក​ដល់ លុត​ជង្គង់​ចុះ​នៅ​មុខ​អ៊ីសា សួរ​ថា៖ «តួន​ដ៏​សប្បុរស​អើយ! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច​ទុក​ជា​មត៌ក?»។ 18អ៊ីសា​ឆ្លើយ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ថា ខ្ញុំ​សប្បុរស​ដូច្នេះ? ក្រៅ​ពី​អុលឡោះ​គ្មាន​នរណា​ម្នាក់​សប្បុរស​ឡើយ។ 19អ្នក​ស្គាល់​ហ៊ូកុំ​ស្រាប់​ហើយ​ថា “កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ​សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស កុំ​កេង‌ប្រវ័ញ្ច​យក​សម្បត្តិ​នរណា​ឲ្យ​សោះ ចូរ​គោរព​ឪពុក‌ម្តាយ” »។ 20បុរស​នោះ​ជម្រាប​អ៊ីសា​ថា៖ «តួន​អើយ! ខ្ញុំ​បាន​ប្រតិបត្ដិ​តាម​ហ៊ូកុំ​ទាំង​នេះ តាំង​ពី​ក្មេង​មក»។ 21អ៊ីសា​មើល​ទៅ​គាត់ ហើយ​ស្រឡាញ់​គាត់ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «នៅ​ខ្វះ​កិច្ចការ​មួយ​ទៀត​ដែល​អ្នក​មិន​ទាន់​ធ្វើ គឺ​ត្រូវ​អញ្ជើញ​ទៅ​លក់​អ្វីៗ​ដែល​អ្នក​មាន រួច​ចែក​ឲ្យ​ជន​ក្រី‌ក្រ​ទៅ ធ្វើ​ដូច្នេះ ទើប​អ្នក​មាន​សម្បត្តិ​សូរ៉កា បន្ទាប់​មក សឹម​អញ្ជើញ​មក​តាម​ខ្ញុំ»។ 22កាល​បុរស​នោះ​ឮ​ដូច្នេះ គាត់​មាន​ទឹក​មុខ​ស្រពោន ហើយ​វិល​ត្រឡប់​ទៅ​វិញ​ទាំង​ព្រួយ​ចិត្ដ ដ្បិត​គាត់​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ​ណាស់។
23អ៊ីសា​មើល​ជុំ‌វិញ រួច​មាន​ប្រសាសន៍​ទៅ​ពួក​សិស្ស​ថា៖ «អ្នក​មាន​មិន​ងាយ​ចូល​ទៅ​ក្នុង​នគរ​អុលឡោះ​បាន​ទេ»។ 24ពួក​សិស្ស​ងឿង‌ឆ្ងល់​នឹង​ពាក្យ​របស់​អ៊ីសា​ជា​ខ្លាំង។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «កូន​ចៅ​អើយ នគរ​អុលឡោះ​ពិបាក​ចូល​ណាស់! 25សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ក្នុង​នគរ​អុលឡោះ​ទៅ​ទៀត»។ 26ពួក​សិស្ស​រឹត​តែ​ឆ្ងល់​ថែម​ទៀត ហើយ​និយាយ​គ្នា​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​អាច​ទទួល​ការ​សង្គ្រោះ​បាន?»។ 27អ៊ីសា​មើល​គេ រួច​មាន​ប្រសាសន៍​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​កើត​ទេ តែ​អុលឡោះ​ធ្វើ​កើត ដ្បិត​ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់​បាន»។ 28ពេត្រុស​ជម្រាប​អ៊ីសា​ថា៖ «តួន​ឃើញ​ស្រាប់​ហើយ​ថា យើង​ខ្ញុំ​បាន​លះ‌បង់​ចោល​អ្វីៗ​ទាំង​អស់ ហើយ​យើង​ខ្ញុំ​បាន​មក​តាម​តួន»។ 29អ៊ីសា​បាន​ឆ្លើយ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​លះ‌បង់​ផ្ទះ​សម្បែង​បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ​កូន ឬ​ស្រែ​ចម្ការ ព្រោះ​តែ​ខ្ញុំ និង​ព្រោះ​តែ​ដំណឹង‌ល្អ 30អ្នក​នោះ​នឹង​ទទួល​ក្នុង​ពេល​ឥឡូវ​នេះ​មួយ​ជា​មួយ​រយ គឺ​ផ្ទះ​សម្បែង បង​ប្អូន​ប្រុស​ស្រី ម្ដាយ​កូន និង​ស្រែ​ចម្ការ ព្រម​ទាំង​ទទួល​ការ​បៀត‌បៀន​ហើយ​ក៏​នឹង​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច នៅ​ក្នុង​សូរ៉កា​អុលឡោះ​ថែម​ទៀត​ផង។ 31មនុស្ស​ជា​ច្រើន​ដែល​នៅ​ខាង​មុខ នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ រីឯ​អ្នក​ដែល​នៅ​ខាង​ក្រោយ នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ​វិញ»។
ណាពី​អ៊ីសា​ប្រកាស​ជា​លើក​ទី​បី​ថា​គាត់​នឹង​ត្រូវ​ស្លាប់
32អ៊ីសា​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ពួក​សិស្ស។ អ៊ីសា​ដើរ​នាំ​មុខ​គេ ពួក​សិស្ស​ភ័យ​ខ្លាច​ជា​ខ្លាំង រីឯ​អស់​អ្នក​ដែល​ដើរ​តាម​ក្រោយ​ក៏​ភិត‌ភ័យ​ដែរ។ អ៊ីសា​នាំ​សិស្ស​ទាំង​ដប់‌ពីរ​នាក់​មក​ជា​មួយ​គាត់​សា​ជា​ថ្មី រួច​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​ដល់​គាត់៖ 33«ឥឡូវ​នេះ យើង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម បុត្រា​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ៊ីមុាំ និង​ពួក​តួន។ គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​គាត់ ហើយ​បញ្ជូន​គាត់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​ដទៃ។ 34ពួក​នោះ​នឹង​ចំអក​ឲ្យ​គាត់ ព្រម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​គាត់​ផង។ គេ​នឹង​វាយ​ធ្វើ​បាប​គាត់ រួច​ប្រហារ​ជីវិត​គាត់។ ប៉ុន្ដែ បី​ថ្ងៃ​ក្រោយ​មក គាត់​នឹង​រស់​ឡើង​វិញ»។
សំណូម​ពរ​របស់​យ៉ាកកូប និង​យ៉ូហាន
35បន្ទាប់​មក​យ៉ាកកូប និង​យ៉ូហាន ជា​កូន​លោក​សេបេដេ ចូល​មក​ជួប​អ៊ីសា ជម្រាប​ថា៖ «តួន! សូម​មេត្ដា​យល់​ព្រម​តាម​ពាក្យ​សុំ​របស់​យើង​ខ្ញុំ​ផង»។ 36អ៊ីសា​សួរ​គេ​ថា៖ «តើ​អ្នក​ទាំង​ពីរ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។ 37គេ​សុំ​អ៊ីសា​ថា៖ «ពេល​តួន​គ្រង​រាជ្យ​ប្រកប​ដោយ​សិរី‌រុង‌រឿង​សូម​ប្រទាន​ឲ្យ​យើង​ខ្ញុំ​បាន​អង្គុយ​អម​តួន​ផង គឺ​ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​នៅ​ខាង​ឆ្វេង»។ 38អ៊ីសា​មាន​ប្រសាសន៍​ថា៖ «អ្នក​ទាំង​ពីរ​មិន​ដឹង​ថា​ខ្លួន​សុំ​អ្វី​ឡើយ តើ​អ្នក​អាច​ទទួល​ពែងដែល​ខ្ញុំ​ត្រូវ​ទទួល​នោះ​បាន​ឬ​ទេ? អ្នក​អាច​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​ឬ​ទេ?»។ 39គេ​ជម្រាប​អ៊ីសា​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «អ្នក​នឹង​ទទួល​ពែង​ដែល​ខ្ញុំ​ត្រូវ​ទទួល និង​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​មែន 40ចំណែក​ឯ​អង្គុយ​នៅ​ខាង​ស្ដាំ ឬ​ខាង​ឆ្វេង​ខ្ញុំ ខ្ញុំ​មិន​អាច​សម្រេច​បាន​ឡើយ ព្រោះ​កន្លែង​នោះ​បម្រុង​ទុក សម្រាប់​តែ​អ្នក​ដែល​អុលឡោះ​បាន​សម្រេច​ឲ្យ​ប៉ុណ្ណោះ»។
41កាល​សិស្ស​ដប់​នាក់​ទៀត​បាន​ឮ​ដូច្នោះ គេ​ទាស់​ចិត្ដ​នឹង​យ៉ាកកូប និង​យ៉ូហាន ជា​ខ្លាំង។ 42អ៊ីសា​ហៅ​សិស្ស​ទាំង​អស់​មក ហើយ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ អ្នក​ដែល​គេ​ចាត់​ទុក​ជា​មេ​គ្រប់‌គ្រង​ស្រុក តែង​ជិះ‌ជាន់​ប្រជា‌រាស្ដ្រ​របស់​ខ្លួន រីឯ​អ្នក​ធំ​តែងតែ​ប្រើ​អំណាច​ខ្លួន​លើ​ប្រជា‌រាស្ដ្រ។ 43ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មិន​មែន​ដូច្នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​មាន​ម្នាក់​ចង់​ធ្វើ​ធំ​ជាង​គេ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា។ 44ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​មាន​ម្នាក់​ចង់​ធ្វើ​មេ​គេ ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​គេ​គ្រប់​គ្នា​សិន 45ដ្បិត​បុត្រា​មនុស្ស​មក​ក្នុង​ពិភព​លោក​នេះ មិន​មែន​ដើម្បី​ឲ្យ​គេ​បម្រើ​គាត់​ឡើយ គឺ​គាត់​មក​បម្រើ​គេ​វិញ ព្រម​ទាំង​លះបង់​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង»។
ណាពី​អ៊ីសា​ប្រោស​មនុស្ស​ខ្វាក់​ម្នាក់​ឈ្មោះ​បារ‌ទីមេ​ឲ្យ​ភ្លឺ
46អ៊ីសា និង​ពួក​សិស្ស​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​យេរីខូ។ កាល​អ៊ីសា​ចេញ​ពី​ទី‌ក្រុង​ជា​មួយ​ពួក​សិស្ស និង​បណ្ដា‌ជន​ដ៏​ច្រើន​កុះ‌ករ មាន​មនុស្ស​ខ្វាក់​ម្នាក់​ឈ្មោះ​បារ‌ទីមេ ជា​កូន​របស់​លោក​ទីមេ អង្គុយ​សុំ​ទាន​នៅ​ក្បែរ​ផ្លូវ។ 47កាល​គាត់​ឮ​ថា​អ៊ីសា​ជា​អ្នក​ភូមិ​ណា​សារ៉ែត ដើរ​តាម​នោះ គាត់​ក៏​ស្រែក​ឡើង​ថា៖ «ឱ​អ៊ីសា ជា​ពូជ‌ពង្ស​ទត​អើយ! សូម​អាណិត​មេត្ដា​ខ្ញុំ​ផង»។ 48មនុស្ស​ជា​ច្រើន​បាន​គំរាម​គាត់​ឲ្យ​នៅ​ស្ងៀម ប៉ុន្ដែ គាត់​ស្រែក​រឹត​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឱ​ពូជ‌ពង្ស​ទត​អើយ! សូម​អាណិត​មេត្ដា​ខ្ញុំ​ផង»។ 49អ៊ីសា​ក៏​ឈប់​ហើយ​ប្រាប់​ថា៖ «សុំ​ហៅ​គាត់​មក»។ គេ​ហៅ​មនុស្ស​ខ្វាក់​មក ដោយ​ពោល​ថា៖ «កុំ​អស់​សង្ឃឹម​ក្រោក​ឡើង អ៊ីសា​ហៅ​អ្នក»។ 50គាត់​ក៏​បោះ​អាវ​ធំ​ចោល ស្ទុះ​ក្រោក​ឡើង តម្រង់​ទៅ​រក​អ៊ីសា។ 51អ៊ីសា​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»។ អ្នក​ខ្វាក់​ជម្រាប​អ៊ីសា​ថា៖ «តួន! សូម​ប្រោស​ភ្នែក​ខ្ញុំ​ឲ្យ​បាន​ភ្លឺ​ផង»។ 52អ៊ីសា​ប្រាប់​ទៅ​គាត់​ថា៖ «សុំ​អញ្ជើញ​ទៅ​ចុះ! ជំនឿ​របស់​អ្នក​បាន​សង្គ្រោះ​អ្នក​ហើយ!»។ រំពេច​នោះ គាត់​ឃើញ​ភ្លាម ហើយ​ដើរ​តាម​ផ្លូវ​ជា​មួយ​អ៊ីសា​ទៅ។

ទើបបានជ្រើសរើសហើយ៖

ម៉ាកុស 10: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល