ម៉ាថាយ 21
21
ណាពីអ៊ីសាចូលក្រុងយេរូសាឡឹម
1អ៊ីសាមកជាមួយពួកសិស្ស ជិតដល់ក្រុងយេរូសាឡឹមហើយ។ កាលមកដល់ភូមិបេតផាសេ ដែលនៅចង្កេះភ្នំដើមអូលីវ គាត់ចាត់សិស្សពីរនាក់ឲ្យទៅមុន 2ទាំងមានប្រសាសន៍ថា៖ «ចូរទៅភូមិដែលនៅមុខអ្នករាល់គ្នា។ ពេលទៅដល់ភ្លាម អ្នកនឹងឃើញមេលាមួយដែលគេចងនៅទីនោះ ហើយមានកូនវានៅជាមួយដែរ។ ចូរស្រាយវាដឹកមកឲ្យខ្ញុំ។ 3ប្រសិនបើមាននរណាសួរ ចូរប្រាប់គេថា អ៊ីសាជាអម្ចាស់ត្រូវការវា តែលោកនឹងឲ្យគេដឹកមកវិញភ្លាមជាមិនខាន»។ 4ព្រឹត្ដិការណ៍នេះកើតឡើង ស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈណាពីថា៖
5 «ចូរប្រាប់ប្រជាជនក្រុងស៊ីយ៉ូនថាៈ
មើលហ្ន៎ ស្តេចរបស់អ្នកមករកអ្នកហើយ។
គាត់ស្លូតបូត
គាត់នៅលើខ្នងលា
ហើយនៅលើខ្នងកូនលាផងដែរ»។
6សិស្សទាំងពីរនាំគ្នាចេញទៅ ធ្វើតាមបញ្ជារបស់អ៊ីសា 7ដឹកមេលា និងកូនវាមក។ គេយកអាវក្រាលពីលើខ្នងលា និងលើខ្នងកូនលាផង ហើយអ៊ីសាឡើងជិះលើខ្នងវា។ 8នៅពេលនោះ មានបណ្ដាជនជាច្រើននាំគ្នាយកអាវរបស់ខ្លួនក្រាលតាមផ្លូវ ហើយអ្នកខ្លះ ទៀតកាច់ធាងទន្សែយកមកក្រាលលើផ្លូវដែរ។ 9មហាជនដែលដើរហែហមអ៊ីសា ពីមុខពីក្រោយនាំគ្នាស្រែកឡើងថា៖ «ជយោ! ជយោ! អុលឡោះនៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
10កាលអ៊ីសាទៅដល់ក្រុងយេរូសាឡឹមប្រជាជននៅក្នុងទីក្រុងទាំងមូល នាំគ្នាជ្រួលច្របល់សួរថា៖ «តើលោកនោះជានរណា?»។ 11មហាជនឆ្លើយថា៖ «គាត់ជាណាពីអ៊ីសា មកពីភូមិណាសារ៉ែតក្នុងស្រុកកាលីឡេ»។
ណាពីអ៊ីសាដេញពួកអ្នកលក់ដូរចេញពីម៉ាស្ជិទ
12បន្ទាប់មក អ៊ីសាចូលម៉ាស្ជិទ ហើយគាត់ដេញអ្នកលក់ដូរចេញពីទីនោះ។ គាត់ផ្ដួលតុអ្នកដូរប្រាក់ ផ្ដួលកៅអីរបស់អ្នកលក់ព្រាប។ 13អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ក្នុងគីតាបមានចែងថា “ដំណាក់របស់យើងត្រូវធ្វើជាកន្លែងសម្រាប់ទូរអាទៅវិញ!”»។
14មានមនុស្សខ្វាក់ និងមនុស្សខ្វិន នាំគ្នាមករកអ៊ីសានៅក្នុងម៉ាស្ជិទ គាត់ក៏ប្រោសគេឲ្យជាទាំងអស់គ្នា។
15កាលក្រុមអ៊ីមុាំ និងតួនឃើញការអស្ចារ្យដែលអ៊ីសាបានធ្វើ និងឮក្មេងៗស្រែកនៅក្នុងម៉ាស្ជិទថា «ជយោពូជពង្សទត!» គេទាស់ចិត្ដណាស់ 16គេសួរអ៊ីសាថា៖ «តើលោកឮក្មេងៗស្រែកថាដូចម្ដេចទេ?»។ អ៊ីសាឆ្លើយទៅគេវិញថា៖ «ខ្ញុំឮហើយ! ក្នុងគីតាបមានចែងថា “អុលឡោះបានធ្វើឲ្យពាក្យសរសើរតម្កើង ហូរចេញពីបបូរមាត់ក្មេងតូចៗ និងទារកដែលនៅបៅ” តើអស់លោកមិនដែលអានទេឬ?»។ 17អ៊ីសាទុកគេចោល គាត់ចេញពីទីក្រុងឆ្ពោះទៅភូមិបេថានី ហើយស្នាក់នៅទីនោះ។
ដើមឧទុម្ពរត្រូវបណ្ដាសា
18ព្រលឹមឡើង អ៊ីសាត្រឡប់ទៅទីក្រុងវិញ ពេលនោះគាត់ឃ្លាន។ 19អ៊ីសាឃើញឧទុម្ពរមួយដើមនៅតាមផ្លូវ គាត់ចូលទៅជិត មិនឃើញមានផ្លែសោះ មានសុទ្ធតែស្លឹក។ អ៊ីសាមានប្រសាសន៍ទៅកាន់ដើមឧទុម្ពរនោះថា៖ «ចាប់ពីពេលនេះតទៅ កុំឲ្យឯងមានផ្លែសោះឡើយ!»។ ពេលនោះ ស្រាប់តែដើមឧទុម្ពរក្រៀមស្វិតមួយរំពេច។ 20ឃើញដូច្នោះ ពួកសិស្សងឿងឆ្ងល់ជាខ្លាំងគេពោលថា៖ «ហេតុដូចម្ដេចបានជាដើមឧទុម្ពរក្រៀមស្វិតមួយរំពេចដូច្នេះ?»។ 21អ៊ីសាឆ្លើយទៅគេថា៖ «ខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមានជំនឿឥតសង្ស័យសោះ អ្នករាល់គ្នាមិនត្រឹមតែអាចធ្វើឲ្យដើមឧទុម្ពរនេះក្រៀមស្វិតប៉ុណ្ណោះទេ គឺបើអ្នករាល់គ្នាពោលទៅកាន់ភ្នំនេះថាៈ “ចូរចេញពីទីនេះ ធ្លាក់ក្នុងសមុទ្រទៅ!”នោះនឹងសម្រេចដូច្នោះជាមិនខាន។ 22អ្វីក៏ដោយ ឲ្យតែអ្នករាល់គ្នាទូរអាសុំទាំងមានជំនឿ អ្នករាល់គ្នាមុខជាបានទទួលមែន»។
អំណាចរបស់ណាពីអ៊ីសា
23អ៊ីសាចូលក្នុងម៉ាស្ជិទ ហើយនៅពេលគាត់កំពុងតែបង្រៀនគេពួកអ៊ីមុាំ និងពួកអះលីជំអះរបស់ប្រជាជន នាំគ្នាចូលមកសួរគាត់ថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? អ្នកណាប្រគល់អំណាចនេះឲ្យលោក?»។ 24អ៊ីសាឆ្លើយថា៖ «ខ្ញុំក៏សួរសំណួរតែមួយដល់អស់លោកដែរ បើអស់លោកប្រាប់ខ្ញុំ ខ្ញុំនឹងប្រាប់អស់លោកវិញថា ខ្ញុំធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វី។ 25តើនរណាចាត់យ៉ះយ៉ាឲ្យមកធ្វើពិធីជ្រមុជទឹក? អុលឡោះ ឬមនុស្ស?»។ គេពិគ្រោះគ្នាថា៖ «បើយើងឆ្លើយថា “អុលឡោះចាត់យ៉ះយ៉ាឲ្យមក”គាត់មុខជាសួរយើងថា “ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿយ៉ះយ៉ា” 26បើយើងឆ្លើយថា “មនុស្សចាត់យ៉ះយ៉ាឲ្យមក”នោះយើងខ្លាចប្រជាជនរករឿង ដ្បិតមនុស្សគ្រប់ៗគ្នាចាត់ទុកយ៉ះយ៉ាជាណាពី»។ 27ដូច្នេះ គេឆ្លើយអ៊ីសាថា៖ «យើងមិនដឹងទេ!»។ អ៊ីសាមានប្រសាសន៍ទៅវិញថា៖ «រីឯខ្ញុំវិញ ខ្ញុំក៏មិនប្រាប់អស់លោកថា ខ្ញុំធ្វើការទាំងនេះ ដោយអាងលើអំណាចអ្វីដែរ»។
ប្រស្នាអំពីកូនប្រុសពីរនាក់
28«អ្នករាល់គ្នាយល់យ៉ាងណាដែរ ប្រសិនបើបុរសម្នាក់មានកូនប្រុសពីរ ហើយគាត់និយាយទៅកាន់កូនច្បងថា “កូនអើយ! ថ្ងៃនេះ ចូរកូនទៅធ្វើការ នៅចម្ការទំពាំងបាយជូររបស់ពុកទៅ!”។ 29កូនតបមកវិញថា “ខ្ញុំមិនចង់ទៅទេ!” ប៉ុន្ដែ ក្រោយមក កូននោះដូរគំនិត ហើយក៏ទៅចម្ការ។ 30បន្ទាប់មក ឪពុកនិយាយពាក្យដដែលទៅកាន់កូនពៅ កូនពៅឆ្លើយថាៈ “បាទ កូនទៅ!” តែអត់ទៅទេ។ 31ក្នុងចំណោមកូនទាំងពីរនាក់ តើកូនណាបានធ្វើតាមបំណងឪពុក?»។ គេជម្រាបអ៊ីសាថា៖ «កូនច្បង»។ អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ពួកអ្នកទារពន្ធ និងពួកស្ដ្រីពេស្យា នឹងចូលទៅក្នុងនគររបស់អុលឡោះ មុនអ្នករាល់គ្នា 32ដ្បិតយ៉ះយ៉ាបានមកណែនាំអ្នករាល់គ្នាឲ្យដើរតាមមាគ៌ាសុចរិត តែអ្នករាល់គ្នាមិនព្រមជឿលោកទេ។ ពួកអ្នកទារពន្ធ និងស្ដ្រីពេស្យាបានជឿលោក រីឯអ្នករាល់គ្នាវិញ ទោះបីអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងនោះក៏ដោយ ក៏អ្នករាល់គ្នាមិនបានដូរចិត្ដគំនិត ហើយជឿលោកដែរ»។
ប្រស្នាអំពីអ្នកថែរក្សាចម្ការទំពាំងបាយជូរ
33«សុំស្ដាប់ប្រស្នាមួយទៀតៈ មានបុរសម្នាក់ជាម្ចាស់ចម្ការ គាត់បានដាំទំពាំងបាយជូរ ហើយធ្វើរបងព័ទ្ធជុំវិញ គាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំងបាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ឲ្យពួកកសិករមើលថែទាំ រួចចេញដំណើរពីស្រុកនោះទៅ។ 34លុះដល់រដូវទំពាំងបាយជូរទុំ គាត់ក៏ចាត់ពួកអ្នកបម្រើឲ្យមកជួបអ្នកថែចម្ការទាំងនោះ ដើម្បីទទួលយកផល ដែលជាចំណែករបស់គាត់។ 35ពួកកសិករនាំគ្នាចាប់ពួកអ្នកបម្រើមកវាយដំម្នាក់ ប្រហារជីវិតម្នាក់ និងយកដុំថ្មគប់សម្លាប់ម្នាក់ទៀត។ 36ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើផ្សេងទៀត ដែលមានគ្នាច្រើនជាងមុនឲ្យមក។ ប៉ុន្ដែ ពួកអ្នកថែចម្ការបានធ្វើបាបអ្នកបម្រើទាំងនោះដូចពួកមុនៗដែរ។ 37នៅទីបំផុត ម្ចាស់ចម្ការចាត់កូនប្រុសរបស់គាត់ ឲ្យមកជួបគេដោយគិតថា “គេមុខជាគោរពកោតខ្លាចកូនប្រុសខ្ញុំមិនខាន”។ 38ប៉ុន្ដែ ពេលពួកកសិករឃើញកូនប្រុសម្ចាស់ចម្ការមកដល់ គេពិគ្រោះគ្នាថាៈ “អ្នកនេះជាអ្នកទទួលកេរមត៌កពីម្ចាស់ចម្ការទៅថ្ងៃក្រោយ បើយើងនាំគ្នាសម្លាប់វា មត៌កនេះនឹងត្រូវបានមកយើងមិនខាន”។ 39គេក៏ចាប់កូនប្រុសម្ចាស់ចម្ការបោះទៅខាងក្រៅ ហើយសម្លាប់ចោលទៅ។ 40ដល់ពេលម្ចាស់ចម្ការមក តើគាត់នឹងធ្វើយ៉ាងណាចំពោះកសិករទាំងនោះ?»។ 41គេជម្រាបអ៊ីសាថា៖ «គាត់មុខជាសម្លាប់ជនពាលទាំងនោះឥតត្រាប្រណីឡើយ រួចប្រវាស់ចម្ការឲ្យអ្នកផ្សេងទៀត ដែលនឹងប្រគល់ផលជាចំណែករបស់គាត់ជូនគាត់ នៅរដូវទំពាំងបាយជូរទុំ»។ 42អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ក្នុងគីតាបមានចែងថាៈ
“ថ្មដែលពួកជាងសង់ផ្ទះបោះចោល
បានត្រឡប់មកជាថ្មគ្រឹះដ៏សំខាន់បំផុត។
អុលឡោះជាអម្ចាស់បានសម្រេចការអស្ចារ្យនេះ
យើងបានឃើញ ហើយស្ងើចសរសើរផង”។
តើអ្នករាល់គ្នាដែលអានអាយិតនេះឬទេ?។
43ហេតុនេះហើយ បានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អុលឡោះនឹងដកនគរចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍មួយទៀត ដែលចេះបង្កើតផលសមស្របនឹងនគរ។ 44អ្នកណាដួលលើថ្មនេះ អ្នកនោះមុខជាត្រូវបាក់បែកខ្ទេចខ្ទាំមិនខាន ហើយបើថ្មនេះសង្កត់លើអ្នកណា មុខជាកិនកំទេចអ្នកនោះឲ្យស្លាប់ជាប្រាកដដែរ»។
45ពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ីឮដូច្នោះក៏ដឹងថា អ៊ីសាមានប្រសាសន៍សំដៅទៅលើពួកគេ។ 46គេនាំគ្នារកមធ្យោបាយចាប់អ៊ីសា ប៉ុន្ដែ គេខ្លាចមហាជន ព្រោះមហាជនចាត់ទុកអ៊ីសាជាណាពីមួយនាក់។
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ 21: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.