ម៉ាថាយ 22

22
ប្រស្នា​អំពី​មង្គល​ការ
1អ៊ីសា​មាន​ប្រសាសន៍​ជា​ប្រស្នា​ទៅ​ពួក​គេ​ម្ដង​ទៀត​ថា៖ 2«នគរ​នៃ​អុលឡោះ​ប្រៀប​បាន​នឹង​ស្ដេច​មួយ​ដែល​រៀប​មង្គល​ការ​ឲ្យ​កូន។ 3ស្តេច​ចាត់​អ្នក​បម្រើ​ឲ្យ​ទៅ​អញ្ជើញ​ភ្ញៀវ​មក​ជប់‌លៀង ក្នុង​ឱកាស​មង្គល​ការ​នោះ តែ​គ្មាន​នរណា​មក​សោះ។ 4ស្តេច​ចាត់​អ្នក​បម្រើ​ផ្សេង​ទៀត ឲ្យ​ទៅ​ជម្រាប​ភ្ញៀវ​ថាៈ “យើង​បាន​រៀប‌ចំ​អាហារ​សម្រាប់​ជប់‌លៀង គឺ​បាន​សម្លាប់​គោ និង​សម្លាប់​សត្វ​ដែល​បាន​បំប៉ន​នោះ​រួច​រាល់​អស់​ហើយ សូម​អញ្ជើញ​មក​ពិសា​ការ!”។ 5ប៉ុន្ដែ ភ្ញៀវ​មិន​រវី‌រវល់​អើពើ​ឡើយ អ្នក​ខ្លះ​ទៅ​ចម្ការ អ្នក​ខ្លះ​ទៅ​ធ្វើ​ជំនួញ 6អ្នក​ខ្លះ​ទៀត​ចាប់​ពួក​អ្នក​បម្រើ​វាយ​ធ្វើ​បាប ព្រម​ទាំង​សម្លាប់​ចោល​ថែម​ទៀត។ 7ស្តេច​ខឹង​យ៉ាង​ខ្លាំង ក៏​ចាត់​ទាហាន​ឲ្យ​ទៅ​ប្រហារ​ជីវិត​ឃាតក​ទាំង​នោះ ហើយ​ដុត​កំទេច​ស្រុក​ភូមិ​របស់​គេ​ផង។ 8បន្ទាប់​មក ស្តេច​និយាយ​ទៅ​ពួក​អ្នក​បម្រើ​ថាៈ “យើង​បាន​រៀប‌ចំ​ពិធី​មង្គល‌ការ​រួច​ស្រេច​ហើយ ប៉ុន្ដែ ភ្ញៀវ​ទាំង​នោះ​មិន​សម​នឹង​មក​ចូល​រួម​ទេ។ 9ហេតុ​នេះ ចូរ​នាំ​គ្នា​ចេញ​ទៅ​តាម​ផ្លូវ​កែង ហើយ​អញ្ជើញ​មនុស្ស​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ជួប ឲ្យ​មក​ជប់‌លៀង”។ 10ពួក​អ្នក​បម្រើ​ក៏​ចេញ​ទៅ​តាម​ផ្លូវ ប្រមូល​មនុស្ស‌ម្នា ដែល​គេ​បាន​ជួប​ទាំង​ប៉ុន្មាន​មក ទាំង​អាក្រក់​ទាំង​ល្អ។ ពេល​នោះ មាន​ភ្ញៀវ​ពេញ​រោង​ការ។
11ស្តេច​ចូល​មក​មើល​ភ្ញៀវ​នៅ​ក្នុង​រោង​ការ ឃើញ​បុរស​ម្នាក់​ស្លៀក​ពាក់​មិន​ត្រូវ​នឹង​របៀប​ពិធី​ការ 12ស្តេច​ក៏​និយាយ​ទៅ​អ្នក​នោះ​ថា “សម្លាញ់​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​ចូល​មក​ទី​នេះ ដោយ​មិន​ស្លៀក​សម្លៀក‌បំពាក់​សម្រាប់​មង្គល‌ការ​ដូច្នេះ” បុរស​នោះ​រក​និយាយ​អ្វី​មិន​ចេញ​ឡើយ។ 13ស្តេច​បង្គាប់​ទៅ​ពួក​អ្នក​បម្រើ​ថា “ចូរ​ចង​ដៃ​ចង​ជើង​អ្នក​នេះ សែង​យក​ទៅ​ចោល​នៅ​ទី‌ងងឹត​ខាង​ក្រៅ ជា​កន្លែង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ​នោះ​ទៅ!”»។
14អ៊ីសា​មាន​ប្រសាសន៍​ទៀត​ថា៖ «អុលឡោះ​ហៅ​មនុស្ស​ទាំង​អស់ តែ​ទ្រង់​ជ្រើស​រើស​យក​បាន​ចំនួន​តិច​ទេ»។
អំពី​ពន្ធ​ដារ
15ពួក​ខាង​គណៈ​ផារីស៊ី ចេញ​ទៅ​ពិគ្រោះ​គ្នា រិះ​រក​មធ្យោ‌បាយ​ចាប់​កំហុស​អ៊ីសា នៅ​ពេល​គាត់​មាន​ប្រសាសន៍។ 16គេ​ក៏​ចាត់​សិស្ស​របស់​គេ និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ ឲ្យ​ទៅ​ជួប​អ៊ីសា​ហើយ​ជម្រាប​ថា៖ «តួន! យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ដែល​តួន​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់។ តួន​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ ដែល​គាប់​ចិត្ត​អុលឡោះ​តាម​សេចក្ដី​ពិត គឺ​តួន​ពុំ​យោគ​យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ។ 17ហេតុ​នេះ សូម​តួន​ឲ្យ​យោបល់​យើង​ខ្ញុំ​មើល៍ តើ​ហ៊ូកុំ​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធ​ដារ ជូន​ស្តេច​អធិរាជ​រ៉ូម៉ាំង​ឬ​ទេ?»។ 18អ៊ីសា​ឈ្វេង​យល់​គំនិត​អាក្រក់​របស់​ពួក​គេ ទើប​មាន​ប្រសាសន៍​ថា៖ «មនុស្ស​មាន​ពុត​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចង់​ចាប់​កំហុស​ខ្ញុំ​ដូច្នេះ? 19ចូរ​បង្ហាញ​ប្រាក់​សម្រាប់​បង់​ពន្ធ​នោះ​ឲ្យ​ខ្ញុំ​មើល​មើល៍!»។ គេ​ក៏​យក​ប្រាក់​មួយ​កាក់​មក​ឲ្យ​គាត់។ 20អ៊ីសា​បាន​សួរ​គេ​ថា៖ «តើ​លើ​កាក់​នេះ មាន​រូប​នរណា ឈ្មោះ​នរណា?»។ 21គេ​ឆ្លើយ​ថា៖ «រូប និង​ឈ្មោះ​ស្តេច​អធិរាជ»។ អ៊ីសា​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្វីៗ​ដែល​ជា​របស់​ស្តេច​អធិរាជ ចូរ​ឲ្យ​ទៅ​ស្តេច​អធិរាជ​វិញ​ទៅ ហើយ​អ្វីៗ​ដែល​ជា​របស់​អុលឡោះ ចូរ​ជូន​ទៅ​អុលឡោះ​វិញ​ដែរ»។ 22ពួក​គេ​ងឿង‌ឆ្ងល់​នឹង​ចម្លើយ​របស់​អ៊ីសា ហើយ​នាំ​គ្នា​ចាក​ចេញ​ពី​គាត់​ទៅ។
អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ
23នៅ​ថ្ងៃ​នោះ មាន​ពួក​ខាង​គណៈ​សាឌូ‌ស៊ី​ចូល​មក​ជួប​អ៊ីសា។ ពួក​សាឌូ‌ស៊ី​មិន​ជឿ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ទេ។ គេ​សួរ​អ៊ីសា​ថា៖ 24«តួន! ម៉ូសា​មាន​ប្រសាសន៍​ថាៈ “បើ​បុរស​ណា​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ត្រូវ​ឲ្យ​ប្អូន​ប្រុស​របស់​បុរស​នោះ​រៀប‌ការ​នឹង​បង​ថ្លៃ ដើម្បី​បន្ដ​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន”25ឧបមា​ថា នៅ​ក្នុង​ចំណោម​យើង មាន​បង​ប្អូន​ប្រុស​ប្រាំ​ពីរ​នាក់។ បង​បង្អស់​រៀប‌ការ ហើយ​ស្លាប់​ទៅ តែ​គ្មាន​កូន​សោះ ទុក​ប្រពន្ធ​ឲ្យ​ប្អូន។ 26ប្អូន​ទី​ពីរ ប្អូន​ទី​បី រហូត​ដល់​ប្អូន​ទី​ប្រាំ​ពីរ សុទ្ធ​តែ​បាន​រៀប‌ការ​ជា​មួយ​នាង ហើយ​ស្លាប់​ទៅ​គ្មាន​កូន​ដូច​គ្នា។ 27នៅ​ទី​បំផុត ស្ដ្រី​នោះ​ក៏​ស្លាប់​ទៅ​ដែរ។ 28លុះ​ដល់​ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ តើ​នាង​បាន​ទៅ​ជា​ប្រពន្ធ​នរណា បើ​បង​ប្អូន​ទាំង​ប្រាំ​ពីរ​នាក់ សុទ្ធ​តែ​បាន​រៀប‌ការ​ជា​មួយ​នាង​គ្រប់​គ្នា​ដូច្នេះ?»។ 29អ៊ីសា​បាន​ឆ្លើយ​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​យល់​ខុស​ហើយ! ដ្បិត​អ្នក​រាល់ គ្នា​មិន​យល់​គីតាប ទាំង​មិន​ស្គាល់​អំណាច​របស់​អុលឡោះ​ផង។ 30ពេល​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ គេ​មិន​រៀប‌ការ​ប្ដី​ប្រពន្ធ​ទៀត​ឡើយ គឺ​គេ​នឹង​បាន​ដូច​ម៉ាឡា‌អ៊ីកាត់​នៅ​សូរ៉កា។ 31អុលឡោះ​មាន​បន្ទូល​អំពី​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ថាៈ 32“យើង​ជា​ម្ចាស់​របស់​អ៊ីព្រហ៊ីម ជា​ម្ចាស់​របស់​អ៊ីសាហាក់ និង​ជា​ម្ចាស់​របស់​យ៉ាកកូប” តើ​អ្នក​រាល់​គ្នា​ធ្លាប់​អាន​ឬ​ទេ? អុលឡោះ​មិន​មែន​ជា​ម្ចាស់​របស់​មនុស្ស​ស្លាប់​ទេ គឺ​ជា​ម្ចាស់​របស់​មនុស្ស​ដែល​មាន​ជីវិត»។ 33កាល​មហា‌ជន​បាន​ឮ​សេចក្ដី ដែល​អ៊ីសា​បង្រៀន គេ​ងឿង‌ឆ្ងល់​ជា​ខ្លាំង។
បទ​បញ្ជា​សំខាន់​ជាង​គេ
34ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី​ប្រជុំ​គ្នា ព្រោះ​គេ​ឮ​ថា អ៊ីសា​បាន​ធ្វើ​ឲ្យ​ពួក ខាង​គណៈ​សាឌូ‌ស៊ី​ទ័ល​ប្រាជ្ញ រក​និយាយ​អ្វី​ទៀត​មិន​កើត។ 35ក្នុង​ចំណោម​ពួក​គេ​មាន​ម្នាក់​ជា​បណ្ឌិត​ខាង​ហ៊ូកុំ សួរ​អ៊ីសា​ក្នុង​គោល​បំណង​ល្បង‌ល​មើល​អ៊ីសា​សួរ​ថា៖ 36«តួន! ក្នុង​ហ៊ូកុំ តើ​មាន​បទ​បញ្ជា​ណា​សំខាន់​ជាង​គេ?»។ 37អ៊ីសា​ឆ្លើយ​ថា៖ «“ត្រូវ​ស្រឡាញ់​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក ឲ្យ​អស់​ពី​ចិត្ដ​គំនិត អស់​ពី​ស្មារតី និង​អស់​ពី​ប្រាជ្ញា” 38ហ្នឹង​ហើយ​ជា​បទ​បញ្ជា​ទី​មួយ ដែល​សំខាន់​ជាង​គេ​បំផុត។ 39រីឯ​បទ​បញ្ជា​ទី​ពីរ​ក៏​សំខាន់​ដូច​គ្នា​ដែរ “គឺ​ត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង”។ 40បទ​បញ្ជា​ទាំង​ពីរ​នេះ ជា​ឫស​គល់​របស់​គីតាប​ហ៊ូកុំ និង​គីតាប​ណាពី​ទាំង​អស់»។
អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ធំ​ជាង​ណាពី​ទត
41ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី​នៅ​ជុំ​គ្នា អ៊ីសា​ក៏​បាន​សួរ​គេ​ថា៖ 42«តើ​អ្នក​រាល់​គ្នា​យល់​ថា អាល់ម៉ា‌ហ្សៀស​ជា​ពូជ‌ពង្ស​របស់​អ្នក​ណា?»។ គេ​ឆ្លើយ​ថា៖ «គាត់​ជា​ពូជ‌ពង្ស​របស់​ទត»។ 43អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ប្រសិន​បើ​អាល់ម៉ា‌ហ្សៀស ជា​ពូជ‌ពង្ស​របស់​ទត​មែន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ទត ដែល​មាន​រស‌អុលឡោះ​បំភ្លឺ​ហៅ​អាល់ម៉ា‌ហ្សៀស​ថា “អម្ចាស់”ទៅ​វិញ​ដូច្នេះ គឺ​គាត់​មាន​ប្រសាសន៍​ថាៈ
44 “អុលឡោះ‌តាអាឡា​មាន​បន្ទូល
ទៅ​កាន់​អម្ចាស់​របស់​ខ្ញុំ​ថា
សូម​នៅ​ខាង​ស្ដាំ​យើង ទំរាំ​ដល់​យើង​បង្ក្រាប
ខ្មាំង​សត្រូវ​របស់​អ្នក
មក​ដាក់​ក្រោម​ជើង​របស់​អ្នក”
45បើ​ទត​ហៅ​អាល់ម៉ា‌ហ្សៀស​ថា “អម្ចាស់”ដូច្នេះ តើ​ឲ្យ​អាល់ម៉ា‌ហ្សៀស​ត្រូវ​ជា​ពូជ‌ពង្ស​របស់​គាត់​ដូច​ម្ដេច​កើត!»។ 46គ្មាន​នរណា​ម្នាក់​អាច​ឆ្លើយ​ទៅ​អ៊ីសា​វិញ សូម្បី​តែ​មួយ​ម៉ាត់​ក៏​មិន​បាន​ផង ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក គ្មាន​នរណា​ហ៊ាន​សួរ​ដេញ​ដោល​អ៊ីសា​ទៀត​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 22: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល