ម៉ាថាយ 21

21
ណាពី​អ៊ីសា​ចូល​ក្រុង​យេរូ‌សាឡឹម
1អ៊ីសា​មក​ជា​មួយ​ពួក​សិស្ស ជិត​ដល់​ក្រុង​យេរូ‌សាឡឹម​ហើយ។ កាល​មក​ដល់​ភូមិ​បេតផា‌សេ ដែល​នៅ​ចង្កេះ​ភ្នំ​ដើម​អូលីវ គាត់​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ​មុន 2ទាំង​មាន​ប្រសាសន៍​ថា៖ «ចូរ​ទៅ​ភូមិ​ដែល​នៅ​មុខ​អ្នក​រាល់​គ្នា។ ពេល​ទៅ​ដល់​ភ្លាម អ្នក​នឹង​ឃើញ​មេ​លា​មួយ​ដែល​គេ​ចង​នៅ​ទី​នោះ ហើយ​មាន​កូន​វា​នៅ​ជា​មួយ​ដែរ។ ចូរ​ស្រាយ​វា​ដឹក​មក​ឲ្យ​ខ្ញុំ។ 3ប្រសិន​បើ​មាន​នរណា​សួរ ចូរ​ប្រាប់​គេ​ថា អ៊ីសា‌ជាអម្ចាស់​ត្រូវ​ការ​វា តែ​លោក​នឹង​ឲ្យ​គេ​ដឹក​មក​វិញ​ភ្លាម​ជា​មិន​ខាន»។ 4ព្រឹត្ដិ‌ការណ៍​នេះ​កើត​ឡើង ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ណាពី​ថា៖
5 «ចូរ​ប្រាប់​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​ថាៈ
មើល​ហ្ន៎ ស្តេច​របស់​អ្នក​មក​រក​អ្នក​ហើយ។
គាត់​ស្លូត​បូត
គាត់​នៅ​លើ​ខ្នង​លា
ហើយ​នៅ​លើ​ខ្នង​កូន​លា​ផង​ដែរ»
6សិស្ស​ទាំង​ពីរ​នាំ​គ្នា​ចេញ​ទៅ ធ្វើ​តាម​បញ្ជា​របស់​អ៊ីសា 7ដឹក​មេ​លា និង​កូន​វា​មក។ គេ​យក​អាវ​ក្រាល​ពី​លើ​ខ្នង​លា និង​លើ​ខ្នង​កូន​លា​ផង ហើយ​អ៊ីសា​ឡើង​ជិះ​លើ​ខ្នង​វា។ 8នៅ​ពេល​នោះ មាន​បណ្ដា‌ជន​ជា​ច្រើន​នាំ​គ្នា​យក​អាវ​របស់​ខ្លួន​ក្រាល​តាម​ផ្លូវ ហើយ​អ្នក​ខ្លះ ទៀត​កាច់​ធាង​ទន្សែ​យក​មក​ក្រាល​លើ​ផ្លូវ​ដែរ។ 9មហា‌ជន​ដែល​ដើរ​ហែ‌ហម​អ៊ីសា ពី​មុខ​ពី​ក្រោយ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ជយោ! ជយោ! អុលឡោះ​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»
10កាល​អ៊ីសា​ទៅ​ដល់​ក្រុង​យេរូ‌សាឡឹម​ប្រជា‌ជន​នៅ​ក្នុង​ទី‌ក្រុង​ទាំង​មូល នាំ​គ្នា​ជ្រួល​ច្របល់​សួរ​ថា៖ «តើ​លោក​នោះ​ជា​នរណា?»។ 11មហា‌ជន​ឆ្លើយ​ថា៖ «គាត់​ជា​ណាពី​អ៊ីសា មក​ពី​ភូមិ​ណាសា‌រ៉ែត​ក្នុង​ស្រុក​កាលី‌ឡេ»។
ណាពី​អ៊ីសា​ដេញ​ពួក​អ្នក​លក់​ដូរ​ចេញ​ពី​ម៉ាស្ជិទ
12បន្ទាប់​មក អ៊ីសា​ចូល​ម៉ាស្ជិទ ហើយ​គាត់​ដេញ​អ្នក​លក់​ដូរ​ចេញ​ពី​ទី​នោះ។ គាត់​ផ្ដួល​តុ​អ្នក​ដូរ​ប្រាក់ ផ្ដួល​កៅ‌អី​របស់​អ្នក​លក់​ព្រាប។ 13អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថា “ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​កន្លែង​សម្រាប់​ទូរអាទៅ​វិញ!”»
14មាន​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន នាំ​គ្នា​មក​រក​អ៊ីសា​នៅ​ក្នុង​ម៉ាស្ជិទ គាត់​ក៏​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា។
15កាល​ក្រុម​អ៊ីមុាំ និង​តួន​ឃើញ​ការ​អស្ចារ្យ​ដែល​អ៊ីសា​បាន​ធ្វើ និង​ឮ​ក្មេងៗ​ស្រែក​នៅ​ក្នុង​ម៉ាស្ជិទ​ថា «ជយោ​ពូជ‌ពង្ស​ទត!» គេ​ទាស់​ចិត្ដ​ណាស់ 16គេ​សួរ​អ៊ីសា​ថា៖ «តើ​លោក​ឮ​ក្មេងៗ​ស្រែក​ថា​ដូច​ម្ដេច​ទេ?»។ អ៊ីសា​ឆ្លើយ​ទៅ​គេ​វិញ​ថា៖ «ខ្ញុំ​ឮ​ហើយ! ក្នុង​គីតាប​មាន​ចែង​ថា “អុលឡោះ​បាន​ធ្វើ​ឲ្យ​ពាក្យ​សរ‌សើរ​តម្កើង ហូរ​ចេញ​ពី​បបូរ​មាត់​ក្មេង​តូចៗ និង​ទារក​ដែល​នៅ​បៅ” តើ​អស់​លោក​មិន​ដែល​អាន​ទេ​ឬ?»។ 17អ៊ីសា​ទុក​គេ​ចោល គាត់​ចេញ​ពី​ទី‌ក្រុង​ឆ្ពោះ​ទៅ​ភូមិ​បេថា‌នី ហើយ​ស្នាក់​នៅ​ទីនោះ។
ដើម​ឧទុម្ពរ​ត្រូវ​បណ្ដាសា
18ព្រលឹម​ឡើង អ៊ីសា​ត្រឡប់​ទៅ​ទី‌ក្រុង​វិញ ពេល​នោះ​គាត់​ឃ្លាន។ 19អ៊ីសា​ឃើញ​ឧទុម្ពរ​មួយ​ដើម​នៅ​តាម​ផ្លូវ គាត់​ចូល​ទៅ​ជិត មិន​ឃើញ​មាន​ផ្លែ​សោះ មាន​សុទ្ធ​តែ​ស្លឹក។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​ដើម​ឧទុម្ពរ​នោះ​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ កុំ​ឲ្យ​ឯង​មាន​ផ្លែ​សោះ​ឡើយ!»។ ពេល​នោះ ស្រាប់​តែ​ដើម​ឧទុម្ពរ​ក្រៀម​ស្វិត​មួយ​រំពេច។ 20ឃើញ​ដូច្នោះ ពួក​សិស្ស​ងឿង‌ឆ្ងល់​ជា​ខ្លាំង​គេ​ពោល​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ដើម​ឧទុម្ពរ​ក្រៀម​ស្វិត​មួយ​រំពេច​ដូច្នេះ?»។ 21អ៊ីសា​ឆ្លើយ​ទៅ​គេ​ថា៖ «ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ឥត​សង្ស័យ​សោះ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​អាច​ធ្វើ​ឲ្យ​ដើម​ឧទុម្ពរ​នេះ​ក្រៀម​ស្វិត​ប៉ុណ្ណោះ​ទេ គឺ​បើ​អ្នក​រាល់​គ្នា​ពោល​ទៅ​កាន់​ភ្នំ​នេះ​ថាៈ “ចូរ​ចេញ​ពី​ទី​នេះ ធ្លាក់​ក្នុង​សមុទ្រ​ទៅ!”នោះ​នឹង​សម្រេច​ដូច្នោះ​ជា​មិន​ខាន។ 22អ្វី​ក៏​ដោយ ឲ្យ​តែ​អ្នក​រាល់​គ្នា​ទូរអា​សុំ​ទាំង​មាន​ជំនឿ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ទទួល​មែន»។
អំណាច​របស់​ណាពី​អ៊ីសា
23អ៊ីសា​ចូល​ក្នុង​ម៉ាស្ជិទ ហើយ​នៅ​ពេល​គាត់​កំពុង​តែ​បង្រៀន​គេ​ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​របស់​ប្រជា‌ជន នាំ​គ្នា​ចូល​មក​សួរ​គាត់​ថា៖ «តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី? អ្នក​ណា​ប្រគល់​អំណាច​នេះ​ឲ្យ​លោក?»។ 24អ៊ីសា​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​សួរ​សំណួរ​តែ​មួយ​ដល់​អស់​លោក​ដែរ បើ​អស់​លោក​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​ប្រាប់​អស់​លោក​វិញ​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​លើ​អំណាច​អ្វី។ 25តើ​នរណា​ចាត់​យ៉ះយ៉ា​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក? អុលឡោះ ឬ​មនុស្ស?»។ គេ​ពិគ្រោះ​គ្នា​ថា៖ «បើ​យើង​ឆ្លើយ​ថា “អុលឡោះ​ចាត់​យ៉ះយ៉ា​ឲ្យ​មក”គាត់​មុខ​ជា​សួរ​យើង​ថា “ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​យ៉ះយ៉ា” 26បើ​យើង​ឆ្លើយ​ថា “មនុស្ស​ចាត់​យ៉ះយ៉ា​ឲ្យ​មក”នោះ​យើង​ខ្លាច​ប្រជា‌ជន​រក​រឿង ដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​ចាត់​ទុក​យ៉ះយ៉ា​ជា​ណាពី»។ 27ដូច្នេះ គេ​ឆ្លើយ​អ៊ីសា​ថា៖ «យើង​មិន​ដឹង​ទេ!»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​វិញ​ថា៖ «រីឯ​ខ្ញុំ​វិញ ខ្ញុំ​ក៏​មិន​ប្រាប់​អស់​លោក​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ ដោយ​អាង​លើ​អំណាច​អ្វី​ដែរ»។
ប្រស្នា​អំពី​កូន​ប្រុស​ពីរ​នាក់
28«អ្នក​រាល់​គ្នា​យល់​យ៉ាង​ណា​ដែរ ប្រសិន​បើ​បុរស​ម្នាក់​មាន​កូន​ប្រុស​ពីរ ហើយ​គាត់​និយាយ​ទៅ​កាន់​កូន​ច្បង​ថា “កូន​អើយ! ថ្ងៃ​នេះ ចូរ​កូន​ទៅ​ធ្វើ​ការ នៅ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ពុក​ទៅ!”។ 29កូន​តប​មក​វិញ​ថា “ខ្ញុំ​មិន​ចង់​ទៅ​ទេ!” ប៉ុន្ដែ ក្រោយ​មក កូន​នោះ​ដូរ​គំនិត ហើយ​ក៏​ទៅ​ចម្ការ។ 30បន្ទាប់​មក ឪពុក​និយាយ​ពាក្យ​ដដែល​ទៅ​កាន់​កូន​ពៅ កូន​ពៅ​ឆ្លើយ​ថាៈ “បាទ កូន​ទៅ!” តែ​អត់​ទៅ​ទេ។ 31ក្នុង​ចំណោម​កូន​ទាំង​ពីរ​នាក់ តើ​កូន​ណា​បាន​ធ្វើ​តាម​បំណង​ឪពុក?»។ គេ​ជម្រាប​អ៊ីសា​ថា៖ «កូន​ច្បង»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ពួក​អ្នក​ទារ​ពន្ធ និង​ពួក​ស្ដ្រី​ពេស្យា នឹង​ចូល​ទៅ​ក្នុង​នគរ​របស់​អុលឡោះ មុន​អ្នក​រាល់​គ្នា 32ដ្បិត​យ៉ះយ៉ា​បាន​មក​ណែ‌នាំ​អ្នក​រាល់​គ្នា​ឲ្យ​ដើរ​តាម​មាគ៌ា​សុចរិត តែ​អ្នក​រាល់​គ្នា​មិន​ព្រម​ជឿ​លោក​ទេ។ ពួក​អ្នក​ទារ​ពន្ធ និង​ស្ដ្រី​ពេស្យា​បាន​ជឿ​លោក រីឯ​អ្នក​រាល់​គ្នា​វិញ ទោះ​បី​អ្នក​រាល់​គ្នា​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នោះ​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​មិន​បាន​ដូរ​ចិត្ដ​គំនិត ហើយ​ជឿ​លោក​ដែរ»។
ប្រស្នា​អំពី​អ្នក​ថែ​រក្សា​ចម្ការ​ទំពាំង‌បាយ‌ជូរ
33«សុំ​ស្ដាប់​ប្រស្នា​មួយ​ទៀតៈ មាន​បុរស​ម្នាក់​ជា​ម្ចាស់​ចម្ការ គាត់​បាន​ដាំ​ទំពាំង‌បាយ‌ជូរ ហើយ​ធ្វើ​របង​ព័ទ្ធ​ជុំ‌វិញ គាត់​រៀប‌ចំ​កន្លែង​មួយ ដើម្បី​បញ្ជាន់​ផ្លែ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​សង់​ខ្ទម​មួយ​ផង។ បន្ទាប់​មក គាត់​ប្រវាស់​ឲ្យ​ពួក​កសិករ​មើល​ថែ​ទាំ រួច​ចេញ​ដំណើរ​ពី​ស្រុក​នោះ​ទៅ។ 34លុះ​ដល់​រដូវ​ទំពាំង‌បាយ‌ជូរ​ទុំ គាត់​ក៏​ចាត់​ពួក​អ្នក​បម្រើ​ឲ្យ​មក​ជួប​អ្នក​ថែ​ចម្ការ​ទាំង​នោះ ដើម្បី​ទទួល​យក​ផល ដែល​ជា​ចំណែក​របស់​គាត់។ 35ពួក​កសិករ​នាំ​គ្នា​ចាប់​ពួក​អ្នក​បម្រើ​មក​វាយ​ដំ​ម្នាក់ ប្រហារ​ជីវិត​ម្នាក់ និង​យក​ដុំ​ថ្ម​គប់​សម្លាប់​ម្នាក់​ទៀត។ 36ម្ចាស់​ចម្ការ​ក៏​ចាត់​អ្នក​បម្រើ​ផ្សេង​ទៀត ដែល​មាន​គ្នា​ច្រើន​ជាង​មុន​ឲ្យ​មក។ ប៉ុន្ដែ ពួក​អ្នក​ថែ​ចម្ការ​បាន​ធ្វើ​បាប​អ្នក​បម្រើ​ទាំង​នោះ​ដូច​ពួក​មុនៗ​ដែរ។ 37នៅ​ទី​បំផុត ម្ចាស់​ចម្ការ​ចាត់​កូន​ប្រុស​របស់​គាត់ ឲ្យ​មក​ជួប​គេ​ដោយ​គិត​ថា “គេ​មុខ​ជា​គោរព​កោត​ខ្លាច​កូន​ប្រុស​ខ្ញុំ​មិន​ខាន”។ 38ប៉ុន្ដែ ពេល​ពួក​កសិករ​ឃើញ​កូន​ប្រុស​ម្ចាស់​ចម្ការ​មក​ដល់ គេ​ពិគ្រោះ​គ្នា​ថាៈ “អ្នក​នេះ​ជា​អ្នក​ទទួល​កេរ‌មត៌ក​ពី​ម្ចាស់​ចម្ការ​ទៅ​ថ្ងៃ​ក្រោយ បើ​យើង​នាំ​គ្នា​សម្លាប់​វា មត៌ក​នេះ​នឹង​ត្រូវ​បាន​មក​យើង​មិន​ខាន”។ 39គេ​ក៏​ចាប់​កូន​ប្រុស​ម្ចាស់​ចម្ការ​បោះ​ទៅ​ខាង​ក្រៅ ហើយ​សម្លាប់​ចោល​ទៅ។ 40ដល់​ពេល​ម្ចាស់​ចម្ការ​មក តើ​គាត់​នឹង​ធ្វើ​យ៉ាង​ណា​ចំពោះ​កសិករ​ទាំង​នោះ?»។ 41គេ​ជម្រាប​អ៊ីសា​ថា៖ «គាត់​មុខ​ជា​សម្លាប់​ជន​ពាល​ទាំង​នោះ​ឥត​ត្រា​ប្រណី​ឡើយ រួច​ប្រវាស់​ចម្ការ​ឲ្យ​អ្នក​ផ្សេង​ទៀត ដែល​នឹង​ប្រគល់​ផល​ជា​ចំណែក​របស់​គាត់​ជូន​គាត់ នៅ​រដូវ​ទំពាំង‌បាយ‌ជូរ​ទុំ»។ 42អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថាៈ
“ថ្ម​ដែល​ពួក​ជាង​សង់​ផ្ទះ​បោះ​ចោល
បាន​ត្រឡប់​មក​ជា​ថ្ម​គ្រឹះ​ដ៏​សំខាន់​បំផុត។
អុលឡោះ‌ជាអម្ចាស់​បាន​សម្រេច​ការ​អស្ចារ្យ​នេះ
យើង​បាន​ឃើញ ហើយ​ស្ងើច​សរ‌សើរ​ផង”
តើ​អ្នក​រាល់​គ្នា​ដែល​អាន​អាយិត​នេះ​ឬ​ទេ?។
43ហេតុ​នេះ​ហើយ បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អុលឡោះ​នឹង​ដក​នគរ​ចេញ​ពី​អ្នក​រាល់​គ្នា ប្រគល់​ទៅ​ឲ្យ​សាសន៍​មួយ​ទៀត ដែល​ចេះ​បង្កើត​ផល​សម​ស្រប​នឹង​នគរ។ 44អ្នក​ណា​ដួល​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​ត្រូវ​បាក់​បែក​ខ្ទេច​ខ្ទាំ​មិន​ខាន ហើយ​បើ​ថ្ម​នេះ​សង្កត់​លើ​អ្នក​ណា មុខ​ជា​កិន​កំទេច​អ្នក​នោះ​ឲ្យ​ស្លាប់​ជា​ប្រាកដ​ដែរ»។
45ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី​ឮ​ដូច្នោះ​ក៏​ដឹង​ថា អ៊ីសា​មាន​ប្រសាសន៍​សំដៅ​ទៅ​លើ​ពួក​គេ។ 46គេ​នាំ​គ្នា​រក​មធ្យោ‌បាយ​ចាប់​អ៊ីសា ប៉ុន្ដែ គេ​ខ្លាច​មហា‌ជន ព្រោះ​មហា‌ជន​ចាត់​ទុក​អ៊ីសា​ជា​ណាពី​មួយ​នាក់។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 21: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល