ម៉ាថាយ 20
20
ប្រស្នាអំពីកម្មករចម្ការទំពាំងបាយជូរ
1«នគរនៃអុលឡោះ ប្រៀបបាននឹងម្ចាស់ចម្ការម្នាក់ ដែលចាកចេញពីផ្ទះតាំងពីព្រលឹម ដើម្បីរកជួលកម្មករមកធ្វើការនៅក្នុងចម្ការទំពាំងបាយជូររបស់គាត់។ 2គាត់ព្រមព្រៀងជាមួយពួកកម្មករជាស្រេចថា នឹងឲ្យប្រាក់មួយដួងក្នុងមួយថ្ងៃ ហើយចាត់គេឲ្យទៅធ្វើការក្នុងចម្ការ។ 3ប្រមាណជាម៉ោងប្រាំបួនព្រឹក គាត់ចេញទៅឃើញអ្នកផ្សេងទៀតកំពុងតែឈរនៅតាមទីផ្សារឥតធ្វើអ្វីសោះ។ 4គាត់ក៏និយាយទៅកាន់គេថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំដែរទៅ ខ្ញុំនឹងឲ្យប្រាក់ឈ្នួលត្រឹមត្រូវ”។ 5អ្នកទាំងនោះក៏នាំគ្នាទៅធ្វើការនៅចម្ការ។ ម្ចាស់ចម្ការចេញទៅសាជាថ្មីទៀតនៅម៉ោងដប់ពីរ និងម៉ោងបីរសៀល ហើយជួលអ្នកផ្សេងតាមរបៀបដដែល។ 6ប្រមាណជាម៉ោងប្រាំល្ងាចគាត់ចេញទៅសាជាថ្មី ឃើញអ្នកខ្លះទៀតឈរនៅតាមទីផ្សារ។ គាត់សួរគេថា “ហេតុដូចម្ដេចបានជាអ្នករាល់គ្នាឈរនៅទីនេះ មួយថ្ងៃវាល់ល្ងាច ឥតធ្វើអ្វីសោះដូច្នេះ” 7ពួកគេឆ្លើយថា “មកពីគ្មាននរណាជួលយើងខ្ញុំទៅធ្វើការទេ!”។ គាត់ក៏ពោលទៅអ្នកទាំងនោះថា “ចូរអ្នករាល់គ្នាទៅធ្វើការនៅចម្ការខ្ញុំដែរទៅ”។
8លុះដល់ល្ងាច ម្ចាស់ចម្ការប្រាប់ទៅអ្នកកាន់ប្រាក់ថា “ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឲ្យគេ គឺចាប់ផ្ដើមពីអ្នកដែលចូលធ្វើការក្រោយគេបង្អស់ រហូតដល់អ្នកមកមុនគេបង្អស់”។ 9ពួកអ្នកដែលបានចាប់ផ្ដើមធ្វើការម៉ោងប្រាំល្ងាចមកដល់ ទទួលប្រាក់ម្នាក់មួយដួងៗ។ 10ពួកអ្នកដែលចាប់ផ្ដើមធ្វើការមុនគេក៏មកដល់ដែរហើយគិតថា នឹងបានប្រាក់ច្រើនជាង ប៉ុន្ដែ គេទទួលម្នាក់មួយដួងដូចៗគ្នា។ 11គេទទួលយកប្រាក់ទាំងរអ៊ូរទាំដាក់ម្ចាស់ចម្ការថា 12“ពួកអ្នកដែលមកដល់ក្រោយនេះ បានធ្វើការតែមួយម៉ោងប៉ុណ្ណោះ រីឯយើងខ្ញុំវិញ យើងខ្ញុំធ្វើការហាលថ្ងៃ ហាលក្ដៅ ហើយលោកបែរជាបើកប្រាក់ឲ្យគេស្មើនឹងយើងខ្ញុំដែរ!”។ 13ម្ចាស់ចម្ការនិយាយទៅកាន់ម្នាក់ក្នុងចំណោមកម្មករទាំងនោះថា “សម្លាញ់អើយ! ខ្ញុំមិនបានបោកបញ្ឆោតអ្នកទេ។ អ្នកបានយល់ព្រមធ្វើការឲ្យខ្ញុំមួយដួងក្នុងមួយថ្ងៃ មែនឬមិនមែន! 14ចូរយកប្រាក់ឈ្នួលរបស់អ្នកហើយចេញទៅចុះ! ខ្ញុំចង់ឲ្យអ្នកដែលមកដល់ក្រោយ ទទួលប្រាក់ស្មើនឹងអ្នកដែរ។ 15តើខ្ញុំគ្មានសិទ្ធិនឹងយកប្រាក់របស់ខ្ញុំ ទៅធ្វើអ្វីតាមបំណងចិត្ដខ្ញុំទេឬ? ឬមួយអ្នកច្រណែន មកពីឃើញខ្ញុំមានចិត្ដសប្បុរស?”។ 16ហេតុនេះ អ្នកដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ រីឯអ្នកដែលនៅខាងមុខនឹងត្រឡប់ទៅនៅខាងក្រោយវិញ»។
ណាពីអ៊ីសាប្រកាសថាគាត់ត្រូវស្លាប់
17កាលអ៊ីសាកំពុងឡើងទៅក្រុងយេរូសាឡឹម គាត់នាំសិស្ស ទាំងដប់ពីរនាក់ទៅដាច់ឡែកពីគេ។ នៅតាមផ្លូវ អ៊ីសាមានប្រសាសន៍ទៅគេថា៖ 18«ឥឡូវនេះ យើងឡើងទៅក្រុងយេរូសាឡឹម។ បុត្រាមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ ដៃរបស់ពួកអ៊ីមុាំ និងពួកតួនគេនឹងកាត់ទោសប្រហារជីវិតគាត់។ 19គេនឹងបញ្ជូនគាត់ទៅក្នុងកណ្ដាប់ដៃរបស់សាសន៍ដទៃ ដើម្បីឲ្យពួកនោះចំអកដាក់គាត់ យករំពាត់វាយគាត់ ព្រមទាំងឆ្កាងសម្លាប់គាត់ទៀតផង ប៉ុន្ដែ បីថ្ងៃក្រោយមក គាត់នឹងរស់ឡើងវិញ»។
សំណូមពររបស់ម្ដាយយ៉ាកកូប និងយ៉ូហាន
20ពេលនោះ ភរិយារបស់លោកសេបេដេបាននាំកូនទាំងពីរចូលមក គាត់ក្រាបដល់ជើងអ៊ីសាចង់សុំអ្វីមួយ។ 21អ៊ីសាសួរគាត់ថា៖ «អ្នកចង់បានអ្វី?»។ គាត់ឆ្លើយវិញថា៖ «ដល់ពេលអ៊ីសាគ្រងរាជ្យ សូមឲ្យកូនរបស់ខ្ញុំបានអង្គុយអមអ្នកផង គឺម្នាក់នៅខាងស្ដាំម្នាក់នៅខាងឆ្វេង»។ 22អ៊ីសាមានប្រសាសន៍ថា៖ «អ្នកមិនដឹងថាខ្លួនសុំអ្វីឡើយ តើអ្នកទាំងពីរអាចទទួលពែង ដែលខ្ញុំត្រូវទទួលនោះបានឬទេ?»។ យ៉ាកកូប និងយ៉ូហានឆ្លើយថា៖ «យើងខ្ញុំអាចទទួលបាន»។ 23អ៊ីសាមានប្រសាសន៍ទៅអ្នកទាំងពីរថា៖ «អ្នកនឹងទទួលពែងរបស់ខ្ញុំបានមែន ចំណែកឯអង្គុយនៅខាងស្ដាំ ឬខាងឆ្វេងខ្ញុំនោះ ខ្ញុំមិនអាចសម្រេចឲ្យឡើយ ព្រោះកន្លែងនោះបម្រុងទុក សម្រាប់តែអស់អ្នកដែលអុលឡោះជាបិតារបស់ខ្ញុំ បានសម្រេចឲ្យប៉ុណ្ណោះ»។
24កាលសិស្សដប់នាក់ទៀតបានឮដូច្នោះ គេទាស់ចិត្ដនឹងបងប្អូនទាំងពីរនាក់នេះណាស់។
25អ៊ីសាហៅសិស្សទាំងអស់មក ហើយមានប្រសាសន៍ថា៖ «អ្នករាល់គ្នាដឹងស្រាប់ហើយ ពួកអ្នកគ្រប់គ្រងស្រុកតែងតែជិះជាន់ប្រជារាស្ដ្ររបស់ខ្លួន រីឯអ្នកធំក៏តែងតែប្រើអំណាចលើប្រជារាស្ដ្ររបស់ខ្លួនដែរ។ 26ក្នុងចំណោមអ្នករាល់គ្នា មិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ បើមានអ្នកណាម្នាក់ចង់ធ្វើធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវឲ្យអ្នកនោះបម្រើអ្នករាល់គ្នាវិញ។ 27បើមានអ្នកណាម្នាក់ចង់ធ្វើមេគេក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវធ្វើជាខ្ញុំបម្រើរបស់អ្នករាល់គ្នាសិន។ 28បុត្រាមនុស្សមកក្នុងពិភពលោកនេះ មិនមែន ដើម្បីឲ្យគេបម្រើគាត់ទេ គឺគាត់មកបម្រើគេវិញ ព្រមទាំងលះបង់ជីវិត ដើម្បីលោះមនុស្សទាំងអស់ផង»។
ណាពីអ៊ីសាប្រោសមនុស្សខ្វាក់ពីរនាក់ឲ្យភ្លឺ
29កាលអ៊ីសាចេញពីក្រុងយេរីខូ មានបណ្ដាជនច្រើនកុះករនាំគ្នាដើរតាមគាត់ 30ពេលនោះ មានមនុស្សខ្វាក់ពីរនាក់អង្គុយនៅក្បែរផ្លូវ។ អ្នកទាំងពីរឮថា អ៊ីសាមក ក៏ស្រែកឡើងថា៖ «ឱអ៊ីសាជាអម្ចាស់ ជាពូជពង្សទតអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង!»។ 31បណ្ដាជនគំរាមអ្នកទាំងពីរឲ្យនៅស្ងៀម ប៉ុន្ដែ គេស្រែករឹតតែខ្លាំងឡើងថា៖ «ឱអ៊ីសាជាអម្ចាស់ ជាពូជពង្សទតអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង!»។ 32អ៊ីសាក៏ឈប់ ហើយហៅគេមកសួរថា៖ «តើអ្នក ចង់ឲ្យខ្ញុំធ្វើអ្វី?»។ 33គេជម្រាបអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមប្រោសឲ្យភ្នែកយើងខ្ញុំបានភ្លឺផង»។ 34អ៊ីសាអាណិតអាសូរអ្នកទាំងពីរពន់ពេកណាស់ គាត់ក៏ពាល់ភ្នែកគេ។ រំពេចនោះ គេឃើញភ្លាម ហើយនាំគ្នាដើរតាមអ៊ីសាទៅ។
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ 20: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.