ម៉ាថាយ 19

19
ដំបូន្មាន​អំពី​រឿង​លែង​លះ​ប្ដី​ប្រពន្ធ
1កាល​អ៊ីសា​មាន​ប្រសាសន៍​ទាំង​នេះ​ចប់​សព្វ​គ្រប់​ហើយ គាត់​ក៏​ចាក​ចេញ​ពី​ស្រុក​កាលី‌ឡេ​ឆ្ពោះ​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​យូដា។ 2មហា‌ជន​ច្រើន​កុះ‌ករ​នាំ​គ្នា​មក​តាម​អ៊ីសា អ៊ីសា​ក៏​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​នៅ​ទី​នោះ។ 3មាន​ពួក​ខាង​គណៈ​ផារីស៊ី​ចូល​មក​ជិត ហើយ​សួរ​ក្នុង​គោល​បំណង​ល្បង‌ល​មើល​អ៊ីសា​ថា៖ «តើ​ស្វាមី​មាន​សិទ្ធិ​នឹង​លែង​ភរិយា ដោយ​សំអាង​លើ​មូល​ហេតុ​អ្វី​ក៏​ដោយ​បាន​ឬ​ទេ?»។ 4អ៊ីសា​បាន​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​ធ្លាប់​អាន​គីតាប​រួច​មក​ហើយ​ថា កាល​ដើម​ដំបូង​អុលឡោះ បាន​បង្កើត​មនុស្ស​មក ជា​បុរស ជា​ស្ដ្រី 5រួច​អ៊ីសា​មាន​ប្រសាសន៍​ថាៈ “ហេតុ​នេះ​ហើយ​បាន​ជា​បុរស​ត្រូវ​ចាក​ចេញ​ពី​ឪពុក​ម្ដាយ ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ”6គេ​មិន​មែន​ជា​បុគ្គល​ពីរ​នាក់​ទៀត​ទេ គឺ​ជា​រូប​កាយ​តែ​មួយ​វិញ។ ដូច្នេះ មនុស្ស​មិន​ត្រូវ​បំបាក់​បំបែក​គូ​ស្រករ ដែល​អុលឡោះ​បាន​ផ្សំ‌ផ្គុំ​នោះ​ឡើយ»។ 7ពួក​គេ​សួរ​អ៊ីសា​ថា៖ «ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ណាពី​ម៉ូសា​បញ្ជា​ឲ្យ​ស្វាមី​ធ្វើ​លិខិត​លែង​លះ​ភរិយា?»។ 8អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ណាពី​ម៉ូសា​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ភរិយា​បាន ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ដ​រឹង​រូស តែ​កាល​ដើម​ឡើយ​មិន​មែន​ដូច្នោះ​ទេ។ 9ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បុរស​ណា​លែង​ភរិយា(លើក‌លែង​តែ​រួម​រស់​ជា​មួយ​គ្នា ដោយ​ឥត​បាន​រៀប‌ការ) ហើយ​ទៅ​រៀប‌ការ​នឹង​ស្ដ្រី​ម្នាក់​ទៀត បុរស​នោះ​ឯង​ជា​អ្នក​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់»។
10សិស្ស​នាំ​គ្នា​ជម្រាប​អ៊ីសា​ថា៖ «បើ​មាន​ល័ក្ខ‌ខ័ណ្ឌ​រវាង​ប្ដី​ប្រពន្ធ​បែប​នេះ គួរ​កុំ​រៀប‌ការ​ប្រសើរ​ជាង»។ 11អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​វិញ​ថា៖ «មនុស្ស​គ្រប់​គ្នា​ពុំ​អាច​យល់​សេចក្ដី​នេះ​បាន​ឡើយ គឺ​មាន​តែ​អ្នក​ដែល​អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​យល់​ប៉ុណ្ណោះ ទើប​អាច​យល់​បាន។ 12អ្នក​ខ្លះ​មិន​អាច​រៀប‌ការ​បាន។ អ្នក​ខ្លះ​ទៀត​មិន​អាច​រៀប‌ការ​បាន​មក​ពី​ត្រូវ​គេ​ក្រៀវ។ រីឯ​អ្នក​ខ្លះ​ទៀត​មិន​រៀប‌ការ​មក​ពី​យល់​ដល់​នគរ​នៃ​អុលឡោះ។ អ្នក​ណា​មាន​ប្រាជ្ញា ចូរ​យក​ពាក្យ​នេះ​ទៅ​រិះ‌គិត​ឲ្យ​យល់​ចុះ!»។
ណាពី​អ៊ីសា​ប្រទាន​ពរ​ដល់​ក្មេងៗ
13មាន​មនុស្ស‌ម្នា​នាំ​ក្មេង​តូចៗ មក​ឲ្យ​អ៊ីសា​ដាក់​ដៃ​លើ​វា និង​ទូរអា​ឲ្យ។ ពួក​សិស្ស​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ 14តែ​អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ទុក​ឲ្យ​ក្មេង​តូចៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ដ​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ​ដែល​ចូល​ក្នុង​នគរ នៃ​អុលឡោះ​បាន»។ 15បន្ទាប់​មក អ៊ីសា​ដាក់​ដៃ​លើ​ក្មេង​ទាំង​នោះ រួច​គាត់​ចាក​ចេញ​ពី​ទី​នោះ​ទៅ។
អ្នក​មាន​ម្នាក់​ចង់​បាន​ជីវិត​អស់‌កល្ប​ជា‌និច្ច
16ពេល​នោះ មាន​បុរស​ម្នាក់​ចូល​មក​ជួប​អ៊ីសា ហើយ​សួរ​ថា៖ «តួន! តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ដ​អំពើ​ល្អ​អ្វី​ខ្លះ ដើម្បី​ឲ្យ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច?»។ 17អ៊ីសា​ឆ្លើយ​ទៅ​គាត់​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​តែ​អុលឡោះ​ប៉ុណ្ណោះ​ដែល​ល្អ​សប្បុរស។ បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ត្រូវ​ប្រតិបត្ដិ​តាម​បទ​បញ្ជា​ទៅ»។ 18គាត់​សួរ​អ៊ីសា​ថា៖ «បទ​បញ្ជា​អ្វី​ខ្លះ?»។ អ៊ីសា​បាន​ឆ្លើយ​ថា៖ «កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់ កុំ​លួច​ទ្រព្យ​សម្បត្តិ​គេ កុំ​និយាយ​កុហក​ធ្វើ​ឲ្យ​គេ​មាន​ទោស 19ចូរ​គោរព​ឪពុក‌ម្តាយ»។ 20យុវ‌បុរស​នោះ​ជម្រាប​អ៊ីសា​ថា៖ «ខ្ញុំ​បាន​ប្រតិ‌បត្ដិ​តាម​បទ​បញ្ជា​ទាំង​នេះ​ហើយ តើ​នៅ​ខ្វះ​អ្វី​ទៀត?»។ 21អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «បើ​អ្នក​ចង់​បាន​ល្អ​ឥត​ខ្ចោះ ចូរ​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​ប៉ុន្មាន​ទៅ​លក់ ហើយ​ចែក​ឲ្យ​ជន​ក្រីក្រ​ទៅ ធ្វើ​ដូច្នេះ ទើប​អ្នក​បាន​សម្បត្តិ​សូរ៉កា រួច​សឹម​អញ្ជើញ​មក​តាម​ខ្ញុំ!»។ 22កាល​យុវ‌បុរស​នោះ​ឮ​ដូច្នេះ គាត់​ត្រឡប់​ទៅ​វិញ​ទាំង​ព្រួយ​ចិត្ដ ដ្បិត​គាត់​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក‌ស្ដម្ភ​ណាស់។
23អ៊ីសា​មាន​ប្រសាសន៍​ទៅ​ពួក​សិស្ស​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​មាន ពិបាក​ចូល​ទៅ​ក្នុង​នគរ​នៃ​អុលឡោះ​ណាស់!។ 24ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ទៀត​ថា សត្វ​អូដ្ឋ​ចូល​តាម​ប្រហោង​ម្ជុល ងាយ​ជាង​អ្នក​មាន​ចូល​ទៅ​ក្នុង​នគរ​នៃ​អុលឡោះ​ទៅ​ទៀត»។ 25កាល​ពួក​សិស្ស​ឮ​ដូច្នោះ គេ​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «បើ​ដូច្នេះ តើ​អ្នក​ណា​នឹង​អាច​ទទួល​ការ​សង្គ្រោះ?»។ 26អ៊ីសា​មើល​គេ រួច​មាន​ប្រសាសន៍​ថា៖ «ការ​នេះ​មនុស្ស​ធ្វើ​ពុំ​កើត​ទេ រីឯ​អុលឡោះ​វិញ អ្វី​ក៏​ដោយ​ទ្រង់​ធ្វើ​កើត​ទាំង​អស់»។ 27ពេល​នោះ ពេត្រុស​ឆ្លើយ​ថា៖ «តួន​ឃើញ​ស្រាប់​ហើយ យើង​ខ្ញុំ​បាន​លះ‌បង់​អ្វីៗ​ទាំង​អស់ ដើម្បី​មក​តាម​តួន។ តើ​យើង​ខ្ញុំ​នឹង​ទៅ​ជា​យ៉ាង​ណា?»។ 28អ៊ីសា​មាន​ប្រសាសន៍​ទៅ​ពួក​សិស្ស​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា នៅ​ក្នុង​ពិភព​ថ្មី ពេល​បុត្រា​មនុស្ស​នៅ​លើ​បល្ល័ង្ក ប្រកប​ដោយ​សិរី‌រុង‌រឿង​អ្នក​រាល់​គ្នា​ដែល​មក​តាម​ខ្ញុំ​នេះ ក៏​នឹង​អង្គុយ​លើ​បល្ល័ង្ក​ទាំង​ដប់‌ពីរ ហើយ​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៀត​ផង។ 29អ្នក​ណា​លះ‌បង់​ផ្ទះ​សំបែង បង​ប្អូន​ប្រុស​ស្រី ឪពុក​ម្ដាយ កូន ឬ​ស្រែ​ចម្ការ ព្រោះ​តែ​ខ្ញុំ អ្នក​នោះ​នឹង​បាន​ទទួល​វិញ​មួយ​ជា​មួយ​រយ ព្រម​ទាំង​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។ 30មាន​មនុស្ស​ជា​ច្រើន​ដែល​នៅ​ខាង​មុខ នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ រីឯ​អ្នក​ដែល​នៅ​ខាង​ក្រោយ នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ​វិញ»។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 19: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល