ម៉ាថាយ 18
18
អ្នកធំជាងគេ
1ពេលនោះ សិស្សនាំគ្នាចូលមកជួបអ៊ីសាហើយសួរថា៖ «តើអ្នកណាមានឋានៈធំជាងគេនៅក្នុងនគរនៃអុលឡោះ?»។ 2អ៊ីសាហៅក្មេងតូចម្នាក់ឲ្យមកឈរនៅកណ្ដាលចំណោមពួកសិស្ស 3រួចមានប្រសាសន៍ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើអ្នករាល់គ្នាមិនដូរចិត្ដគំនិត ឲ្យបានដូចក្មេងតូចៗទេ អ្នករាល់គ្នាមិនអាចចូលទៅក្នុងនគរ នៃអុលឡោះបានឡើយ។ 4អ្នកណាដាក់ខ្លួនដូចក្មេងតូចនេះ អ្នកនោះមានឋានៈធំជាងគេ ក្នុងនគរនៃអុលឡោះ។ 5អ្នកណាទទួលក្មេងតូចណាម្នាក់ដូចក្មេងនេះ ក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ»។
កុំនាំអ្នកដទៃប្រព្រឹត្ដអំពើបាប
6«អ្នកណានាំអ្នកតូចតាចម្នាក់ក្នុងបណ្ដាអ្នកដែលជឿលើខ្ញុំនេះ ឲ្យប្រព្រឹត្ដអំពើបាប ចំពោះអ្នកនោះ ប្រសិនបើគេយកត្បាល់ថ្មយ៉ាងធំមកចង ក គាត់ទម្លាក់ទៅក្នុងបាតសមុទ្រឲ្យលង់ទឹក ប្រសើរជាងទុកគាត់ឲ្យនៅរស់! 7មនុស្សលោកមុខជាត្រូវវេទនាមិនខាន ដ្បិតមានហេតុផ្សេងៗជាច្រើន នាំឲ្យគេប្រព្រឹត្ដអំពើបាប។ ហេតុផ្សេងៗ ដែលនាំឲ្យគេប្រព្រឹត្ដអំពើបាបនោះ ត្រូវតែមានចៀសមិនផុត ប៉ុន្ដែ អ្នកណានាំគេឲ្យប្រព្រឹត្ដអំពើបាប អ្នកនោះត្រូវវេទនាហើយ!
8ប្រសិនបើដៃ ឬជើងរបស់អ្នក នាំអ្នកឲ្យប្រព្រឹត្ដអំពើបាប ចូរកាត់វាបោះចោល ឲ្យឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិតមានតែដៃម្ខាង ឬជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬមានជើងពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច។ 9ប្រសិនបើភ្នែករបស់អ្នក នាំអ្នកឲ្យប្រព្រឹត្ដអំពើបាប ចូរខ្វេះវាចេញ ហើយបោះចោលឲ្យឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិតមានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងនរ៉កា។
10ចូរប្រយ័ត្ន កុំមាក់ងាយនរណាម្នាក់ក្នុងចំណោមអ្នកតូចតាចនេះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាថាម៉ាឡាអ៊ីកាត់របស់ពួកគេស្ថិតនៅឯសូរ៉កា ទាំងឃើញអុលឡោះជាបិតា ដែលនៅសូរ៉កាគ្រប់ពេលវេលាផង 11[ដ្បិតបុត្រាមនុស្សបានមកសង្គ្រោះមនុស្សដែលវិនាសបាត់បង់»។]
ប្រស្នាអំពីចៀមដែលវង្វេងបាត់ ហើយរកឃើញវិញ
12«តើអ្នករាល់គ្នាយល់យ៉ាងណា ប្រសិនបើបុរសម្នាក់មានចៀមមួយរយក្បាល ហើយចៀមមួយវង្វេងបាត់?។ គាត់មុខជាទុកចៀមកៅសិបប្រាំបួននៅលើភ្នំ ហើយទៅតាមរកចៀម ដែលបាត់នោះពុំខាន។ 13ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា បើគាត់រកចៀមនោះឃើញវិញ គាត់មុខតែត្រេកអរសប្បាយជាមិនខាន គឺសប្បាយលើសពីឃើញចៀមកៅសិបប្រាំបួនដែលមិនវង្វេងបាត់ទៅទៀត។ 14រីឯអុលឡោះជាបិតារបស់អ្នករាល់គ្នាដែលនៅសូរ៉កាក៏ដូច្នោះដែរ ទ្រង់មិនគាប់ចិត្តឲ្យអ្នកណាម្នាក់ ក្នុងចំណោមអ្នកតូចតាចទាំងនេះ វិនាសបាត់បង់ឡើយ»។
ត្រូវអត់ទោសឲ្យគេជានិច្ច
15«ប្រសិនបើមានបងប្អូនណាម្នាក់បានប្រព្រឹត្ដអំពើបាបអ្វីមួយ ចូរទៅជួបអ្នកនោះ ស្ងាត់ៗតែពីរនាក់ ហើយស្ដីប្រដៅគាត់ទៅ។ បើគាត់ស្ដាប់អ្នក អ្នកនឹងរក្សាបងប្អូននោះ មិនឲ្យបាត់ឡើយ 16តែបើគាត់មិនព្រមស្ដាប់អ្នកទេ ចូរនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយជួយដាស់តឿន ដើម្បី សំរួលរឿងទាំងអស់ដោយមានសាក្សីពីរ ឬបីនាក់។ 17ប្រសិនបើគាត់មិនព្រមស្ដាប់ពាក្យអ្នកទាំងនោះ ត្រូវនាំរឿងនេះទៅប្រាប់ក្រុមជំអះ ហើយបើគាត់នៅតែមិនព្រមស្ដាប់ក្រុមជំអះទៀតនោះ ត្រូវចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬដូចជាអ្នកទារពន្ធចុះ។ 18ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចងនៅលើផែនដីនេះ អុលឡោះនឹងចងនៅសូរ៉កា ហើយអ្វីៗដែលអ្នករាល់គ្នាស្រាយនៅលើផែនដី អុលឡោះក៏នឹងស្រាយ នៅសូរ៉កាដែរ។ 19ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ទៀតថា ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានពីរនាក់នៅលើផែនដីនេះ រួមចិត្ដគំនិតគ្នា សូមអ្វីក៏ដោយ អុលឡោះជាបិតារបស់ខ្ញុំ ដែលនៅសូរ៉កា នឹងប្រទានឲ្យជាមិនខាន 20ដ្បិតនៅទីណាមានពីរ ឬបីនាក់ជួបជុំគ្នាក្នុងនាមខ្ញុំ ខ្ញុំក៏ស្ថិតនៅទីនោះជាមួយគេដែរ»។
21ពេលនោះ ពេត្រុសចូលមកជិតអ៊ីសា ហើយសួរថា៖ «អ៊ីសាជាអម្ចាស់អើយ បើបងប្អូនចេះតែប្រព្រឹត្ដអំពើបាបមកលើខ្ញុំ តើខ្ញុំត្រូវអត់ទោសឲ្យគេប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?»។ 22អ៊ីសាបានឆ្លើយទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសឲ្យគេ មិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសឲ្យគេចិតសិបដងគុណ និងប្រាំពីរដង»។
ប្រស្នាអំពីអ្នកបម្រើដែលពុំព្រមអត់ទោសឲ្យគេ
23«ហេតុនេះ នគរនៃអុលឡោះ ប្រៀបបាននឹងស្ដេចមួយដែលចង់គិតបញ្ជីជាមួយអ្នកបម្រើ។ 24ពេលស្តេចចាប់ផ្ដើមគិតបញ្ជី មានគេនាំកូនបំណុលម្នាក់ដែលជំពាក់ប្រាក់រាប់លានណែនមក។ 25ដោយអ្នកនោះគ្មានប្រាក់សង ស្ដេចក៏ចេញបញ្ជាឲ្យលក់ទាំងគាត់ ទាំងប្រពន្ធ ទាំងកូន ទាំងរបស់របរដែលគាត់មាន ដើម្បីយកប្រាក់មកសងបំណុល។ 26អ្នកបម្រើនោះលុតជង្គង់ក្រាបដល់ជើងស្ដេច អង្វរថាៈ “សូមស្តេចមេត្ដាអត់ឱន ពន្យារពេលឲ្យខ្ញុំផង ខ្ញុំនឹងសងស្តេចវិញគ្រប់ចំនួន”។ 27ស្តេចអាណិតអាសូរអ្នកបម្រើនោះពន់ពេកណាស់ ស្តេចក៏ឲ្យគាត់ទៅវិញ ទាំងលុបបំណុលចោលថែមទៀតផង។
28ពេលអ្នកបម្រើនោះចេញទៅ គាត់បានជួបនឹងគូកនម្នាក់ ដែលជំពាក់ប្រាក់គាត់មួយរយដួង គាត់ចាប់អ្នកនោះច្របាច់កទាំងពោលថាៈ “សងប្រាក់អញទាំងអស់មក!”។ 29គូកនរបស់អ្នកនោះក៏លុតជង្គង់ចុះអង្វរថា “សុំអត់ឱនពន្យារពេលឲ្យគ្នាផង គ្នានឹងសងឯងវិញគ្រប់ចំនួន”។ 30ប៉ុន្ដែ អ្នកបម្រើនោះពុំព្រមទេ មិនតែប៉ុណ្ណោះសោត គាត់ចាប់អ្នកជំពាក់ប្រាក់យកទៅឃុំឃាំង រហូតទាល់តែបានសងបំណុលគ្រប់ចំនួន។ 31អ្នកបម្រើឯទៀតៗឃើញដូច្នោះ ទាស់ចិត្ដជាខ្លាំង គេយករឿងនេះទៅប្រាប់ស្ដេច។ 32ស្ដេចក៏ហៅអ្នកបម្រើនោះមកសួរថាៈ “នែ៎អ្នកបម្រើអាក្រក់! យើងបានលុបបំណុលឯងទាំងប៉ុន្មានចោលអស់ ព្រោះឯងបានទទូចអង្វរយើង។ 33យើងបានអាណិតមេត្ដាឯង។ ហេតុដូចម្ដេចបានជាឯងពុំព្រមអាណិតមេត្ដាគូកនរបស់ឯងផងដូច្នេះ?”។ 34ស្ដេចខឹងក្រៃលែង ក៏បញ្ជាឲ្យគេយកអ្នកនោះទៅធ្វើទារុណកម្ម រហូតទាល់តែសងបំណុលគ្រប់ចំនួន។ 35ចំពោះអ្នករាល់គ្នា បើម្នាក់ៗមិនព្រមលើកលែងទោសឲ្យបងប្អូនដោយស្មោះអស់ពីចិត្ដទេ អុលឡោះជាបិតារបស់ខ្ញុំ ដែលនៅសូរ៉កា ក៏នឹងធ្វើទារុណកម្មអ្នករាល់គ្នាដូច្នោះដែរ»។
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ 18: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.