ម៉ាថាយ 17

17
សិរី‌រុង‌រឿង​របស់​ណាពី​អ៊ីសា
1ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក អ៊ីសា​នាំ​ពេត្រុស យ៉ាកកូប និង​យ៉ូហាន​ជា​ប្អូន ឡើង​ទៅ​លើ​ភ្នំ​ដាច់​ឡែក​ពី​គេ។ 2ពេល​នោះ អ៊ីសា​ប្រែ​ជា​មាន​ទ្រង់​ទ្រាយ​ប្លែក​ពី​មុន​នៅ​មុខ​សិស្ស​ទាំង​បី គឺមុខ​របស់​គាត់​បញ្ចេញ​រស្មី​ចែង​ចាំង​ដូច​ពន្លឺ​ថ្ងៃ ហើយ​អាវ​របស់​គាត់​ត្រឡប់​ជា​មាន​ពណ៌​ស​ដូច​ពន្លឺ។ 3សិស្ស​ទាំង​បី​បាន​ឃើញ​ណាពី​ម៉ូសា និង​ណាពី អេលី‌យ៉េស​សន្ទនា​ជា​មួយ​អ៊ីសា។ 4ពេត្រុស​ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់! យើង​ខ្ញុំ​បាន​នៅ​ទី​នេះ​ប្រសើរ​ណាស់ បើ​លោក​ពេញ​ចិត្ត ខ្ញុំ​នឹង​សង់​ជំរក​បី គឺ​មួយ​សម្រាប់​លោក មួយ​សម្រាប់​ណាពី​ម៉ូសា និង​មួយ​ទៀត​សម្រាប់​ណាពី​អេលី‌យ៉េស»។ 5កាល​ពេត្រុស​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​មាន​ពពក​ដ៏​ភ្លឺ​មក​គ្រប​បាំង​គេ​ទាំង​អស់​គ្នា ហើយ​មាន​សំឡេង​បន្លឺ​ពី​ក្នុង​ពពក​មក​ថា៖ «នេះ​ជា​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​ពេញ​ចិត្ត​នឹង​គាត់​ណាស់ ចូរ​ស្ដាប់​គាត់​ចុះ!»។ 6ពួក​សិស្ស​ឮ​ដូច្នោះ ក៏​នាំ​គ្នា​ក្រាប​ចុះ អោន​មុខ​ដល់​ដី ព្រោះ​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។ 7អ៊ីសា​ចូល​ទៅ​ជិត ដាក់​ដៃ​លើ​គេ ទាំង​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​គ្នា​ក្រោក​ឡើង កុំ​ខ្លាច​អី!»។ 8កាល​ពួក​សិស្ស​ងើប​មុខ​ឡើង ឃើញ​តែ​អ៊ីសា​ប៉ុណ្ណោះ ពុំ​ឃើញ​មាន​នរណា​ទៀត​ឡើយ។ 9ពេល​អ៊ីសា​ចុះ​ពី​លើ​ភ្នំ​ជា​មួយ​សិស្ស​ទាំង​បី អ៊ីសា​ហាម​ប្រាម​គេ​ថា៖ «កុំ​និយាយ​ប្រាប់​នរណា អំពី​ហេតុ‌ការណ៍​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​នេះ​ឲ្យ​សោះ ត្រូវ​ចាំ​រហូត​ដល់​បុត្រា​មនុស្ស​រស់​ឡើង​វិញ»។ 10ពួក​សិស្ស​សួរ​អ៊ីសា​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​តួន​ចេះ​តែ​មាន​ប្រសាសន៍​ថា ណាពី​អេលី‌យ៉េស​ត្រូវ​អញ្ជើញ​មក​មុន?»។ 11អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ណាពី​អេលី‌យ៉េស​អញ្ជើញ​មក​មែន ដើម្បី​រៀប‌ចំ​សព្វ​គ្រប់​ទាំង​អស់​ឡើង​វិញ។ 12ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ណាពី​អេលី‌យ៉េស​បាន​អញ្ជើញ​មក​រួច​ហើយ តែ​ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​គាត់​ទេ មិន​តែ​ប៉ុណ្ណោះ​សោត គេ​ថែម​ទាំង​បាន​ធ្វើ​បាប​គាត់​សព្វ​បែប​យ៉ាង​តាម​អំពើ​ចិត្ដ​របស់​គេ​ទៀត​ផង។ បុត្រា​មនុស្ស​ក៏​នឹង​ត្រូវ​គេ​ធ្វើ​បាប​ដូច្នោះ​ដែរ»។ 13ពេល​នោះ ពួក​សិស្ស​យល់​ថា អ៊ីសា​មាន​ប្រសាសន៍​អំពី​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក។
ណាពី​អ៊ីសា​ដេញ​អ៊ីព្លេស​ចេញ​ពី​ក្មេង​ម្នាក់
14កាល​អ៊ីសា និង​សិស្ស​ទាំង​បី​នាក់ មក​ដល់​កន្លែង​ដែល​បណ្ដា‌ជន​នៅ​ជុំ​គ្នា មាន​បុរស​ម្នាក់​ចូល​មក​ជួប​អ៊ីសា។ គាត់​លុត​ជង្គង់​ចុះ 15សូម​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ សូម​លោក​អាណិត​មេត្ដា​កូន​ប្រុស​របស់​ខ្ញុំ​ផង វា​ឆ្កួត​ជ្រូក បណ្ដាល​ឲ្យ​វា​ឈឺ​ចុក​ចាប់​ខ្លាំង​ណាស់ វា​ដួល​ទៅ​ក្នុង​ភ្លើង និង​ធ្លាក់​ទឹក​ជា​ញឹក​ញាប់។ 16ខ្ញុំ​បាន​នាំ​វា​មក​ជួប​សិស្ស​របស់​លោក​ដែរ តែ​គេ​ពុំ​អាច​មើល​វា​ឲ្យ​ជា​បាន​ទេ»។ 17អ៊ីសា​មាន​ប្រសាសន៍​តប​ថា៖ «នែ៎​ពួក​មនុស្ស​អាក្រក់​មិន​ព្រម​ជឿ​អើយ! តើ​ត្រូវ​ឲ្យ​ខ្ញុំ​ទ្រាំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដល់​ពេល​ណា​ទៀត! ចូរ​នាំ​ក្មេង​នោះ​មក​ឲ្យ​ខ្ញុំ»។ 18បន្ទាប់​មក អ៊ីសា​គំរាម​អ៊ីព្លេស អ៊ីព្លេស​ក៏​ចេញ ហើយ​ក្មេង​នោះ​បាន​ជា​តាំង​ពី​ពេល​នោះ​មក។
19ពេល​នោះ ពួក​សិស្ស​ចូល​មក​ជួប​អ៊ីសា​ដាច់​ឡែក​ពី​គេ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​ពុំ​អាច​ដេញ​អ៊ីព្លេស​នោះ​បាន?»។ 20អ៊ីសា​បាន​ឆ្លើយ​ទៅ​គេ​ថា៖ «មក​ពី​អ្នក​រាល់​គ្នា​មាន​ជំនឿ​តិច​ពេក។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​ពូជ​មួយ​ដ៏​ល្អិត អ្នក​រាល់​គ្នា​នឹង​បញ្ជា​ទៅ​ភ្នំ​នោះ​ថា “ចូរ​ចេញ​ពី​នេះ ទៅ​នៅ​កន្លែង​ផ្សេង​ទៅ!”ភ្នំ​មុខ​ជា​ធ្វើ​តាម​ពាក្យ​អ្នក​រាល់​គ្នា​មិន​ខាន ដ្បិត​គ្មាន​ការ​អ្វី​ដែល​អ្នក​រាល់​គ្នា​ធ្វើ​មិន​កើត​ឡើយ។ 21[គេ​អាច​ដេញ​អ៊ីព្លេស​ប្រភេទ​នេះ​ឲ្យ​ចេញ​បាន លុះ​ត្រា​តែ​ទូរអា និង​តម​អាហារ]»។
ណាពី​អ៊ីសា​ប្រកាស​ថា​គាត់​ត្រូវ​ស្លាប់
22កាល​ពួក​សិស្ស​នៅ​ជុំ​គ្នា​ក្នុង​ស្រុក​កាលី‌ឡេ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «បុត្រា​មនុស្ស​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក​ជា​មិន​ខាន។ 23គេ​នឹង​សម្លាប់​គាត់ ប៉ុន្ដែ នៅ​ថ្ងៃ​ទី​បី​គាត់​នឹង​រស់​ឡើង​វិញ»។ ឮ​ដូច្នោះ ពួក​សិស្ស​ព្រួយ​ចិត្ដ​ជា​ខ្លាំង។
ការ​បង់​ពន្ធ​ម៉ាស្ជិទ​នៅ​ក្រុង​យេរូ‌សាឡឹម
24លុះ​អ៊ីសា​មក​ដល់​ក្រុង​កាពើ‌ណិម ជា​មួយ​ពួក​សិស្ស អ្នក​ហូត​ពន្ធ​សម្រាប់​ម៉ាស្ជិទ នាំ​គ្នា​ចូល​មក​រក​ពេត្រុស​ហើយ​សួរ​ថា៖ «តួន​របស់​អ្នក​បង់​ពន្ធ​សម្រាប់​ម៉ាស្ជិទ​ឬ​ទេ?»។ 25ពេត្រុស​តប​វិញ​ថា៖ «បាទ! លោក​បង់!»។ កាល​ពេត្រុស​ទៅ​ដល់​ផ្ទះ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​មុន​ថា៖ «ស៊ីម៉ូន! តាម​យោបល់​អ្នក ស្ដេច​នៅ​ផែនដី​នេះ​ទារ​ពន្ធ​អាករ​ពី​នរណា? ពី​កូន​របស់​ស្ដេច ឬ​ពី​អ្នក​ផ្សេង?»។ 26ពេត្រុស​ឆ្លើយ​ថា៖ «ពី​អ្នក​ផ្សេង»។ អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «មែន បើ​ដូច្នេះ កូន​របស់​ស្ដេច​មិន​ត្រូវ​បង់​ពន្ធ​ឡើយ 27ប៉ុន្ដែ ដើម្បី​កុំ​ឲ្យ​អ្នក​ទាំង​នោះ​ទាស់​ចិត្ត ចូរ​ទៅ​ស្ទូច​ត្រី​សមុទ្រ ហើយ​យក​ត្រី​ដែល​ស្ទូច​បាន​មុន​គេ​មក​បើក​មាត់ អ្នក​នឹង​ឃើញ​កាក់​មួយ ចូរ​យក​កាក់​នោះ​ទៅ​បង់​ពន្ធ​ឲ្យ​ខ្ញុំ និង​ឲ្យ​អ្នក​ចុះ!»។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 17: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល