ម៉ាថាយ 16

16
ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី​ចង់​ឃើញ​ការ​អស្ចារ្យ ទុក​ជា​ទី​សំគាល់
1ពេល​នោះ ពួក​ខាង​គណៈ​ផារីស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី នាំ​គ្នា​ចូល​មក​ជួប​អ៊ីសា ក្នុង​គោល​បំណង​ចាប់​កំហុស​គាត់។ គេ​សុំ​ឲ្យ​អ៊ីសា​សំដែង​ទី​សំគាល់​មួយ​បញ្ជាក់​ថា អ៊ីសា​បាន​ទទួល​អំណាច​ពី​អុលឡោះ​មក។ 2ប៉ុន្ដែ អ៊ីសា​បាន​ឆ្លើយ​ទៅ​គេ​ថា៖ «នៅ​ពេល​ថ្ងៃ​លិច កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ផ្ទៃ​មេឃ​ពណ៌​ក្រហម​អ្នក​រាល់​គ្នា​តែង​ពោល​ថា ស្អែក​ថ្ងៃ​ល្អ​ហើយ។ 3នៅ​ពេល​ព្រឹក​ព្រហាម កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ផ្ទៃ​មេឃ​ខ្មៅ​ដាស អ្នក​រាល់​គ្នា​តែង​ពោល​ថា ថ្ងៃ​នេះ​ភ្លៀង​ហើយ។ អ្នក​រាល់​គ្នា​យល់​ហេតុ‌ការណ៍​ផ្សេងៗ​នៅ​លើ​មេឃ​បាន តែ​អ្នក​រាល់​គ្នា​មិន​យល់​ទី​សំគាល់​នា​សម័យ​នេះ​សោះ! 4មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ ហើយ​ក្បត់​នឹង​អុលឡោះ​ផង គេ​ចង់​តែ​ឃើញ​ទី​សំគាល់​ដ៏​អស្ចារ្យ ប៉ុន្ដែ ទ្រង់​មិន​ប្រទាន​ទី​សំគាល់​ណា​ផ្សេង​ក្រៅ​ពី​ទី​សំគាល់​របស់​ណាពី​យូនើស​ឡើយ»។ បន្ទាប់​មក អ៊ីសា​ចាក​ចេញ​ពី​គេ​ទៅ។
ពុត​ត្បុត​របស់​ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី
5ពេល​ឆ្លង​ទៅ​ត្រើយ​ម្ខាង ពួក​សិស្ស​ភ្លេច​យក​នំបុ័ង​ទៅ​ជា​មួយ 6អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​ផារីស៊ី និង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​សាឌូ‌ស៊ី​ឲ្យ​មែន​ទែន»។ 7ពួក​សិស្ស​ជជែក​គ្នា​គេ​ថា៖ «យើង​មិន​បាន​យក​នំបុ័ង​មក​ទេ!»។ 8អ៊ីសា​ជ្រាប​គំនិត​របស់​គេ ក៏​មាន​ប្រសាសន៍​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ ម្ដេច​ក៏​ជជែក​គ្នា​អំពី​រឿង​គ្មាន​នំបុ័ង​ដូច្នេះ? 9អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ទាន់​យល់​ទៀត​ឬ? កាល​ខ្ញុំ​ចែក​នំបុ័ង​ប្រាំ​ដុំ​ឲ្យ​មនុស្ស​ប្រាំ‌ពាន់​នាក់​នោះ អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​ល្អី អ្នក​រាល់​គ្នា​ចាំ​ឬ​ទេ? 10ហើយ​កាល​ខ្ញុំ​ចែក​នំបុ័ង​ប្រាំ​ពីរ​ដុំ ឲ្យ​មនុស្ស​បួន‌ពាន់​នាក់ អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​ជាល? 11ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ដូច្នេះ ខ្ញុំ​គ្មាន​បំណង​និយាយ​អំពី​នំបុ័ង​ទេ គឺ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី​ឯ‌ណោះ»។
12ពេល​នោះ ពួក​សិស្ស​យល់​ថា អ៊ីសា​ចង់​ឲ្យ​គេ​ប្រយ័ត្ន​នឹង​សេចក្ដី​ដែល​ពួក​ខាង​គណៈ​ផារី‌ស៊ី និង​ពួក​ខាង​គណៈ​សាឌូ‌ស៊ី​បង្រៀន មិន​មែន​ប្រយ័ត្ន​អំពី​មេ​ម្សៅ​នោះ​ឡើយ។
លោក​ស៊ីម៉ូន​ប្រកាស​ថា ណាពី​អ៊ីសា​ជា​អាល់ម៉ា‌ហ្សៀស
13កាល​អ៊ីសា​មក​ដល់​ស្រុក​សេសា‌រា‌ភីលីព គាត់​បាន​សួរ​ពួក​សិស្ស​ថា៖ «មនុស្ស​ទាំង‌ឡាយ​ថា​បុត្រា​មនុស្ស​ជា​នរណា?»។ 14គេ​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា​តួន​ជា​យ៉ះយ៉ា​ជា​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក អ្នក​ខ្លះ​ថា​តួន​ជា​ណាពី​អេលី‌យ៉េស អ្នក​ខ្លះ​ទៀត​ថា តួន​ជា​ណាពី​យេរេ‌មា ឬ​ជា​ណាពី​ណា​មួយ​នាក់»។ 15អ៊ីសា​សួរ​គេ​ទៀត​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ជា​នរណា​ដែរ?»។ 16លោក​ស៊ីម៉ូន​ពេត្រុស​ជម្រាប​អ៊ីសា​ថា៖ «លោក​ជា​អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច»។ 17អ៊ីសា​មាន​ប្រសាសន៍​តប​ទៅ​គាត់​វិញ​ថា៖ «ស៊ីម៉ូន កូន​យូនើស​អើយ អ្នក​ពិត​ជា​មាន​សុភមង្គល​មែន​អ្នក​ដឹង​សេចក្ដី​នេះ មិន​មែន​ដោយ​គំនិត​ប្រាជ្ញា​ខាង​លោកីយ៍ទេ គឺ​អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ដែល​នៅ​សូរ៉កា​បាន​សំដែង​ឲ្យ​អ្នក​ដឹង។ 18ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា​អ្នក​ឈ្មោះ​ពេត្រុស ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ក្រុម‌ជំអះ​របស់​ខ្ញុំ។ មច្ចុរាជពុំ​មាន​អំណាច​លើ​ក្រុម‌ជំអះ​នេះ​បាន​ឡើយ 19ខ្ញុំ​នឹង​ប្រគល់​កូន​សោ​នគរ​នៃ​អុលឡោះ​ឲ្យ​អ្នក។ អ្វីៗ​ដែល​អ្នក​ចងនៅ​លើ​ផែនដី​នេះ អុលឡោះ​នឹង​ចង​នៅ​សូរ៉កា ហើយ​អ្វីៗ​ដែល​អ្នក​ស្រាយ​នៅ​លើ​ផែនដី អុលឡោះ​ក៏​នឹង​ស្រាយ​នៅ​សូរ៉កា​ដែរ»។
20បន្ទាប់​មក អ៊ីសា​បាន​ហាម​ពួក​សិស្ស​មិន​ឲ្យ​ប្រាប់​នរណា​ថា គាត់​ជា​អាល់ម៉ា‌ហ្សៀស​ឡើយ។
21តាំង​ពី​ពេល​នោះ​មក អ៊ីសា ចាប់​ផ្ដើម​ប្រាប់​ឲ្យ​ពួក​សិស្ស​ដឹង​ថា គាត់​ត្រូវ​តែ​ទៅ​ក្រុង​យេរូ‌សាឡឹម។ ពួក​អះលី‌ជំអះពួក​អ៊ីមុាំ និង​ពួក​តួន នឹង​នាំ​គ្នា​ធ្វើ​បាប​គាត់​ឲ្យ​រង​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ថែម​ទាំង​សម្លាប់​គាត់​ទៀត​ផង​តែ​បី​ថ្ងៃ​ក្រោយ​មក គាត់​នឹង​រស់​ឡើង​វិញ។
22ពេត្រុស​នាំ​អ៊ីសា​ទៅ​ដាច់​ឡែក​ពី​គេ ហើយ​និយាយ​ជំទាស់​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! សូម​អុលឡោះ​មេត្ដា​អាណិត កុំ​ឲ្យ​ការណ៍​នេះ កើត​មាន​ដល់​លោក​ឡើយ»។ 23អ៊ីសា​បែរ​មក​មាន​ប្រសាសន៍​ទៅ​ពេត្រុស​ថា៖ «នែ៎ អ៊ីព្លេស‌ហ្សៃតន​អើយ! ថយ​ទៅ​ខាង​ក្រោយ​ខ្ញុំ ដ្បិត​អ្នក​កំពុង​រា‌រាំង​ផ្លូវ​ខ្ញុំ គំនិត​អ្នក​មិន​មែន​ជា​គំនិត​របស់​អុលឡោះ​ទេ គឺ​ជា​គំនិត​របស់​មនុស្ស​លោក​សុទ្ធ‌សាធ»។
24បន្ទាប់​មក អ៊ីសា​បាន​ប្រាប់​ទៅ​កាន់​ពួក​សិស្ស​ថា៖ «បើ​អ្នក​ណា​ចង់​មក​តាម​ក្រោយ​ខ្ញុំ ត្រូវ​លះ‌បង់​ខ្លួន​ឯង​ចោល ត្រូវ​លី​ឈើ​ឆ្កាង​របស់​ខ្លួន ហើយ​មក​តាម​ខ្ញុំ​ចុះ 25ដ្បិត​អ្នក​ណា​ចង់​រួច​ជីវិត អ្នក​នោះ​នឹង​បាត់​បង់​ជីវិត ប៉ុន្ដែ អ្នក​ណា​បាត់​បង់​ជីវិត ព្រោះ​តែ​ខ្ញុំ​អ្នក​នោះ​នឹង​បាន​ជីវិត​វិញ។ 26បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​បាត់​បង់​ជីវិត នោះ​នឹង​មាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន? 27លុះ​ដល់​បុត្រា​មនុស្ស​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង​នៃ​អុលឡោះ​ជា​បិតា​របស់​គាត់​ជា​មួយ​ពួក​ម៉ាឡា‌អ៊ីកាត់​របស់​គាត់ គាត់​នឹង​ប្រទាន​រង្វាន់ ឬ​ដាក់​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ។ 28ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​បុត្រា​មនុស្ស​មក​គ្រង​នគរ»។

ទើបបានជ្រើសរើសហើយ៖

ម៉ាថាយ 16: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល