លូកា 9
9
ណាពីអ៊ីសាចាត់សិស្សដប់ពីរនាក់ទៅប្រកាសដំណឹងល្អ
1អ៊ីសាត្រាស់ហៅសិស្សទាំងដប់ពីរនាក់មកជួបជុំគ្នា ហើយអ៊ីសាប្រទានអំណាចឲ្យគេបណ្ដេញអ៊ីព្លេសទាំងអស់ និងមើលជំងឺផ្សេងៗឲ្យបានជា។ 2អ៊ីសាចាត់គេឲ្យចេញទៅប្រកាសអំពីនគររបស់អុលឡោះ ព្រមទាំងមើលអ្នកជំងឺឲ្យបានជាផង។ 3អ៊ីសាប្រាប់ទៅគេថា៖ «ពេលអ្នករាល់គ្នាចេញដំណើរទៅ កុំយកអ្វីទៅជាមួយឡើយ ទោះបីដំបងក្ដី ថង់យាមក្ដី ចំណីអាហារ ឬប្រាក់កាសក្ដី ហើយក៏មិនត្រូវយកអាវពីរបន្លាស់ទៅដែរ។ 4បើអ្នករាល់គ្នាចូលផ្ទះណា ចូរស្នាក់នៅផ្ទះនោះ រហូតដល់ពេលអ្នករាល់គ្នាចេញពីស្រុកនោះទៅ។ 5បើភូមិណាគេមិនព្រមទទួលអ្នករាល់គ្នា ចូរចេញពីភូមិនោះទៅ ទាំងរលាស់ធូលីដីចេញពីជើងអ្នករាល់គ្នាផង ទុកជាសញ្ញាព្រមានគេ»។ 6ពួកសិស្សនាំគ្នាចេញទៅ ធ្វើដំណើរពីភូមិមួយទៅភូមិមួយ ទាំងផ្សព្វផ្សាយដំណឹងល្អ និងមើលអ្នកជំងឺគ្រប់កន្លែងឲ្យបានជាផង។
ស្តេចហេរ៉ូដនឹកឆ្ងល់អំពីណាពីអ៊ីសា
7កាលស្តេចហេរ៉ូដ ជ្រាបហេតុការណ៍ទាំងនោះហើយ ស្តេចមិនដឹងជាត្រូវគិតយ៉ាងណា ដ្បិតមានអ្នកខ្លះនិយាយថា “យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកបានរស់ឡើងវិញហើយ”។ 8អ្នកខ្លះទៀតនិយាយថា“ណាពអេលីយ៉េសបានបង្ហាញខ្លួនឲ្យគេឃើញ” ហើយអ្នកខ្លះទៀតនិយាយថា “មានណាពីម្នាក់ពីសម័យបុរាណបានរស់ឡើងវិញ”។ 9រីឯស្តេចហេរ៉ូដបានប្រាប់ថា៖ «យើងបានឲ្យគេកាត់ ក យ៉ះយ៉ាស្លាប់បាត់ទៅហើយ ចុះបុរសដែលគេនិយាយថាបានធ្វើការអស្ចារ្យទាំងនោះជានរណា?»។ ស្តេចហេរ៉ូដមានបំណងចង់ជួបអ៊ីសា។
ណាពីអ៊ីសាប្រទាននំបុ័ងឲ្យមនុស្សប្រាំពាន់នាក់
10សាវ័កនាំគ្នាវិលត្រឡប់មកវិញ រៀបរាប់ជម្រាបអ៊ីសា នូវគ្រប់កិច្ចការទាំងអស់ដែលគេបានធ្វើ។ អ៊ីសានាំគេចេញដាច់ឡែកពីមហាជន តម្រង់ទៅភូមិមួយឈ្មោះបេតសៃដា 11តែមហាជនដឹងក៏នាំគ្នាទៅតាមអ៊ីសា។ អ៊ីសាទទួលពួកគេ ហើយនិយាយអំពីនគរ របស់អុលឡោះឲ្យគេស្ដាប់ ព្រមទាំងប្រោសអ្នកជំងឺឲ្យបានជាផង។
12ដល់ថ្ងៃជិតលិច សិស្សទាំងដប់ពីរនាក់ចូលទៅជម្រាបអ៊ីសាថា៖ «សូមតួនប្រាប់ឲ្យបណ្ដាជនចេញ ទៅរកម្ហូបអាហារ រកកន្លែងស្នាក់ តាមផ្ទះ តាមភូមិជិតៗនេះទៅ ព្រោះទីនេះស្ងាត់ណាស់»។ 13អ៊ីសាប្រាប់ទៅវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ»។ ពួកសិស្សជម្រាបអ៊ីសាថា៖ «យើងខ្ញុំមាននំបុ័ងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ ធ្វើម្ដេចនឹងគ្រាន់ មានតែទៅទិញអាហារសម្រាប់ប្រជាជនទាំងនេះ!»។ 14នៅទីនោះ មានមនុស្សប្រុសប្រមាណប្រាំពាន់នាក់។ អ៊ីសាមានប្រសាសន៍ទៅកាន់សិស្សថា៖ «ចូរអ្នករាល់គ្នាប្រាប់គេឲ្យអង្គុយចុះជាក្រុមៗ ក្នុងមួយក្រុមហាសិបនាក់»។ 15ពួកសិស្សក៏ធ្វើតាម គឺប្រាប់គេឲ្យអង្គុយចុះទាំងអស់គ្នា។ 16អ៊ីសាយកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ គាត់ងើបមុខឡើងលើសរសើរតម្កើងអុលឡោះ ហើយកាច់ប្រទានឲ្យសិស្ស ដើម្បីឲ្យគេចែកបណ្ដាជនបរិភោគ។ 17គេបានបរិភោគឆ្អែតគ្រប់ៗគ្នា រួចប្រមូលនំបុ័ងដែលនៅសល់បានពេញដប់ពីរល្អី។
ពេត្រុសប្រកាសថា ណាពីអ៊ីសាជាអាល់ម៉ាហ្សៀស
18ថ្ងៃមួយ ពេលអ៊ីសានៅទូរអដាច់ឡែកពីបណ្ដាជន ពួកសិស្សក៏នៅជាមួយអ៊ីសាដែរ។ អ៊ីសាសួរគេថា៖ «តើមហាជនទាំងឡាយថា ខ្ញុំជានរណា?»។ 19ពួកសិស្សឆ្លើយថា៖ «អ្នកខ្លះថា តួនជាយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក អ្នកខ្លះថា តួនជាណាពីអេលីយ៉េស ហើយអ្នកខ្លះទៀតថា តួនជាណាពីម្នាក់ពីសម័យបុរាណដែលរស់ឡើងវិញ»។ 20អ៊ីសាសួរទៀតថា៖ «ចុះអ្នករាល់គ្នាវិញ តើអ្នករាល់គ្នាថា ខ្ញុំជានរណាដែរ?»។ ពេត្រុសជម្រាបអ៊ីសាថា៖ «តួនជាអាល់ម៉ាហ្សៀសដែលអុលឡោះចាត់ឲ្យមក»។ 21អ៊ីសាក៏ហាមប្រាមគេ មិនឲ្យនិយាយប្រាប់អ្នកណាជាដាច់ខាត។
22អ៊ីសាមានប្រសាសន៍ទៀតថា៖ «បុត្រាមនុស្សត្រូវរងទុក្ខវេទនាយ៉ាងខ្លាំង។ ពួកអះលីជំអះពួកអ៊ីម៉ាំ ពួកតួន នឹងបោះបង់គាត់ចោល ថែមទាំងសម្លាប់គាត់ទៀតផង។ ប៉ុន្តែ បីថ្ងៃក្រោយមក គាត់នឹងរស់ឡើងវិញ»។
23បន្ទាប់មក អ៊ីសាប្រាប់ទៅគេទាំងអស់គ្នាថា៖ «បើអ្នកណាចង់មកតាមក្រោយខ្ញុំ ត្រូវលះបង់ខ្លួនឯងចោល ត្រូវលីឈើឆ្កាងរបស់ខ្លួនរៀងរាល់ថ្ងៃ ហើយមកតាមខ្ញុំចុះ 24ដ្បិតអ្នកណាចង់បានរួចជីវិត អ្នកនោះនឹងបាត់បង់ជីវិតពុំខាន ប៉ុន្តែ អ្នកណាបាត់បង់ជីវិតព្រោះតែខ្ញុំ អ្នកនោះនឹងបានរួចជីវិតវិញ។ 25បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែត្រូវស្លាប់បាត់បង់ជីវិតនោះមានប្រយោជន៍អ្វី។ 26បើអ្នកណាខ្មាសអៀន មិនហ៊ានទទួលស្គាល់ខ្ញុំ មិនហ៊ានទទួលពាក្យរបស់ខ្ញុំទេ លុះដល់បុត្រាមនុស្សមក ប្រកបដោយសិរីរុងរឿងរបស់គាត់ ព្រមទាំងសិរីរុងរឿងរបស់អុលឡោះជាបិតា និងរបស់ម៉ាឡាអ៊ីកាត់ដ៏បិរសុទ្ធ គាត់ក៏នឹងខ្មាសអៀន មិនហ៊ានទទួលស្គាល់អ្នកនោះវិញដែរ។ 27ប្រាកដមែន ខ្ញុំសុំប្រាប់ឲ្យអ្នករាល់ គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញនគររបស់អុលឡោះ»។
សិរីរុងរឿងរបស់ណាពីអ៊ីសា
28ប្រមាណជាប្រាំបីថ្ងៃ ក្រោយពីអ៊ីសាបានប្រាប់ទាំងនោះមក គាត់នាំពេត្រុស យ៉ូហាន និងយ៉ាកកូបឡើងទៅលើភ្នំ ដើម្បីទូរអ។ 29ពេលកំពុងទូរអា ស្រាប់តែមុខរបស់អ៊ីសាប្រែជាមានរស្មី ហើយអាវរបស់គាត់ត្រឡប់ជាមានពណ៌សត្រចះត្រចង់។ 30ពេលនោះ មានបុរសពីរនាក់ គឺណាពីម៉ូសា និងណាពីអេលីយ៉េស សន្ទនាជាមួយអ៊ីសា។ 31អ្នកទាំងពីរលេចមកប្រកបដោយសិរីរុងរឿង ហើយនិយាយអំពីដំណើរ ដែលអ៊ីសានឹងត្រូវស្លាប់ នៅក្រុងយេរូសាឡឹម។ 32ពេត្រុស និងមិត្ដភក្ដិរបស់គាត់សម្រាន្តលង់លក់។ លុះភ្ញាក់ឡើង គេឃើញសិរីរុងរឿងរបស់អ៊ីសា និងឃើញអ្នកទាំងពីរឈរជាមួយអ៊ីសា។ 33កាលម៉ូសា និងអេលីយ៉េសកំពុងតែចាកចេញពីអ៊ីសាទៅ ពេត្រុសជម្រាបអ៊ីសាថា៖ «តួន! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជំរកបី គឺមួយសម្រាប់តួន មួយសម្រាប់ម៉ូសា និងមួយទៀតសម្រាប់អេលីយ៉េស»។ ពេត្រុសនិយាយទាំងពុំដឹងថាខ្លួននិយាយអ្វីឡើយ។ 34កាលពេត្រុសកំពុងតែមានប្រសាសន៍ស្រាប់តែមានពពកមកគ្របបាំងគេទាំងអស់គ្នា ធ្វើឲ្យសិស្សភ័យខ្លាចក្រៃលែង ដោយមានពពកមកគ្របបាំងដូច្នេះ។ 35មានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដែលយើងបានជ្រើសរើស ចូរស្ដាប់គាត់ចុះ!»។ 36បន្ទាប់ពីបានឮសំឡេងនេះហើយ គេឃើញតែអ៊ីសាមួយនាក់ប៉ុណ្ណោះ។ នៅគ្រានោះ សិស្សឥតបាននិយាយអំពីហេតុការណ៍ដែលគេបានឃើញប្រាប់អ្នកណាសោះឡើយ។
ណាពីអ៊ីសាដេញអ៊ីព្លេសចេញពីក្មេងម្នាក់
37នៅថ្ងៃបន្ទាប់ អ៊ីសាចុះពីលើភ្នំជាមួយសិស្សមកវិញ ពេលនោះ មានបណ្ដាជនយ៉ាងច្រើនមករកគាត់។ 38មានបុរសម្នាក់ស្រែកពីកណ្ដាលចំណោមបណ្ដាជនមកថា៖ «តួនអើយ! សូមមេត្ដាប្រោស ប្រណីដល់កូនប្រុសខ្ញុំផង ព្រោះខ្ញុំមានកូនតែមួយនេះគត់។ 39ពេលអ៊ីព្លេសចូលម្ដងៗវាស្រែករើបំរះ ប្រកាច់ប្រកិន បែកពពុះមាត់។ លុះធ្វើបាបវាយ៉ាងធ្ងន់ហើយ អ៊ីព្លេសក៏ចេញទៅ ទុកឲ្យកូនខ្ញុំនៅគ្រាំគ្រា។ 40ខ្ញុំបានអង្វរសិស្សរបស់តួនឲ្យដេញអ៊ីព្លេសនោះដែរ ប៉ុន្តែ គេមិនអាចដេញវាចេញបានសោះ»។ 41អ៊ីសាឆ្លើយថា៖ «នែ៎ពួកមនុស្សអាក្រក់ មិនព្រមជឿអើយ! តើត្រូវឲ្យខ្ញុំទ្រាំនៅជាមួយអ្នករាល់គ្នាដល់ពេលណាទៀត? ចូរនាំកូនរបស់អ្នកមកណេះមើល៍»។ 42ពេលក្មេងនោះដើរចូលមកជិតអ៊ីសា ស្រាប់តែអ៊ីព្លេសផ្ដួលវាធ្វើឲ្យវាប្រកាច់ប្រកិនយ៉ាងខ្លាំង។ អ៊ីសាគំរាមទៅអ៊ីព្លេស គាត់ប្រោសក្មេងនោះឲ្យបានជា ហើយប្រគល់ទៅឲ្យឪពុកវាវិញ។ 43មនុស្សគ្រប់គ្នាស្ងើចអំពីអំណាចដ៏ខ្លាំងពូកែរបស់អុលឡោះ។
ណាពីអ៊ីសាប្រាប់ថាគាត់ត្រូវស្លាប់
នៅពេលមនុស្សគ្រប់ៗគ្នាកំពុងកោតស្ញប់ស្ញែង នឹងការទាំងប៉ុន្មានដែលអ៊ីសាបានធ្វើ អ៊ីសាប្រាប់ទៅពួកសិស្សថា៖ 44«ចូរត្រងត្រាប់ស្ដាប់ពាក្យទាំងនេះ ហើយចងចាំទុកក្នុងចិត្ដ គឺបុត្រាមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន»។ 45ពួកសិស្សពុំបានយល់ពាក្យនេះទេ ព្រោះអុលឡោះមិនទាន់សំដែងអត្ថន័យឲ្យគេយល់ ប៉ុន្តែ ពួកគេមិនហ៊ានសួរអ៊ីសាអំពីរឿងនេះឡើយ។
អ្នកដែលធំជាងគេ
46ខណៈនោះ ពួកសិស្សជជែកគ្នាចង់ដឹងថា ក្នុងចំណោមពួកគេ នរណាធំជាងគេ។ 47អ៊ីសាឈ្វេងយល់គំនិតរបស់គេ ក៏យកក្មេងម្នាក់មកឲ្យឈរក្បែរគាត់ 48រួចមានសាសន៍ទៅគេថា៖ «អ្នកណាទទួលក្មេងនេះក្នុងនាមខ្ញុំ ក៏ដូចជាបានទទួលខ្ញុំដែរ ហើយអ្នកណាទទួលខ្ញុំ ក៏ដូចជាបានទទួលអុលឡោះដែលបានចាត់ខ្ញុំឲ្យមកនោះដែរ ដ្បិតអ្នកណាមានឋានៈទាបជាងគេក្នុងចំណោមអ្នករាល់គ្នា គឺអ្នកនោះហើយជាអ្នកធំជាងគេ»។
អ្នកណាមិនជំទាស់នឹងយើង អ្នកនោះជាពួកយើង!
49យ៉ូហានជម្រាបអ៊ីសាថា៖ «តួន! យើងខ្ញុំបានឃើញបុរសម្នាក់ដេញអ៊ីព្លេស ក្នុងនាមតួន។ យើងខ្ញុំបានឃាត់គាត់ ព្រោះគាត់មិនមកតាមតួនដូចយើងខ្ញុំ»។ 50អ៊ីសាមានប្រសាសន៍ទៅគាត់វិញថា៖ «កុំឃាត់គេអី ដ្បិតអ្នកណាមិនជំទាស់នឹងអ្នករាល់គ្នា អ្នកនោះនៅខាងអ្នករាល់គ្នាហើយ»។
អ៊ីសាដើរកាត់ភូមិសាសន៍សាម៉ារី
51លុះជិតដល់ថ្ងៃកំណត់ដែលអ៊ីសាត្រូវចាកចេញពីលោកនេះទៅ អ៊ីសាសម្រេចចិត្តទៅក្រុងយេរូសាឡឹម 52អ៊ីសាបានចាត់អ្នកខ្លះឲ្យទៅមុន។ អ្នកទាំងនោះចេញដំណើរទៅដល់ភូមិមួយរបស់អ្នកស្រុកសាម៉ារី ដើម្បីរៀបចំកន្លែងឲ្យគាត់។ 53ប៉ុន្តែ អ្នកស្រុកពុំព្រមទទួលអ៊ីសាឲ្យស្នាក់ឡើយ ព្រោះអ៊ីសាឆ្ពោះទៅក្រុងយេរូសាឡឹម។ 54ពេលសិស្សពីរនាក់ គឺយ៉ាកកូប និងយ៉ូហានឃើញដូច្នោះ ក៏សួរអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! តើលោកម្ចាស់ពេញចិត្តឲ្យយើងខ្ញុំហៅរន្ទះភ្លើង មកកំទេចអ្នកទាំងនេះឬ?»។ 55អ៊ីសាបែរទៅរកគេ ហើយស្ដីបន្ទោសគេយ៉ាងខ្លាំង។ 56បន្ទាប់មក អ៊ីសាទៅកាន់ភូមិមួយផ្សេងទៀតជាមួយសិស្ស។
លក្ខណសម្បត្តិរបស់អ្នកដែលចង់តាមណាពីអ៊ីសា
57កាលអ៊ីសាកំពុងដើរតាមផ្លូវជាមួយសិស្ស មានបុរសម្នាក់ជម្រាបអ៊ីសាថា៖ «ខ្ញុំសុខចិត្ដទៅតាមលោកម្ចាស់ ទោះបីលោកម្ចាស់អញ្ជើញទៅទីណាក៏ដោយ»។ 58អ៊ីសាមានប្រសាសន៍ទៅគាត់វិញថា៖ «សត្វកញ្ជ្រោងមានរូងរបស់វា បក្សាបក្សីក៏មានសំបុករបស់វាដែរ ប៉ុន្តែ បុត្រាមនុស្សគ្មានទីជំរកសម្រាកសោះឡើយ»។ 59អ៊ីសាប្រាប់ទៅម្នាក់ទៀតថា៖ «សុំអញ្ជើញមកតាមខ្ញុំ»។ ប៉ុន្តែ អ្នកនោះសុំអ៊ីសាថា៖ «សូមអ៊ីសាជាអម្ចាស់មេត្ដាអនុញ្ញាតឲ្យខ្ញុំទៅបញ្ចុះសពឪពុកសិន»។ 60អ៊ីសាឆ្លើយទៅគាត់វិញថា៖ «ទុកឲ្យមនុស្សស្លាប់បញ្ចុះសពគ្នាគេចុះ។ រីឯអ្នកវិញ ចូរទៅផ្សាយដំណឹង អំពីនគររបស់អុលឡោះ»។ 61មានម្នាក់ទៀតសុំអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់! ខ្ញុំសុខចិត្ដទៅតាមលោកម្ចាស់ដែរ ប៉ុន្តែ សូមអនុញ្ញាតឲ្យខ្ញុំទៅជម្រាបលាក្រុមគ្រួសារសិន»។ 62អ៊ីសាមានប្រសាសន៍ទៅគាត់វិញថា៖ «អ្នកណាកាន់នង្គ័ល ហើយបែរជាងាកមើលក្រោយ អ្នកនោះគ្មានសារប្រយោជន៍អ្វីដល់នគររបស់អុលឡោះឡើយ»។
ទើបបានជ្រើសរើសហើយ៖
លូកា 9: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.