លូកា 10

10
ណាពី​អ៊ីសា​ចាត់​សិស្ស​៧២​នាក់​ទៅ​ផ្សាយ​ដំណឹង‌ល្អ
1ក្រោយ​មក អ៊ីសា‌ជាអម្ចាស់​ជ្រើស​យក​សិស្ស​ចិត‌សិប​ពីរ​នាក់​ទៀត ហើយ​ចាត់​គេ​ពីរ​ៗ​នាក់​ឲ្យ​ទៅ​តាម​ភូមិ តាម​ស្រុក​នានា ដែល​អ៊ីសា​បម្រុង​នឹង​ទៅ។ 2អ៊ីសា​មាន​និយាយ​ទៅ​គេ​ថា៖ «ស្រូវ​ដែល​ត្រូវ​ច្រូត​មាន​ច្រើន​ណាស់ តែ​អ្នក​ច្រូត​មាន​តិច​ពេក។ ហេតុ​នេះ ចូរ​អង្វរ​ម្ចាស់​ស្រែ​ឲ្យ​ចាត់​អ្នក​ច្រូត​មក​ក្នុង​ស្រែ​របស់​លោក។ 3ចូរ​នាំ​គ្នា​ទៅ​ចុះ! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ទៅ ដូច​ឲ្យ​កូន​ចៀម​ទៅ​កណ្ដាល​ហ្វូង​ចចក។ 4កុំ​យក​ថង់​ប្រាក់ ថង់​យាម ឬ​ស្បែក​ជើង​ទៅ​ជា​មួយ​ឡើយ ហើយ​ក៏​កុំ​សាឡាម​អ្នក​ណា​តាម​ផ្លូវ​ដែរ។ 5ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​មួយ មុន​ដំបូង​ត្រូវ​ពោល​ថា “សូម​អុលឡោះ​ប្រទាន​សេចក្ដី​សុខ‌សាន្ដ ដល់​មនុស្ស​ក្នុង​ផ្ទះ​នេះ”។ 6បើ​នៅ​ក្នុង​ផ្ទះ​នោះ មាន​មនុស្ស​ណា​ចូល​ចិត្ដ​សេចក្ដី​សុខ‌សាន្ដ នោះ​គេ​នឹង​បាន​សុខ‌សាន្ដ ដូច​ពាក្យ​អ្នក​រាល់​គ្នា​ជា​មិន​ខាន។ បើ​គ្មាន​អ្នក​ណា​ចូល​ចិត្ដ​សេចក្ដី​សុខ‌សាន្ដ​ទេ សេចក្ដី​សុខ‌សាន្ដ​នឹង​វិល​ត្រឡប់​មក​អ្នក​រាល់​គ្នា​វិញ។ 7ចូរ​ស្នាក់​នៅ​ផ្ទះ​នោះ ហើយ​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​ជូន​អ្នក​រាល់​គ្នា​ចុះ ព្រោះ​អ្នក​ធ្វើ​ការ​តែងតែ​ទទួល​ប្រាក់​ឈ្នួល។ មិន​ត្រូវ​ចេញ​ពី​ផ្ទះ​មួយ​ទៅ​នៅ​ផ្ទះ​មួយ​ទៀត​ឡើយ។ 8បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ភូមិ​ណា ហើយ​មាន​គេ​ទទួល​អ្នក​រាល់​គ្នា ត្រូវ​បរិភោគ​ម្ហូប​អាហារ​ដែល​គេ​រៀប​ជូន​ចុះ។ 9ត្រូវ​ប្រោស​អ្នក​ជំងឺ​ក្នុង​ភូមិ​នោះ​ឲ្យ​បាន​ជា ហើយ​ប្រាប់​អ្នក​ភូមិ​ថាៈ “នគរ​របស់​អុលឡោះ​នៅ​ជិត​អ្នក​រាល់​គ្នា​ហើយ”។ 10ប៉ុន្តែ កាល​បើ​អ្នក​រាល់​គ្នា​ចូល​ទៅ​ភូមិ​ណា​មួយ ហើយ​គេ​មិន​ព្រម​ទទួល​អ្នក​រាល់​គ្នា​ទេ ត្រូវ​ចេញ​ទៅ​ប្រកាស​តាម​ទីផ្សារ​ថាៈ 11“សូម្បី​តែ​ធូលី​ដី​ដែល​ជាប់​ជើង​យើង ក៏​យើង​រលាស់​ឲ្យ​អ្នក​រាល់​គ្នា​វិញ​ដែរ ប៉ុន្តែ សូម​ជ្រាប​ថា​នគរ​របស់​អុលឡោះ​មក​ជិត​បង្កើយ​ហើយ”។ 12ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស អ្នក​ក្រុង​សូដុម​ទទួល​ទោស​ស្រាល​ជាង​អ្នក​ភូមិ​នោះ។
13អ្នក​ក្រុង​ខូរ៉ាស៊ីន​អើយ! អ្នក​ត្រូវ​វេទនា​ជា​ពុំ‌ខាន។ អ្នក​ក្រុង​បេតសៃ‌ដា​អើយ! អ្នក​ក៏​ត្រូវ​វេទនា​ដែរ។ ប្រសិន​បើ​អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​បាន​ឃើញ​ការ​អស្ចារ្យ ដូច​អ្នក​រាល់​គ្នា​ឃើញ​នៅ​ទី​នេះ ម៉្លេះ​សម​អ្នក​ក្រុង​ទាំង នោះ​នឹង​ប្រែ​ចិត្ដ​គំនិត ហើយ​ស្លៀក​បាវ​អង្គុយ​ក្នុង​ផេះ​ជា​មិន​ខាន។ 14ហេតុ​នេះ​ហើយ បាន​ជា​នៅ​ថ្ងៃ​ដែល​អុលឡោះ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក អ្នក​ក្រុង​ទីរ៉ូស និង​អ្នក​ក្រុង​ស៊ីដូន​ទទួល​ទោស​ស្រាល​ជាង​អ្នក​រាល់​គ្នា។ 15អ្នក​ក្រុង​កាពើ‌ណិម​អើយ! កុំ​នឹក​ស្មាន​ថា អ្នក​នឹង​បាន​ថ្កើង​ឡើង​ដល់​សូរ៉កា​ឡើយ អ្នក​នឹង​ធ្លាក់​ទៅ​នរ៉កា​វិញ»។
16អ៊ីសា​មាន​ប្រសាសន៍​ទៅ​សិស្ស​ទៀត​ថា៖ «អ្នក​ណា​ស្ដាប់​អ្នក​រាល់​គ្នា ក៏​ដូច​ជា​ស្ដាប់​ខ្ញុំ​ដែរ។ អ្នក​ណា​បដិសេធ​មិន​ទទួល​អ្នក​រាល់​គ្នា ក៏​ដូច​ជា​បដិសេធ​មិន​ទទួល​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​មិន​ទទួល​ខ្ញុំ ក៏​ដូច​ជា​មិន​ទទួល​អុលឡោះ ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។
ពួក​សិស្ស​វិល​ត្រឡប់​មក​វិញ
17ពួក​សិស្ស​ទាំង​ចិត‌សិប​ពីរ​នាក់​ត្រឡប់​មក​វិញ ទាំង​ត្រេក​អរ ហើយ​ជម្រាប​អ៊ីសា​ថា៖ «លោក​ម្ចាស់​អើយ​ដោយ‌សារ​ឈ្មោះ​លោក​ម្ចាស់ សូម្បី​តែ​អ៊ីព្លេស​ក៏​ចុះ​ចូល​ក្រោម​អំណាច​យើង​ខ្ញុំ​ដែរ»។ 18អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​ឃើញ​អ៊ីព្លេស‌ហ្សៃតន​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក ដូច​ផ្លេក​បន្ទោរ។ 19ខ្ញុំ​បាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច​ដើរ​ជាន់​ពស់ និង​ខ្យាដំរី ព្រម​ទាំង​បង្ក្រាប​អំណាច​គ្រប់​យ៉ាង​របស់​អ៊ីព្លេស​ជា​សត្រូវ​ផង គ្មាន​អ្វី​អាច​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​បាន​ឡើយ 20ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កុំ​ត្រេក​អរ​នឹង​ឃើញ​អ៊ីព្លេស​ចុះ​ចូល​អ្នក​រាល់​គ្នា គឺ​ត្រូវ​ត្រេក​អរ ដោយ​អ្នក​រាល់​គ្នា​មាន​ឈ្មោះ​កត់​ទុក​នៅ​សូរ៉កា​វិញ»។
អ៊ីសា​សប្បាយ​រីក‌រាយ
21ខណៈ​នោះ រស‌អុលឡោះ​បាន​ធ្វើ​ឲ្យ​អ៊ីសា​រីក‌រាយ​យ៉ាង​ខ្លាំង។ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ឱ​អុលឡោះ​ជា​បិតា​ជា​ម្ចាស់​នៃ​សូរ៉ក និង​ជា​ម្ចាស់​នៃ​ផែន‌ដី​អើយ ខ្ញុំ​សូម​សរសើរ​តម្កើង​ទ្រង់ ព្រោះ​ទ្រង់​បាន​សំដែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​តូច‌តាច​យល់ តែ​ទ្រង់​លាក់​មិន​ឲ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។ មែន​ហើយ! អុលឡោះ​ពេញ​ចិត្ត​សម្រេច​ដូច្នេះ។ 22អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ។ គ្មាន​នរណា​ស្គាល់​បុត្រា​ក្រៅ​ពី​អុលឡោះ​ជា​បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​អុលឡោះ​ជា​បិតា​ក្រៅ​ពី​បុត្រា និង​អ្នក​ដែល​បុត្រា​ពេញ​ចិត្ត​សំដែង​ឲ្យ​ស្គាល់​នោះ​ដែរ»។
23បន្ទាប់​មក អ៊ីសា​បែរ​ទៅ​រក​សិស្ស ហើយ​មាន​ប្រសាសន៍​ដាច់​ឡែក​ពី​គេ​ថា៖ «អ្នក​រាល់​គ្នា​មាន​សុភ‌មង្គល​ហើយ ព្រោះ​អ្នក​រាល់​គ្នា​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​អស់​នេះ! 24ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា មាន​ណាពី និង​ស្ដេច​ជា​ច្រើន ចង់​ឃើញ​ហេតុ‌ការណ៍​ដែល​អ្នក​រាល់​គ្នា​ឃើញ​នេះ​ដែរ តែ​មិន​បាន​ឃើញ ហើយ​គេ​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​នេះ​ដែរ តែ​មិន​បាន​ឮ​សោះ»។
ពាក្យ​ប្រស្នា​អំពី​អ្នក​ស្រុក​សាម៉ារី​ម្នាក់​មាន​ចិត្ដ​សប្បុរស
25ពេល​នោះ មាន​បណ្ឌិត​ខាង​ហ៊ូកុំ​ម្នាក់​ក្រោក​ឈរ​សួរ​អ៊ីសា ក្នុង​គោល​បំណង​ចង់​ចាប់​កំហុស​អ៊ីសា​ថា៖ «តួន! តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច?»។ 26អ៊ីសា​សួរ​ទៅ​គាត់​វិញ​ថា៖ «តើ​ក្នុង​ហ៊ូកុំ​មាន​ចែង​អ្វី​ខ្លះ? ពេល​លោក​អាន​តើ​លោក​យល់​យ៉ាង​ណា?»។ 27គាត់​ឆ្លើយ​ទៅ​អ៊ីសា​ថា៖ «ត្រូវ​ស្រឡាញ់​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ដ​គំនិត អស់​ពី​ស្មារតី អស់​ពី​កម្លាំង និង​អស់​ពី​ប្រាជ្ញា ហើយ​ត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀត​ៗ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ»28អ៊ីសា​ប្រាប់​ទៅ​គាត់​ថា៖ «លោក​ឆ្លើយ​ត្រឹម​ត្រូវ​ល្អ​ណាស់ សុំ​ធ្វើ​ដូច្នេះ​ទៅ នោះ​លោក​នឹង​មាន​ជីវិត​អស់‌កល្ប​ជា​មិន​ខាន»។ 29ប៉ុន្តែ​តួន​នោះ​ចង់​បង្ហាញ​ថា សំណួរ​របស់​គាត់​ជា​សំណួរ​ត្រឹម​ត្រូវ គាត់​ក៏​សួរ​អ៊ីសា​ទៀត​ថា៖ «តើ​នរណា​ជា​បង​ប្អូន​របស់​ខ្ញុំ?»។ 30អ៊ីសា​មាន​ប្រសាសន៍​ថា៖ «មាន​បុរស​ម្នាក់ ធ្វើ​ដំណើរ​ចុះ​ពី​ក្រុង​យេរូ‌សាឡឹម​ឆ្ពោះ​ទៅ​ក្រុង​យេរីខូ។ គាត់​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ វា​ប្លន់​គាត់ ថែម​ទាំង​វាយ​ដំ​គាត់​ឲ្យ​របួស​ជា​ទម្ងន់ រួច​នាំ​គ្នា​រត់​បាត់​អស់​ទៅ ទុក​គាត់​ចោល​នៅ​ស្ដូក‌ស្ដឹង​បាត់​ស្មារតី​មិន​ដឹង​ខ្លួន។ 31ពេល​នោះ មាន​អ៊ីម៉ាំ​ម្នាក់​ធ្វើ​ដំណើរ​ចុះ​តាម​ផ្លូវ​នោះ។ គាត់​ឃើញ​បុរស​នោះ ក៏​ដើរ​វាង​ហួស​ទៅ។ 32មាន​ម្នាក់​ពី​ក្រុម​លេវ ដើរ​មក​ដល់​កន្លែង​នោះ​ដែរ។ គាត់​ឃើញ​បុរស​នោះ ក៏​ដើរ​វាង​ហួស​ទៅ។ 33គាប់​ជួន​ជា​មាន​អ្នក​ស្រុក​សាម៉ារី​ម្នាក់ ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​នោះ​ដែរ គាត់​ឃើញ​បុរស​នោះ គាត់​មាន​ចិត្ដ​អាណិត​អាសូរ​ពន់​ពេក​ណាស់។ 34គាត់​ចូល​ទៅ​ជិត​អ្នក​របួស យក​ប្រេង និង​ស្រា​ចាក់​ពី​លើ​មុខ​របួស រុំ​របួស​ឲ្យ រួច​គាត់​លើក​អ្នក​របួស​ដាក់​លើ​ជំនិះ​របស់​គាត់ នាំ​ទៅ​ផ្ទះ​សំណាក់ ហើយ​ថែ​ទាំ​អ្នក​របួស​នោះ។ 35ស្អែក​ឡើង​គាត់​យក​ប្រាក់​ប្រគល់​ឲ្យ​ម្ចាស់​ផ្ទះ​សំណាក់​ទាំង​ផ្ដាំ​ថា “សូម​ថែ​ទាំ​បុរស​នេះ​ផង ប្រសិន​បើ​អ្នក​ចំណាយ​លើស​ពី​ប្រាក់​នេះ ពេល​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​នឹង​ជូន​បង្គ្រប់”។ 36ក្នុង​ចំណោម​មនុស្ស​ទាំង​បី​នាក់ តើ​លោក​យល់​ថា អ្នក​ណា​ចាត់​ទុក​ខ្លួន​ជា​បង​ប្អូន​នឹង​បុរស ដែល​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ចោរ​ប្លន់​នោះ?»។ 37តួន​នោះ​ឆ្លើយ​ថា៖ «គឺ​អ្នក​ដែល​មាន​ចិត្ដ​មេត្ដា‌ករុណា​ចំពោះ​គាត់»។ អ៊ីសា​ប្រាប់​ទៅ​គាត់​ថា៖ «សុំ​លោក​អញ្ជើញ​ទៅ​ចុះ ហើយ​ប្រព្រឹត្ដ​ឲ្យ​បាន​ដូច​អ្នក​នោះ​ទៅ»។
ណាពី​អ៊ីសា​នៅ​ផ្ទះ​នាង​ម៉ាថា និង​នាង​ម៉ារី
38កាល​អ៊ីសា​ធ្វើ​ដំណើរ​ជា​មួយ​ពួក​សិស្ស គាត់​ចូល​ក្នុង​ភូមិ​មួយ។ មាន​ស្ដ្រី​ម្នាក់​ឈ្មោះ​ម៉ាថា បាន​ទទួល​អ៊ីសា​ឲ្យ​ស្នាក់​ក្នុង​ផ្ទះ​នាង។ 39នាង​មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ម៉ារី អង្គុយ​នៅ​ទៀប​ជើង​អ៊ីសា‌ជាអម្ចាស ស្ដាប់​គាត់​បង្រៀន។ 40រីឯ​នាង​ម៉ាថា​វិញ នាង​មាន​កិច្ចការ​រវល់​ជា​ច្រើន ដើម្បី​បម្រើ​អ៊ីសា។ នាង​ចូល​មក​សុំ​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! ប្អូន​ខ្ញុំ​ទុក​ឲ្យ​ខ្ញុំ​បម្រើ​លោក​តែ​ម្នាក់​ឯង តើ​លោក​មិន​អើ‌ពើ​ទេ​ឬ? សូម​លោក​ប្រាប់​ឲ្យ​នាង​មក​ជួយ​ខ្ញុំ​ផង»។ 41អ៊ីសា‌ជាអម្ចាស់​មាន​ប្រសាសន៍​ទៅ​នាង​ថា៖ «ម៉ាថា! ម៉ាថា​អើយ! នាង​មាន​កង្វល់ ហើយ​រវល់​នឹង​កិច្ចការ​ច្រើន​ណាស់ 42ប៉ុន្តែ មាន​កិច្ចការ​តែ​មួយ​គត់​ដែល​ចាំ‌បាច់ ម៉ារី​បាន​ជ្រើស​យក​ចំណែក​ដ៏​ល្អ​វិសេស​នោះ​ហើយ មិន​ត្រូវ​យក​ចេញ​ពី​នាង​ទេ»។

ទើបបានជ្រើសរើសហើយ៖

លូកា 10: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល