លូកា 8
8
ស្ត្រីៗដែលបម្រើណាពីអ៊ីសា
1បន្ទាប់មកទៀត អ៊ីសាទៅតាមក្រុងតាមភូមិនានា ទាំងប្រកាស និងផ្សព្វផ្សាយដំណឹងល្អអំពីនគររបស់អុលឡោះ។ សាវ័កទាំងដប់ពីរនាក់ទៅជាមួយអ៊ីសា 2ហើយមានស្ដ្រីខ្លះទៀតដែលអ៊ីសាបានប្រោសឲ្យជាពីជំងឺ និងបណ្ដេញអ៊ីព្លេសចេញ ក៏តាមទៅជាមួយដែរ គឺមាននាងម៉ារីជាអ្នកស្រុកម៉ាដាឡា ដែលអ៊ីសាបានដេញអ៊ីព្លេសប្រាំពីរចេញពីនាង 3នាងយ៉ូអាន់ ភរិយារបស់ឃូសា ជាមហាតលិករបស់ស្តេចហេរ៉ូដ នាងស៊ូសាន ព្រមទាំងស្ដ្រីឯទៀតៗជាច្រើន ដែលបានចំណាយធនធានរបស់ខ្លួន ដើម្បីទំនុកបម្រុងអ៊ីសា និងសិស្សរបស់គាត់។
ប្រស្នាអំពីគ្រាប់ពូជ
4មានបណ្ដាជនច្រើនកុះករចេញពីទីក្រុងនានា មករកអ៊ីសា គាត់មានប្រសាសន៍ជាប្រស្នាដូចតទៅ៖
5«មានបុរសម្នាក់ចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ត្រូវគេដើរជាន់ ហើយសត្វមកចឹកស៊ីអស់ទៅ។ 6មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានថ្ម កាលពន្លកដុះឡើង ក៏ក្រៀមស្វិតទៅវិញ ព្រោះខ្វះទឹក។ 7មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា។ បន្លាដុះឡើងជាមួយគ្រាប់ពូជ ហើយរួបរឹតគ្រាប់ពូជនោះមិនឲ្យដុះឡើងបាន។ 8មានគ្រាប់ពូជខ្លះទៀត ធ្លាក់ទៅលើដីមានជីជាតិល្អ គ្រាប់ពូជដុះឡើង ឲ្យផលមួយជាមួយរយ»។ អ៊ីសាបន្លឺសំឡេងថែមទៀតថា៖ «អស់អ្នកដែលឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។
ណាពីអ៊ីសាពន្យល់ពាក្យប្រស្នាស្ដីអំពីគ្រាប់ពូជ
9សិស្សរបស់អ៊ីសាសួរអ៊ីសាថា៖ «តើពាក្យប្រស្នានោះ មានន័យដូចម្ដេច?»។ 10អ៊ីសាឆ្លើយថា៖ «អុលឡោះបានប្រោសប្រទានឲ្យអ្នករាល់គ្នា យល់គម្រោងការដ៏លាក់កំបាំងនៃនគររបស់ទ្រង់។ ចំពោះអ្នកដទៃ ទ្រង់ប្រើជាពាក្យប្រស្នាវិញ។ ដូច្នេះ ទោះបីគេមើល ក៏ពុំឃើញ ទោះបីគេស្ដាប់ ក៏ពុំយល់ដែរ។ 11រីឯប្រស្នានោះមានន័យដូចតទៅៈ គ្រាប់ពូជជាបន្ទូលរបស់អុលឡោះ។ 12មនុស្សខ្លះ ប្រៀបបីដូចជាផ្លូវ ដែលគ្រាប់ពូជធ្លាក់ គេបានស្ដាប់បន្ទូលរបស់អុលឡោះ តែអ៊ីព្លេសហ្សៃតនមកឆក់យកពីចិត្ដគេ ដើម្បីកុំឲ្យគេជឿ និងកុំឲ្យគេរួចជីវិត។ 13មនុស្សខ្លះទៀតប្រៀបបីដូចជាដីមានថ្ម កាលបានស្ដាប់បន្ទូលរបស់អុលឡោះហើយ គេទទួលយកដោយអំណរ។ ប៉ុន្តែ គេជឿតែមួយភ្លែត ពុំទុកឲ្យបន្ទូលចាក់ឫសឡើយ គេបោះបង់ចោលជំនឿ នៅពេលណាមានការល្បួង។ 14គ្រាប់ពូជដែលធ្លាក់ទៅលើដីមានបន្លា ប្រៀបបីដូចជាអស់អ្នកដែលបានស្ដាប់បន្ទូលរបស់អុលឡោះតែចិត្ដខ្វល់ខ្វាយ ចិត្ដលោភលន់ចង់បានទ្រព្យសម្បត្តិ និងចិត្ដស្រើបស្រាល មករួបរឹតផលផ្លែមិនឲ្យទុំបានឡើយ។ 15រីឯគ្រាប់ពូជធ្លាក់ទៅលើដីមានជីជាតិល្អ ប្រៀបបីដូចជាអស់អ្នកដែលស្ដាប់បន្ទូលរបស់អុលឡោះ ហើយចងចាំទុកយ៉ាងស្មោះអស់ពីចិត្ដ រហូតដល់បានបង្កើតផលផ្លែជាច្រើន ដោយចិត្ដស៊ូទ្រាំ»។
ប្រស្នាអំពីចង្កៀង
16«ពុំដែលមាននរណាអុជចង្កៀង ហើយយកធុងមកគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលក្នុងផ្ទះ។ 17គ្រប់ការលាក់កំបាំង នឹងត្រូវបើកឲ្យគេដឹង ហើយគ្រប់អាថ៌កំបាំង ក៏នឹងលេចមកឲ្យមនុស្សគ្រប់គ្នាស្គាល់ច្បាស់ដែរ។ 18ដូច្នេះ ចូរប្រុងប្រយ័ត្នអំពីរបៀបដែលអ្នករាល់គ្នាស្ដាប់ ព្រោះអ្នកណាមានហើយ អុលឡោះនឹងប្រទានឲ្យថែមទៀត តែអ្នកណាដែលគ្មាន អុលឡោះនឹងហូតយកនូវអ្វីៗដែលខ្លួនស្មានថាមាននោះផង»។
ម្តាយ និងបងប្អូនរបស់ណាពីអ៊ីសា
19ម្តាយ និងបងប្អូនរបស់អ៊ីសានាំគ្នាមករកអ៊ីសា ប៉ុន្តែ មិនអាចចូលទៅជិតគាត់បានឡើយ ព្រោះមានមនុស្សច្រើនពេក។ 20មានគេជម្រាបអ៊ីសាថា៖ «ម្ដាយតួន និងបងប្អូនតួននៅខាងក្រៅ ចង់ជួបតួន»។ 21អ៊ីសាប្រាប់ទៅគេថា៖ «អស់អ្នកដែលស្ដាប់បន្ទូលរបស់អុលឡោះ ហើយប្រតិបត្ដិតាម គឺអ្នកនោះហើយជាម្ដាយ និងជាបងប្អូនរបស់ខ្ញុំ»។
ណាពីអ៊ីសាធ្វើឲ្យរលកស្ងប់
22ថ្ងៃមួយ អ៊ីសាចុះទូកជាមួយសិស្ស គាត់មានប្រសាសន៍ថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ ពួកសិស្សក៏ចេញទូកទៅជាមួយអ៊ីសា។ 23ពេលឆ្លងទៅនោះ អ៊ីសាសម្រាន្តលក់ ស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំង មកលើបឹង បណ្ដាលឲ្យទឹកជះចូលពេញទូក ហើយទាំងអស់គ្នាស្ថិតក្នុងភាពអាសន្ន។ 24ពួកសិស្សចូលទៅជិតអ៊ីសាដាស់គាត់ថា៖ «តួន! តួន! យើងស្លាប់ឥឡូវហើយ»។ អ៊ីសាក្រោកឡើង គំរាមខ្យល់ព្យុះ និងរលកយ៉ាងម៉ឺងម៉ាត់។ ខ្យល់ព្យុះ និងរលកក៏ស្ងប់ ហើយផ្ទៃទឹកក៏រាបស្មើដូចធម្មតាវិញ។ 25អ៊ីសាមានប្រសាសន៍ទៅពួកសិស្សថា៖ «ជំនឿរបស់អ្នករាល់គ្នានៅឯណា?»។ ពួកសិស្សភ័យស្ញប់ស្ញែង ព្រមទាំងស្ងើចសរសើរផង គេនិយាយគ្នាទៅវិញទៅមកថា៖ «តើលោកនេះមានឋានៈអ្វី បានជាបញ្ជាទៅខ្យល់ និងទឹក ហើយខ្យល់ និងទឹកស្ដាប់តាមបង្គាប់លោកដូច្នេះ?»។
ណាពីអ៊ីសាប្រោសបុរសអ៊ីព្លេសចូលម្នាក់
26អ៊ីសា និងសិស្ស បានមកដល់ក្រុងគេរ៉ាស៊ីននៅត្រើយម្ខាង ទល់មុខស្រុកកាលីឡេ។ 27កាលអ៊ីសាឡើងគោក មានបុរសម្នាក់ចេញពីក្រុងមករកអ៊ីសា។ គាត់មានអ៊ីព្លេសចូល ហើយមិនស្លៀកពាក់ មិនរស់នៅក្នុងផ្ទះតាំងពីយូរមកហើយ គឺគាត់ស្នាក់នៅតែតាមទីបញ្ចុះសព។ 28ពេលគាត់ឃើញអ៊ីសា គាត់ក្រាបដល់ជើងអ៊ីសា ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱអ៊ីសាជាបុត្រារបស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតអើយ! តើអ្នកចង់ធ្វើអ្វីខ្ញុំ? សូមមេត្ដាកុំធ្វើទុក្ខទោសខ្ញុំអី»។ 29អ៊ីព្លេសសូមអង្វរដូច្នេះ ព្រោះអ៊ីសាបានបញ្ជាវាឲ្យចេញពីបុរសនោះ វាចូលគាត់ច្រើនលើកច្រើនសាមកហើយ។ គេបានយកច្រវាក់ ចងដៃចងជើងគាត់ និងដាក់ខ្នោះទុកមួយកន្លែង តែគាត់កាច់ច្រវាក់បាន ហើយអ៊ីព្លេសនាំគាត់ទៅទីស្មសាន។ 30អ៊ីសាសួរថា៖ «ឯងឈ្មោះអី?»។ វាឆ្លើយថា៖ «ខ្ញុំឈ្មោះកងទ័ព»។ វាឆ្លើយដូច្នេះ ព្រោះមានអ៊ីព្លេសជាច្រើនចូលក្នុងបុរសនោះ។ 31អ៊ីព្លេសទាំងនោះបានទទូចអង្វរអ៊ីសា សូមកុំឲ្យអ៊ីសាបញ្ជូនពួកវាទៅនរ៉កាអវិចីឡើយ។ 32នៅក្បែរនោះមានជ្រូកមួយហ្វូងធំកំពុងរកស៊ីតាមចង្កេះភ្នំ។ ពួកអ៊ីព្លេសបានអង្វរអ៊ីសា សូមអនុញ្ញាតឲ្យវាចូលក្នុងជ្រូកទាំងនោះ អ៊ីសាក៏អនុញ្ញាតឲ្យ។ 33អ៊ីព្លេសចេញពីបុរសនោះចូលទៅក្នុងជ្រូក ហ្វូងជ្រូកបោលចុះតាមជំរាលភ្នំ តម្រង់ទៅបឹង លង់ទឹកងាប់អស់ទៅ។ 34ពេលអ្នកថែរក្សាហ្វូងជ្រូកឃើញហេតុការណ៍កើតឡើងដូច្នេះ ក៏រត់យករឿងនេះទៅប្រាប់អ្នកនៅទីក្រុង និងអ្នកនៅស្រុកស្រែ។ 35មនុស្សម្នានាំគ្នាចេញទៅមើលហេតុការណ៍នោះ។ គេចូលមករកអ៊ីសាឃើញបុរសដែលអ៊ីព្លេសចូលពីមុន អង្គុយនៅទៀបជើងអ៊ីសា គាត់ស្លៀកពាក់ដឹងស្មារតីដូចធម្មតា គេក៏ស្ញែងខ្លាចអ៊ីសា។ 36អស់អ្នកដែលបានឃើញផ្ទាល់នឹងភ្នែក នាំគ្នារៀបរាប់អំពីរបៀបដែលអ៊ីសាប្រោសបុរសអ៊ីព្លេសចូលនោះឲ្យបានជា។ 37អ្នកស្រុកនៅតំបន់គេរ៉ាស៊ីនទាំងអស់ អង្វរអ៊ីសាឲ្យចាកចេញពីស្រុកភូមិរបស់គេ ដ្បិតគេភ័យខ្លាចខ្លាំងណាស់។ អ៊ីសាក៏ចុះទូកត្រឡប់ទៅវិញ។ 38បុរសដែលអ៊ីព្លេសចូលពីមុននោះ បានអង្វរសុំនៅជាមួយអ៊ីសាដែរ ប៉ុន្តែ អ៊ីសាមិនយល់ព្រមទេ។ អ៊ីសាប្រាប់ថា៖ 39«ចូរអ្នកត្រឡប់ទៅផ្ទះវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលអុលឡោះបានប្រោសដល់អ្នក»។ បុរសនោះចេញទៅ ប្រកាសប្រាប់ឲ្យអ្នកក្រុងដឹងអំពីការទាំងអស់ដែលអ៊ីសាបានប្រោសដល់គាត់។
ណាពីអ៊ីសាប្រោសស្ដ្រីមានជំងឺធ្លាក់ឈាមឲ្យជា និងប្រោសកូនស្រីលោកយ៉ៃរូសឲ្យរស់ឡើងវិញ
40ពេលអ៊ីសាត្រឡប់មកពីត្រើយម្ខាងវិញ បណ្ដាជននាំគ្នាមកទទួលគាត់ ព្រោះគេចាំមើលផ្លូវអ៊ីសាគ្រប់ៗគ្នា។ 41មានអ្នកទទួលខុសត្រូវលើសាលាប្រជុំម្នាក់ ឈ្មោះយ៉ៃរូសចូលមកជិតអ៊ីសាក្រាបដល់ជើងអ៊ីសា អង្វរសុំអ៊ីសាទៅផ្ទះគាត់ 42ដ្បិតគាត់មានកូនស្រីតែមួយ អាយុប្រហែលដប់ពីរឆ្នាំ កំពុងឈឺ ជិតស្លាប់។ កាលអ៊ីសាទៅ នៅតាមផ្លូវមានមហាជនប្រជ្រៀតគ្នាជុំវិញគាត់។ 43ពេលនោះ មានស្ដ្រីម្នាក់ កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយទ្រព្យសម្បត្តិដែលនាងមានទាំងប៉ុន្មាន ដើម្បីឲ្យគ្រូពេទ្យព្យាបាល តែគ្មានគ្រូពេទ្យណាអាចមើលនាងជាបានឡើយ។ 44នាងមកពីក្រោយអ៊ីសា ហើយពាល់ជាយអាវអ៊ីសា ស្រាប់តែឈាមឈប់ធ្លាក់មួយរំពេច។ 45អ៊ីសាសួរថា៖ «នរណាពាល់ខ្ញុំ?»។ គេប្រកែកគ្រប់គ្នាថា គេមិនបានពាល់អ្នកទេ។ ពេត្រុសជម្រាបថា៖ «អ៊ីសាជាអម្ចាស់អើយ បណ្ដាជនប្រជ្រៀតគ្នានៅជុំវិញតួន ហើយគេប៉ះតួនទាំងអស់គ្នា»។ 46ប៉ុន្តែ អ៊ីសាប្រាប់ថា៖ «មានម្នាក់ពិតជាបានពាល់ខ្ញុំ ព្រោះខ្ញុំដឹងថាមានអំណាចមួយចេញពីខ្លួនខ្ញុំទៅ»។ 47ស្ដ្រីនោះមកក្រាបដល់ជើងអ៊ីសា ទាំងញ័ររន្ធត់ ព្រោះដឹងថាខ្លួនលាក់រឿងនេះមិនជិត។ នាងជម្រាបអ៊ីសានៅចំពោះមុខប្រជាជនទាំងមូល អំពីហេតុដែលនាំឲ្យនាងពាល់អ៊ីសា ហើយនាងបានជាពីជំងឺភ្លាម។ 48អ៊ីសាប្រាប់ទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅដោយសុខសាន្ដចុះ»។
49កាលអ៊ីសាកំពុងតែមានប្រសាសន៍នៅឡើយ មានបុរសម្នាក់មកពីផ្ទះលោកយ៉ៃរូស ជម្រាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ សូមកុំរំខានតួនធ្វើអ្វីទៀត!»។ 50អ៊ីសាឮពាក្យបុរសនោះគាត់មានប្រសាសន៍ទៅលោកយ៉ៃរូសថា៖ «កុំខ្លាចអី ឲ្យតែលោកជឿ កូនលោកនឹងបានរួចជីវិតពុំខាន»។ 51លុះអ៊ីសាទៅដល់ផ្ទះហើយ អ៊ីសាមិនអនុញ្ញាតឲ្យអ្នកណាចូលជាមួយឡើយ លើកលែងតែពេត្រុស យ៉ូហាន យ៉ាកកូប និងឪពុកម្ដាយក្មេងស្រីនោះប៉ុណ្ណោះ។ 52អ្នកដែលនៅទីនោះយំសោកអាណិតក្មេងនោះគ្រប់ៗគ្នា តែអ៊ីសាមានប្រសាសន៍ថា៖ «កុំយំអី នាងមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។ 53គេចំអកដាក់អ៊ីសា ដ្បិតគេដឹងច្បាស់ថានាងបានស្លាប់ពិតមែន។ 54អ៊ីសាចាប់ដៃក្មេងស្រីនោះ ហើយបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «នាងអើយ! ក្រោកឡើង»។ 55រំពេចនោះ ព្រលឹងនាងក៏ត្រឡប់មកវិញ ហើយនាងក្រោកឡើងភ្លាម។ អ៊ីសាសុំឲ្យគេយកចំណីអាហារមកឲ្យនាងបរិភោគ។ 56ឪពុកម្ដាយរបស់នាងងឿងឆ្ងល់ក្រៃលែង តែអ៊ីសាហាមគេមិនឲ្យប្រាប់នរណាដឹងរឿងនេះឡើយ។
ទើបបានជ្រើសរើសហើយ៖
លូកា 8: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.