លូកា 13

13
ត្រូវ​កែ​ប្រែ​ចិត្ដ​គំនិត
1ពេល​នោះ មាន​អ្នក​ខ្លះ​មក​ជម្រាប​អ៊ីសា អំពី​អ្នក​ស្រុក​កាលី‌ឡេ ដែល​លោក​ពីឡាត​បាន​សម្លាប់ នៅ​ពេល​គេ​កំពុង​តែ​ធ្វើ​គូរបាន។ 2អ៊ីសា​សួរ​ទៅ​គេ​វិញ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្មាន​ថា​អ្នក​ស្រុក​កាលី‌ឡេ​ទាំង​នោះ​ជា​មនុស្ស​បាប ច្រើន​ជាង​អ្នក​ស្រុក​កាលី‌ឡេ​ឯ​ទៀត​ៗ​ឬ​បាន​ជា​គេ​ស្លាប់​របៀប​នេះ? 3ទេ មិន​មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ​ប្រែ​ចិត្ដ​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្ដរាយ​ដូច​គេ​មិន​ខាន។ 4ចុះ​មនុស្ស​ដប់​ប្រាំ​បី​នាក់​ដែល​បាន​ស្លាប់ ដោយ​ប៉ម​ស៊ីឡោម​រលំ​សង្កត់​លើ តើ​អ្នក​រាល់​គ្នា​ស្មាន​ថា អ្នក​ទាំង​នោះ​មាន​ទោស​ធ្ងន់​ជាង​អ្នក​ក្រុង​យេរូ‌សាឡឹម​ឯ​ទៀត​ៗ​ឬ? 5ទេ មិន​មែន​ទេ! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បើ​អ្នក​រាល់​គ្នា​មិន​កែ​ប្រែ​ចិត្ដ​គំនិត​ទេ អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​អន្ដរាយ​ដូច្នោះ​ដែរ»។
ប្រស្នា​ស្ដី​អំពី​ឧទុម្ពរ​គ្មាន​ផ្លែ
6បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ជា​ប្រស្នា​នេះ​ទៅ​គេ​ថា៖ «មាន​ឧទុម្ពរ​មួយ​ដើម​ដុះ​ក្នុង​ចំការ​បុរស​ម្នាក់។ ម្ចាស់​ចំការ​មក​រក​បេះ​ផ្លែ​ពី​ដើម​ឧទុម្ពរ​នោះ តែ​គ្មាន​ផ្លែ​សោះ 7គាត់​ក៏​ប្រាប់​អ្នក​ថែ​ចំការ​ថា៖ «មើល៍ ខ្ញុំ​មក​រក​បេះ​ផ្លែ​ឧទុម្ពរ​នេះ​បី​ឆ្នាំ​ហើយ តែ​មិន​ឃើញ​មាន​ផ្លែ​សោះ។ ចូរ​កាប់​វា​ចោល​ទៅ ទុក​នាំ​តែ​ខាត​ដី​ទេ!»។ 8អ្នក​ថែ​ចំការ​ឆ្លើយ​តប​ថា៖ «សូម​លោក​ទុក​វា​មួយ​ឆ្នាំ​ទៀត​សិន ចាំ​ខ្ញុំ​ជ្រួយ​ដី​ជុំ‌វិញ​ហើយ​ដាក់​ជី។ 9ប្រហែល​ជា​ឆ្នាំ​ក្រោយ​នឹង​មាន​ផ្លែ បើ​មិន​ផ្លែ​ទេ សឹម​កាប់​វា​ចោល​ទៅ​ចុះ!»។
ណាពី​អ៊ីសា​ប្រោស​ស្ដ្រី​ពិការ​ម្នាក់​ឲ្យ​ជា
10ថ្ងៃ​មួយ ជា​ថ្ងៃ​ជំអាត់ អ៊ីសា​កំពុង​តែ​ប្រៀន‌ប្រដៅ​គេ​ក្នុង​សាលា​ប្រជុំ។ 11នៅ​ទី​នោះ មាន​ស្ដ្រី​ម្នាក់​ដែល​ត្រូវ​អ៊ីព្លេស​ធ្វើ​ឲ្យ​ពិការ អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ នាង​កោង​ខ្នង​ងើប​ត្រង់​ពុំ​កើត។ 12ពេល​អ៊ីសា​ឃើញ​ស្ដ្រី​នោះ គាត់​ហៅ​នាង​មក ហើយ​មាន​ប្រសាសន៍​ថា៖ «នាង​អើយ! នាង​បាន​ជា​សះ‌ស្បើយ​ហើយ»។ 13អ៊ីសា​ដាក់​ដៃ​លើ​នាង នាង​ក៏​ឈរ​ត្រង់​វិញ​បាន​មួយ​រំពេច ព្រម​ទាំង​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ​ផង។ 14ប៉ុន្តែ អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​ទាស់​ចិត្ដ​ណាស់ ដោយ​ឃើញ​អ៊ីសា​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​នៅ​ថ្ងៃ​ជំអាត់​ដូច្នេះ។ គាត់​ក៏​និយាយ​ទៅ​កាន់​បណ្ដា‌ជន​ថា៖ «យើង​មាន​សិទ្ធិ​ធ្វើ​ការ​បាន​ចំនួន​ប្រាំ​មួយ​ថ្ងៃ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​មក​រក​ព្យាបាល​ខ្លួន​ក្នុង​ថ្ងៃ​ទាំង​នោះ​ចុះ កុំ​មក​ថ្ងៃ​ជំអាត់​ឡើយ!»។ 15អ៊ីសា‌ជាអម្ចាស់​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ​នោះ​ថា៖ «មនុស្ស​មាន​ពុត​អើយ! តើ​អ្នក​រាល់​គ្នា​មិន​ស្រាយ​គោ ឬ​លា បញ្ចេញ​ពី​ក្រោល ដឹក​ទៅ​ផឹក​ទឹក​នៅ​ថ្ងៃ​ជំអាត់​ទេ​ឬ​អី?។ 16ឯ​ស្ដ្រី​នេះ​ជា​ពូជ‌ពង្ស​របស់​អ៊ីព្រ‌ហ៊ីម អ៊ីព្លេស‌ហ្សៃតន​បាន​ចង​នាង​អស់​រយៈ​ពេល​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ តើ​មិន​គួរ​ឲ្យ​ខ្ញុំ​ស្រាយ​ចំណង​នាង​នៅ​ថ្ងៃ​ជំអាត់​ទេ​ឬ​អី?»។ 17កាល​អ៊ីសា​មាន​ប្រសាសន៍​ដូច្នោះ​ហើយ អ្នក​ប្រឆាំង​នឹង​អ៊ីសា​អៀន​ខ្មាស​យ៉ាង​ខ្លាំង រីឯ​បណ្ដា‌ជន​ទាំង​មូល​វិញ គេ​រីក‌រាយ​នឹង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន​ដែល​អ៊ីសា​បាន​ធ្វើ។
ប្រស្នា​ស្ដី​អំពី​គ្រាប់​ពូជ​ល្អិត និង​មេ​ម្សៅ
18អ៊ីសា​សួរ​ថា៖ «តើ​នគរ​អុលឡោះ​ប្រៀប​បាន​ទៅ​នឹង​អ្វី​ខ្លះ? តើ​ខ្ញុំ​ប្រដូច​នគរ​អុលឡោះ​ទៅ​នឹង​អ្វី?។ 19នគរ​អុលឡោះ​ប្រៀប​បី​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង​ដ៏​ល្អិត ដែល​បុរស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​ចំការ​របស់​គាត់។ គ្រាប់​នោះ​ក៏​ដុះ​ឡើង បាន​ទៅ​ជា​ដើម​ឈើ​មួយ ហើយ​បក្សា‌បក្សី​មក​ធ្វើ​សំបុក​ស្នាក់​អាស្រ័យ នៅ​តាម​មែក​របស់​វា»។ 20អ៊ីសា​មាន​ប្រសាសន៍​ទៀត​ថា៖ «តើ​ខ្ញុំ​ប្រដូច​នគរ​អុលឡោះ​ទៅ​នឹង​អ្វី?។ 21នគរ​អុលឡោះ​ប្រៀប​បី​ដូច​ជា​មេ​ម្សៅ ដែល​ស្ដ្រី​ម្នាក់​យក​ទៅ​លាយ​ជា​មួយ​នឹង​ម្សៅ​ពីរ​តៅ​ធ្វើ​ឲ្យ​ម្សៅ​នោះ​ដោរ​ឡើង»។
ទ្វារ​ចង្អៀត
22អ៊ីសា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម​កាត់​តាម​ក្រុង តាម​ភូមិ​នានា ព្រម​ទាំង​ប្រៀន‌ប្រដៅ​អ្នក​ស្រុក​ផង។ 23មាន​បុរស​ម្នាក់​សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! អ្នក​ដែល​អុលឡោះ​សង្គ្រោះ​មាន​ចំនួន​តិច​ទេ​ឬ?»។ អ៊ីសា​ប្រាប់​វិញ​ថា៖ 24«ចូរ​ខំ​ប្រឹង​ចូល​តាម​ទ្វារ​ចង្អៀត។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​មាន​មនុស្ស​ជា​ច្រើន​ខំ​ចូល​ដែរ ក៏​ប៉ុន្តែ​គេ​មិន​អាច​ចូល​បាន​ឡើយ។ 25កាល​ណា​ម្ចាស់​ផ្ទះ​ក្រោក​ទៅ​បិទ​ទ្វារ​ជិត​ហើយ អ្នក​រាល់​គ្នា​នឹង​ឈរ​នៅ​ខាង​ក្រៅ គោះ​ទ្វារ​ផ្ទះ​ទាំង​អង្វរ​ថា “ឱ​លោក​អើយ សូម​បើក​ទ្វារ​ឲ្យ​យើង​ខ្ញុំ​ផង”។ ម្ចាស់​ផ្ទះ​នឹង​តប​មក​អ្នក​រាល់​គ្នា​ថា “យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ!”។ 26លោក​រាល់​គ្នា​មុខ​ជា​ជម្រាប​គាត់​ថា “យើង​ខ្ញុំ​ធ្លាប់​បរិភោគ​ជា​មួយ​លោក ហើយ​លោក​ក៏​ធ្លាប់​ប្រៀន‌ប្រដៅ​យើង​ខ្ញុំ​នៅ​តាម​ភូមិ​ដែរ”។ 27ម្ចាស់​ផ្ទះ​នឹង​ប្រាប់​អ្នក​រាល់​គ្នា​វិញ​ថា “ពួក​អ្នក​ប្រព្រឹត្ដ​អំពើ​ទុច្ចរិត​អើយ! ចូរ​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​យើង​ទៅ យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ!”។ 28កាល​អ្នក​រាល់​គ្នា​ឃើញ​អ៊ីព្រ‌ហ៊ីម អ៊ីសា‌ហាក់ យ៉ាកកូប និង​ណាព​ទាំង‌ឡាយ ស្ថិត​នៅ​ក្នុង​នគរ​អុលឡោះ តែ​ទ្រង់​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​ខាង​ក្រៅ អ្នក​រាល់​គ្នា​នឹង​យំ​សោក​ខឹង​សង្កៀត​ធ្មេញ។ 29មាន​មនុស្ស​មក​ពី​ទិស​ទាំង​បួន ចូល​រួម​ពិធី​ជប់‌លៀង​ក្នុង​នគរ​អុលឡោះ។ 30ពេល​នោះ អ្នក​ខ្លះ​ដែល​នៅ​ខាង​ក្រោយ​នឹង​ត្រឡប់​ទៅ​នៅ​ខាង​មុខ រីឯ​អ្នក​ខ្លះ​ដែល​នៅ​ខាង​មុខ នឹង​ត្រឡប់​ទៅ​នៅ​ខាង​ក្រោយ​វិញ»។
អ្នក​ក្រុង​យេរូ‌សាឡឹម​បដិសេធ​មិន​ទទួល​ណាពី​អ៊ីសា
31នៅ​ពេល​នោះ មាន​ពួក​ខាង​គណៈ‌ផារីស៊​ខ្លះ​មក​ជម្រាប​អ៊ីសា​ថា៖ «សូម​អ្នក​អញ្ជើញ​ទៅ​កន្លែង​ផ្សេង​ទៅ ព្រោះ​ស្ដេច​ហេរ៉ូដ​ចង់​សម្លាប់​អ្នក»។ 32អ៊ីសា​ឆ្លើយ​វិញ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​ស្ដេច​កំហូច នោះ​ថា ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ខ្ញុំ​បណ្ដេញ​អ៊ីព្លេស ខ្ញុំ​មើល​អ្នក​ជំងឺ​ឲ្យ​ជា លុះ​ដល់​ខាន​ស្អែក ខ្ញុំ​នឹង​បញ្ចប់​កិច្ចការ​របស់​ខ្ញុំ។ 33ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ស្អែក និង​ខាន​ស្អែក ខ្ញុំ​ត្រូវ​តែ​បន្ដ​ដំណើរ​របស់​ខ្ញុំ​ទៅ​មុខ​ទៀត ដ្បិត​មិន​គួរ​ឲ្យ​ណាព​ស្លាប់​នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡឹម​ឡើយ។
34អ្នក​ក្រុង​យេរូ‌សាឡឹម អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ! អ្នក​រាល់​គ្នា​បាន​សម្លាប់​ពួក​ណាពី ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​អស់​អ្នក​ដែល​អុលឡោះ​បាន​ចាត់​ឲ្យ​មក​រក​អ្នក​រាល់​គ្នា។ ច្រើន​លើក​ច្រើន​សា​មក​ហើយ ដែល​ខ្ញុំ​ចង់​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ដូច​មេ​មាន់​ក្រុង​កូន​វា​នៅ​ក្រោម​ស្លាប តែ​អ្នក​រាល់​គ្នា​ពុំ​ព្រម​សោះ។ 35ផ្ទះ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បោះ​បង់​ចោល។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ពោល​ថាៈ
“សូម​អុលឡោះ​ប្រទាន​ពរ​ដល់
គាត់​ដែល​មក ក្នុង​នាម​អុលឡោះ‌ជាអម្ចាស់!”»។

ទើបបានជ្រើសរើសហើយ៖

លូកា 13: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល