លូកា 12

12
ណាពី​អ៊ីសា​ទូន្មាន​សិស្ស​កុំ​ឲ្យ​ភ័យ​បារម្ភ
1ខណៈ​នោះ មាន​មហា‌ជន​រាប់​ម៉ឺន​នាក់​ជួប‌ជុំ​គ្នា​ណែន‌ណាន់​តាន់‌តាប់ ស្ទើរ​តែ​ដើរ​ជាន់​គ្នា។ មុន​ដំបូង អ៊ីសា​មាន​ប្រសាសន៍​ទៅ​សិស្ស​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​មេ​ម្សៅ​របស់​ពួក​ខាង​គណៈ‌ផារីស៊ី គឺ​ពុត‌ត្បុត​របស់​គេ។ 2ការ​លាក់​កំបាំង​ទាំង​អស់​នឹង​ត្រូវ​លាត​ត្រដាង​ឲ្យ​គេ​ឃើញ ហើយ​អាថ៌‌កំបាំង​ទាំង​ប៉ុន្មាន ក៏​នឹង​ត្រូវ​បើក​ឲ្យ​គេ​ដឹង​ដែរ។ 3ហេតុ​នេះ​ហើយ​បាន​ជា​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​និយាយ​ក្នុង​ទី‌ងងឹត មុខ​ជា​គេ​ឮ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ខ្សឹប​ដាក់​ត្រចៀក​នរណា​ម្នាក់​នៅ​ក្នុង​បន្ទប់ មុខ​ជា​ត្រូវ​អ្នក​ដទៃ​យក​ទៅ​ប្រកាស​យ៉ាង​ខ្លាំង​នៅ​លើ​ដំបូល​ផ្ទះ​មិន​ខាន។
4ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា ជា​មិត្ដ​សម្លាញ់​របស់​ខ្ញុំ​ថា ចូរ​កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ ហើយ​មិន​អាច​ធ្វើ​អ្វី​ដល់​អ្នក​រាល់​គ្នា​ថែម​ទៀត​នោះ​ឡើយ។ 5ខ្ញុំ​សុំ​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច​នរណា គឺ​ត្រូវ​ខ្លាច​អុលឡោះ ដ្បិត​ទ្រង់​មាន​អំណាច​ផ្ដាច់​ជីវិត ហើយ​បោះ​ទៅ​ក្នុង​ភ្លើង​នរ៉កា​ថែម​ទៀត​ផង។ មែន! ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គឺ​អុលឡោះ​នេះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ខ្លាច។ 6ធម្មតា​គេ​លក់​ចាប​ប្រាំ​ថ្លៃ​ពីរ​សេន ទោះ​បី​ថោក​យ៉ាង​នេះ​ក៏​ដោយ ក៏​អុលឡោះ​ឥត​ភ្លេច​ចាប​ណា​មួយ​សោះ​ឡើយ។ 7សូម្បី​តែ​សក់​នៅ​លើ​ក្បាល​របស់​អ្នក​រាល់​គ្នា ក៏​អុលឡោះ​រាប់​អស់​ដែរ។ ដូច្នេះ កុំ​ខ្លាច​អ្វី​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​លើស​ចាប​ជា​ច្រើន​ទៅ​ទៀត។ 8ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក បុត្រា​មនុស្ស​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ដែរ។ 9រីឯ​អ្នក​ណា​បដិសេធ​មិន​ទទួល​ស្គាល់​ខ្ញុំ​នៅ​ចំពោះ​មុខ​មនុស្ស​លោក បុត្រា​មនុស្ស​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​ដែរ។ 10អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​បុត្រា​មនុស្ស អុលឡោះ​នឹង​លើក‌លែង​ទោស​ឲ្យ​បាន ប៉ុន្តែ​អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​រស‌អុលឡោះ​ដ៏‌វិសុទ្ធ ទ្រង់​មិន​លើក‌លែង​ទោស​ឲ្យ​ឡើយ។ 11កាល​ណា​គេ​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​វិនិច្ឆ័យ​ទោស ក្នុង​សាលា​ប្រជុំ ឬ​នៅ​មុខ​ចៅ‌ក្រម និង​អ្នក​កាន់​អំណាច មិន​ត្រូវ​ភ័យ​បារម្ភ​អំពី​របៀប​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ឆ្លើយ​ការ‌ពារ​ខ្លួន ឬ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​និយាយ​នោះ​ឡើយ 12ដ្បិត​រស‌អុលឡោះ​ដ៏‌វិសុទ្ធ​នឹង​បំភ្លឺ​អ្នក​រាល់​គ្នា ឲ្យ​ដឹង​សេចក្ដី​ដែល​ត្រូវ​និយាយ នៅ​ពេល​នោះ​ឯង»។
ប្រស្នា​អំពី​អ្នក​មាន​ដ៏​ឆោត​ល្ងង់​ម្នាក់
13ក្នុង​ចំណោម​បណ្ដា‌ជន មាន​បុរស​ម្នាក់​ជម្រាប​អ៊ីសា​ថា៖ «តួន! សូម​តួន​ប្រាប់​បង​ខ្ញុំ​ឲ្យ​យក​កេរ‌មត៌ក​មក​ចែក​ខ្ញុំ​ផង»។ 14អ៊ីសា​មាន​ប្រសាសន៍​ទៅ​បុរស​នោះ​ថា៖ «តើ​នរណា​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅ‌ក្រម​ចែក​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​រាល់​គ្នា?»។ 15បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ទៅ​បណ្ដា‌ជន​ថា៖ «ចូរ​ប្រយ័ត្ន កុំ​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ​ឲ្យ​សោះ។ ទោះ​បី​មនុស្ស​មាន​សម្បត្តិ​បរិបូណ៌​យ៉ាង​ណា​ក៏​ដោយ ក៏​ជីវិត​គេ​មិន​អាស្រ័យ​នៅ​លើ​ទ្រព្យ‌សម្បត្តិ​ឡើយ»។ 16អ៊ីសា​មាន​ប្រសាសន៍​ជា​ពាក្យ​ប្រស្នា​ទៅ​គេ​ថា៖ «មាន​បុរស​ម្នាក់​ជា​សេដ្ឋី ដី​ធ្លី​របស់​គាត់​បាន​ផ្ដល់​ភោគ​ផល​យ៉ាង​បរិបូណ៌។ 17គាត់​រិះ‌គិត​ក្នុង​ចិត្ដ​ថា “ខ្ញុំ​គ្មាន​កន្លែង​ដាក់​ភោគ​ផល​ទាំង​អស់​របស់​ខ្ញុំ​ទេ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច?”។ 18គាត់​គិត​ទៀត​ថា “ខ្ញុំ​ត្រូវ​តែ​ធ្វើ​យ៉ាង​នេះ គឺ​រុះ​ជង្រុក​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ​ចោល ហើយ​សង់​ជង្រុក​ឲ្យ​ធំ​ៗ​ជាង រួច​ខ្ញុំ​ប្រមូល​ស្រូវ ព្រម​ទាំង​ភោគ​ផល​ទាំង​អស់​មក​ដាក់​ក្នុង​ជង្រុក​ថ្មី​នោះ។ 19បន្ទាប់​មក ខ្ញុំ​នឹង​និយាយ​ប្រាប់​ខ្លួន​ខ្ញុំ​ថា ឱ​ខ្ញុំ​អើយ! មាន​សម្បត្តិ​យ៉ាង​ច្រើន​បរិបូណ៌ បម្រុង​ទុក​ចិញ្ចឹម​ជីវិត​សម្រាប់​ច្រើន​ឆ្នាំ ខ្ញុំ​ត្រូវ​សម្រាក គិត​តែ​ស៊ី​ផឹក​សប្បាយ​ទៅ!”។ 20ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​ទៅ​កាន់​សេដ្ឋី​នោះ​ថាៈ“នែ៎ មនុស្ស​ឆោត​ល្ងង់​អើយ! យប់​នេះ​យើង​នឹង​ផ្ដាច់​ជីវិត​អ្នក​ហើយ ដូច្នេះ ទ្រព្យ‌សម្បត្តិ​ដែល​អ្នក​បាន​ប្រមូល​ទុក​សម្រាប់​ខ្លួន​អ្នក នឹង​បាន​ទៅ​ជា​របស់​នរណា​វិញ?”។ 21អ្នក​ណា​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទុក​សម្រាប់​តែ​ខ្លួន​ឯង ហើយ​មិន​ព្រម​ជូន​អ្វី​ដល់​អុលឡោះ អ្នក​នោះ​ប្រៀប​បី​ដូច​ជា​សេដ្ឋី​នោះ​ដែរ»។
ត្រូវ​ពឹង​ផ្អែក​លើ​អុលឡោះ និង​ស្វែង​រក​សម្បត្តិ​សូរ៉កា
22អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​សិស្ស​ថា៖ «ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា កុំ​ឲ្យ​ខ្វល់​ខ្វាយ​អំពី​ម្ហូប​អាហារ សម្រាប់​ចិញ្ចឹម​ជីវិត ឬ​អំពី​សម្លៀក‌បំពាក់ សម្រាប់​បិទ‌បាំង​រូប​កាយ​ឡើយ 23ដ្បិត​ជីវិត​មាន​តម្លៃ​លើស​ម្ហូប​អាហារ ហើយ​រូប​កាយ​មាន​តម្លៃ​លើស​សម្លៀក‌បំពាក់​ទៅ​ទៀត។ 24ចូរ​មើល​ក្អែក​វា​មិន​ដែល​សាប​ព្រោះ មិន​ដែល​ច្រូត​កាត់ គ្មាន​ឃ្លាំង​គ្មាន​ជង្រុក​សោះ ប៉ុន្តែ អុលឡោះ​ចិញ្ចឹម​វា រីឯ​អ្នក​រាល់​គ្នា​វិញ មាន​តម្លៃ​លើស​បក្សា‌បក្សី​ច្រើន​ណាស់។ 25ក្នុង​ចំណោម​អ្នក​រាល់​គ្នា ទោះ​បី​ខំ​ខ្វល់​ខ្វាយ​យ៉ាង​ណា​ក៏​ដោយ ក៏​គ្មាន​នរណា​អាច​នឹង​បង្កើន​អាយុ​របស់​ខ្លួន​ឲ្យ​វែង​បាន​ឡើយ សូម្បី​តែ​បន្ដិច​ក៏​មិន​បាន​ដែរ។ 26ដូច្នេះ បើ​អ្នក​រាល់​គ្នា​ពុំ​អាច​សម្រេច​ការ​ដ៏​តូច​បំផុត​នេះ​បាន​ផង ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ខ្វល់​ខ្វាយ​អំពី​រឿង​ផ្សេង​ៗ​ទៀត។ 27ចូរ​គិត​មើល ផ្កា​ដុះ​ឡើង​យ៉ាង​ណា​វា​មិន​ដែល​នឿយ‌ហត់​នឹង​ធ្វើ​ការ ឬ​ត្បាញ​រវៃ​ឡើយ។ ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា សូម្បី​តែ​ស្តេច​ស៊ូឡៃ‌ម៉ាន​កាល​ពី​ជំនាន់​ដែល​គាត់​មាន​សិរី‌រុង‌រឿង​ដ៏​ប្រសើរ​បំផុត​នោះ ក៏​គាត់​គ្មាន​សំលៀក‌បំពាក់​ល្អ​ស្មើ​នឹង​ផ្កា​មួយ​ទង​នេះ​ផង។ 28មនុស្ស​មាន​ជំនឿ​តិច​អើយ! ប្រសិន​បើ​អុលឡោះ​ផ្ដល់​សម្រស់​ឲ្យ​ផ្កា ដែល​រីក​នៅ​តាម​វាល​ថ្ងៃ​នេះ ហើយ​ស្អែក​ត្រូវ​គេ​ដុត​ចោល​យ៉ាង​ហ្នឹង​ទៅ​ហើយ តើ​អុលឡោះ​នឹង​ទំនុក​បម្រុង​អ្នក​រាល់​គ្នា​លើស​នេះ​យ៉ាង​ណា​ទៅ​ទៀត? 29ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​កុំ​គិត​តែ​ពី​ស្វែង​រក​គ្រឿង​បរិភោគ​នោះ​ឡើយ 30ដ្បិត​មាន​តែ​សាសន៍​ដទៃ​ប៉ុណ្ណោះ ដែល​ខំ​ស្វះ‌ស្វែង​រក​របស់​ទាំង​នោះ។ រីឯ​អ្នក​រាល់​គ្នា​វិញ អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា ទ្រង់​ជ្រាប​នូវ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ការ។ 31ចូរ​ខំ​ស្វែង​រក​នគរ​របស់​អុលឡោះ​វិញ ទើប​ទ្រង់​ប្រទាន​របស់​ទាំង​នោះ​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង»។
32«កុំ​ខ្លាច​អី ក្រុម​ដ៏​តូច​របស់​ខ្ញុំ​អើយ! អុលឡោះ​ជា​បិតា​របស់​អ្នក​រាល់​គ្នា គាប់​ចិត្ត​ប្រទាន​នគរ​មក​ឲ្យ​អ្នក​រាល់​គ្នា​ហើយ។ 33ចូរ​លក់​ទ្រព្យ‌សម្បត្តិ​របស់​អ្នក​រាល់​គ្នា យក​ប្រាក់​ចែក​ជា​ទាន​ដល់​ជន​ក្រីក្រ​ចុះ។ ចូរ​ប្រមូល​ទ្រព្យ​ដែល​មិន​ចេះ​ពុក ជា​សម្បត្តិ​ដែល​មិន​ចេះ​រលាយ ទុក​សម្រាប់​ខ្លួន​នៅ​សូរ៉ក ជា​កន្លែង​ដែល​គ្មាន​ចោរ​ប្លន់ ឬ​កណ្ដៀរ​ស៊ី​ឡើយ។ 34ទ្រព្យ‌សម្បត្តិ​របស់​អ្នក​រាល់​គ្នា​នៅ​កន្លែង​ណា ចិត្ដ​របស់​អ្នក​រាល់​គ្នា​ក៏​នៅ​កន្លែង​នោះ​ដែរ»។
ការ​ប្រុង​ប្រៀប​ខ្លួន
35«ចូរ​ប្រុង​ប្រៀប​ខ្លួន ហើយ​ទុក​ឲ្យ​ចង្កៀង​របស់​អ្នក​រាល់​គ្នា​នៅ​ឆេះ។ 36ចូរ​ប្រព្រឹត្ដ​ឲ្យ​បាន​ដូច​ពួក​អ្នក​បម្រើ ដែល​រង់‌ចាំ​ម្ចាស់​វិល​ត្រឡប់​មក​ពី​ជប់‌លៀង​វិញ គឺ​នៅ​ពេល​មក​ដល់​លោក​គោះ​ទ្វារ អ្នក​បម្រើ​ទៅ​បើក​ជូន​ភ្លាម។ 37ពេល​ម្ចាស់​ត្រឡប់​មក​ដល់ ឃើញ​អ្នក​បម្រើ​ណា​នៅ​រង់‌ចាំ អ្នក​បម្រើ​នោះ​មាន​សុភ‌មង្គល​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ម្ចាស់​នឹង​ឲ្យ​អ្នក​បម្រើ​អង្គុយ​បរិភោគ ហើយ​រៀប‌ចំ​ខ្លួន​បម្រើ​គេ​វិញ។ 38បើ​គាត់​វិល​មក​វិញ​នៅ​ពាក់​កណ្ដាល​អធ្រាត្រ ឬ​ជិត​ភ្លឺ ហើយ​ឃើញ​អ្នក​បម្រើ​ទាំង​នោះ​នៅ​រង់‌ចាំ​ដូច្នេះ ពួក​គេ​ប្រាកដ​ជា​មាន​សុភ‌មង្គល។ 39អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា បើ​ម្ចាស់​ផ្ទះ​ដឹង​ចោរ​ចូល​មក​ប្លន់​ថ្មើរ​ណា គាត់​នឹង​មិន​បណ្ដោយ​ឲ្យ​វា​ចូល​មក​ក្នុង​ផ្ទះ​គាត់​បាន​ឡើយ។ 40រីឯ​អ្នក​រាល់​គ្នា​វិញ ចូរ​ត្រៀម​ខ្លួន​ជា‌និច្ច ដ្បិត​បុត្រា​មនុស្ស​នឹង​មក​ដល់ នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​ពុំ​បាន​គិត»។
ប្រស្នា​អំពី​អ្នក​បម្រើ​ស្មោះ​ត្រង់ និង​អ្នក​បម្រើ​មិន​ស្មោះ​ត្រង់
41ពេត្រុស​សួរ​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! តើ​លោក​ម្ចាស់​មាន​ប្រសាសន៍​ជា​ពាក្យ​ប្រស្នា​នេះ សម្រាប់​ប្រៀន‌ប្រដៅ​យើង​ខ្ញុំ​តែ​ប៉ុណ្ណោះ ឬ​មួយ​សម្រាប់​ប្រៀន‌ប្រដៅ​មនុស្ស​គ្រប់​ៗ​គ្នា​ដែរ?»។ 42អ៊ីសា‌ជាអម្ចាស់​ឆ្លើយ​ថា៖ «បើ​អ្នក​បម្រើ​ណា​មាន​ចិត្ដ​ស្មោះ​ត្រង់ ហើយ​ប៉ិន‌ប្រសប់ ម្ចាស់​មុខ​ជា​ផ្ទុក​ផ្ដាក់​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​អ្នក​បម្រើ​ឯ​ទៀត​ៗ ក្នុង​ការ​ចែក​ម្ហូប​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់​ជា​មិន​ខាន។ 43ពេល​ម្ចាស់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ឃើញ​អ្នក​បម្រើ​កំពុង​បំពេញ​កិច្ចការ​របស់​ខ្លួន​ដូច្នេះ អ្នក​បម្រើ​នោះ​ប្រាកដ​ជា​មាន​សុភ‌មង្គល។ 44ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា ម្ចាស់​មុខ​ជា​ផ្ទុក​ផ្ដាក់​ឲ្យ​គាត់​មើល​ខុស​ត្រូវ​លើ​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​លោក​ថែម​ទៀត​ផង។ 45ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​បម្រើ​នឹក​ក្នុង​ចិត្ដ​ថា “ម្ចាស់​អញ​ក្រ​មក​ដល់​ណាស់”គាត់​ក៏​វាយ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រីឯ​ទៀត​ៗ ហើយ​ស៊ី​ផឹក​ស្រវឹង។ 46ពេល​ម្ចាស់​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ នៅ​ថ្ងៃ​ដែល​អ្នក​បម្រើ​នោះ​មិន​បាន​រង់‌ចាំ ឬ​នៅ​ពេល​ដែល​គាត់​មិន​ដឹង ម្ចាស់​នឹង​ធ្វើ​ទោស​គាត់​ជា​ទម្ងន់ ហើយ​ឲ្យ​គាត់​ទទួល​ទោស​រួម​ជា​មួយ​ពួក​អ្នក​មិន​ជឿ​ដែរ។
47អ្នក​បម្រើ​ណា​ស្គាល់​ចិត្ដ​ម្ចាស់ តែ​មិន​បាន​ត្រៀម​ខ្លួន ហើយ​មិន​ធ្វើ​តាម​ចិត្ដ​ម្ចាស់ អ្នក​បម្រើ​នោះ​នឹង​ត្រូវ​រំពាត់​យ៉ាង​ច្រើន។ 48ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ណា​មិន​ស្គាល់​ចិត្ដ​ម្ចាស់​របស់​ខ្លួន ហើយ​ប្រព្រឹត្ដ​ខុស​ឆ្គង​សម​នឹង​ទទួល​ទោស អ្នក​បម្រើ​នោះ​នឹង​ត្រូវ​រំពាត់​តែ​បន្ដិច​ទេ។ បើ​គេ​ឲ្យ​អ្វី​ច្រើន​ទៅ​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​ច្រើន​ដែរ។ បើ​គេ​ផ្ទុក‌ផ្ដាក់​កិច្ចការ​ច្រើន​ដល់​អ្នក​ណា គេ​នឹង​ទារ​ពី​អ្នក​នោះ​វិញ​រឹង‌រឹត​តែ​ច្រើន​ថែម​ទៀត»។
ការ​បាក់​បែក​គ្នា​ព្រោះ​ជំនឿ
49«ខ្ញុំ​មក ដើម្បី​នាំ​ភ្លើង​មក​ផែន‌ដី។ ប្រសិន​បើ​ភ្លើង​នោះ​ឆេះ ខ្ញុំ​ស្ងប់​ចិត្ដ​ហើយ។ 50ខ្ញុំ​ត្រូវ​ទទួល​ពិធី​ជ្រមុជ​ម្យ៉ាង។ ខ្ញុំ​តាន‌តឹង​ក្នុង​ចិត្ដ​ក្រៃ‌លែង ចង់​តែ​ឲ្យ​ពិធី​នោះ​បាន​សម្រេច​ឆាប់​ៗ។ 51កុំ​នឹក​ស្មាន​ថា ខ្ញុំ​មក​ដើម្បី​ផ្ដល់​សន្ដិ‌ភាព​ឲ្យ​ផែន‌ដី​នេះ​ឡើយ គឺ​ខ្ញុំ​បាន​នាំ​ការ​បាក់​បែក​មក​ទេ​តើ។ 52ចាប់​ពី​ពេល​នេះ​ត​ទៅ​ឧបមា​ថា ក្នុង​ផ្ទះ​មួយ​មាន​គ្នា​ប្រាំ​នាក់ អ្នក​ទាំង​ប្រាំ​នឹង​ត្រូវ​បាក់​បែក​គ្នា គឺ​បី​នាក់​បែក​ចេញ​ពី​ពីរ​នាក់ ពីរ​នាក់​បែក​ចេញ​ពី​បី​នាក់ 53ឪពុក​នឹង​បែក​ចេញ​ពី​កូន​ប្រុស កូន​ប្រុស​បែក​ចេញ​ពី​ឪពុក ម្ដាយ​បែក​ចេញ​ពី​កូន​ស្រី កូន​ស្រី​បែក​ចេញ​ពី​ម្ដាយ ម្ដាយ‌ក្មេក​បែក​ចេញ​ពី​កូន​ប្រសា​ស្រី កូន​ប្រសា​ស្រី​បែក​ចេញ​ពី​ម្ដាយ‌ក្មេក»។
ត្រូវ​យល់​ហេតុ‌ការណ៍​ផ្សេង​ៗ
54អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​មហា‌ជន​ទៀត​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ពពក​រសាត់​ពី​ទិស​ខាង​លិច​មក អ្នក​រាល់​គ្នា​ពោល​ភ្លាម​ថា ជិត​ភ្លៀង​ហើយ ហើយ​ក៏​ភ្លៀង​មែន។ 55កាល​ណា​មាន​ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង អ្នក​រាល់​គ្នា​ថា​មុខ​ជា​ក្ដៅ​ហើយ ហើយ​ក៏​ក្ដៅ​មែន។ 56មនុស្ស​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ចេះ​យល់​ហេតុ‌ការណ៍​ផ្សេង​ៗ​នៅ​លើ​ផែន‌ដី និង​នៅ​លើ​មេឃ​បាន ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ពុំ​យល់​ហេតុ‌ការណ៍ នា​សម័យ​បច្ចុប្បន្ន​នេះ​ផង?»។
ត្រូវ​សំរុះ‌សំរួល​រឿង‌រ៉ាវ មុន​ថ្ងៃ​អុលឡោះ​វិនិច្ឆ័យ​ទោស
57«ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ពិចារណា​ដោយ​ខ្លួន​ឯង នូវ​អំពើ​សុចរិត​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ដ? 58ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​ទៅ​តុលា​ការ​ជា​មួយ​គូ‌វិវាទ នៅ​តាម​ផ្លូវ​អ្នក​ត្រូវ​ខំ​សំរុះ‌សំរួល​ជា​មួយ​អ្នក​នោះ​ឲ្យ​ហើយ​ទៅ ក្រែង​លោ​គេ​បញ្ជូន​អ្នក​ទៅ​ដល់​ចៅ‌ក្រម ចៅ‌ក្រម​បញ្ជូន​អ្នក​ទៅ​នគរ‌បាល ហើយ​នគរ‌បាល​យក​អ្នក​ទៅ​ដាក់​គុក។ 59ខ្ញុំ​សុំ​ប្រាប់​អ្នក​ថា ដរាប​ណា​អ្នក​មិន​បាន​បង់​ប្រាក់​ពិន័យ​គ្រប់​ចំនួន ឥត​ខ្វះ​មួយ​សេន​ទេ​នោះ អ្នក​នឹង​មិន​រួច​ខ្លួន​ឡើយ»។

ទើបបានជ្រើសរើសហើយ៖

លូកា 12: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល