សំណោក 2

2
អុលឡោះ​ដាក់​ទោស​ក្រុង​យេរូ‌សាឡឹម
1ម្ដេច​ក៏​អុលឡោះ​ខឹង​ខ្លាំង​ដូច្នេះ!
ទ្រង់​ធ្វើ​ឲ្យ​ពពក​អាប់‌អួរ
គ្រប​បាំង​លើ​ក្រុង​ស៊ីយ៉ូន
ទ្រង់​ធ្វើ​ឲ្យ​ភាព​ថ្កុំ‌ថ្កើង​របស់​អ៊ីស្រ‌អែល
ធ្លាក់​ពី​លើ​មេឃ​ចុះ​មក​ផែនដី!
នៅ​ថ្ងៃ​ទ្រង់​ខឹង
ទ្រង់​មិន​នឹក​ឃើញ​ថា ក្រុង​ស៊ីយ៉ូន​ជា
កំណល់​កល់​ជើង​របស់​ទ្រង់​ទេ។
2អុលឡោះ​បាន​កំទេច​ទី​លំ‌នៅ​ទាំង​ប៉ុន្មាន
របស់​យ៉ាកកូប ដោយ​ឥត​ត្រា​ប្រណី។
ក្នុង​ពេល​ទ្រង់​ខឹង
ទ្រង់​រំលំ​កំពែង​ក្រុង​របស់​ស្រុក​យូដា។
ទ្រង់​បាន​បន្ទាប​បន្ថោក​នគរ
និង​មេ​ដឹក​នាំ​របស់​នគរ​នេះ។
3ក្នុង​ពេល​ទ្រង់​ខឹង​យ៉ាង​ខ្លាំង
ទ្រង់​បាន​បំបាក់​កម្លាំង​របស់​អ៊ីស្រ‌អែល
ទ្រង់​លែង​ជួយ​ពួក​គេ
ឲ្យ​តទល់​នឹង​ខ្មាំង​សត្រូវ​ទៀត​ហើយ។
ទ្រង់​បាន​ធ្វើ​ឲ្យ​ភ្លើង​ឆាប‌ឆេះ​គ្រប់​ទិស‌ទី
នៅ​ក្នុង​ស្រុក​របស់​យ៉ាកកូប។
4ទ្រង់​យឹត​ធ្នូ​ដូច​គូ​សត្រូវ
ទ្រង់​លើក​ដៃ​ប្រហារ​ដូច​បច្ចា‌មិត្ត
ទ្រង់​កំទេច​អ្វីៗ​ទាំង​អស់​ដែល​មាន​តម្លៃ
សម្រាប់​យើង
ទ្រង់​ជះ​កំហឹង​មក​លើ​ក្រុង​ស៊ីយ៉ូន
ដូច​ភ្លើង​ឆេះ​រាល‌ដាល។
5អុលឡោះ​ធ្វើ​ដូច​ជា​ខ្មាំង​សត្រូវ
ទ្រង់​លេប​បំបាត់​អ៊ីស្រ‌អែល
ទ្រង់​លេប​បំបាត់​វិមាន
ទ្រង់​កំទេច​បន្ទាយ​ទាំង​ប៉ុន្មាន​របស់​ស្រុក​នេះ
ទ្រង់​ធ្វើ​ឲ្យ​ប្រជា‌ជន​យូដា​សោក​សង្រេង
និង​យំ​ថ្ងូរ​ឥត​មាន​ពេល​ល្ហែ។
6ទ្រង់​កំទេច​ស្រុក​ទាំង​មូល​ដែល​ជា​ចម្ការ
របស់​ទ្រង់
ទ្រង់​កំទេច​ដំណាក់
និង​ជំរំ​របស់​ទ្រង់។
អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន
លែង​នឹក​នា​ដល់​ពិធី​បុណ្យ និង​ថ្ងៃ​ឈប់​សម្រាក។
ដោយ‌សារ​កំហឹង​របស់​ទ្រង់
ទ្រង់​ធ្វើ​ឲ្យ​ស្ដេច
និង​អ៊ីមុាំ​ត្រូវ​អាម៉ាស់។
7 អុលឡោះ‌តាអាឡា​បោះ​បង់​ចោល​អាសនៈ​របស់​ទ្រង់
ទ្រង់​ស្អប់​ខ្ពើម​ទី‌សក្ការៈ​របស់​ទ្រង់
ទ្រង់​បណ្ដោយ​ខ្មាំង​សត្រូវ​រំលំ​កំពែង​ក្រុង
ពួក​គេ​នាំ​គ្នា​ស្រែក​ជយ‌ឃោស
នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា
ដូច​នៅ​ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​ធំ​មួយ។
8 អុលឡោះ‌តាអាឡា​សម្រេច​រំលំ​កំពែង​ក្រុង​ស៊ីយ៉ូន
ទ្រង់​វាស់​កំពែង​នេះ
ហើយ​ទ្រង់​មិន​ដក​ដៃ​មក​វិញ​ទេ
ដរាប​ណា​ទាល់​តែ​បំផ្លាញ​អស់​ជា​មុន​សិន
ទ្រង់​បាន​ធ្វើ​ឲ្យ​ប៉ម និង​កំពែង​ក្រុង
រំលំ​គរ​លើ​គ្នា។
9ទ្រង់​កំទេច​ទ្វារ​ក្រុង​ឲ្យ​ស្រុត
កប់​ទៅ​ក្នុង​ដី
ព្រម​ទាំង​បំបាក់​រនុក​ទៀត​ផង។
ស្ដេច និង​មន្ត្រី ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ
ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ
ហ៊ូកុំ​លែង​មាន​ទៀត​ហើយ
សូម្បី​តែ​ពួក​ណាពី​ក៏​លែង​និមិត្ត
ឃើញ​ការ​អស្ចារ្យ​ពីអុលឡោះ‌តាអាឡា​ទៀត​ដែរ។
10អះលី‌ជំអះ​របស់​ក្រុង​ស៊ីយ៉ូន
នាំ​គ្នា​អង្គុយ​ផ្ទាល់​នឹង​ដី និយាយ​ស្ដី​លែង​កើត
ពួក​គេ​រោយ​ធូលី​ដី​លើ​ក្បាល
ហើយ​ស្លៀក​បាវ​កាន់​ទុក្ខ។
ស្រី​ក្រមុំ​នៅ​ក្រុង​យេរូ‌សាឡឹម
នាំ​គ្នា​ដើរ​អោន​មុខ​យ៉ាង​អាម៉ាស់។
11ខ្ញុំ​យំ​ទាល់​តែ​ហើម​ភ្នែក
ចិត្ត​ខ្ញុំ​ខ្លោច‌ផ្សា ថ្លើម​ប្រមាត់​ខ្ញុំ​ក៏​ខ្ទេច‌ខ្ទាំ
ព្រោះ​តែ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។
កូន​ក្មេង និង​ទារក​ដេក​ដួល​នៅ​តាម​ផ្លូវ
ក្នុង​បុរី​នេះ។
12ពួក​វា​យំ​ទារ​អាហារ និង​ទឹក​ពី​ម្ដាយ
ពួក​វា​ដេក​ដួល​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង
ដូច​អ្នក​របួស
ហើយ​ផុត​ដង្ហើម​នៅ​លើ​ទ្រូង​ម្ដាយ។
13ក្រុង​ស៊ីយ៉ូន​អើយ
តើ​ខ្ញុំ​មាន​ពាក្យ​អ្វី​នឹង​ថ្លែង​ទៀត
នាង​ក្រមុំ​ស៊ីយ៉ូន​អើយ
តើ​ខ្ញុំ​អាច​យក​អ្វី​មក​ប្រៀប​ផ្ទឹម
ដើម្បី​សំរាល​ទុក្ខ​នាង​បាន?
ដ្បិត​មហន្ត‌រាយ​របស់​នាង​ធំ​ដូច​មហា‌សាគរ
តើ​នរណា​អាច​ព្យាបាល​នាង​បាន?
14ពួក​ណាពី​របស់​នាង​បាន​នាំ​សុបិន​និមិត្ត
ឥត​បាន​ការ និង​ឥត​ខ្លឹមសារ​មក​ប្រាប់​នាង
ពួក​គេ​ពុំ​បាន​បង្ហាញ​អំពើ​អាក្រក់​របស់​នាង
ដើម្បី​ស្ដារ​ស្រុក​របស់​នាង​ឡើង​វិញ​ឡើយ
ផ្ទុយ​ទៅ​វិញ ពួក​គេ​នាំ​តែ​សុបិន​និមិត្ត
ឥត​បាន​ការ​មក​បញ្ឆោត​នាង។
15អស់​អ្នក​ដើរ​កាត់​តាម​នេះ
គេ​នឹង​នាំ​គ្នា​ទះ​ដៃ ហួច និង​គ្រវី​ក្បាល
ចំអក​ឲ្យ​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម
ទាំង​ពោល​ថា “នេះ​ឬ​ទីក្រុង​ដែល​គេ​ធ្លាប់​តែ
សរសើរ​ថា​ស្អាត​បំផុត និង​សប្បាយ​បំផុត
នៅ​លើ​ផែនដី?”។
16ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​ប្រមាថ​នាង
ពួក​គេ​គ្រហឹម បញ្ចេញ​ចង្កូម ទាំង​ពោល​ថា
“យើង​បាន​ត្របាក់​លេប​វា​ហើយ!
ថ្ងៃ​យើង​ទន្ទឹង​រង់‌ចាំ​នោះ​មក​ដល់​ហើយ
យើង​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ហើយ!”
17 អុលឡោះ‌តាអាឡា​សម្រេច​តាម​គម្រោង‌ការ​របស់​ទ្រង់
ទ្រង់​ធ្វើ​តាម​បន្ទូល​ដែល​ទ្រង់​ថ្លែង​ទុក
តាំង​ពី​យូរ‌លង់​ណាស់​មក​ហើយ
ទ្រង់​បាន​កំទេច​នាង ឥត​ត្រា‌ប្រណី
ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​អរ​សប្បាយ
ដោយ​ឃើញ​នាង​បរា‌ជ័យ
ទ្រង់​ប្រទាន​កម្លាំង
ឲ្យ​បច្ចា‌មិត្ត​របស់​នាង។
18កំពែង​ក្រុង​ស៊ីយ៉ូន​អើយ
ចូរ​ស្រែក​អង្វរ​អុលឡោះ​យ៉ាង​អស់​ពី​ចិត្ត
ចូរ​បង្ហូរ​ទឹក​ភ្នែក​ឲ្យ​ហូរ​ដូច​ទឹក​ទន្លេ
ចូរ​យំ​ទាំង​ថ្ងៃ ទាំង​យប់
ឥត​ស្រាក‌ស្រាន្ត​សោះ​ឡើយ។
19ចូរ​ក្រោក​ឡើង!
ចូរ​បន្លឺ​សំឡេង​មួយ​យប់​ទល់​ភ្លឺ!
ចូរ​ថ្លែង​ទុក្ខ​ព្រួយ​ជូន​អុលឡោះ
ដោយ​ឥត​លាក់‌លៀម​អ្វី​ឡើយ
ចូរ​លើក​ដៃ​អង្វរ​ទ្រង់
សូម​ទ្រង់​ប្រណី​សន្ដោស​ជីវិត​ក្មេងៗ
ដែល​ដេក​ដួល​នៅ​តាម​ផ្លូវ ព្រោះ​អត់​ឃ្លាន។
20 អុលឡោះ‌តាអាឡា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់
ដាក់​ទោស​យើង​ខ្ញុំ​ដល់​ថ្នាក់​នេះ
សូម​មើល​ចុះ!
ស្ត្រីៗ​នាំ​គ្នា​ស៊ី​កូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្លួន!
ពួក​អ៊ីមុាំ និង​ពួក​ណាពី ត្រូវ​គេ​សម្លាប់
នៅ​ក្នុង​ទី‌សក្ការៈ​របស់​អុលឡោះ​ជា​អម្ចាស់។
21ក្មេង​ជំទង់ និង​ចាស់ៗ​ដួល​ស្លាប់​នៅ​តាម​ផ្លូវ
ក្រមុំ កំលោះ​របស់​ខ្ញុំ ស្លាប់​ដោយ​មុខ​ដាវ
នៅ​ថ្ងៃ​អុលឡោះ​ខឹង
ទ្រង់​ប្រហារ​ជីវិត​ពួក​គេ ឥត​ត្រា​ប្រណី។
22ទ្រង់​បាន​ហៅ​ការ​ព្រឺ​ខ្លាច​ពី​គ្រប់​ទី​កន្លែង
មក​គ្រប​សង្កត់​លើ​ខ្ញុំ
ដូច​ហៅ​ខ្មាំង​មក​ចូល​រួម​នៅ​ថ្ងៃ​មាន​ពិធី​បុណ្យ។
នៅ​ថ្ងៃ​ទ្រង់​ខឹង
គ្មាន​នរណា​ម្នាក់​គេច​ខ្លួន​រួច​ជីវិត​ឡើយ។
ប្រជា‌ជន​ដែល​ខ្ញុំ​ចិញ្ចឹម​បី​បាច់
ត្រូវ​ខ្មាំង​សត្រូវ​ប្រហារ​អស់​គ្មាន​សល់។

ទើបបានជ្រើសរើសហើយ៖

សំណោក 2: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល