សំណោក 1
1
សំណោកអំពីក្រុងយេរូសាឡឹម
1ម្ដេចក៏ក្រុងដែលធ្លាប់តែមាន
ប្រជាជនច្រើនកុះករ
បែរជានៅឯកោដូចស្ត្រីមេម៉ាយបែបនេះ!
ក្រុងដ៏រុងរឿងក្នុងចំណោមប្រជាជាតិនានា
ក្រុងដែលជាម្ចាស់ក្សត្រីលើអាណាខេត្តនានា
ធ្លាក់ខ្លួនទៅជាទាសី!
2នៅពេលយប់ នាងយំឥតស្រាកស្រាន្ត
ទឹកភ្នែកហូរចុះមកលើថ្ពាល់ទាំងពីរ។
ក្នុងចំណោមគូស្នេហ៍របស់នាងទាំងប៉ុន្មាន
គ្មាននរណាម្នាក់សំរាលទុក្ខនាងឡើយ
មិត្តភក្ដិរបស់នាងនាំគ្នាក្បត់នាង
ហើយក្លាយទៅជាសត្រូវរបស់នាងវិញ។
3កុលសម្ព័ន្ធយូដាត្រូវគេកៀរយកទៅជាឈ្លើយ
ហើយត្រូវអាម៉ាស់ និងធ្លាក់ខ្លួនជាទាសី
នាងតែលតោលនៅក្នុងចំណោម
ប្រជាជាតិទាំងឡាយ
រកកន្លែងស្នាក់អាស្រ័យពុំបាន។
ខ្មាំងសត្រូវឡោមព័ទ្ធនាង
ធ្វើឲ្យនាងរកច្រកចេញពុំរួច។
4ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនប្រែជាស្ងាត់ជ្រងំ
ដ្បិតគ្មាននរណាឡើងទៅ
ប្រារព្ធពិធីបុណ្យទៀតទេ។
ទ្វារក្រុងបាក់បែកអស់
អ៊ីមុាំរបស់ក្រុងនេះនាំគ្នាយំថ្ងូរ
ស្រីក្រមុំនៅក្រុងនេះត្រូវកើតទុក្ខក្រៀមក្រំ
ហើយក្រុងនេះផ្ទាល់ត្រូវវេទនាឥតឧបមា។
5បច្ចាមិត្តមានប្រៀបលើនាង
ខ្មាំងសត្រូវរបស់នាងរស់នៅយ៉ាងសុខសាន្ត
អុលឡោះតាអាឡាបានធ្វើឲ្យនាងរងទុក្ខវេទនា
ព្រោះតែអំពើបាបដ៏ច្រើនរបស់នាង
កូនចៅរបស់នាងត្រូវបច្ចាមិត្តចាប់យក
ទៅជាឈ្លើយ។
6ក្រុងស៊ីយ៉ូនបានបាត់បង់ភាពរុងរឿងរបស់ខ្លួន
ពួកមន្ត្រីរបស់នាងប្រៀបបាននឹងប្រើស
ដែលរកវាលស្មៅស៊ីលែងបានទៀត។
ពួកគេចាកចេញទៅ ទាំងបាក់កម្លាំង
នៅមុខសត្រូវដែលដេញតាម។
7នៅគ្រាមានទុក្ខវេទនា តែលតោល
យេរូសាឡឹមនឹកឃើញអ្វីៗដ៏ថ្លៃថ្នូរ
ដែលនាងធ្លាប់មានកាលពីមុន។
ពេលប្រជាជនរបស់នាងធ្លាក់
ក្នុងកណ្ដាប់ដៃសត្រូវ គ្មាននរណាមកជួយទេ
បច្ចាមិត្តបានឃើញ ហើយនាំគ្នាសើចចំអក
ព្រោះនាងត្រូវវិនាសបាត់បង់។
8យេរូសាឡឹមប្រព្រឹត្តអំពើបាបជាច្រើន
ហេតុនេះហើយបានជានាងក្លាយទៅ
ជាមិនបរិសុទ្ធ
អស់អ្នកដែលធ្លាប់តែសរសើរនាងកាលពីមុន
បែរជានាំគ្នាមើលងាយនាង
ដោយឃើញនាងនៅខ្លួនទទេ
នាងយំថ្ងូរ ហើយដកខ្លួនថយ។
9ភាពស្មោកគ្រោកស្ថិតនៅជាប់នឹង
សំពត់របស់នាង
នាងពុំបានគិតដល់ហេតុការណ៍
ដែលនឹងកើតមានចំពោះនាង
នាងផុងខ្លួនជ្រៅពេក
គ្មាននរណាអាចសំរាលទុក្ខនាងឡើយ។
«ឱអុលឡោះតាអាឡាអើយ សូមមើលមកទុក្ខវេទនា
របស់ខ្ញុំផង
សត្រូវមានជ័យជំនះលើខ្ញុំហើយ!»
10សត្រូវរឹបអូសយកអ្វីៗដ៏មានតម្លៃរបស់នាង
នាងឃើញប្រជាជាតិនានាចូលមកក្នុង
ទីសក្ការៈរបស់អុលឡោះតាអាឡា
គឺប្រជាជាតិដែលទ្រង់បានហាមមិនឲ្យ
ចូលក្នុងអង្គប្រជុំរបស់ទ្រង់ឡើយ។
11ប្រជាជនទាំងអស់នាំគ្នាយំថ្ងូរ
គេចង់បានអាហារបរិភោគ
គេយកអ្វីៗដ៏មានតម្លៃទៅដូរអាហារបរិភោគ
ដើម្បីឲ្យបានរស់រានមានជីវិត។
អុលឡោះតាអាឡាអើយ សូមមើលមកខ្ញុំផង
ខ្ញុំអាម៉ាស់មុខខ្លាំងណាស់!
12អស់អ្នកដែលដើរកាត់តាមនេះអើយ
សូមមើលមកចុះ!
តើមាននរណាម្នាក់ឈឺចុកចាប់ដូចខ្ញុំទេ!
នៅថ្ងៃអុលឡោះតាអាឡាខឹងយ៉ាងខ្លាំង
ទ្រង់បានធ្វើឲ្យខ្ញុំរងទុក្ខឥតឧបមា!
13ទ្រង់បានបោះភ្លើងពីស្ថានលើ
ចូលមកក្នុងឆ្អឹងរបស់ខ្ញុំ
ទ្រង់ដាក់អន្ទាក់នៅក្រោមជើងរបស់ខ្ញុំ
ទ្រង់ធ្វើឲ្យខ្ញុំដកខ្លួនថយ
ទ្រង់ទុកឲ្យខ្ញុំនៅឯកោ
ហើយឈឺចាប់រៀងរាល់ថ្ងៃ។
14ទ្រង់ប្រមូលអំពើបាបដែលខ្ញុំបានប្រព្រឹត្ត
យកមកចងភ្ជាប់គ្នា បំពាក់នៅករបស់ខ្ញុំ
ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ។
អុលឡោះបានប្រគល់ខ្ញុំ
ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ
ហើយខ្ញុំពុំអាចរើខ្លួនរួចឡើយ។
15អុលឡោះបានកំចាត់ទាហានដ៏ចំណាន
ទាំងប៉ុន្មានដែលនៅជាមួយខ្ញុំ
ទ្រង់ចាត់កងទ័ពឲ្យមកប្រហារ
ពួកយុវជនរបស់ខ្ញុំ
អុលឡោះបានកំទេចប្រជាជនយូដា
ដូចគេជាន់ផ្លែទំពាំងបាយជូរ។
16ទឹកភ្នែកខ្ញុំហូរឥតស្រាកស្រាន្ត
ខ្ញុំយំសោកស្រណោះអ្នកទាំងនោះ
គ្មាននរណាម្នាក់សំរាលទុក្ខខ្ញុំ
គ្មាននរណាម្នាក់ធ្វើឲ្យខ្ញុំរស់រាន
ឡើងវិញឡើយ។
កូនចៅរបស់ខ្ញុំត្រូវវិនាស
ព្រោះខ្មាំងសត្រូវមានកម្លាំងជាង។
17ក្រុងស៊ីយ៉ូនលើកដៃហៅគេជួយ
តែគ្មាននរណាមកសំរាលទុក្ខនាងទេ
អុលឡោះតាអាឡាបញ្ជាឲ្យសត្រូវដែលនៅជុំវិញ
មកវាយប្រហារពូជពង្សរបស់យ៉ាកកូប
យេរូសាឡឹមក្លាយទៅជាមិនបរិសុទ្ធ
នៅក្នុងចំណោមពួកគេ។
18 អុលឡោះតាអាឡាប្រព្រឹត្តដូច្នេះពិតជាសុចរិតមែន
ដ្បិតខ្ញុំមិនព្រមធ្វើតាមបញ្ជារបស់ទ្រង់។
ប្រជាជនទាំងឡាយអើយ សូមស្ដាប់ខ្ញុំ
សូមមើលមកការឈឺចាប់របស់ខ្ញុំ។
យុវជន និងយុវនារីរបស់ខ្ញុំ
ត្រូវគេកៀរយកទៅជាឈ្លើយអស់ហើយ!។
19ខ្ញុំបានហៅគូស្នេហ៍របស់ខ្ញុំឲ្យមកជួយ
តែពួកគេបែរជាបោកប្រាស់ខ្ញុំ។
ពួកអ៊ីមុាំ និងពួកអះលីជំអះរបស់ខ្ញុំ
ដួលស្លាប់នៅតាមផ្លូវ
ក្នុងពេលពួកគេស្វែងរកអាហារបរិភោគ
ដើម្បីឲ្យបានរស់រានមានជីវិត។
20 អុលឡោះតាអាឡាអើយ
សូមមើលទុក្ខលំបាករបស់ខ្ញុំ
ខ្ញុំឈឺចាប់ក្នុងចិត្តឥតឧបមា
ចិត្តខ្ញុំខ្លោចផ្សាជាខ្លាំង
ដ្បិតខ្ញុំពិតជាបានបះបោរប្រឆាំង
នឹងទ្រង់មែន!
នៅខាងក្រៅ សត្រូវកាប់សម្លាប់
នៅខាងក្នុង ដូចនរ៉កា។
21គេបានឮខ្ញុំយំថ្ងូរ
ក៏ប៉ុន្តែ គ្មាននរណាម្នាក់សំរាលទុក្ខខ្ញុំទេ
សត្រូវទាំងប៉ុន្មានបានឮថា
ខ្ញុំរងទុក្ខវេទនា
គេនាំគ្នាសប្បាយចិត្ត
ដោយឃើញទ្រង់ធ្វើទោសខ្ញុំ
ទ្រង់ធ្វើឲ្យថ្ងៃដែលទ្រង់កំណត់ទុក
បានមកដល់។
សូមឲ្យពួកគេរងទុក្ខដូចខ្ញុំដែរ!
22សូមមើលអំពើអាក្រក់ទាំងប៉ុន្មាន
ដែលពួកគេប្រព្រឹត្ត។
សូមដាក់ទោសពួកគេ ដូចទ្រង់បាន
ដាក់ទោសខ្ញុំ ព្រោះតែកំហុសទាំងប៉ុន្មាន
ដែលខ្ញុំប្រព្រឹត្ត
ខ្ញុំយំថ្ងូរយ៉ាងសែនវេទនា
ហើយចិត្តខ្ញុំក៏ឈឺចាប់ជាខ្លាំងដែរ។
ទើបបានជ្រើសរើសហើយ៖
សំណោក 1: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.