សំណោក 2
2
អុលឡោះដាក់ទោសក្រុងយេរូសាឡឹម
1ម្ដេចក៏អុលឡោះខឹងខ្លាំងដូច្នេះ!
ទ្រង់ធ្វើឲ្យពពកអាប់អួរ
គ្របបាំងលើក្រុងស៊ីយ៉ូន
ទ្រង់ធ្វើឲ្យភាពថ្កុំថ្កើងរបស់អ៊ីស្រអែល
ធ្លាក់ពីលើមេឃចុះមកផែនដី!
នៅថ្ងៃទ្រង់ខឹង
ទ្រង់មិននឹកឃើញថា ក្រុងស៊ីយ៉ូនជា
កំណល់កល់ជើងរបស់ទ្រង់ទេ។
2អុលឡោះបានកំទេចទីលំនៅទាំងប៉ុន្មាន
របស់យ៉ាកកូប ដោយឥតត្រាប្រណី។
ក្នុងពេលទ្រង់ខឹង
ទ្រង់រំលំកំពែងក្រុងរបស់ស្រុកយូដា។
ទ្រង់បានបន្ទាបបន្ថោកនគរ
និងមេដឹកនាំរបស់នគរនេះ។
3ក្នុងពេលទ្រង់ខឹងយ៉ាងខ្លាំង
ទ្រង់បានបំបាក់កម្លាំងរបស់អ៊ីស្រអែល
ទ្រង់លែងជួយពួកគេ
ឲ្យតទល់នឹងខ្មាំងសត្រូវទៀតហើយ។
ទ្រង់បានធ្វើឲ្យភ្លើងឆាបឆេះគ្រប់ទិសទី
នៅក្នុងស្រុករបស់យ៉ាកកូប។
4ទ្រង់យឹតធ្នូដូចគូសត្រូវ
ទ្រង់លើកដៃប្រហារដូចបច្ចាមិត្ត
ទ្រង់កំទេចអ្វីៗទាំងអស់ដែលមានតម្លៃ
សម្រាប់យើង
ទ្រង់ជះកំហឹងមកលើក្រុងស៊ីយ៉ូន
ដូចភ្លើងឆេះរាលដាល។
5អុលឡោះធ្វើដូចជាខ្មាំងសត្រូវ
ទ្រង់លេបបំបាត់អ៊ីស្រអែល
ទ្រង់លេបបំបាត់វិមាន
ទ្រង់កំទេចបន្ទាយទាំងប៉ុន្មានរបស់ស្រុកនេះ
ទ្រង់ធ្វើឲ្យប្រជាជនយូដាសោកសង្រេង
និងយំថ្ងូរឥតមានពេលល្ហែ។
6ទ្រង់កំទេចស្រុកទាំងមូលដែលជាចម្ការ
របស់ទ្រង់
ទ្រង់កំទេចដំណាក់
និងជំរំរបស់ទ្រង់។
អុលឡោះតាអាឡាធ្វើឲ្យប្រជាជននៅក្រុងស៊ីយ៉ូន
លែងនឹកនាដល់ពិធីបុណ្យ និងថ្ងៃឈប់សម្រាក។
ដោយសារកំហឹងរបស់ទ្រង់
ទ្រង់ធ្វើឲ្យស្ដេច
និងអ៊ីមុាំត្រូវអាម៉ាស់។
7 អុលឡោះតាអាឡាបោះបង់ចោលអាសនៈរបស់ទ្រង់
ទ្រង់ស្អប់ខ្ពើមទីសក្ការៈរបស់ទ្រង់
ទ្រង់បណ្ដោយខ្មាំងសត្រូវរំលំកំពែងក្រុង
ពួកគេនាំគ្នាស្រែកជយឃោស
នៅក្នុងដំណាក់របស់អុលឡោះតាអាឡា
ដូចនៅថ្ងៃធ្វើពិធីបុណ្យធំមួយ។
8 អុលឡោះតាអាឡាសម្រេចរំលំកំពែងក្រុងស៊ីយ៉ូន
ទ្រង់វាស់កំពែងនេះ
ហើយទ្រង់មិនដកដៃមកវិញទេ
ដរាបណាទាល់តែបំផ្លាញអស់ជាមុនសិន
ទ្រង់បានធ្វើឲ្យប៉ម និងកំពែងក្រុង
រំលំគរលើគ្នា។
9ទ្រង់កំទេចទ្វារក្រុងឲ្យស្រុត
កប់ទៅក្នុងដី
ព្រមទាំងបំបាក់រនុកទៀតផង។
ស្ដេច និងមន្ត្រី ត្រូវគេកៀរទៅជាឈ្លើយ
ក្នុងចំណោមប្រជាជាតិទាំងឡាយ
ហ៊ូកុំលែងមានទៀតហើយ
សូម្បីតែពួកណាពីក៏លែងនិមិត្ត
ឃើញការអស្ចារ្យពីអុលឡោះតាអាឡាទៀតដែរ។
10អះលីជំអះរបស់ក្រុងស៊ីយ៉ូន
នាំគ្នាអង្គុយផ្ទាល់នឹងដី និយាយស្ដីលែងកើត
ពួកគេរោយធូលីដីលើក្បាល
ហើយស្លៀកបាវកាន់ទុក្ខ។
ស្រីក្រមុំនៅក្រុងយេរូសាឡឹម
នាំគ្នាដើរអោនមុខយ៉ាងអាម៉ាស់។
11ខ្ញុំយំទាល់តែហើមភ្នែក
ចិត្តខ្ញុំខ្លោចផ្សា ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំ
ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។
កូនក្មេង និងទារកដេកដួលនៅតាមផ្លូវ
ក្នុងបុរីនេះ។
12ពួកវាយំទារអាហារ និងទឹកពីម្ដាយ
ពួកវាដេកដួលនៅតាមផ្លូវក្នុងទីក្រុង
ដូចអ្នករបួស
ហើយផុតដង្ហើមនៅលើទ្រូងម្ដាយ។
13ក្រុងស៊ីយ៉ូនអើយ
តើខ្ញុំមានពាក្យអ្វីនឹងថ្លែងទៀត
នាងក្រមុំស៊ីយ៉ូនអើយ
តើខ្ញុំអាចយកអ្វីមកប្រៀបផ្ទឹម
ដើម្បីសំរាលទុក្ខនាងបាន?
ដ្បិតមហន្តរាយរបស់នាងធំដូចមហាសាគរ
តើនរណាអាចព្យាបាលនាងបាន?
14ពួកណាពីរបស់នាងបាននាំសុបិននិមិត្ត
ឥតបានការ និងឥតខ្លឹមសារមកប្រាប់នាង
ពួកគេពុំបានបង្ហាញអំពើអាក្រក់របស់នាង
ដើម្បីស្ដារស្រុករបស់នាងឡើងវិញឡើយ
ផ្ទុយទៅវិញ ពួកគេនាំតែសុបិននិមិត្ត
ឥតបានការមកបញ្ឆោតនាង។
15អស់អ្នកដើរកាត់តាមនេះ
គេនឹងនាំគ្នាទះដៃ ហួច និងគ្រវីក្បាល
ចំអកឲ្យប្រជាជនក្រុងយេរូសាឡឹម
ទាំងពោលថា “នេះឬទីក្រុងដែលគេធ្លាប់តែ
សរសើរថាស្អាតបំផុត និងសប្បាយបំផុត
នៅលើផែនដី?”។
16ខ្មាំងសត្រូវទាំងប៉ុន្មាននឹងនាំគ្នាប្រមាថនាង
ពួកគេគ្រហឹម បញ្ចេញចង្កូម ទាំងពោលថា
“យើងបានត្របាក់លេបវាហើយ!
ថ្ងៃយើងទន្ទឹងរង់ចាំនោះមកដល់ហើយ
យើងបានឃើញផ្ទាល់នឹងភ្នែកហើយ!”
17 អុលឡោះតាអាឡាសម្រេចតាមគម្រោងការរបស់ទ្រង់
ទ្រង់ធ្វើតាមបន្ទូលដែលទ្រង់ថ្លែងទុក
តាំងពីយូរលង់ណាស់មកហើយ
ទ្រង់បានកំទេចនាង ឥតត្រាប្រណី
ទ្រង់បានធ្វើឲ្យខ្មាំងសត្រូវអរសប្បាយ
ដោយឃើញនាងបរាជ័យ
ទ្រង់ប្រទានកម្លាំង
ឲ្យបច្ចាមិត្តរបស់នាង។
18កំពែងក្រុងស៊ីយ៉ូនអើយ
ចូរស្រែកអង្វរអុលឡោះយ៉ាងអស់ពីចិត្ត
ចូរបង្ហូរទឹកភ្នែកឲ្យហូរដូចទឹកទន្លេ
ចូរយំទាំងថ្ងៃ ទាំងយប់
ឥតស្រាកស្រាន្តសោះឡើយ។
19ចូរក្រោកឡើង!
ចូរបន្លឺសំឡេងមួយយប់ទល់ភ្លឺ!
ចូរថ្លែងទុក្ខព្រួយជូនអុលឡោះ
ដោយឥតលាក់លៀមអ្វីឡើយ
ចូរលើកដៃអង្វរទ្រង់
សូមទ្រង់ប្រណីសន្ដោសជីវិតក្មេងៗ
ដែលដេកដួលនៅតាមផ្លូវ ព្រោះអត់ឃ្លាន។
20 អុលឡោះតាអាឡាអើយ ហេតុអ្វីបានជាទ្រង់
ដាក់ទោសយើងខ្ញុំដល់ថ្នាក់នេះ
សូមមើលចុះ!
ស្ត្រីៗនាំគ្នាស៊ីកូនដ៏ជាទីស្រឡាញ់របស់ខ្លួន!
ពួកអ៊ីមុាំ និងពួកណាពី ត្រូវគេសម្លាប់
នៅក្នុងទីសក្ការៈរបស់អុលឡោះជាអម្ចាស់។
21ក្មេងជំទង់ និងចាស់ៗដួលស្លាប់នៅតាមផ្លូវ
ក្រមុំ កំលោះរបស់ខ្ញុំ ស្លាប់ដោយមុខដាវ
នៅថ្ងៃអុលឡោះខឹង
ទ្រង់ប្រហារជីវិតពួកគេ ឥតត្រាប្រណី។
22ទ្រង់បានហៅការព្រឺខ្លាចពីគ្រប់ទីកន្លែង
មកគ្របសង្កត់លើខ្ញុំ
ដូចហៅខ្មាំងមកចូលរួមនៅថ្ងៃមានពិធីបុណ្យ។
នៅថ្ងៃទ្រង់ខឹង
គ្មាននរណាម្នាក់គេចខ្លួនរួចជីវិតឡើយ។
ប្រជាជនដែលខ្ញុំចិញ្ចឹមបីបាច់
ត្រូវខ្មាំងសត្រូវប្រហារអស់គ្មានសល់។
ទើបបានជ្រើសរើសហើយ៖
សំណោក 2: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.