ណាពីយូណើស 4
4
ចិត្តមេត្តាករុណារបស់អុលឡោះ
1ពេលឃើញដូច្នេះ យូណើសមិនសប្បាយចិត្តទាល់តែសោះ គាត់ខឹងយ៉ាងខ្លាំង។ 2គាត់ជម្រាបអុលឡោះតាអាឡាថា៖ «អុលឡោះតាអាឡាអើយ! ឥឡូវនេះ ហេតុការណ៍កើតមាន ដូចខ្ញុំបានសង្ស័យ តាំងពីខ្ញុំនៅស្រុករបស់ខ្ញុំម៉្លេះ។ ហេតុនេះហើយបានជាខ្ញុំរត់គេចទៅស្រុកតើស៊ីស ព្រោះខ្ញុំដឹងច្បាស់ថា ទ្រង់ជាម្ចាស់ប្រកបទៅដោយចិត្តប្រណីសន្ដោស ទ្រង់តែងតែអាណិតអាសូរ មិនឆាប់ខឹង ទ្រង់មានចិត្តមេត្តាករុណា ហើយតែងតែប្រែចិត្ត មិនព្រមធ្វើទោសគេទេ។ 3អុលឡោះតាអាឡាអើយ! ឥឡូវនេះ សូមទ្រង់ដកជីវិតខ្ញុំទៅ ដ្បិតខ្ញុំចង់ស្លាប់ជាងរស់នៅតទៅមុខទៀត!»។ 4អុលឡោះតាអាឡាមានបន្ទូលមកយូណើសវិញថា៖ «តើអ្នកខឹងដូច្នេះសមឬមិនសម?»។
5ខណៈនោះ យូណើសចេញទៅអង្គុយនៅខាងកើតទីក្រុង។ គាត់សង់ខ្ទមមួយតូច ហើយអង្គុយក្រោមម្លប់ រង់ចាំមើលព្រឹត្តិការណ៍ដែលនឹងកើតមានដល់ក្រុងនីនីវេ។ 6ពេលនោះ អុលឡោះតាអាឡាជាម្ចាស់ធ្វើឲ្យមានរុក្ខជាតិមួយដើម ដុះឡើងពីលើយូណើស ធ្វើជាម្លប់ដល់គាត់ ដើម្បីកុំឲ្យគាត់មួម៉ៅតទៅទៀត។ យូណើសសប្បាយចិត្តនឹងម្លប់រុក្ខជាតិនោះណាស់។ 7នៅថ្ងៃបន្ទាប់ មុនពេលថ្ងៃរះ អុលឡោះបញ្ជាឲ្យដង្កូវមួយមកស៊ីរុក្ខជាតិនោះ រុក្ខជាតិក៏ក្រៀមស្រពោនអស់ទៅ។ 8លុះដល់ថ្ងៃរះ អុលឡោះបញ្ជាខ្យល់ឲ្យបក់មកយ៉ាងខ្លាំង ពីទិសខាងកើត ហើយថ្ងៃក៏បញ្ចេញកំដៅចាំងមកលើក្បាលយូណើស ធ្វើឲ្យគាត់ល្វើយកម្លាំង គាត់ទូរអាអង្វរសុំស្លាប់ ទាំងពោលថា៖ «ខ្ញុំចង់ស្លាប់ ជាងរស់នៅតទៅមុខទៀត»។
9ពេលនោះ អុលឡោះមានបន្ទូលមកគាត់ថា៖ «អ្នកខឹង ព្រោះតែរុក្ខជាតិនេះ តើសមឬមិនសម?»។ គាត់ឆ្លើយទ្រង់វិញថា៖ «អុលឡោះ ខ្ញុំខឹងរហូតដល់ជិតស្លាប់ ដូច្នេះ ត្រឹមត្រូវណាស់!»។ 10អុលឡោះតាអាឡាមានបន្ទូលមកគាត់ថា៖ «សូមគិតមើល៍! អ្នកអាណិតរុក្ខជាតិដែលអ្នកមិនបានហត់នឿយដាំវាទាល់តែសោះ។ វាដុះឡើងតែមួយយប់ រួចវិនាសបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី។ 11រីឯយើងវិញ តើមិនឲ្យយើងអាណិតក្រុងនីនីវេមហានគរនេះដូចម្ដេចបាន ដ្បិតមានប្រជាជនជាងដប់ពីរម៉ឺននាក់ ដែលមិនទាន់ដឹងខុសត្រូវ ព្រមទាំងមានហ្វូងសត្វច្រើនឥតគណនារស់នៅក្នុងក្រុងនេះទៀតផង»។
ទើបបានជ្រើសរើសហើយ៖
ណាពីយូណើស 4: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.