ណាពីយូណើស 3
3
អុលឡោះលើកលែងទោសឲ្យអ្នកក្រុងនីនីវេ
1 អុលឡោះតាអាឡាមានបន្ទូលមកកាន់យូណើសម្ដងទៀតថា៖ 2«ចូរក្រោកឡើង ធ្វើដំណើរទៅក្រុងនីនីវេមហានគរជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះឲ្យដឹងអំពីសេចក្ដី ដែលយើងនឹងប្រាប់អ្នក!»។
3លើកនេះ យូណើសធ្វើតាមបញ្ជារបស់អុលឡោះតាអាឡា គឺគាត់ក្រោកឡើង ធ្វើដំណើរឆ្ពោះទៅកាន់ក្រុងនីនីវេ។ ក្រុងនីនីវេជាក្រុងមួយដ៏ធំសំបើមអស្ចារ្យ ត្រូវចំណាយពេលអស់បីថ្ងៃ ទើបដើរកាត់ក្រុងនេះបាន។ 4យូណើសដើរកាត់ទីក្រុងអស់មួយថ្ងៃ ទាំងប្រកាសថា៖ «សែសិបថ្ងៃទៀត អុលឡោះតាអាឡានឹងបំផ្លាញក្រុងនេះហើយ!»។ 5ពេលនោះ អ្នកក្រុងនីនីវេនាំគ្នាជឿលើអុលឡោះ។ ពួកគេប្រកាសឲ្យមនុស្សគ្រប់ៗគ្នា ចាប់ពីនាម៉ឺនមន្ត្រីរហូតដល់ប្រជាជនតូចតាច តមអាហារ និងស្លៀកពាក់កាន់ទុក្ខ។
6ស្តេចនៅក្រុងនីនីវេជ្រាបដំណឹងនេះ ស្ដេចក៏ចុះពីរាជបល្ល័ង្ក ដោះអាវវែងចេញ ហើយស្លៀកបាវកាន់ទុក្ខ ព្រមទាំងនៅលើផេះទៀតផង។ 7ស្តេចចេញបញ្ជាឲ្យប្រកាសប្រាប់ប្រជារាស្ត្រក្នុងក្រុងនីនីវេថា៖ «យោងតាមរាជក្រឹត្យរបស់ស្តេច និងអស់លោកសព្វមុខមន្ត្រី សូមហាមមនុស្សទាំងឡាយមិនឲ្យបរិភោគ ឬផឹកអ្វីឡើយ រីឯសត្វតូចធំក៏ដូច្នោះដែរ។ 8ទាំងមនុស្ស ទាំងសត្វ ត្រូវតែកាន់ទុក្ខ។ ចូរទូរអារកអុលឡោះ ដោយស្មោះអស់ពីចិត្ត។ ម្នាក់ៗត្រូវតែបោះបង់ចោលកិរិយាមារយាទអាក្រក់ និងអំពើឃោរឃៅ ដែលខ្លួនធ្លាប់ប្រព្រឹត្ត 9ក្រែងលោអុលឡោះប្រែចិត្តលែងខឹងទាស់នឹងយើង។ ដូច្នេះ យើងនឹងមិនត្រូវវិនាសអន្តរាយឡើយ»។
10អុលឡោះឃើញអំពើដែលពួកគេប្រព្រឹត្ត គឺគេប្រែចិត្តគំនិត លះបង់កិរិយាមារយាទអាក្រក់របស់ខ្លួនចោល ទ្រង់ក៏ប្រែចិត្តមិនដាក់ទោសពួកគេ ដូចទ្រង់បានសម្រេចកាលពីមុននោះទេ ទ្រង់មិនបំផ្លាញពួកគេចោលឡើយ។
ទើបបានជ្រើសរើសហើយ៖
ណាពីយូណើស 3: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.