ណាពី​យូណើស 4

4
ចិត្ត​មេត្តា‌ករុណា​របស់​អុលឡោះ
1ពេល​ឃើញ​ដូច្នេះ យូណើស​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ គាត់​ខឹង​យ៉ាង​ខ្លាំង។ 2គាត់​ជម្រាបអុលឡោះ‌តាអាឡា​ថា៖ «អុលឡោះ‌តាអាឡា​អើយ! ឥឡូវ​នេះ ហេតុ‌ការណ៍​កើត​មាន ដូច​ខ្ញុំ​បាន​សង្ស័យ តាំង​ពី​ខ្ញុំ​នៅ​ស្រុក​របស់​ខ្ញុំ​ម៉្លេះ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​រត់​គេច​ទៅ​ស្រុក​តើស៊ីស ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា ទ្រង់​ជា​ម្ចាស់​ប្រកប​ទៅ​ដោយ​ចិត្ត​ប្រណី‌សន្ដោស ទ្រង់​តែងតែ​អាណិត‌អាសូរ មិន​ឆាប់​ខឹង ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា ហើយ​តែងតែ​ប្រែ​ចិត្ត មិន​ព្រម​ធ្វើ​ទោស​គេ​ទេ។ 3អុលឡោះ‌តាអាឡា​អើយ! ឥឡូវ​នេះ សូម​ទ្រង់​ដក​ជីវិត​ខ្ញុំ​ទៅ ដ្បិត​ខ្ញុំ​ចង់​ស្លាប់​ជាង​រស់​នៅ​ត​ទៅ​មុខ​ទៀត!»។ 4អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​យូណើស​វិញ​ថា៖ «តើ​អ្នក​ខឹង​ដូច្នេះ​សម​ឬ​មិន​សម?»។
5ខណៈ​នោះ យូណើស​ចេញ​ទៅ​អង្គុយ​នៅ​ខាង​កើត​ទី​ក្រុង។ គាត់​សង់​ខ្ទម​មួយ​តូច ហើយ​អង្គុយ​ក្រោម​ម្លប់ រង់‌ចាំ​មើល​ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មាន​ដល់​ក្រុង​នីនីវេ។ 6ពេល​នោះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ធ្វើ​ឲ្យ​មាន​រុក្ខ‌ជាតិ​មួយ​ដើម ដុះ​ឡើង​ពី​លើ​យូណើស ធ្វើ​ជា​ម្លប់​ដល់​គាត់ ដើម្បី​កុំ​ឲ្យ​គាត់​មួម៉ៅ​ត​ទៅ​ទៀត។ យូណើស​សប្បាយ​ចិត្ត​នឹង​ម្លប់​រុក្ខ‌ជាតិ​នោះ​ណាស់។ 7នៅ​ថ្ងៃ​បន្ទាប់ មុន​ពេល​ថ្ងៃ​រះ អុលឡោះ​បញ្ជា​ឲ្យ​ដង្កូវ​មួយ​មក​ស៊ី​រុក្ខ‌ជាតិ​នោះ រុក្ខ‌ជាតិ​ក៏​ក្រៀម​ស្រពោន​អស់​ទៅ។ 8លុះ​ដល់​ថ្ងៃ​រះ អុលឡោះ​បញ្ជា​ខ្យល់​ឲ្យ​បក់​មក​យ៉ាង​ខ្លាំង ពី​ទិស​ខាង​កើត ហើយ​ថ្ងៃ​ក៏​បញ្ចេញ​កំដៅ​ចាំង​មក​លើ​ក្បាល​យូណើស ធ្វើ​ឲ្យ​គាត់​ល្វើយ​កម្លាំង គាត់​ទូរអា‌អង្វរ​សុំ​ស្លាប់ ទាំង​ពោល​ថា៖ «ខ្ញុំ​ចង់​ស្លាប់ ជាង​រស់​នៅ​ត​ទៅ​មុខ​ទៀត»។
9ពេល​នោះ អុលឡោះ​មាន​បន្ទូល​មក​គាត់​ថា៖ «អ្នក​ខឹង ព្រោះ​តែ​រុក្ខ‌ជាតិ​នេះ តើ​សម​ឬ​មិន​សម?»។ គាត់​ឆ្លើយ​ទ្រង់​វិញ​ថា៖ «អុលឡោះ ខ្ញុំ​ខឹង​រហូត​ដល់​ជិត​ស្លាប់ ដូច្នេះ ត្រឹម​ត្រូវ​ណាស់!»។ 10អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់​ថា៖ «សូម​គិត​មើល៍! អ្នក​អាណិត​រុក្ខ‌ជាតិ​ដែល​អ្នក​មិន​បាន​ហត់‌នឿយ​ដាំ​វា​ទាល់​តែ​សោះ។ វា​ដុះ​ឡើង​តែ​មួយ​យប់ រួច​វិនាស​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ 11រីឯ​យើង​វិញ តើ​មិន​ឲ្យ​យើង​អាណិត​ក្រុង​នីនីវេ​មហា​នគរ​នេះ​ដូច​ម្ដេច​បាន ដ្បិត​មាន​ប្រជា‌ជន​ជាង​ដប់‌ពីរ​ម៉ឺន​នាក់ ដែល​មិន​ទាន់​ដឹង​ខុស​ត្រូវ ព្រម​ទាំង​មាន​ហ្វូង​សត្វ​ច្រើន​ឥត​គណនា​រស់​នៅ​ក្នុង​ក្រុង​នេះ​ទៀត​ផង»។

ទើបបានជ្រើសរើសហើយ៖

ណាពី​យូណើស 4: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល