ណាពីយេរេមា 52
52
កថាបន្ថែម
ការឡោមព័ទ្ធ និងវាយលុកក្រុងយេរូសាឡឹម
1ពេលស្តេចសេដេគាឡើងសោយរាជ្យ គាត់មានអាយុម្ភៃមួយឆ្នាំ គាត់សោយរាជ្យបានដប់មួយឆ្នាំនៅក្រុងយេរូសាឡឹម។ ម្តាយរបស់ស្ដេចមាននាមថា ហាមូថាល់ ជាកូនរបស់យេរេមា ដែលជាអ្នកស្រុកលីបណា។ 2ស្តេចសេដេគាប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាង ទាស់នឹងបំណងអុលឡោះតាអាឡា ដូចស្តេចយេហូយ៉ាគីមដែរ។ 3អុលឡោះតាអាឡាខឹងចំពោះក្រុងយេរូសាឡឹម និងស្រុកយូដា ព្រោះតែអំពើដែលគេប្រព្រឹត្ត រហូតទាល់តែទ្រង់បោះបង់ចោលពួកគេឆ្ងាយពីទ្រង់។
នៅគ្រានោះ ស្តេចសេដេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកបាប៊ីឡូន។ 4ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលស្តេចសេដេគា នៅថ្ងៃទីដប់នៃខែទីដប់ ស្តេចនេប៊ូក្នេសាជាស្ដេចស្រុកបាប៊ីឡូន លើកទ័ពទាំងមូលមកវាយក្រុងយេរូសាឡឹម។ ពួកគេបោះទ័ព និងលើកទួលព័ទ្ធជុំវិញក្រុងយេរូសាឡឹម។ 5ពួកគេឡោមព័ទ្ធក្រុងនេះ រហូតដល់ឆ្នាំទីដប់មួយនៃរជ្ជកាលស្តេចសេដេគា។
6នៅថ្ងៃទីប្រាំបួននៃខែទីបួន ពេលដែលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ប្រជាជនក្នុងក្រុងលែងមានអាហារបរិភោគទៀតនោះ 7ពួកខ្មាំងទម្លុះកំពែងក្រុង។ ទោះបីកងទ័ពខាល់ដេឡោមព័ទ្ធទីក្រុងក្ដី ពួកទាហានយូដាទាំងអស់នាំគ្នាចេញពីទីក្រុង នៅពេលយប់ តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ក្បែរឧទ្យានស្តេច ហើយរត់តាមផ្លូវឆ្ពោះទៅវាលអារ៉ាបា។ 8កងទ័ពខាល់ដេនាំគ្នាដេញតាមស្តេចសេដេគាទាន់ នៅវាលទំនាបជិតក្រុងយេរីខូ។ ពេលនោះ កងទ័ពទាំងមូលរបស់ស្ដេចរត់បែកខ្ញែកគ្នាអស់។ 9ទាហានខាល់ដេចាប់ស្ដេចបញ្ជូនទៅស្តេចនេប៊ូក្នេសានៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ស្តេចនេប៊ូក្នេសាប្រកាសកាត់ទោសស្តេចសេដេគា។ 10ស្ដេចស្រុកបាប៊ីឡូនបញ្ជាឲ្យគេអារកបុត្រទាំងអស់របស់ស្តេចសេដេគា នៅចំពោះមុខស្តេចសេដេគា។ ស្ដេចស្រុកបាប៊ីឡូនក៏បានឲ្យគេអារ កពួកមន្ត្រីទាំងអស់នៃស្រុកយូដា នៅក្រុងរីបឡាដែរ។ 11បន្ទាប់មក ស្តេចនេប៊ូក្នេសាឲ្យគេចាក់ភ្នែកស្តេចសេដេគា រួចដាក់ច្រវាក់លង្ហិនពីរជាន់។ ស្ដេចស្រុកបាប៊ីឡូននាំស្តេចសេដេគាទៅស្រុកបាប៊ីឡូន ឃុំទុករហូតដល់ថ្ងៃស្លាប់។
12នៅថ្ងៃទីដប់ខែទីប្រាំ ក្នុងឆ្នាំទីដប់ប្រាំបួននៃរជ្ជកាលស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូដែលបម្រើស្ដេចស្រុកបាប៊ីឡូនមកដល់ក្រុងយេរូសាឡឹម។ 13គាត់ដុតកំទេចដំណាក់របស់អុលឡោះតាអាឡា ដំណាក់របស់ស្ដេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេស ផ្ទះរបស់ពួកអភិជន។ 14កងទ័ពខាល់ដេទាំងមូល ដែលនៅក្រោមការដឹកនាំរបស់លោករាជប្រតិភូ ក៏រំលំកំពែងជុំវិញក្រុងយេរូសាឡឹមចោលដែរ។
15លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ កៀរប្រជាជនដែលនៅសេសសល់ក្នុងទីក្រុង គឺជនក្រីក្រមួយចំនួន ទាហានដែលបានរត់ទៅចុះចូលនឹងស្ដេចស្រុកបាប៊ីឡូន ព្រមទាំងពួកជាងដែលនៅសេសសល់យកទៅជាឈ្លើយសឹក។ 16ប៉ុន្តែ លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ ទុកឲ្យជនតូចតាចខ្លះរស់នៅក្នុងស្រុក ដើម្បីដាំទំពាំងបាយជូរ និងភ្ជួរស្រែ។
17ជនជាតិខាល់ដេកំទេចសសរលង្ហិន ដែកកំណល់ និងអាងធំ ដែលស្ថិតនៅក្នុងដំណាក់របស់អុលឡោះតាអាឡា ហើយយកលង្ហិនទាំងប៉ុន្មាននាំទៅក្រុងបាប៊ីឡូន។ 18ពួកគេយកឆ្នាំង វែក កាំបិត ភាជន៍ ពែង និងគ្រឿងបរិក្ខារឯទៀតៗធ្វើពីលង្ហិន សម្រាប់ប្រើប្រាស់ក្នុងម៉ាស្ជិទទៅជាមួយ។ 19លោករាជប្រតិភូក៏យកចានក្លាំ ចង្ក្រាន ភាជន៍ ឆ្នាំង ជើងចង្កៀង ពែង ចាន គោម និងវត្ថុទាំងប៉ុន្មាន ដែលធ្វើពីមាសពីប្រាក់ ទៅជាមួយដែរ។ 20រីឯសសរទាំងពីរ អាងធំ និងរូបគោលង្ហិនទាំងដប់ពីរជាកំណល់ ដែលស្តេចស៊ូឡៃម៉ានបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងដំណាក់របស់អុលឡោះតាអាឡា គឺវត្ថុទាំងប៉ុន្មានដែលធ្វើពីលង្ហិននេះ គ្មាននរណាដឹងថាមានទម្ងន់ប៉ុន្មានទេ។ 21សសរទីមួយមានកំពស់ដប់ប្រាំបីហត្ថ ហើយរង្វង់សសរមានប្រវែងដប់ពីរហត្ថ។ សសរនោះប្រហោងក្នុង និងមានកំរាស់បួនហ៊ុន។ 22នៅពីលើសសរមានក្បាច់ក្បាលសសរ មួយធ្វើពីលង្ហិន ដែលមានកំពស់ប្រាំហត្ថ។ នៅជុំវិញក្បាច់ក្បាលសសរមានក្បាច់ក្រឡាអួន និងផ្លែទទឹមជាច្រើន ដែលធ្វើពីលង្ហិនទាំងអស់។ រីឯសសរទីពីរមានទំហំ និងមានផ្លែទទឹមដូចគ្នាដែរ។ 23មានផ្លែទទឹមទាំងអស់កៅសិបប្រាំមួយនៅជុំវិញ ហើយផ្លែទទឹមដែលនៅជាប់នឹងក្បាច់ក្រឡាអួន មានចំនួនទាំងអស់មួយរយ។
24លោករាជប្រតិភូចាប់លោកសេរ៉ាយ៉ា ជាមេក្រុមអ៊ីមុាំ លោកសេផានា ជាអ៊ីមុាំរង ព្រមទាំងអ្នកយាមទ្វារម៉ាស្ជិទបីនាក់យកទៅជាមួយ។ 25គាត់ក៏ចាប់មហាតលិកមួយនាក់ដែលជាអ្នកទទួលខុសត្រូវលើពលទាហាន ព្រមទាំងពួកនៅក្នុងវាំងប្រាំពីរនាក់ ស្មៀនរបស់មេទ័ពដែលមានភារកិច្ចកេណ្ឌទាហាន និងប្រជាជនហុកសិបនាក់ទៀត ដែលស្ថិតនៅក្នុងទីក្រុងនាពេលនោះ។ 26លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូចាប់អ្នកទាំងនោះ នាំទៅជូនស្ដេចស្រុកបាប៊ីឡូននៅរីបឡា។ 27ស្ដេចស្រុកបាប៊ីឡូនប្រហារជីវិតអ្នកទាំងនោះ នៅក្រុងរីបឡា ក្នុងស្រុកហាម៉ាត់។ ជនជាតិយូដាត្រូវគេកៀរចេញឆ្ងាយពីទឹកដីរបស់ខ្លួនបែបនេះឯង។
28ក្នុងឆ្នាំទីប្រាំពីរនៃរជ្ជកាលស្តេចនេប៊ូក្នេសា ស្ដេចនេះកៀរជនជាតិយូដាយកទៅជាឈ្លើយ ចំនួន ៣០២៣នាក់។ 29ក្នុងឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលស្តេចនេប៊ូក្នេសា ស្ដេចនេះកៀរអ្នកក្រុងយេរូសាឡឹមយកទៅជាឈ្លើយចំនួន ៨៣២នាក់។ 30ក្នុងឆ្នាំទីម្ភៃបីនៃរជ្ជកាលស្តេចនេប៊ូក្នេសា លោកនេប៊ូសារ៉ាដាន ជារាជប្រតិភូកៀរជនជាតិយូដាយកទៅជាឈ្លើយចំនួន ៧៤៥នាក់។ សរុបទាំងអស់ មានចំនួន ៤៦០០ នាក់។
31នៅថ្ងៃទីម្ភៃប្រាំខែទីដប់ពីរក្នុងឆ្នាំទីសាមសិបប្រាំពីរ ដែលស្តេចយ៉ូយ៉ាគីន ជាស្ដេចស្រុកយូដា ត្រូវគេចាប់យកទៅជាឈ្លើយសឹក ត្រូវនឹងឆ្នាំទីមួយនៃរជ្ជកាលស្តេចអេវីល-មេរ៉ូដាក ជាស្ដេចស្រុកបាប៊ីឡូន ស្តេចអេវីល-មេរ៉ូដាក ដោះលែងស្តេចយ៉ូយ៉ាគីនឲ្យមានសេរីភាព។ 32ស្ដេចមានប្រសាសន៍ទៅកាន់ស្តេចយ៉ូយ៉ាគីនដោយស្និទ្ធស្នាល ព្រមទាំងប្រទានកន្លែងកិត្តិយសជាងស្ដេចឯទៀតៗ ដែលជាប់ជាឈ្លើយនៅក្រុងបាប៊ីឡូន។ 33ស្ដេចអនុញ្ញាតឲ្យស្តេចយ៉ូយ៉ាគីនលែងស្លៀកសម្លៀកបំពាក់ជាឈ្លើយសឹក ហើយស្តេចយ៉ូយ៉ាគីនពិសាអាហាររួមតុជាមួយ ជារៀងរាល់ថ្ងៃ រហូតដល់អស់អាយុ។ 34ស្ដេចស្រុកបាប៊ីឡូនទំនុកបម្រុងស្តេចយ៉ូយ៉ាគីន ជារៀងរាល់ថ្ងៃ អស់មួយជីវិត រហូតដល់ថ្ងៃគាត់ស្លាប់។
ទើបបានជ្រើសរើសហើយ៖
ណាពីយេរេមា 52: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.