សេរីភាព 6
6
1 អុលឡោះតាអាឡាមានបន្ទូលមកម៉ូសាថា៖ «ឥឡូវនេះ អ្នកនឹងឃើញការដែលយើងធ្វើចំពោះហ្វៀរ៉អ៊ូន យើងនឹងសំដែងអំណាចដ៏ខ្លាំងពូកែរបស់យើង បង្ខំស្តេចនេះអនុញ្ញាតឲ្យប្រជាជនអ៊ីស្រអែលចេញទៅ។ ដោយសារអំណាចដ៏ខ្លាំងពូកែ ស្តេចហ្វៀរ៉អ៊ូននឹងបណ្តេញពួកគេចេញពីស្រុកអេស៊ីប»។
បន្ទូលអុលឡោះសន្យារំដោះជនជាតិអ៊ីស្រអែល
2អុលឡោះមានបន្ទូលមកម៉ូសាទៀតថា៖ «យើងជាអុលឡោះតាអាឡា 3យើងបានបង្ហាញឲ្យអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូបស្គាល់យើង ក្នុងឋានៈជាម្ចាស់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុត។ ប៉ុន្តែ យើងមិនបានប្រាប់ឲ្យពួកគេដឹងថា យើងមានឈ្មោះ អុលឡោះតាអាឡាទេ។ 4យើងបានចងសម្ពន្ធមេត្រីជាមួយពួកគេ យើងបានសន្យាប្រគល់ស្រុកកាណានឲ្យពួកគេ គឺស្រុកដែលពួកគេស្នាក់នៅក្នុងឋានៈជាជនបរទេស។ 5យើងឮជនជាតិអ៊ីស្រអែលស្រែកថ្ងូរ ព្រោះត្រូវពួកអេស៊ីបសង្កត់សង្កិន។ យើងនឹកដល់សម្ពន្ធមេត្រីរបស់យើង។ 6ហេតុនេះ ចូរប្រាប់ជនជាតិអ៊ីស្រអែលថា: “យើងជាអុលឡោះតាអាឡា យើងនឹងដោះលែងអ្នករាល់គ្នាពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ យើងនឹងរំដោះអ្នករាល់គ្នាឲ្យរួចពីភាពជាទាសកររបស់ជនជាតិអេស៊ីប យើងនឹងលោះអ្នករាល់គ្នា ដោយប្ញទ្ធិអំណាចរបស់យើង។ 7យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងធ្វើជាម្ចាស់របស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា យើងដោះលែងអ្នករាល់គ្នាចេញពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ។ 8បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងឱឡារិក ជាមួយអ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ហើយយើងឲ្យស្រុកនោះ ដល់អ្នករាល់គ្នាជាមត៌ក យើងជាអុលឡោះតាអាឡា!»។
9ម៉ូសាក៏នាំបន្ទូលទាំងនោះទៅប្រាប់កូនចៅអ៊ីស្រអែល ប៉ុន្តែ ពួកគេមិនស្តាប់គាត់ឡើយ ព្រោះពួកគេបាក់ទឹកចិត្ត ដោយសារទុក្ខវេទនា ក្នុងភាពជាទាសករ។ 10អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាទៀតថា៖ 11«ចូរទៅប្រាប់ហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីបថា ត្រូវបើកឲ្យជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីបទៅ»។ 12ម៉ូសាជម្រាបអុលឡោះថា៖ «សូម្បីតែជនជាតិអ៊ីស្រអែល ក៏មិនព្រមស្តាប់ខ្ញុំផង ធ្វើដូចម្តេចឲ្យស្តេចហ្វៀរ៉អ៊ូនស្តាប់ខ្ញុំ ជាមនុស្សដែលគ្មានវោហារនេះ!»។ 13ដូច្នេះ អុលឡោះតាអាឡាបង្គាប់ម៉ូសា និងហារូនឲ្យនាំបន្ទូលទៅប្រាប់ជនជាតិអ៊ីស្រអែល និងស្តេចហ្វៀរ៉អ៊ូន ដើម្បីឲ្យជនជាតិអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។
បញ្ជីរាយនាមបុព្វបុរសរបស់ណាពីម៉ូសា និងណាពីហារូន
14នេះជាបញ្ជីរាយនាមមេគ្រួសារនៃបុព្វបុរសរបស់ជនជាតិអ៊ីស្រអែល: កូនរបស់លោករូបេនដែលជាកូនច្បងរបស់លោកអ៊ីស្រអែល មានហេណុក ប៉ាលូវ ហេតស្រុន និងកើមី។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូររូបេន។
15កូនរបស់លោកស៊ីម្មានមាន យេមូអែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និងសូល ជាកូនរបស់ស្ត្រីជនជាតិកាណាន។ អ្នកទាំងនោះ ជាបុព្វបុរសនៃអំបូរស៊ីម្មាន។
16រីឯកូនចៅរបស់លោកលេវី មានរាយនាមតាមតំណវង្សត្រកូលដូចតទៅ: កូនរបស់លោកលេវីមាន គើសុន កេហាត់ និងម៉្រារី។ លោកលេវីរស់បានមួយរយសាមសិបប្រាំពីរឆ្នាំ។ 17កូនរបស់គើសុន មាន លិបនី និងស៊ីម៉ៃ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ។ 18កូនរបស់កេហាត់ មានអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូសាល។ លោកកេហាត់រស់បានមួយរយសាមសិបបីឆ្នាំ។ 19កូនរបស់ម៉្រារីមាន ម៉ាលី និងមូស៊ី។ អ្នកទាំងនោះជាបុព្វបុរសនៃអំបូរលេវី តាមតំណវង្សត្រកូលរបស់ពួកគេ។
20លោកអាំរ៉ាមរៀបការជាមួយនាងយ៉ុកិបិត ដែលត្រូវជាម្តាយមីងរបស់លោក នាងបង្កើតបានកូនប្រុសពីរនាក់ជូនលោក គឺហារូន និងម៉ូសា។ លោកអាំរ៉ាមរស់បានមួយរយសាមសិបប្រាំពីរឆ្នាំ។
21កូនរបស់លោកយីតសារមាន កូរេ ណេផេក និងស៊ីកគ្រី។ 22កូនរបស់លោកអ៊ូសាលគឺ មីសាអែល អែលសាផាន និងស៊ីតទ្រី។
23ហារូនរៀបការជាមួយនាងអេលីសេបា ជាកូនរបស់លោកអមីណាដាប់ និងជាប្អូនរបស់លោកណាសូន។ នាងបង្កើតបានកូនប្រុសបួននាក់ជូនលោកគឺ ណាដាប អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។
24កូនរបស់កូរេមាន អាស់សៀរ អែលកាណា និងអេបៀសាប់ ដែលជាបុព្វបុរសនៃអំបូរកូរេ។
25លោកអេឡាសារ កូនប្រុសរបស់ហារូន បានរៀបការជាមួយកូនស្រីលោកពូធាល នាងបង្កើតបានកូនប្រុសម្នាក់ជូនលោកគឺ ភីនេហាស។ អ្នកទាំងនេះជាមេគ្រួសារនៃកុលសម្ព័ន្ធលេវី តាមអំបូររបស់ពួកគេ។
26 អុលឡោះតាអាឡាបានបង្គាប់ឲ្យហារូន និងម៉ូសានេះនាំកូនចៅអ៊ីស្រអែលចេញពីស្រុកអេស៊ីប ដោយមានរបៀបរៀបរយដូចកងទ័ពមួយ។ 27ម៉ូសា និងហារូននេះហើយ ដែលបានទៅជួបស្តេចហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីប ដើម្បីនាំជនជាតិអ៊ីស្រអែលចេញពីស្រុកអេស៊ីប។
បញ្ជារបស់អុលឡោះចំពោះណាពីម៉ូសា និងណាពីហារូន
28ពេលដែលអុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសា នៅស្រុកអេស៊ីប 29ទ្រង់មានបន្ទូលមកគាត់ថា៖ «យើងជាអុលឡោះតាអាឡា! ចូរនាំសេចក្តីទាំងប៉ុន្មាន ដែលយើងបង្គាប់ដល់អ្នក យកទៅប្រាប់ហ្វៀរ៉អ៊ូនជាស្តេចស្រុកអេស៊ីប»។ 30ប៉ុន្តែ ម៉ូសាជម្រាបអុលឡោះតាអាឡាថា៖ «ខ្ញុំគ្មានវោហារទេ ស្តេចហ្វៀរ៉អ៊ូនមុខជាមិនស្តាប់ខ្ញុំឡើយ»។
ទើបបានជ្រើសរើសហើយ៖
សេរីភាព 6: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.