សេរីភាព 5
5
ណាពីម៉ូសា និងណាពីហារូនទៅជួបស្តេចហ្វៀរ៉អ៊ូន
1បន្ទាប់មក ម៉ូសា និងហារូនចូលទៅជួបស្តេចហ្វៀរ៉អ៊ូន ហើយជម្រាបថា៖ អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅនេះ ចូរអនុញ្ញាតឲ្យប្រជារាស្ត្រយើង ចេញទៅធ្វើពិធីបុណ្យគោរពយើងនៅវាលរហោស្ថាន»។ 2ស្តេចហ្វៀរ៉អ៊ូនតបថា៖ «តើ អុលឡោះតាអាឡាជានរណា បានជាយើងត្រូវស្តាប់តាម ហើយអនុញ្ញាតឲ្យពួកអ៊ីស្រអែលចេញទៅនោះ? យើងមិនស្គាល់ អុលឡោះតាអាឡាទេ យើងមិនអនុញ្ញាតឲ្យពួកអ៊ីស្រអែលចេញទៅឡើយ។ 3អ្នកទាំងពីរជម្រាបស្តេចទៀតថា៖ «អុលឡោះជាម្ចាស់នៃជនជាតិហេប្រឺ បានមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើគូរបានជូនអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំ។ បើយើងខ្ញុំមិនទៅទេ ទ្រង់នឹងប្រហារយើងខ្ញុំដោយជំងឺ ឬដោយមុខដាវ»។ 4ស្តេចស្រុកអេស៊ីបមានប្រសាសន៍មកកាន់អ្នកទាំងពីរថា៖ «ម៉ូសា និងហារូន ហេតុអ្វីបានជាអ្នកទាំងពីរនាំអាទិ៍ពួកអ៊ីស្រអែល ឲ្យឈប់ធ្វើការដូច្នេះ? ចូរនាំគ្នាត្រឡប់ទៅធ្វើការវិញទៅ!។
5ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ថា៖ «ឥឡូវនេះ ប្រជាជនអ៊ីស្រអែលមានចំនួនច្រើននៅក្នុងស្រុក តើអ្នកទាំងពីរចង់ឲ្យគេឈប់ធ្វើការដូចម្តេចបាន?»។
ស្តេចហ្វៀរ៉អ៊ូនបន្ថែមការងារឲ្យជនជាតិអ៊ីស្រអែល
6នៅថ្ងៃដដែលនោះ ស្តេចហ្វៀរ៉អ៊ូនបានបញ្ជាមេត្រួតត្រាលើប្រជាជន និងមេក្រុមថា៖ 7«មិនត្រូវផ្តល់ចំបើងឲ្យពួកអ៊ីស្រអែល សម្រាប់ធ្វើដុំឥដ្ឋដូចពីមុនទៀតទេ គឺឲ្យពួកគេទៅរកចំបើងដោយខ្លួនឯង។ 8ប៉ុន្តែ ត្រូវបង្ខំឲ្យគេធ្វើដុំឥដ្ឋគ្រប់ចំនួនដដែល កុំបន្ថយចំនួនឡើយ។ ពួកគេសុទ្ធតែជាមនុស្សខ្ជិល ហេតុនេះហើយបានជាគេទាមទារសុំចេញទៅធ្វើគូរបាន ជូនអុលឡោះជាម្ចាស់របស់ពួកគេ។ 9ត្រូវដាក់ការងារឲ្យពួកគេធ្វើកាន់តែធ្ងន់ធ្ងរថែមទៀត ដើម្បីកុំឲ្យពួកគេមានពេលគិតអំពីការភូតភរបានឡើយ»។
10ពួកមេត្រួតត្រាលើប្រជាជន និងពួកមេក្រុម ពោលមកកាន់ជនជាតិអ៊ីស្រអែល ដូចតទៅនេះ៖ «ស្តេចហ្វៀរ៉អ៊ូនមានប្រសាសន៍ថា: យើងឈប់ផ្តល់ចំបើងឲ្យអ្នករាល់គ្នាទៀតហើយ។ 11អ្នករាល់គ្នាត្រូវចេញទៅរកចំបើងខ្លួនឯងផ្ទាល់ នៅកន្លែងណាដែលអាចរកបាន ប៉ុន្តែ កុំបន្ថយចំនួនដុំឥដ្ឋឡើយ»។ 12ដូច្នេះ ប្រជាជនអ៊ីស្រអែលទាំងអស់ចេញទៅគ្រប់កន្លែង ក្នុងស្រុកអេស៊ីប ដើម្បីប្រមូលជញ្ជ្រាំងមកប្រើជំនួសចំបើង។ 13ពួកមេត្រួតត្រាដាក់កំហិតប្រជាជនថា៖ «ត្រូវបង្ហើយការងារប្រចាំថ្ងៃ ឲ្យបានគ្រប់ចំនួនដូចពីមុនក្នុងពេលដែលអ្នករាល់គ្នាមានចំបើង»។ 14មេត្រួតត្រាទាំងនោះ វាយពួកមេក្រុមអ៊ីស្រអែលដែលខ្លួនបានតែងតាំង ព្រមទាំងស្តីបន្ទោសថា៖ «ប៉ុន្មានថ្ងៃនេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនផលិតដុំឥដ្ឋគ្រប់ចំនួន ដូចកាលពីមុន?»។
15មេក្រុមអ៊ីស្រអែលនាំគ្នាទៅតវ៉ាស្តេចហ្វៀរ៉អ៊ូនថា៖ «ហេតុអ្វីបានជាស្តេចធ្វើបាបយើងខ្ញុំទាំងអស់គ្នាដូច្នេះ? 16គេមិនបានផ្តល់ចំបើងឲ្យពួកយើងខ្ញុំទេ ហើយគេបញ្ជាឲ្យពួកយើងខ្ញុំធ្វើដុំឥដ្ឋគ្រប់ចំនួន ព្រមទាំងវាយពួកយើងខ្ញុំទៀតផង។ ប្រជារាស្ត្ររបស់ស្តេចខុសហើយ!»។ 17ស្តេចហ្វៀរ៉អ៊ូនឆ្លើយថា៖ «អ្នករាល់គ្នាសុទ្ធតែជាមនុស្សខ្ជិល ច្រអូស! ហេតុនេះហើយបានជាអ្នករាល់គ្នាពោលថា “សូមអនុញ្ញាតឲ្យយើងខ្ញុំ ចេញទៅធ្វើគូរបានជូនអុលឡោះតាអាឡា!។ 18ឥឡូវនេះ ចូរនាំគ្នាទៅធ្វើការវិញទៅ។ យើងគ្មានចំបើងឲ្យទេ ប៉ុន្តែ ត្រូវធ្វើដុំឥដ្ឋឲ្យបានគ្រប់ចំនួន»។ 19កាលឮថា គេមិនបន្ថយចំនួនដុំឥដ្ឋដែលត្រូវផលិតប្រចាំថ្ងៃទេនោះ ពួកមេក្រុមអ៊ីស្រអែលដឹងថា ខ្លួនធ្លាក់ក្នុងស្ថានភាពលំបាកវេទនាហើយ។ 20ពេលចេញពីជួបស្តេចហ្វៀរ៉អ៊ូនវិញ ពួកគេមករកម៉ូសា និងហារូនដែលកំពុងតែរង់ចាំពួកគេ។ 21ពួកគេពោលទៅកាន់អ្នកទាំងពីរថា៖ «សូមអុលឡោះតាអាឡាមើល ហើយដាក់ទោសអ្នកទាំងពីរចុះ! អ្នកទាំងពីរធ្វើឲ្យស្តេចហ្វៀរ៉អ៊ូន និងពួកមន្ត្រីទាំងអស់ស្អប់ពួកយើង។ អ្នកទាំងពីរបានហុចដាវទៅឲ្យពួកគេសម្លាប់យើង»។
22ម៉ូសាបែរទៅរកអុលឡោះតាអាឡាហើយសួរថា៖ «អុលឡោះតាអាឡាអើយ ហេតុអ្វីបានជាទ្រង់ធ្វើបាបប្រជាជននេះ? ហេតុអ្វីបានជាទ្រង់ចាត់ខ្ញុំឲ្យមក? 23តាំងពីខ្ញុំបានទៅជួបស្តេចហ្វៀរ៉អ៊ូន ក្នុងនាមរបស់អុលឡោះមក ស្តេចនោះបានធ្វើបាបប្រជាជននេះ តែទ្រង់មិនបានរំដោះប្រជារាស្ត្ររបស់ទ្រង់សោះ»។
ទើបបានជ្រើសរើសហើយ៖
សេរីភាព 5: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.