ណាពី​ដានី‌យ៉ែល 6

6
ណាពី​ដានី‌យ៉ែល​នៅ​ក្នុង​រូង​តោ
1ស្តេច​ដារី‌យូស​ពេញ​ចិត្ត​តែង‌តាំង​មេ‌ទ័ព​មួយ​រយ​ម្ភៃ​នាក់​ឲ្យ​គ្រប់‌គ្រង​លើ​រាជា‌ណាចក្រ​ទាំង​មូល។ 2ស្ដេច​តែង‌តាំង​មហា​មន្ត្រី​បី​នាក់​ឲ្យ​ធ្វើ​ជា​ប្រមុខ​លើ​មេ‌ទ័ព​ទាំង​នោះ។ មេ‌ទ័ព​ទាំង​អស់​ត្រូវ​ធ្វើ​របាយ‌ការណ៍​ជូន​មហា​មន្ត្រី ដើម្បី​រក្សា​ផល​ប្រយោជន៍​របស់​ស្ដេច។ ដានី‌យ៉ែល​ជា​មហា‌មន្ត្រី​មួយ​នាក់​ក្នុង​ចំណោម​មហា‌មន្ត្រី​ទាំង​បី។ 3ក្នុង​ចំណោម​មហា‌មន្ត្រី​ទាំង​បី​នាក់ និង​មេ‌ទ័ព​ទាំង​អស់ ដានី‌យ៉ែល​ប្រសើរ​ជាង​គេ ព្រោះ​គាត់​មាន​ប្រាជ្ញា​ឈ្លាស‌វៃ​បំផុត។ ស្តេច​មាន​បំណង​តែង‌តាំង​គាត់​ឲ្យ​គ្រប់‌គ្រង​លើ​រាជា‌ណាចក្រ​ទាំង​មូល។
4ពេល​នោះ មហា‌មន្ត្រី​ឯ​ទៀតៗ និង​ពួក​មេ‌ទ័ព​រិះ​រក​មូល​ហេតុ​ណា​មួយ ដែល​ជាប់​ទាក់‌ទង​នឹង​ការ‌ងារ​ក្នុង​រាជា‌ណាចក្រ ដើម្បី​ចោទ​ប្រកាន់​លោក​ដានី‌យ៉ែល តែ​ពួក​គេ​ពុំ​អាច​រក​ឃើញ​មូល​ហេតុ ឬ​កំហុស​ណា​មួយ​បាន​ទេ ដ្បិត​ដានី‌យ៉ែល​ជា​មនុស្ស​ស្មោះ​ត្រង់​នឹង​ការ‌ងារ មិន​ដែល​ធ្វេស‌ប្រហែស ឬ​មាន​កំហុស​ណា​មួយ​ឡើយ។ 5អ្នក​ទាំង​នោះ​ពិភាក្សា​គ្នា​ថា៖ «យើង​ពុំ​អាច​រក​មូល​ហេតុ​ចាប់​កំហុស​ដានី‌យ៉ែល​បាន​ទេ។ ដូច្នេះ មាន​តែ​រិះ​រក​មូល​ហេតុ​ដែល​ជាប់​ទាក់‌ទង​នឹង​ហ៊ូកុំ​របស់​អុលឡោះ​ជា​ម្ចាស់​របស់​គាត់»។ 6បន្ទាប់​មក ពួក​មហា‌មន្ត្រី និង​ចៅហ្វាយ​ខេត្ត បាន​លើក​គ្នា​ចូល​ទៅ​ជួប​ស្តេច​ជម្រាប​ថា៖ «ស្តេច​ដារី‌យូស​អើយ! សូម​ស្តេច​រស់​នៅ​រហូត​ត​ទៅ! 7មហា‌មន្ត្រី​ទាំង​អស់​ក្នុង​រាជា‌ណាចក្រ ព្រម​ទាំង​មន្ត្រី​រដ្ឋ‌បាល មេ‌ទ័ព​ក្រុម​ប្រឹក្សា​រាជ​បល្ល័ង្ក និង​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​បាន​មូល​មតិ​គ្នា សូម​ឲ្យ​ស្ដេច​ចេញ​រាជ‌ក្រឹត្យ​មួយ ដើម្បី​ប្រកាស​បំរាម​ដូច​ត​ទៅ: “សូម​ជម្រាប​ស្តេច ក្នុង​អំឡុង​ពេល​សាម‌សិប​ថ្ងៃ បើ​អ្នក​ណា​ទូល‌អង្វរ​សូម​អ្វី​ពី​ព្រះ​ណា​មួយ ឬ​ពី​មនុស្ស​ណា​ម្នាក់ ក្រៅ​ពី​ស្តេច អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ”។ 8ឥឡូវ​នេះ សូម​ស្តេច​ចុះ​ហត្ថ‌លេខា​បញ្ជាក់​បំរាម​នេះ ដើម្បី​ឲ្យ​បាន​ស្រប​តាម​ច្បាប់​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស​ដែល​ឥត​ផ្លាស់​ប្ដូរ ឬ​ប្រែ​ក្រឡាស់​បាន​ឡើយ»។
9ស្តេច​ដារី‌យូស​ក៏​ចុះ​ហត្ថ‌លេខា​លើ​រាជ‌ក្រឹត្យ​ប្រកាស​បំរាម​នោះ។
10កាល​ដានី‌យ៉ែល​បាន​ជ្រាប​អំពី​រាជ‌ក្រឹត្យ​នេះ គាត់​ក៏​ឡើង​ទៅ​លើ​បន្ទប់​មួយ ក្នុង​ផ្ទះ​របស់​គាត់​ដែល​មាន​បង្អួច​ចំហ បែរ​ទៅ​រក​ក្រុង​យេរូ‌សាឡឹម។ គាត់​លុត​ជង្គង់​ទូរអា និង​សរសើរ​អុលឡោះ​ជា​ម្ចាស់​របស់​គាត់​ដូច​សព្វ​ដង គឺ​ក្នុង​មួយ​ថ្ងៃ​បី​ដង។
11ពេល​នោះ ពួក​នាម៉ឺន​មន្ត្រី​ក៏​លើក​គ្នា​ចូល​មក ឃើញ​ដានី‌យ៉ែល​កំពុង​តែ​ទូរអា‌អង្វរ​អុលឡោះ​ជា​ម្ចាស់​របស់​គាត់។ 12ពួក​គេ​នាំ​គ្នា​ចូល​ទៅ​ជួប​ស្ដេច ជម្រាប​អំពី​រាជ​បំរាម​នោះ​ថា៖ «សូម​ជម្រាប​ស្តេច តើ​ស្តេច​បាន​ចុះ​ហត្ថ‌លេខា​លើ​បំរាម​ថា ក្នុង​រយៈ​ពេល​សាម‌សិប​ថ្ងៃ បើ​អ្នក​ណា​ទូល‌អង្វរ​ព្រះ ឬ​មនុស្ស ក្រៅ​ពី​ស្តេច អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ​មែន​ឬ?»។ ស្តេច​ឆ្លើយ​ថា៖ «ត្រូវ​ហើយ! យើង​បាន​សម្រេច​ដូច្នេះ​មែន គឺ​ស្រប​តាម​ច្បាប់​របស់​ជន‌ជាតិ​មេឌី និង​ពែរ្ស ដែល​មិន​អាច​ប្រែ​ក្រឡាស់​បាន​ឡើយ»។ 13ពួក​គេ​ក៏​ជម្រាប​ស្តេច​ថា៖ «ដានី‌យ៉ែល​ជា​អ្នក​ដែល​គេ​ជន្លៀស​មក​ពី​ស្រុក​យូដា ពុំ​បាន​អើពើ​នឹង​ស្តេច ហើយ​ក៏​មិន​គោរព​តាម​បំរាម​ដែល​ស្តេច​បាន​ចុះ​ហត្ថ‌លេខា​ដែរ! គឺ​គាត់​នៅ​តែ​អធិស្ធាន​មួយ​ថ្ងៃ​បី​ដង»។ 14កាល​ស្ដេច​ស្តាប់​ដូច្នេះ​ហើយ គាត់​ព្រួយ​ចិត្ត​ជា​ខ្លាំង។ ស្តេច​ចង់​ដោះ​លែង​ដានី‌យ៉ែល​ណាស់ គឺ​តាំង​ពី​ពេល​នោះ​រហូត​ដល់​ល្ងាច ស្តេច​រិះ​រក​មធ្យោ‌បាយ​ដោះ​លែង​ដានី‌យ៉ែល។ 15ប៉ុន្តែ នាម៉ឺន​មន្ត្រី​ទាំង​នោះ​លើក​គ្នា​មក​ជម្រាប​ស្ដេច​ថា៖ «ស្តេច​អើយ! សូម​ជ្រាប​ថា តាម​ច្បាប់​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស រាជ​បំរាម និង​រាជ‌ក្រឹត្យ​ទាំង​ប៉ុន្មាន ដែល​បាន​ចុះ​ហត្ថ‌លេខា​របស់​ស្តេច​មិន​អាច​ប្រែ‌ប្រួល​បាន​ជា​ដាច់​ខាត!»។ 16ស្តេច​បញ្ជា​ឲ្យ​គេ​នាំ​ដានី‌យ៉ែល​ទៅ​បោះ​នៅ​ក្នុង​រូង​តោ ទាំង​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​នឹង​សង្គ្រោះ​ជីវិត​អ្នក​ជា​មិន​ខាន ព្រោះ​អ្នក​បាន​គោរព​បម្រើ​ទ្រង់​ដោយ​ចិត្ត​ព្យាយាម»។ 17គេ​យក​ផ្ទាំង​ថ្ម​មួយ​ផ្ទាំង​មក​សន្ធប់​មាត់​រូង ហើយ​ស្តេច​ប្រថាប់​ត្រា​ទំរង់​លើ​ថ្ម​នោះ ពួក​មន្ត្រី​របស់​ស្ដេច​ក៏​បោះ​ត្រា​ចិញ្ចៀន​របស់​គេ​លើ​ថ្ម​នោះ​ដែរ។ ដូច្នេះ គ្មាន​នរណា​អាច​សង្គ្រោះ​ដានី‌យ៉ែល​បាន​ឡើយ។
18បន្ទាប់​មក ស្តេច​ចូល​រាជ​វាំង​វិញ គាត់​ចូល​បន្ទប់‌សម្រាន្ត ដោយ​មិន​ព្រម​ពិសា​អ្វី​ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​ពួក​ស្នំ​ចូល​មក​ជិត​ដែរ។ យប់​នោះ គាត់​សម្រាន្ត​មិន​លក់​ទាល់​តែ​សោះ។ 19ស្តេច​ក្រោក​ឡើង​តាំង​ពី​ព្រលឹម​ស្រាងៗ ហើយ​ប្រញាប់‌ប្រញាល់​ឆ្ពោះ​ទៅ​រូង​តោ។ 20ស្តេច​ចូល​ទៅ​ជិត​រូង ទាំង​ស្រែក​ហៅ​ដានី‌យ៉ែល ដោយ​បន្លឺ​សំឡេង​យ៉ាង​ក្ដុក‌ក្ដួល​ថា៖ «លោក​ដានី‌យ៉ែល​ជា​អ្នក​បម្រើ​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​អើយ តើ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក ដែល​អ្នក​គោរព​បម្រើ​ដោយ​ចិត្ត​ព្យាយាម​នោះ បាន​រំដោះ​អ្នក​ឲ្យ​រួច​ពី​តោ​ឬ​ទេ?»។ 21ដានី‌យ៉ែល ឆ្លើយ​ទៅ​ស្ដេច​វិញ​ថា៖ «ស្តេច​អើយ! សូម​ស្តេច​នៅ​អស់‌កល្ប​រហូត​ត​ទៅ! 22អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​ទ្រង់​មក​បិទ​មាត់​តោ ដូច្នេះ វា​មិន​បាន​ធ្វើ​បាប​ខ្ញុំ​ឡើយ ដ្បិត​អុលឡោះ​ជ្រាប​ថា ខ្ញុំ​គ្មាន​ទោស‌ពៃរ៍​អ្វី​ចំពោះ​ទ្រង់​ទេ ហើយ​ខ្ញុំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ចំពោះ​ស្តេច​ដែរ»។ 23ពេល​នោះ ស្តេច​មាន​ចិត្ត​រីក‌រាយ​ក្រៃ‌លែង ស្តេច​បញ្ជា​ឲ្យ​គេ​យក​ដានី‌យ៉ែល​ចេញ​ពី​រូង​មក​វិញ គេ​ក៏​យក​គាត់​ចេញ​មក​ឃើញ​ថា គាត់​គ្មាន​របួស​អ្វី​សោះ ដ្បិត​គាត់​មាន​ជំនឿ​លើ​អុលឡោះ​ជា​ម្ចាស់​របស់​គាត់។ 24បន្ទាប់​មក ស្តេច​បញ្ជា​ឲ្យ​គេ​នាំ​ពួក​នាម៉ឺន​មន្ត្រី ដែល​បាន​ចោទ​ប្រកាន់​ដានី‌យ៉ែល​យក​ទៅ​បោះ​នៅ​ក្នុង​រូង​តោ​ទាំង​ប្រពន្ធ ទាំង​កូន។ មុន​ពេល​អ្នក​ទាំង​នោះ​ធ្លាក់​ទៅ​ដល់​បាត​រូង តោ​បាន​លោត​មក​ត្របាក់​ស៊ី​ពួក​គេ​ខ្ទេច‌ខ្ទី​អស់។
25ស្តេច​ដារី‌យូស​ចេញ​រាជ‌សារ​មួយ​ប្រកាស​ប្រាប់​ប្រជា‌ជន ប្រជា‌ជាតិ និង​មនុស្ស​គ្រប់​ភាសា ដែល​រស់​នៅ​លើ​ផែនដី​ទាំង​មូល​ថា៖
«សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូណ៌! 26យើង​សុំ​ចេញ​បញ្ជា​ដូច​ត​ទៅ គឺ​មនុស្ស​ទាំង‌ឡាយ​ដែល​រស់​នៅ​ទូ‌ទាំង​រាជា‌ណាចក្រ​របស់​យើង ត្រូវ​តែ​គោរព​កោត​ខ្លាច​អុលឡោះ​ជា​ម្ចាស់​របស់​ដានី‌យ៉ែល
ដ្បិត​ទ្រង់​ជា​ម្ចាស់​ដែល​នៅ​អស់‌កល្ប
ហើយ​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។
រាជ្យ​របស់​ទ្រង់​មិន​សាប‌សូន្យ​ឡើយ
ទ្រង់​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ។
27ទ្រង់​សង្គ្រោះ និង​រំដោះ​មនុស្ស​លោក
ទ្រង់​សំដែង​ទី​សំគាល់ និង​ឫទ្ធិ​អំណាច
នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី
គឺ​ទ្រង់​នេះ​ហើយ​ដែល​បាន​សង្គ្រោះ
ដានី‌យ៉ែល​ឲ្យ​រួច​ពី​ក្រញាំ​តោ»។
28ដានី‌យ៉ែល​បាន​ចំរុង‌ចំរើន​រុង‌រឿង​ឡើង ក្នុង​រជ្ជកាល​ស្តេច​ដារី‌យូស និង​ក្នុង​រជ្ជកាល​ស្តេច​ស៊ីរូស ជា​ជន‌ជាតិ​ពែរ្ស។

ទើបបានជ្រើសរើសហើយ៖

ណាពី​ដានី‌យ៉ែល 6: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល