ណាពីដានីយ៉ែល 7
7
ណាពីដានីយ៉ែលសុបិននិមិត្តឃើញសត្វសាហាវបួន
1នៅឆ្នាំទីមួយនៃរជ្ជកាលស្តេចបេលសាសារ ជាស្ដេចស្រុកបាប៊ីឡូន ដានីយ៉ែលបានយល់សុបិននៅពេលសម្រាន្ដ គឺព្រលឹងរបស់គាត់និមិត្តឃើញការអស្ចារ្យ ដែលគាត់លើកយកចំណុចសំខាន់ៗ មកសរសេររៀបរាប់ដូចតទៅ:
2ដានីយ៉ែលមានប្រសាសន៍ថា៖ «ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញខ្យល់ទាំងបួនទិសបក់ពីមេឃមកលើមហាសមុទ្រ។ 3ពេលនោះ ស្រាប់តែមានសត្វដ៏ធំសម្បើមបួនក្បាលប្លែកៗពីគ្នា ផុសចេញពីមហាសមុទ្រ។ 4សត្វទីមួយមានរូបរាងដូចតោ ហើយមានស្លាបដូចឥន្ទ្រី។ ពេលខ្ញុំកំពុងតែមើលនោះ ខ្ញុំឃើញគេដកស្លាបវា ហើយលើកវាឡើងផុតពីដីឲ្យឈរជើងពីរដូចមនុស្ស រួចគេឲ្យវាមានចិត្តដូចមនុស្ស។ 5សត្វទីពីរមានរូបរាងដូចខ្លាឃ្មុំ វាឈរលើជើងម្ខាង ព្រមទាំងពាំឆ្អឹងជំនីរបីក្នុងមាត់ផង។ មានគេប្រាប់វាថា “ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនទៅ!”។
6ខ្ញុំសម្លឹងមើលទៅ ឃើញសត្វមួយទៀត មានរូបរាងដូចខ្លារខិន នៅលើខ្នងវាមានស្លាបបួន ហើយវាមានក្បាលបួនដែរ វាបានទទួលអំណាចគ្រប់គ្រងលើពិភពលោក។ 7បន្ទាប់មក ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំបានឃើញសត្វទីបួនដែលមានរូបរាងគួរព្រឺស្ញែងខ្លាច។ វាមានកម្លាំងដ៏ខ្លាំងក្លាអស្ចារ្យ ធ្មេញវាជាដែកដ៏ធំៗ វាត្របាក់ស៊ី វាកំទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់ផង។ សត្វនេះមានរូបរាងខុសប្លែកពីសត្វមុនៗ គឺវាមានស្នែងដប់។ 8ខ្ញុំសង្កេតមើលស្នែងទាំងនោះ ស្រាប់តែឃើញមានស្នែងមួយទៀតតូចជាងគេ ដុះចេញពីកណ្ដាលចំណោមស្នែងទាំងដប់។ គេដកស្នែងមុនៗបីចេញពីមុខស្នែងតូច។ ស្នែងនេះមានភ្នែកដូចភ្នែកមនុស្ស ហើយមានមាត់ពោលចេញមកនូវពាក្យព្រហើនកោងកាច»។
អុលឡោះវិនិច្ឆ័យទោស
9«ពេលនោះ ខ្ញុំនៅតែគន់មើលតទៅទៀត ឃើញគេយករាជបល្ល័ង្កជាច្រើនមកតាំង ហើយអុលឡោះជាម្ចាស់នៃពេលវេលា ដែលនៅអស់កល្ប នៅលើបល្ល័ង្កមួយ ទ្រង់មានអាវវែងពណ៌សដូចកប្បាស ហើយសក់របស់ទ្រង់សដូចសំឡី។ បល្ល័ង្ករបស់ទ្រង់ប្រៀបបាននឹងអណ្ដាតភ្លើង ហើយមានកង់កំពុងឆេះសន្ធោសន្ធៅ។ 10មានទន្លេមួយហូរសុទ្ធតែភ្លើង ចេញពីមុខបល្ល័ង្ក។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបម្រើទ្រង់ និងរាប់លានរាប់កោដិនាក់ទៀតឈរចំពោះទ្រង់។ ពេលនោះ ចៅក្រមនាំគ្នាអង្គុយ ហើយគេក៏បើកក្រាំងផ្សេងៗ។
11ខ្ញុំក្រឡេកមើលទៅ ខ្ញុំបានឮស្នែងតូចនោះពោលពាក្យយ៉ាងព្រហើនកោងកាច។ ពេលខ្ញុំកំពុងតែសម្លឹងមើល ស្រាប់តែសត្វទីបួននោះត្រូវគេសម្លាប់ ហើយគេយកខ្មោចទៅដុតចោលក្នុងភ្លើង។ 12រីឯសត្វឯទៀតៗក៏បាត់បង់អំណាចគ្រប់គ្រង តែពួកវាបានទទួលការអនុញ្ញាតឲ្យរស់តទៅមុខទៀតរហូតដល់ពេលកំណត់។
13ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញមានម្នាក់ដូចបុត្រាមនុស្ស មកជាមួយពពកនៅលើផ្ទៃមេឃ គាត់ចូលទៅជិតអុលឡោះជាម្ចាស់នៃពេលវេលា ដែលនៅអស់កល្ប ហើយគេក៏នាំគាត់ទៅជួបទ្រង់។ 14គាត់បានទទួលអំណាចគ្រប់គ្រងកិត្តិនាម ព្រមទាំងរាជសម្បត្តិផង។ ប្រជាជនទាំងអស់ ប្រជាជាតិទាំងអស់ និងមនុស្សគ្រប់ភាសា នាំគ្នាគោរពបម្រើគាត់ អំណាចគ្រប់គ្រងរបស់គាត់នៅស្ថិតស្ថេរអស់កល្បជានិច្ចឥតសាបសូន្យឡើយ។ រាជសម្បត្តិរបស់គាត់មិនត្រូវរលាយដែរ។»
ការកាត់ស្រាយសុបិននិមិត្តអំពីសត្វសាហាវទាំងបួន
15ពេលនោះ ខ្ញុំ ដានីយ៉ែល តប់ប្រមល់ក្នុងចិត្តជាខ្លាំង ដ្បិតនិមិត្តហេតុដ៏អស្ចារ្យដែលខ្ញុំបានឃើញក្នុងសុបិននេះ ធ្វើឲ្យខ្ញុំតក់ស្លុតណាស់។ 16ខ្ញុំក៏ខិតទៅជិតបុរសម្នាក់ក្នុងចំណោមអស់អ្នកដែលឈរនៅក្បែរបល្ល័ង្ក ហើយសួរគាត់ឲ្យពន្យល់អត្ថន័យពិតប្រាកដនៃហេតុការណ៍ទាំងនោះ។ គាត់ក៏កាត់ស្រាយអត្ថន័យនៃហេតុការណ៍ទាំងអស់ដែលខ្ញុំបានឃើញនោះ ដូចតទៅ: 17សត្វធំសម្បើមទាំងបួននោះ គឺស្តេចបួននាក់ ដែលនឹងឡើងគ្រងរាជ្យលើផែនដីនេះ។ 18បន្ទាប់មក ប្រជាជនដ៏វិសុទ្ធនៃអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជសម្បត្តិនោះ ហើយពួកគេគ្រងរាជ្យដ៏ស្ថិតនៅអស់កល្បជានិច្ច ជាអង្វែងតរៀងទៅ។ 19ក្រោយមក ខ្ញុំក៏សួរចង់ដឹងឲ្យច្បាស់អំពីសត្វទីបួន ដែលខុសប្លែកពីសត្វឯទៀតៗ គឺមានរូបរាងគួរស្ញែងខ្លាច មានធ្មេញដែក មានក្រចកលង្ហិន ហើយត្របាក់ស៊ីកំទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់។ 20ខ្ញុំក៏ចង់ដឹងអំពីស្នែងទាំងដប់នៅលើក្បាលសត្វនោះ និងអំពីស្នែងមួយទៀតដែលដុះឡើងធ្វើឲ្យជ្រុះស្នែងបី។ ស្នែងក្រោយនេះមានភ្នែក និងមានមាត់ពោលពាក្យព្រហើនកោងកាច ហើយឃើញហាក់ដូចជាធំជាងស្នែងឯទៀតៗ។ 21ខ្ញុំបានឃើញស្នែងនេះកំពុងតែច្បាំងនឹងប្រជាជនដ៏វិសុទ្ធ ហើយមានប្រៀបលើពួកគេ 22រហូតដល់ពេលអុលឡោះជាម្ចាស់នៃពេលវេលា ដែលនៅអស់កល្បមក ដើម្បីរកយុត្តិធម៌ឲ្យប្រជារាស្ត្រដ៏វិសុទ្ធរបស់ទ្រង់ដ៏ខ្ពង់ខ្ពស់បំផុត។ ពេលនោះ ជាពេលកំណត់ដែលប្រជាជនដ៏វិសុទ្ធត្រូវទទួលរាជសម្បត្តិ។
23បុរសនោះប្រាប់ខ្ញុំថា សត្វទីបួន គឺរាជាណាចក្រទីបួនដែលនឹងកើតឡើង នៅលើផែនដី។ រាជាណាចក្រនោះប្លែកពីរាជាណាចក្រឯទៀតៗ គឺរាជាណាចក្រនោះនឹងត្របាក់លេប ជាន់ឈ្លី និងកិនកំទេចរាជាណាចក្រឯទៀតៗ។ 24រីឯស្នែងទាំងដប់ គឺស្ដេចដប់អង្គដែលនឹងឡើងគ្រងរាជ្យ ក្នុងរាជាណាចក្រនោះ។ បន្ទាប់មក មានស្ដេចមួយនាក់ ដែលប្លែកពីស្ដេចមុនៗឡើងគ្រងរាជ្យក្រោយគេបង្អស់ ហើយទម្លាក់ស្ដេចបីនាក់ទៀតចោល។ 25ស្ដេចនេះនឹងមានប្រសាសន៍ប្រឆាំងអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចនឹងជិះជាន់សង្កត់សង្កិនប្រជារាស្ត្រដ៏វិសុទ្ធរបស់អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ហើយមានបំណងនឹងផ្លាស់ប្ដូរពេលកំណត់ធ្វើពិធីបុណ្យ និងផ្លាស់ប្ដូរហ៊ូកុំទៀតផង។ ស្តេចនឹងធ្វើបាបប្រជាជនដ៏វិសុទ្ធអស់រយៈពេលមួយឆ្នាំ ពីរឆ្នាំ និងពាក់កណ្ដាលឆ្នាំ។ 26បន្ទាប់មក ពេលវិនិច្ឆ័យទោសក៏មកដល់ គេនឹងដកអំណាចគ្រប់គ្រងចេញពីស្ដេចនោះ ហើយរាជ្យនេះនឹងត្រូវគេបំផ្លាញឲ្យវិនាសសូន្យរហូតតទៅ។ 27ប្រជាជនដ៏វិសុទ្ធនៃអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជ្យ អំណាចគ្រប់គ្រង និងទ្រព្យសម្បត្តិនៃរាជាណាចក្រទាំងប៉ុន្មាននៅលើផែនដីទាំងមូល។ រាជ្យរបស់គេជារាជ្យដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មេគ្រប់គ្រងទាំងប៉ុន្មាននឹងនាំគ្នាបម្រើ ហើយស្ដាប់បង្គាប់ប្រជាជនដ៏វិសុទ្ធនោះ។
28«សេចក្ដីនេះចប់តែប៉ុណ្ណេះ។ ខ្ញុំ ដានីយ៉ែល ភ័យតក់ស្លុតជាខ្លាំង ហេតុការណ៍ដែលខ្ញុំបានដឹងនៅក្នុងចិត្ត បានធ្វើឲ្យខ្ញុំស្លេកស្លាំង តែខ្ញុំរក្សាពាក្យពេចន៍ទាំងនេះទុកនៅក្នុងចិត្ត»។
ទើបបានជ្រើសរើសហើយ៖
ណាពីដានីយ៉ែល 7: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.