ណាពី​ដានី‌យ៉ែល 5

5
ពិធី​ជប់‌លៀង​របស់​ស្តេច​បេលសា‌សារ
1ស្តេច​បេលសា‌សារ​បាន​ចាត់​ឲ្យ​គេ​រៀប​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ​ជូន​នាម៉ឺន​មន្ត្រី ចំនួន​មួយ​ពាន់​នាក់ ហើយ​ស្តេច​បាន​ពិសា​ស្រា​ជា​ច្រើន​នៅ​មុខ​នាម៉ឺន​មន្ត្រី​ទាំង​នោះ។ 2ក្រោយ​ពី​ពិសា​ស្រា​រួច​ហើយ ស្តេច​បេលសា‌សារ​បញ្ជា​ឲ្យ​គេ​យក​ពែង​មាស និង​ពែង​ប្រាក់​ដែល​ស្តេច​នេប៊ូ‌ក្នេសា ជា​បិតា បាន​រឹប​អូស​មក​ពី​ម៉ាស្ជិទ​នៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​មាន​បំណង​យក​ពែង​ទាំង​នោះ​មក​ដាក់​ស្រា សម្រាប់​ស្តេច​ផ្ទាល់ សម្រាប់​ពួក​ភរិយា សម្រាប់​ពួក​ស្នំ ព្រម​ទាំង​នាម៉ឺន​មន្ត្រី​របស់​ស្តេច។ 3ពេល​នោះ គេ​ក៏​យក​ពែង​មាស​ដែល​បាន​រឹប​យក​ពី​ម៉ាស្ជិទ​របស់​អុលឡោះ​នៅ​ក្រុង​យេរូ‌សាឡឹម ហើយ​ទាំង​ស្តេច ទាំង​នាម៉ឺន​មន្ត្រី ទាំង​ពួក​ភរិយា និង​ស្រី​ស្នំ បាន​ប្រើ​ពែង​ទាំង​នោះ​សម្រាប់​សេព​សុរា។ 4កាល​សេព‌សុរា​រួច​ហើយ គេ​នាំ​គ្នា​សរសើរ​តម្កើង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម។ 5ពេល​នោះ ស្រាប់​តែ​មាន​ម្រាម​ដៃ​មនុស្ស​លេច​ចេញ​មក ហើយ​សរសេរ​លើ​ជញ្ជាំង​បរម‌រាជ​វាំង គឺ​នៅ​ទល់​មុខ​ជើង​ចង្កៀង។ កាល​ស្តេច​ឃើញ​ម្រាម​ដៃ​ដែល​កំពុង​តែ​សរសេរ​នោះ 6មុខ​របស់​ស្តេច​ប្រែ​ជា​ស្លេក‌ស្លាំង គាត់​រំជួល​ចិត្ត មាន​រូប‌កាយ​ទន់​ខ្សោយ និង​ជើង​ញាប់‌ញ័រ។ 7ស្ដេច​ក៏​ស្រែក​ឡើង​យ៉ាង​ខ្លាំងៗ បញ្ជា​ឲ្យ​គេ​ហៅ​ពួក​ហោរា ពួក​គ្រូ​ទាយ និង​ពួក​គ្រូ​ធ្មប់​មក រួច​ហើយ​ស្ដេច​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ប្រាជ្ញ​នៃ​ស្រុក​បាប៊ី‌ឡូន​ថា៖ «អ្នក​ណា​អាច​អាន​អក្សរ​នោះ ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង​បាន យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស ជូន​ជា​កិត្តិយស ហើយ​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​រាជា‌ណាចក្រ​នេះ​ផង»។ 8ពេល​នោះ អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​របស់​ស្ដេច​នាំ​គ្នា​ចូល​មក តែ​គ្មាន​នរណា​ម្នាក់​អាច​អាន​អក្សរ​នោះ និង​ពន្យល់​អត្ថ‌ន័យ​ជូន​ស្តេច​បាន​ឡើយ 9ជា​ហេតុ​ធ្វើ​ឲ្យ​ស្តេច​បេលសា‌សារ​រឹត​តែ​ខ្វល់‌ខ្វាយ និង​ភ័យ​ញាប់‌ញ័រ​ថែម​ទៀត ហើយ​នាម៉ឺន​មន្ត្រី​របស់​ស្តេច​ក៏​ទាល់​គំនិត​ដែរ។
10ពេល​មហា‌ក្សត្រិ‌យានី​ឮ​ពាក្យ​របស់​ស្ដេច និង​ឮ​ពាក្យ​របស់​ពួក​នាម៉ឺន​មន្ត្រី នាង​ក៏​ចូល​មក​ក្នុង​សាល​ជប់‌លៀង ហើយ​មាន​ប្រសាសន៍​ថា៖ «ស្តេច​អើយ! សូម​ស្តេច​រស់​នៅ​រហូត​ត​ទៅ សូម​ស្តេច​កុំ​ខ្វល់‌ខ្វាយ និង​ភ័យ​ញាប់‌ញ័រ​ដូច្នេះ​ឡើយ! 11ក្នុង​រាជា‌ណាចក្រ​របស់​ស្តេច មាន​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏‌វិសុទ្ធ​នៅ​ក្នុង​ខ្លួន។ កាល​ពី​ជំនាន់​បិតា​របស់​ស្តេច គេ​បាន​ឃើញ​ថា គាត់​នោះ​ដឹង​ការ​លាក់​កំបាំង មាន​តម្រិះ និង​ប្រាជ្ញា ដូច​ព្រះ។ ហេតុ​នេះ​ហើយ​បាន​ជា​ស្តេច​នេប៊ូ‌ក្នេសា ជា​បិតា​របស់​ស្តេច បាន​តែង‌តាំង​គាត់​ឲ្យ​ធ្វើ​ជា​ប្រមុខ​លើ​ពួក​គ្រូ គ្រូ​ហោរា គ្រូ​ទាយ និង​គ្រូ​ធ្មប់​ទាំង​អស់។ ស្តេច​ដែល​ជា​បិតា​របស់​ស្តេច បាន​តែង‌តាំង​គាត់​ដូច្នេះ 12ព្រោះ​ឃើញ​ថា បុរស​នោះ​ជា​មនុស្ស​មាន​ប្រាជ្ញា​វាង‌វៃ​ដ៏​អស្ចារ្យ មាន​ចំណេះ​ជ្រៅ‌ជ្រះ ប៉ិន‌ប្រសប់​ខាង​រិះ‌គិត​ពិចារណា ហើយ​ចេះ​កាត់​ស្រាយ​សុបិន កាត់​ប្រស្នា និង​ដោះ​ស្រាយ​បញ្ហា​ដ៏​ស្មុគ‌ស្មាញ​បាន​ផង។ គាត់​នោះ​គឺ​ដានី‌យ៉ែល ដែល​បិតា​របស់​ស្តេច​ប្រទាន​នាម​ថា បេល‌ថិស្សា‌សារ ដូច្នេះ សូម​ឲ្យ​គេ​ហៅ​ដានី‌យ៉ែល​នោះ​មក គាត់​នឹង​ពន្យល់​អត្ថ‌ន័យ​ជូន​ស្តេច​ជា​មិន​ខាន»។
ណាពី​ដានី‌យ៉ែល​កាត់​ស្រាយ​សេចក្ដី​ដែល​មាន​សរសេរ​នៅ​លើ​ជញ្ជាំង
13គេ​អញ្ជើញ​ដានី‌យ៉ែល​ចូល​ជួប​ស្តេច ហើយ​ស្តេច​មាន​ប្រសាសន៍​មក​គាត់​ថា៖ «តើ​អ្នក​ឈ្មោះ​ដានី‌យ៉ែល ជា​អ្នក​ដែល​បិតា​របស់​យើង​បាន​ជន្លៀស​យក​មក​ពី​ស្រុក​យូដា​មែន​ឬ? 14យើង​បាន​ឮ​គេ​និយាយ​ថា អ្នក​មាន​វិញ្ញាណ​របស់​ព្រះ​នៅ​ក្នុង​ខ្លួន និង​ដឹង​ការ​លាក់​កំបាំង ហើយ​មាន​តម្រិះ​ប្រាជ្ញា​ដ៏​វាង‌វៃ​អស្ចារ្យ។ 15គេ​ទើប​នឹង​នាំ​ពួក​អ្នក​ប្រាជ្ញ និង​គ្រូ​ហោរា មក​ជួប​យើង​ដើម្បី​អាន​អក្សរ និង​កាត់​ស្រាយ​អត្ថ‌ន័យ​ឲ្យ​យើង តែ​អ្នក​ទាំង​នោះ​ពុំ​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​បាន​ឡើយ។ 16យើង​ក៏​បាន​ឮ​គេ​និយាយ​ទៀត​ថា អ្នក​អាច​កាត់​ស្រាយ​អត្ថ‌ន័យ និង​ដោះ​ស្រាយ​បញ្ហា​ស្មុគ‌ស្មាញ​បាន​ទៀត​ផង។ ឥឡូវ​នេះ ប្រសិន​បើ​អ្នក​អាច​អាន​អក្សរ​នេះ​បាន ហើយ​ពន្យល់​អត្ថ‌ន័យ​ឲ្យ​យើង យើង​នឹង​បំពាក់​អាវ​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស​ជូន​ជា​កិត្តិយស ព្រម​ទាំង​ប្រគល់​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី នៅ​ក្នុង​រាជា‌ណាចក្រ​នេះ​ផង»។
17ពេល​នោះ ដានី‌យ៉ែល​ជម្រាប​ស្តេច​វិញ​ថា៖ «សូម​ស្តេច​ទុក​កិត្តិយស​នេះ សម្រាប់​អ្នក​ដទៃ​ចុះ រីឯ​ខ្ញុំ ខ្ញុំ​សូម​អាន​អក្សរ​នេះ ព្រម​ទាំង​ពន្យល់​អត្ថ‌ន័យ​ជូន​ស្តេច​ជ្រាប។
18សូម​ជម្រាប​ស្តេច អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ប្រទាន​រាជ​សម្បត្តិ ភាព​ឧត្តុង្គ‌ឧត្ដម កិត្តិនាម និង​សិរី‌រុង‌រឿង​ដល់​ស្តេច​នេប៊ូ‌ក្នេសា ជា​បិតា​របស់​ស្តេច។ 19ព្រោះ​តែ​ភាព​ឧត្តុង្គ‌ឧត្ដម ដែល​អុលឡោះ​ប្រទាន​ឲ្យ​នេះ​ហើយ បាន​ជា​ប្រជា‌ជន ប្រជា‌ជាតិ និង​មនុស្ស​គ្រប់​ភាសា​ទាំង​អស់ នាំ​គ្នា​គោរព​កោត​ខ្លាច និង​ភ័យ​ញាប់‌ញ័រ​នៅ​ចំពោះ​មុខ​ស្តេច​នេប៊ូ‌ក្នេសា។ គាត់​ប្រហារ​ជីវិត​នរណា​ក៏​បាន ហើយ​ទុក​ជីវិត​ឲ្យ​នរណា​ក៏​បាន គាត់​លើក​នរណា​ឡើង​ក៏​បាន ហើយ​ទម្លាក់​នរណា​ចុះ​ក៏​បាន​ដែរ។ 20ប៉ុន្តែ ស្តេច​មាន​អំនួត មាន​ចិត្ត​រឹង‌រូស​រហូត​ដល់​វាយ‌ឫក​ខ្ពស់ ស្តេច​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​ពី​រាជ​សម្បត្តិ ហើយ​បាត់​បង់​សិរី‌រុង‌រឿង។ 21គេ​បាន​បណ្តេញ​ស្តេច​ចេញ​ពី​ចំណោម​មនុស្ស ចិត្ត​គំនិត​របស់​ស្តេច​ប្រែ​ទៅ​ជា​មាន​លក្ខណៈ​ដូច​សត្វ​តិរច្ឆាន ស្តេច​នៅ​ជា​មួយ​សត្វ​ព្រៃ គេ​ឲ្យ​ស្តេច​ពិសា​ស្មៅ​ដូច​គោ ហើយ​រូប‌កាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ពី​លើ​មេឃ​មក រហូត​ទល់​ពេល​ស្តេច​ទទួល​ស្គាល់​ថា អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​លោក​ទាំង​អស់ ហើយ​ទ្រង់​លើក​នរណា​ឲ្យ​សោយ‌រាជ្យ​ក៏​បាន។ 22សូម​ជម្រាប​ស្តេច​បេលសា‌សារ​ជា​បុត្រ ទោះ​បី​ស្តេច​ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ក្ដី ក៏​ស្តេច​ពុំ​បាន​បន្ទាប​ខ្លួន​ដែរ 23ស្តេច​បាន​ប្រឆាំង​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា ដោយ​បញ្ជា​ឲ្យ​គេ​យក​ពែង​ពី​ម៉ាស្ជិទ​របស់​ទ្រង់ មក​ចាក់​ស្រា​សម្រាប់​ស្តេច សម្រាប់​នាម៉ឺន​មន្ត្រី សម្រាប់​ពួក​ភរិយា និង​ពួក​ស្នំ។ បន្ទាប់​មក ស្តេច​បាន​សរសើរ​តម្កើង​ព្រះ​ដែល​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​ទៅ​វិញ ជា​ព្រះ​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ ហើយ​មិន​ដឹង​អ្វី​ទាំង​អស់ គឺ​ស្តេច​មិន​បាន​លើក​តម្កើង​អុលឡោះ​ដែល​ជា​ម្ចាស់​អាយុ និង​ជា​ម្ចាស់​លើ​ដំណើរ​ជីវិត​របស់​ស្តេច​ឡើយ។ 24ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ចាត់​ម្រាម​ដៃ​ឲ្យ​មក​សរសេរ​អក្សរ​នេះ 25គឺ “ម៉េណេ ម៉េណេ តេកែល និង​អ៊ូប៉ារ‌ស៊ីន”។ 26ពាក្យ​ទាំង​នេះ​មាន​ន័យ​ដូច​ត​ទៅ: “ម៉េណេ” (ប្រែ​ថា​រាប់) មាន​ន័យ​ថា​អុលឡោះ​បាន​រាប់​ចំនួន​ថ្ងៃ​នៃ​រាជ្យ​របស់​ស្តេច ហើយ​ទ្រង់​បាន​បញ្ចប់​រាជ្យ​នេះ​ហើយ។ 27“តេកែល” (ប្រែ​ថា​ថ្លឹង) មាន​ន័យ​ថា អុលឡោះ​បាន​ថ្លឹង​ស្តេច​លើ​ជញ្ជីង​រួច​ហើយ ហើយ​ទ្រង់​ឃើញ​ថា ស្រាល​ពេក។ 28“ពេរេស” (ប្រែ​ថា​ចែក) មាន​ន័យ​ថា អុលឡោះ​នឹង​ចែក​រាជា‌ណាចក្រ​របស់​ស្តេច​ជា​ពីរ គឺ​មួយ​ចំណែក​ឲ្យ​ជន‌ជាតិ​មេឌី និង​មួយ​ចំណែក​ទៀត​ឲ្យ​ជន‌ជាតិ​ពែរ្ស»។
29ពេល​នោះ ស្តេច​បេលសា‌សារ​បញ្ជា​ឲ្យ​គេ​យក​សម្លៀក‌បំពាក់​ពណ៌​ក្រហម​ទុំ និង​ខ្សែ​ក​មាស មក​ពាក់​ឲ្យ​ដានី‌យ៉ែល​ភ្លាម ព្រម​ទាំង​ចេញ​រាជ​ប្រកាស​ថា គាត់​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​នៅ​ក្នុង​រាជា‌ណាចក្រ។
30នៅ​យប់​នោះ ស្តេច​បេលសា‌សារ​ជា​ស្តេច​របស់​ជន‌ជាតិ​ខាល់ដេ​ត្រូវ​បាន​គេ​សម្លាប់។ 31ស្តេច​ដារី‌យូស ជា​ជន‌ជាតិ​មេឌី បាន​ឡើង​ស្នង​រាជ្យ ក្នុង​អាយុ​ហុក‌សិប​ពីរ​ឆ្នាំ។

ទើបបានជ្រើសរើសហើយ៖

ណាពី​ដានី‌យ៉ែល 5: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល