ណាពីដានីយ៉ែល 3
3
ស្ដេចចេញបញ្ជាឲ្យថ្វាយបង្គំរូបបដិមា
1ស្តេចនេប៊ូក្នេសាបានកសាងរូបបដិមាមួយពីមាស មានកំពស់ហុកសិបហត្ថ និងទទឹងប្រាំមួយហត្ថ។ ស្តេចដំឡើងរូបនោះនៅវាលទំនាបឌូរ៉ា ក្នុងអាណាខេត្តបាប៊ីឡូន។ 2ស្តេចនេប៊ូក្នេសាចាត់គេឲ្យទៅប្រមូលមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត មន្ត្រីតុលាការ មន្ត្រីរក្សារាជ្យទ្រព្យ រាជអាជ្ញា ចៅក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តនានាមកចូលរួមក្នុងពិធីសម្ពោធរូបបដិមាដែលស្តេចបានកសាង។ 3ពេលនោះ ពួកមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត មន្ត្រីតុលាការ មន្ត្រីរក្សារាជ្យទ្រព្យ រាជអាជ្ញា ចៅក្រម និងនាម៉ឺនសព្វមុខមន្ត្រីនៅតាមអាណាខេត្តនានាក៏មកជួបជុំគ្នា ដើម្បីប្រារព្ធពិធីសម្ពោធរូបបដិមាដោយនាំគ្នាឈរនៅមុខរូបដែលស្ដេចនេប៊ូក្នេសាបានកសាងនោះ។ 4មានអាមាត្យម្នាក់ស្រែកឡើងយ៉ាងខ្លាំងៗថា៖ «ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសាអើយ! ចូរស្ដាប់រាជបញ្ជា! 5ពេលណាអ្នករាល់គ្នាឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ត្រីគ្រប់យ៉ាង ត្រូវនាំគ្នាអោនកាយក្រាបថ្វាយបង្គំរូបចម្លាក់មាស ដែលស្តេចនេប៊ូក្នេសាបានកសាង។ 6អ្នកណាមិនក្រាបថ្វាយបង្គំ អ្នកនោះនឹងត្រូវបោះភ្លាមៗទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ»។ 7ហេតុនេះ ពេលបានឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី និងតន្ដ្រីគ្រប់យ៉ាង ប្រជាជនទាំងឡាយ ជាតិសាសន៍ទាំងឡាយ និងមនុស្សគ្រប់ភាសា អោនកាយក្រាបថ្វាយបង្គំរូបបដិមាមាសដែលស្តេចនេប៊ូក្នេសាបានកសាង។
មិត្តភក្ដិណាពីដានីយ៉ែលបដិសេធមិនថ្វាយបង្គំរូបបដិមា
8នៅក្នុងពេលជាមួយគ្នានោះ មានជនជាតិខាល់ដេខ្លះនាំគ្នាចូលទៅប្ដឹង ដើម្បីចោទប្រកាន់ជនជាតិយូដា។ 9ពួកគេជម្រាបស្តេចនេប៊ូក្នេសាថា៖ «ស្តេចអើយ! សូមស្តេចមានអាយុជាអង្វែងតរៀងទៅ! 10ស្តេចអើយ! ស្តេចបានចេញបញ្ជាឲ្យមនុស្សទាំងអស់អោនកាយក្រាបថ្វាយបង្គំរូបបដិមាមាស នៅពេលគេឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ីគែន និងតន្ត្រីគ្រប់យ៉ាង។ 11តាមបញ្ជានេះ អ្នកណាមិនអោនកាយក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ 12សូមជម្រាបស្តេច មានជនជាតិយូដាខ្លះដែលស្តេចតែងតាំងឲ្យគ្រប់គ្រងលើអាណាខេត្តបាប៊ីឡូន គឺលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ពុំបានគោរពតាមរាជបញ្ជាទេ។ អ្នកទាំងនោះមិនគោរពបម្រើព្រះរបស់ស្តេច ហើយក៏មិនក្រាបថ្វាយបង្គំរូបបដិមាដែលស្តេចបានកសាងនោះដែរ»។ 13ពេលនោះ ស្តេចនេប៊ូក្នេសាខឹង ហើយក្ដៅក្រហាយជាខ្លាំង ស្តេចក៏ចេញបញ្ជាឲ្យគេនាំលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោមក។ គេក៏នាំអ្នកទាំងបីមកជួបស្តេច។ 14ស្តេចនេប៊ូក្នេសាមានប្រសាសន៍ទៅកាន់អ្នកទាំងបីថា៖ «សាដ្រាក់ មែសាក់ និងអបេឌ-នេកោ ពួកអ្នកពិតជាមិនគោរពបម្រើព្រះរបស់យើង ហើយមិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាស ដែលយើងបានកសាងមែនឬ? 15ឥឡូវនេះ ចូរប្រុងប្រៀបខ្លួនទៅ! ពេលពួកអ្នកឮសំឡេងស្នែង ខ្លុយ ចាប៉ី ទ្រ ប៉ី គែន និងតន្ត្រីគ្រប់យ៉ាង ពួកអ្នកត្រូវតែអោនកាយក្រាបថ្វាយបង្គំរូបបដិមាដែលយើងបានកសាងនេះ ប្រសិនបើពួកអ្នកមិនក្រាបថ្វាយបង្គំទេ យើងនឹងឲ្យគេបោះពួកអ្នកភ្លាម ទៅក្នុងភ្លើង ដែលឆេះយ៉ាងសន្ធោសន្ធៅ គ្មានព្រះណាអាចជួយពួកអ្នកឲ្យរួចពីកណ្ដាប់ដៃរបស់យើងបានឡើយ!»។
16លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ជម្រាបស្តេចនេប៊ូក្នេសាវិញថា៖ «យើងខ្ញុំមិនបាច់ឆ្លើយនឹងស្តេចអំពីរឿងនេះទេ។ 17សូមជម្រាបស្តេចថា អុលឡោះជាម្ចាស់ដែលយើងខ្ញុំគោរពបម្រើ ពិតជាអាចរំដោះយើងខ្ញុំ គឺទ្រង់នឹងរំដោះយើងខ្ញុំឲ្យរួចពីភ្លើងដ៏សន្ធោសន្ធៅ និងឲ្យយើងខ្ញុំ រួចពីដៃរបស់ស្តេចជាមិនខាន។ 18ទោះបីអុលឡោះមិនរំដោះយើងខ្ញុំក្តី សូមស្តេចជ្រាបឲ្យបានច្បាស់ថា យើងខ្ញុំមិនព្រមគោរពបម្រើព្រះទាំងប៉ុន្មានរបស់ស្តេចឡើយ ហើយយើងខ្ញុំក៏មិនព្រមក្រាបថ្វាយបង្គំរូបបដិមាមាសដែលស្តេចបានកសាងនេះដែរ»។ 19ពេលនោះ ស្តេចនេប៊ូក្នេសាខឹងនឹងលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោយ៉ាងខ្លាំង មុខរបស់ស្តេចបានផ្លាស់ប្រែ។ ស្តេចក៏បញ្ជាឲ្យគេដុតឡភ្លើងឲ្យក្ដៅជាងធម្មតាប្រាំពីរដង 20រួចបញ្ជាទាហានខ្លះដែលមានកម្លាំងខ្លាំងក្លាឲ្យចាប់ចងលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ទម្លាក់ទៅក្នុងឡភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ 21គេចងអ្នកទាំងបី ដោយទុកសម្លៀកបំពាក់ ទាំងក្នុងទាំងក្រៅជាប់នឹងខ្លួន និងឆ្នួតផង រួចបោះទៅក្នុងឡភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ 22ដោយសាររាជបញ្ជាដ៏តឹងតែង គេបានដុតភ្លើងយ៉ាងក្ដៅបំផុត រហូតដល់ធ្វើឲ្យទាហានដែលចាប់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ បោះទៅក្នុងភ្លើងនោះត្រូវស្លាប់។ 23ពេលនោះ អ្នកទាំងបី គឺសាដ្រាក់ មែសាក់ និងអេបេឌ-នេកោ ធ្លាក់ទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។
អុលឡោះសង្គ្រោះមិត្តភក្ដិណាពីដានីយ៉ែលពីភ្លើង
24ពេលនោះ ស្តេចនេប៊ូក្នេសារន្ធត់ចិត្តជាខ្លាំង គាត់ប្រញាប់ប្រញាល់ក្រោកឈរឡើង សួរក្រុមប្រឹក្សាថា៖ «តើយើងបានបោះមនុស្សបីនាក់ដែលជាប់ចំណងទៅក្នុងភ្លើងមែនឬមិនមែន?»។ ពួកគេជម្រាបស្តេចថា៖ «ពិតមែនហើយ ស្តេច!»។ 25ស្តេចសួរទៀតថា៖ «ហេតុដូចម្ដេចបានជាយើងឃើញមនុស្សបួននាក់ គ្មានជាប់ចំណងកំពុងតែដើរនៅក្នុងភ្លើង ដោយឥតរលាកសោះដូច្នេះ? រីឯអ្នកទីបួន មានទ្រង់ទ្រាយដូចបុត្រារបស់ព្រះ»។ 26ស្តេចនេប៊ូក្នេសាចូលទៅជិតឡភ្លើង មានប្រសាសន៍ថា៖ «លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ជាអ្នកបម្រើរបស់អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតអើយ ចូរនាំគ្នាចេញមក!»។ លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោក៏នាំគ្នាចេញពីក្នុងភ្លើង។
27ពេលនោះ ពួកមេទ័ព មន្ត្រីរដ្ឋបាល ចៅហ្វាយខេត្ត និងក្រុមប្រឹក្សាស្តេច ក៏រួមប្រជុំគ្នា ពួកគេឃើញថា ភ្លើងពុំមានអំណាចអ្វីលើរូបកាយរបស់បុរសទាំងបីសោះ សក់ក្បាលរបស់អ្នកទាំងបីក៏មិនឆេះ ហើយសូម្បីតែសម្លៀកបំពាក់របស់គេពុំខូចខាត ឬធុំក្លិនឈ្ងៀមដែរ។ 28ស្តេចនេប៊ូក្នេសាមានប្រសាសន៍ទៀតថា៖ «សូមសរសើរតម្កើងអុលឡោះជាម្ចាស់របស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ដែលបានចាត់ម៉ាឡាអ៊ីកាត់ឲ្យមករំដោះអ្នកបម្រើរបស់ទ្រង់។ អ្នកទាំងបីបានទុកចិត្តលើអុលឡោះ ហើយមិនព្រមធ្វើតាមបញ្ជារបស់ស្តេចទេ តែសុខចិត្តលះបង់ជីវិតជាជាងគោរពបម្រើ និងថ្វាយបង្គំព្រះផ្សេងក្រៅពីអុលឡោះជាម្ចាស់របស់ខ្លួន! 29ឥឡូវនេះ យើងសុំចេញបញ្ជាដូចតទៅ: មនុស្សទាំងអស់ ទោះបីមកពីស្រុកណា ជាតិសាសន៍អ្វី ហើយនិយាយភាសាអ្វីក៏ដោយ ឲ្យតែហ៊ាននិយាយប្រមាថអុលឡោះជាម្ចាស់របស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ត្រូវតែទទួលទោសដល់ជីវិត ហើយផ្ទះរបស់គេនឹងត្រូវដុតឲ្យទៅជាផេះ ដ្បិតគ្មានព្រះណាអាចរំដោះមនុស្សដូចអុលឡោះទេ»។ 30បន្ទាប់មក ស្តេចប្រោសប្រទានឲ្យលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ មានបុណ្យស័ក្ដិកាន់តែខ្ពង់ខ្ពស់ឡើង នៅក្នុងអាណាខេត្តបាប៊ីឡូន។
ទើបបានជ្រើសរើសហើយ៖
ណាពីដានីយ៉ែល 3: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.