ណាពី​ដានី‌យ៉ែល 2

2
សុបិន​និមិត្ត​របស់​ស្តេច​នេប៊ូ‌ក្នេសា
1នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ស្តេច​នេប៊ូ‌ក្នេសា គាត់​បាន​យល់​សុបិន​និមិត្ត ដែល​ធ្វើ​ឲ្យ​គាត់​ខ្វល់​ចិត្ត មិន​អាច​សម្រាន្ត​លក់​ទៀត​បាន​ឡើយ។ 2ស្តេច​បាន​កោះ​ហៅ​ពួក​គ្រូ​មន្ត‌អាគម ហោរា គ្រូ​ធ្មប់ និង​គ្រូ​ទាយ​មក ដើម្បី​កាត់​ស្រាយ​សុបិន​ជូន​ស្តេច គេ​ក៏​នាំ​គ្នា​ចូល​មក​ជួប​ស្ដេច។ 3ស្តេច​មាន​ប្រសាសន៍​ថា៖ «យើង​បាន​សុបិន​និមិត្ត ហើយ​ខ្វល់‌ខ្វាយ​ក្នុង​ចិត្ត​ណាស់ ព្រោះ​យើង​ចង់​ដឹង​ថា​បាន​សុបិន​ឃើញ​អ្វី»។ 4ពួក​គ្រូ​ទាយ​ជម្រាប​ស្ដេច​វិញ​ជា​ភាសា​អារ៉ាម​ថា៖ «សូម​ស្តេច​រស់​នៅ​អស់‌កល្ប​ជា​យូរ​អង្វែង​ត​រៀង​ទៅ​អើយ! សូម​ស្តេច​មាន​ប្រសាសន៍​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង​ថា​ស្តេច​សុបិន​យ៉ាង​ណា យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថ‌ន័យ​ជូន»។ 5ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​គ្រូ​ទាយ​ទាំង​នោះ​វិញ​ថា៖ «យើង​បាន​សម្រេច​ចិត្ត​ដូច​ត​ទៅ: ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​អត្ថ‌ន័យ​ទេ​នោះ យើង​នឹង​កាប់​ចិញ្ច្រាំ​អ្នក​រាល់​គ្នា ហើយ​ដុត​ផ្ទះ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ជា​ផេះ​ទៀត​ផង។ 6ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន ព្រម​ទាំង​កាត់​ស្រាយ​ន័យ យើង​នឹង​ឲ្យ​រង្វាន់​ដ៏​មាន​តម្លៃ និង​យស‌ស័ក្ដិ​ដ៏​ខ្ពង់‌ខ្ពស់​ដល់​អ្នក​រាល់​គ្នា​ទៀត​ផង។ ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន និង​អត្ថ‌ន័យ​របស់​វា»។ 7ពួក​គេ​ជម្រាប​ស្តេច​សា​ជា​ថ្មី​ថា៖ «សូម​ស្តេច​ប្រាប់​យើង​ខ្ញុំ​ឲ្យ​ដឹង​ពី​សុបិន​នោះ​មក យើង​ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថ‌ន័យ​ជូន»។ 8ស្តេច​មាន​ប្រសាសន៍​ទៅ​ពួក​គេ​វិញ​ថា៖ «យើង​ដឹង​ច្បាស់​ណាស់​ថា អ្នក​រាល់​គ្នា​ចង់​ពន្យារ​ពេល ព្រោះ​តែ​យើង​បាន​សម្រេច​ដូច្នេះ 9គឺ​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន​នេះ​ទេ យើង​នឹង​ធ្វើ​ទោស​អ្នក​រាល់​គ្នា​មិន​ខាន។ អ្នក​រាល់​គ្នា​បាន​ឃុប‌ឃិត​គ្នា ប្រឌិត​រឿង​ក្លែង‌ក្លាយ​បញ្ឆោត​យើង ដើម្បី​ឲ្យ​បាន​ចំណេញ​ពេល។ ឥឡូវ​នេះ ត្រូវ​ប្រាប់​ឲ្យ​យើង​ដឹង​អំពី​សុបិន​មក នោះ​យើង​នឹង​ឃើញ​ថា អ្នក​រាល់​គ្នា​ពិត​ជា​អាច​បក​ស្រាយ​អត្ថ‌ន័យ​ប្រាប់​យើង​មែន!»។ 10គ្រូ​ទាយ​ទាំង​នោះ​ជម្រាប​ស្តេច​ថា៖ «ស្តេច នៅ​លើ​ផែនដី ពុំ​មាន​នរណា​ម្នាក់​អាច​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​បាន​ឡើយ។ គ្មាន​ស្ដេច​ណា​មួយ ទោះ​បី​ជា​ស្ដេច​ដ៏​ធំ​ឧត្ដុង្គ‌ឧត្ដម និង​មាន​ឫទ្ធិ​អំណាច​យ៉ាង​ណា​ក្ដី ធ្លាប់​បង្ខំ​គ្រូ​មន្ត‌អាគម ហោរា និង​គ្រូ​ទាយ​ឲ្យ​ធ្វើ​ការ​អ្វី​ដូច​ស្តេច​បាន​បង្គាប់​នេះ​ទេ។ 11ស្តេច​បញ្ជា​ដូច្នេះ​ហួស​ពី​សមត្ថ‌ភាព​ដែល​មនុស្ស​អាច​ធ្វើ​បាន ក្រៅ​ពី​ព្រះ​ដែល​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​លោក​នេះ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​បាន​ទេ»។
12ពេល​ឮ​ដូច្នេះ ស្តេច​ខឹង​យ៉ាង​ខ្លាំង​ឥត​ឧបមា ស្តេច​ក៏​ចេញ​បញ្ជា​ឲ្យ​គេ​ប្រហារ​ជីវិត​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​បាប៊ី‌ឡូន។ 13គេ​បាន​ប្រកាស​ផ្សាយ​រាជ​បញ្ជា ហើយ​ពួក​អ្នក​ប្រាជ្ញ​ត្រូវ​គេ​នាំ​យក​ទៅ បម្រុង​នឹង​ប្រហារ​ជីវិត។ គេ​ក៏​រក​ចាប់​ដានី‌យ៉ែល និង​មិត្ត‌ភក្ដិ​របស់​គាត់​យក​ទៅ​សម្លាប់​ដែរ។
អុលឡោះ​បំភ្លឺ​ណាពី​ដានី‌យ៉ែល​ឲ្យ​ដឹង​អំពី​សុបិន​និមិត្ត និង​អត្ថ‌ន័យ
14លោក​អើយ៉ុក ជា​មេ​បញ្ជា‌ការ​កង​រក្សា​ស្តេច​ទទួល​បន្ទុក​ចាប់​អ្នក​ប្រាជ្ញ​ស្រុក​បាប៊ី‌ឡូន​យក​ទៅ​ប្រហារ​ជីវិត។ ពេល​នោះ​ដានី‌យ៉ែល​បាន​សាក​សួរ​ដោយ​ប្រុង​ប្រយ័ត្ន និង​វាង‌វៃ​ថា៖ 15«ហេតុ​ដូច​ម្ដេច​បាន​ជា​ស្តេច​ចេញ​បញ្ជា​តឹង‌រ៉ឹង​បែប​នេះ?»។ លោក​អើយ៉ុក​ក៏​រៀប​រាប់​រឿង​ហេតុ​ប្រាប់​ដានី‌យ៉ែល។
16ដានី‌យ៉ែល​ទៅ​ជួប​ស្តេច សូម​ពន្យារ​ពេល ដើម្បី​ទុក​ឲ្យ​គាត់​ពន្យល់​អត្ថ‌ន័យ​នៃ​សុបិន​ជូន។ 17បន្ទាប់​មក គាត់​ទៅ​ផ្ទះ​វិញ ជម្រាប​លោក​ហាណា‌នា លោក​មីសា‌អែល និង​លោក​អសា‌រា​ជា​មិត្ត‌ភក្ដិ​ឲ្យ​បាន​ជ្រាប​ពី​ហេតុ‌ការណ៍​នេះ 18ហើយ​បបួល​គ្នា​ទូរអា‌អង្វរ​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា សូម​ទ្រង់​អាណិត​មេត្តា​បំភ្លឺ​គាត់​ឲ្យ​យល់​អាថ៌‌កំបាំង​នេះ កុំ​ឲ្យ​គេ​ប្រហារ​ជីវិត​គាត់ និង​មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ប្រាជ្ញ​ឯ​ទៀតៗ​នៅ​ស្រុក​បាប៊ី‌ឡូន​ឡើយ។
19ពេល​នោះ អុលឡោះ​បាន​បំភ្លឺ​ដានី‌យ៉ែល​ឲ្យ​ដឹង​ការ​អាថ៌‌កំបាំង​នេះ តាម​រយៈ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នៅ​ពេល​យប់។ ដានី‌យ៉ែល​ក៏​លើក​តម្កើង​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា។ 20គាត់​ពោល​ថា៖
«សូម​លើក​តម្កើង​នាម​អុលឡោះ
អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!
21ទ្រង់​ប្រកប​ដោយ​ប្រាជ្ញា‌ញាណ
និង​អំណាច
ទ្រង់​ធ្វើ​ឲ្យ​ពេល​វេលា និង​រដូវ​កាល
ផ្លាស់​ប្ដូរ​ជា​បន្ត​បន្ទាប់​គ្នា
ទ្រង់​ទម្លាក់​ស្ដេច​នានា​ពី​រាជ​បល្ល័ង្ក
ទ្រង់​លើក​ស្ដេច​នានា​ឲ្យ​ឡើង​គ្រង​រាជ្យ
ទ្រង់​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ
និង​ប្រទាន​ចំណេះ​ដល់​អ្នក​ដែល​ចេះ​ពិចារណា
22ទ្រង់​សំដែង​ឲ្យ​ស្គាល់​អ្វីៗ
ដែល​មាន​អត្ថ‌ន័យ​ជ្រៅ‌ជ្រះ និង​លាក់​កំបាំង
ទ្រង់​ឈ្វេង​យល់​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត
ដ្បិត​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ទ្រង់។
23អុលឡោះ​ជា​ម្ចាស់​នៃ​បុព្វបុរស​របស់​ខ្ញុំ​អើយ!
ខ្ញុំ​សូម​សរសើរ និង​លើក​តម្កើង​ទ្រង់
ព្រោះ​ទ្រង់​ប្រទាន​ប្រាជ្ញា និង​កម្លាំង​មក​ខ្ញុំ។
ទ្រង់​បាន​សំដែង​ឲ្យ​ខ្ញុំ​ស្គាល់​នូវ​អ្វីៗ
ដែល​យើង​ខ្ញុំ​សូម​ពី​ទ្រង់
ហើយ​ទ្រង់​ក៏​បាន​សំដែង​ឲ្យ​យើង​ដឹង
អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​ដល់
ស្តេច​ដែរ»។
24បន្ទាប់​មក ដានី‌យ៉ែល​ទៅ​ជួប​លោក​អើយ៉ុក ដែល​ទទួល​បញ្ជា​ពី​ស្ដេច​ក្នុង​ការ​ប្រហារ​ជីវិត​ពួក​អ្នក​ប្រាជ្ញ​នៅ​ស្រុក​បាប៊ី‌ឡូន។ គាត់​ប្រាប់​លោក​អើយ៉ុក​ថា៖ «សូម​កុំ​ប្រហារ​ជីវិត​អ្នក​ប្រាជ្ញ​របស់​ស្រុក​បាប៊ី‌ឡូន​ឡើយ តែ​សូម​នាំ​ខ្ញុំ​ចូល​ទៅ​ជួប​ស្តេច​វិញ ខ្ញុំ​នឹង​កាត់​ស្រាយ​អត្ថ‌ន័យ​សុបិន​ជូន»។ 25លោក​អើយ៉ុក​ក៏​ប្រញាប់‌ប្រញាល់​នាំ​ដានី‌យ៉ែល​ទៅ​ជួប​ស្តេច ហើយ​ជម្រាប​ថា៖ «ខ្ញុំ​រក​បាន​បុរស​ម្នាក់ ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ដែល​ស្តេច​ជន្លៀស​យក​មក គាត់​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​នៃ​សុបិន​ជូន​ស្តេច​បាន»។
សុបិន​របស់​ស្តេច​អំពី​រូប​ចម្លាក់​ដែល​មាន​ក្បាល​ជា​មាស
26ស្តេច​បាន​សួរ​ដានី‌យ៉ែល ហៅ​បេល‌ថិស្សា‌សារ​ថា៖ «តើ​អ្នក​ពិត​ជា​អាច​ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​សុបិន​ដែល​យើង​បាន​និមិត្ត ព្រម​ទាំង​កាត់​ស្រាយ​អត្ថ‌ន័យ​បាន​មែន​ឬ?»។ 27ដានី‌យ៉ែល​ជម្រាប​ស្តេច​វិញ​ថា៖ «អាថ៌‌កំបាំង​ដែល​ស្តេច​ចង់​ដឹង​នោះ គ្មាន​អ្នក​ប្រាជ្ញ ហោរា គ្រូ​មន្ត‌អាគម ឬ​គ្រូ​ទាយ​ណា​អាច​ជម្រាប​ជូន​ស្តេច​បាន​ទេ។ 28ប៉ុន្តែ នៅ​សូរ៉កា​មាន​អុលឡោះ​ជា​ម្ចាស់​តែ​មួយ​ប៉ុណ្ណោះ ដែល​សំដែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ផ្សេងៗ ហើយ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ស្តេច នេប៊ូ‌ក្នេសា ជ្រាប​អំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​អនាគត‌កាល។ សូម​ស្តាប់​អំពី​សុបិន និង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​ស្តេច​បាន​ឃើញ​នៅ​ពេល​សម្រាន្ត ដូច​ត​ទៅ:
29ពេល​ស្តេច​សម្រាន្ត ព្រលឹង​របស់​ស្តេច​បាន​ឃើញ​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ អុលឡោះ​ជា​ម្ចាស់​ដែល​សំដែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង ពេញ​ចិត្ត​ឲ្យ​ស្តេច​ជ្រាប​អំពី​ការ​ដែល​នឹង​កើត​មាន​នៅ​អនាគត។ 30អុលឡោះ​បាន​សំដែង​ឲ្យ​ខ្ញុំ​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដូច្នេះ មិន​មែន​មក​ពី​ខ្ញុំ​មាន​ប្រាជ្ញា​លើស​មនុស្ស​ទាំង​អស់​ទេ គឺ​ទ្រង់​ពេញ​ចិត្ត​ឲ្យ​ខ្ញុំ​ពន្យល់​អត្ថ‌ន័យ​ជូន​ស្តេច ហើយ​ឲ្យ​ស្តេច​ជ្រាប​ពី​គំនិត ដែល​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​ស្តេច​ផ្ទាល់។
31សូម​ស្តេច​ជ្រាប ក្នុង​សុបិន​និមិត្ត ស្តេច​ឃើញ​រូប​បដិមា​មួយ ដែល​មាន​ទំហំ​យ៉ាង​ធំ​ពន់​ពេក​ក្រៃ ហើយ​ថ្កុំ‌ថ្កើង​រុង‌រឿង​អស្ចារ្យ​ណាស់។ រូប​នោះ​ឈរ​នៅ​មុខ​ស្តេច និង​មាន​សភាព​គួរ​ឲ្យ​ខ្លាច​ណាស់។ 32ក្បាល​របស់​រូប​នោះ​ធ្វើ​ពី​មាស​សុទ្ធ ទ្រូង និង​ដៃ​ធ្វើ​ពី​ប្រាក់ ពោះ និង​ភ្លៅ​ធ្វើ​ពី​លង្ហិន 33ជើង​ទាំង​ពីរ​ធ្វើ​ពី​ដែក ហើយ​ប្រអប់​ជើង​ទាំង​ពីរ​មាន​មួយ​ផ្នែក​ធ្វើ​ពី​ដែក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ។ 34ពេល​ស្តេច​កំពុង​តែ​មើល​នោះ ស្រាប់​តែ​មាន​ថ្ម​មួយ​ដុំ​ធ្លាក់​ចុះ​មក​ដោយ​ឯក‌ឯង ហើយ​ទង្គិច​នឹង​ប្រអប់​ជើង​ដែល​ធ្វើ​ពី​ដែក និង​ដី​ឥដ្ឋ ធ្វើ​ឲ្យ​ប្រអប់​ជើង​របស់​រូប​បដិមា​បាក់​បែក​ខ្ទេច‌ខ្ទី​អស់។ 35ពេល​នោះ ដែក ដី​ឥដ្ឋ លង្ហិន ប្រាក់ និង​មាស ក៏​បាក់​បែក​ខ្ទេច‌ខ្ទី​ក្លាយ​ទៅ​ជា​ធូលី​ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ ដូច​សំដី​នៅ​ក្នុង​លាន​បោក​បែន​ស្រូវ​ដែរ គឺ​ឥត​ទុក​ស្នាម​អ្វី​សោះ​ឡើយ។ រីឯ​ដុំ​ថ្ម​ដែល​ទង្គិច​នឹង​រូប​បដិមា​នោះ បាន​ក្លាយ​ទៅ​ជា​ភ្នំ​មួយ​យ៉ាង​ធំ ពេញ​ផែនដី​ទាំង​មូល។
36នេះ​ហើយ​សុបិន​របស់​ស្តេច ដែល​យើង​ខ្ញុំ​សូម​កាត់​ស្រាយ​ជូន​ដូច​ត​ទៅ:
37សូម​ស្តេច​ជ្រាប ស្តេច​ពិត​ជា​ស្តេច​លើ​ស្តេច​នានា ដ្បិត​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា​បាន​ប្រទាន​រាជ​សម្បត្តិ អំណាច ចេស្ដា និង​សិរី‌រុង‌រឿង មក​ស្តេច។ 38ទ្រង់​បាន​ប្រទាន​មនុស្ស​លោក សត្វ​ព្រៃ និង​បក្សា‌បក្សី​នៅ​លើ​មេឃ មក​ក្នុង​ដៃ​ស្តេច ឲ្យ​ស្តេច​គ្រប់‌គ្រង​ទាំង​អស់ ទោះ​បី​នៅ​ទី​ណា​ក៏​ដោយ។ ស្តេច​នេះ​ហើយ​ជា​ក្បាល​រូប​បដិមា​ធ្វើ​ពី​មាស។ 39បន្ទាប់​ពី​ស្តេច​នឹង​មាន​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ប៉ុន្តែ ខ្សោយ​ជាង​រាជា‌ណាចក្រ​របស់​ស្តេច។ ក្រោយ​មក មាន​រាជា‌ណាចក្រ​ទី​បី គឺ​លង្ហិន​គ្រប់‌គ្រង​លើ​ពិភព​លោក​ទាំង​មូល។ 40លុះ​ក្រោយ​មក​ទៀត មាន​រាជា‌ណាចក្រ​ទី​បួន​រឹង‌មាំ​ដូច​ដែក។ ដែក​កំទេច ហើយ​បំបាក់​អ្វីៗ​ទាំង​អស់​យ៉ាង​ណា រាជា‌ណាចក្រ​នោះ​នឹង​កំទេច ហើយ​បំបែក​អ្វីៗ​ទាំង​អស់​យ៉ាង​នោះ​ដែរ។ 41ស្តេច​បាន​មើល​ឃើញ​ប្រអប់​ជើង និង​ម្រាម​ជើង ដែល​មួយ​ផ្នែក​ធ្វើ​អំពី​ដី​ឥដ្ឋ​របស់​ជាង​ស្មូន និង​មួយ​ផ្នែក​ទៀត​ធ្វើ​អំពី​ដែក គឺ​សំដៅ​ទៅ​លើ​រាជា‌ណាចក្រ​នោះ​ដែល​នឹង​ត្រូវ​បែង​ចែក​ជា​ពីរ ប៉ុន្តែ រាជា‌ណាចក្រ​នោះ​មាន​មួយ​ផ្នែក​រឹង‌មាំ​ដូច​ដែក ដ្បិត​ស្តេច​បាន​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ។ 42ម្រាម​ជើង​របស់​រូប​បដិមា​មាន​មួយ​ផ្នែក​ធ្វើ​ពី​ដែក និង​មួយ​ផ្នែក​ទៀត​ធ្វើ​ពី​ដី​ឥដ្ឋ បាន​សេចក្ដី​ថា រាជា‌ណាចក្រ​នោះ​នឹង​មាន​ឫទ្ធិ​អំណាច​មួយ​ផ្នែក ហើយ​ក៏​ខ្សោយ​មួយ​ផ្នែក​ដែរ។ 43ស្តេច​មើល​ឃើញ​ដែក​ជាប់​ជា​មួយ​ដី​ឥដ្ឋ ព្រោះ​រាជា‌ណាចក្រ​នោះ​ត‌ភ្ជាប់​គ្នា ដោយ‌សារ​ចំណង​ស្ពាន‌មេត្រី​របស់​មនុស្ស តែ​គេ​មិន​រលាយ​ចូល​គ្នា​ទេ គឺ​ដូច​ដែក និង​ដី​ឥដ្ឋ ពុំ​អាច​រលាយ​ចូល​គ្នា​បាន​ឡើយ។
44ក្នុង​រជ្ជកាល​របស់​ស្តេច​ទាំង​នោះ អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា​នឹង​ធ្វើ​ឲ្យ​រាជា‌ណាចក្រ​មួយ​ទៀត​កើត​ឡើង ដែល​មិន​រលាយ ហើយ​ក៏​មិន​ធ្លាក់​ទៅ​ក្រោម​អំណាច​គ្រប់‌គ្រង​របស់​ប្រជា‌ជាតិ​ណា​មួយ​ឡើយ។ រាជា‌ណាចក្រ​មួយ​នេះ​នឹង​កំទេច​រាជា‌ណាចក្រ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន ដែល​មាន​ពី​មុន​ឲ្យ​វិនាស​សូន្យ ហើយ​រាជា‌ណាចក្រ​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច 45ដូច​ស្តេច​បាន​ឃើញ​ថ្ម​ធ្លាក់​ចុះ​ពី​លើ​ភ្នំ ដោយ​ឯក‌ឯង កំទេច​ដែក​លង្ហិន​ដី​ឥដ្ឋ និង​មាស​ដែរ។ អុលឡោះ​ជា​ម្ចាស់​ដ៏​ឧត្ដម​បាន​បង្ហាញ​ឲ្យ​ស្តេច​ជ្រាប​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​នៅ​ពេល​ខាង​មុខ។ សុបិន​របស់​ស្តេច​ជា​ការ​ពិត និង​មាន​អត្ថ‌ន័យ​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត»។
46ពេល​នោះ ស្តេច​នេប៊ូ‌ក្នេសា​ក្រាប​ចុះ អោន​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ដានី‌យ៉ែល ហើយ​បញ្ជា​ឲ្យ​គេ​ធ្វើ​យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប ដើម្បី​គោរព​ដានី‌យ៉ែល។ 47ស្តេច​មាន​ប្រសាសន៍​មក​ដានី‌យ៉ែល​ថា៖ «អុលឡោះ​ជា​ម្ចាស់​របស់​អស់​លោក​ពិត​ជា​ម្ចាស់​លើ​ព្រះ​នានា និង​ជា​ម្ចាស់​លើ​ស្តេច​នានា​មែន! មាន​តែ​ទ្រង់​ទេ​ដែល​សំដែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ទាំង‌ឡាយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រក​ឃើញ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ»។ 48បន្ទាប់​មក ស្តេច​បាន​លើក​តម្កើង​ដានី‌យ៉ែល ព្រម​ទាំង​ប្រទាន​រង្វាន់​ដ៏​មាន​តម្លៃ​យ៉ាង​ច្រើន​ដល់​គាត់។ ស្ដេច​ក៏​ប្រទាន​ឲ្យ​ដានី‌យ៉ែល​ត្រួត‌ត្រា​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល និង​ឲ្យ​គាត់​ធ្វើ​ជា​ប្រមុខ​លើ​ពួក​អ្នក​ប្រាជ្ញ​ទាំង​អស់​នៅ​ស្រុក​បាប៊ី‌ឡូន។ 49ដានី‌យ៉ែល​សូម​ស្តេច​ប្រទាន​ឲ្យ​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-‌នេកោ គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​បាប៊ី‌ឡូន ហើយ​ខ្លួន​គាត់​ផ្ទាល់​នៅ​បម្រើ​ស្តេច​ក្នុង​បរម​រាជ​វាំង។

ទើបបានជ្រើសរើសហើយ៖

ណាពី​ដានី‌យ៉ែល 2: អគត

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល