ណាពីដានីយ៉ែល 1
1
អុលឡោះការពារណាពីដានីយ៉ែល និងមិត្តភក្ដិ
1នៅឆ្នាំទីបីនៃរជ្ជកាលស្តេចយេហូយ៉ាគីម ជាស្ដេចស្រុកយូដា ស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន លើកទ័ពមកឡោមព័ទ្ធក្រុងយេរូសាឡឹម។ 2អុលឡោះជាអម្ចាស់បានប្រគល់ស្តេចយេហូយ៉ាគីមជាស្ដេចស្រុកយូដា ព្រមទាំងប្រដាប់ប្រដាមួយចំនួនរបស់ម៉ាស្ជិទ ទៅក្នុងកណ្ដាប់ដៃរបស់ស្តេចនេប៊ូក្នេសា។ ស្តេចនេប៊ូក្នេសាបាននាំឈ្លើយសង្គ្រាមទៅស្រុកស៊ីណើរ ហើយយកប្រដាប់ប្រដាទាំងនោះទៅទុកក្នុងវិហារនៃព្រះរបស់ខ្លួន។
3ស្តេចបានបញ្ជាទៅលោកអាសផ្នាស ជានាយកក្រុមមហាតលិក ឲ្យនាំយុវជនខ្លះដែលជាប់រាជវង្សរបស់ស្ដេចអ៊ីស្រអែល ឬជាកូនចៅរបស់ពួកអភិជនមក។ 4យុវជនទាំងនោះត្រូវមានរូបឆោមល្អឥតខ្ចោះ មានប្រាជ្ញាវាងវៃ ជាមនុស្សចេះដឹង មានចំណេះវិជ្ជាខ្ពង់ខ្ពស់ មានកម្លាំងអាចបម្រើស្តេច។ យុវជនទាំងនោះត្រូវទទួលការអប់រំផ្នែកអក្សរសាស្ត្រ និងភាសាខាល់ដេថែមទៀតផង។ 5ស្តេចបញ្ជាគេឲ្យយកអាហារ និងស្រាមួយចំណែកទៅឲ្យយុវជនទាំងនោះ ជារៀងរាល់ថ្ងៃ ហើយបញ្ជាឲ្យពួកគេទទួលការអប់រំអស់រយៈពេលបីឆ្នាំ មុននឹងចូលទៅបម្រើស្ដេច។ 6ក្នុងចំណោមយុវជនទាំងនោះ មានខ្លះជាជនជាតិយូដា គឺដានីយ៉ែល ហាណានា មីសាអែល និងអសារា។ 7លោកនាយកក្រុមមហាតលិកបានដាក់ឈ្មោះអ្នកទាំងបួនដូចតទៅ: ដានីយ៉ែលហៅថាបេលថិស្សាសារ ហាណានាហៅថាសាដ្រាក់ មីសាអែលហៅថាមែសាក់ និងអសារាហៅថាអបេឌ-នេកោ។
8ដានីយ៉ែលប្ដេជ្ញាចិត្តមិនបរិភោគម្ហូបអាហារ និងស្រារបស់ពីស្តេចទេ ក្រែងនាំឲ្យគាត់ទៅជាមិនបរិសុទ្ធ គាត់សូមលោកនាយកក្រុមមហាតលិក កុំបង្ខំគាត់ឲ្យបរិភោគម្ហូបអាហារទាំងនោះ។ 9អុលឡោះប្រោសប្រទានឲ្យនាយកក្រុមមហាតលិក មានចិត្តអាណិតអាសូរដល់ដានីយ៉ែល។ 10លោកនាយកក្រុមមហាតលិកពោលទៅកាន់ដានីយ៉ែលថា៖ «ខ្ញុំខ្លាចស្តេចណាស់ ដ្បិតគាត់បានតំរូវឲ្យខ្ញុំយកម្ហូបអាហារ និងស្រាមកផ្គត់ផ្គង់ប្អូនៗ ប្រសិនបើស្តេចមើលឃើញមុខប្អូនៗស្គមជាងយុវជនឯទៀតៗ ដែលមានអាយុស្រករនឹងប្អូនៗនោះ គាត់មុខជាដាក់ទោសប្រហារជីវិតខ្ញុំពុំខាន»។ 11ដានីយ៉ែលពោលទៅកាន់ម្នាក់ទៀត ដែលនាយកក្រុមមហាតលិកបានប្រគល់ភារកិច្ចមើលខុសត្រូវលើខ្លួនគាត់ ហាណានា មីសាអែល និងអសារាថា៖ 12«សូមលោកល្បងលមើលយើងខ្ញុំ ក្នុងរយៈពេលដប់ថ្ងៃចុះ! គឺសូមចែកតែបន្លែ និងទឹកឲ្យយើងខ្ញុំទទួលទានប៉ុណ្ណោះ។ 13បន្ទាប់មក សូមលោកពិនិត្យមើលមុខយើងខ្ញុំ និងមុខយុវជនឯទៀតៗដែលបរិភោគអាហាររបស់ស្តេច រួចសូមលោកប្រព្រឹត្តចំពោះយើងខ្ញុំ តាមការយល់ឃើញរបស់លោកចុះ!»។ 14គាត់ក៏យល់ព្រមតាមពាក្យសុំ ហើយល្បងលមើលយុវជនទាំងបួននោះអស់រយៈពេលដប់ថ្ងៃ។ 15លុះដប់ថ្ងៃកន្លងផុតទៅ យុវជនទាំងបួននាក់មានមុខស្រស់ល្អ និងមានសាច់ថ្លាជាងពួកយុវជនដែលបានបរិភោគអាហាររបស់ស្ដេចទៅទៀត។ 16ចាប់ពីថ្ងៃនោះមក អ្នកទទួលខុសត្រូវលែងចែកម្ហូបអាហារ និងស្រារបស់ស្ដេចឲ្យយុវជនទាំងបួនទៀតហើយ គឺចែកតែបន្លែ និងទឹកឲ្យពួកគេប៉ុណ្ណោះ។ 17អុលឡោះប្រោសប្រទានឲ្យយុវជនទាំងបួននាក់នេះមានចំណេះវិជ្ជា ប៉ិនប្រសប់ខាងអក្សរសាស្ត្រ និងមានប្រាជ្ញាវាងវៃផង។ ម្យ៉ាងទៀតដានីយ៉ែលចេះបកស្រាយនិមិត្តហេតុអស្ចារ្យ និងចេះកាត់សប្ដិដែរ។
18លុះដល់ពេលដែលស្តេចកំណត់ឲ្យនាំពួកយុវជនទៅជូន លោកនាយកក្រុមមហាតលិកក៏នាំយុវជនទាំងនោះ ចូលទៅជួបស្តេចនេប៊ូក្នេសា។ 19ស្តេចបានសន្ទនាជាមួយយុវជនទាំងនោះ ហើយក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចផ្ទឹមស្មើនឹងដានីយ៉ែល ហាណានា មីសាអែល និងអសារាឡើយ។ ស្តេចក៏ទទួលយុវជនទាំងបួនឲ្យធ្វើជាអ្នកបម្រើ។ 20ពេលស្ដេចសាកសួរអំពីរឿងអ្វីៗទាំងអស់ ដែលត្រូវការតម្រិះ និងប្រាជ្ញាដ៏ជ្រៅជ្រះ យុវជនទាំងបួននាក់ពូកែជាងគ្រូមន្តអាគម និងហោរាទាំងឡាយក្នុងប្រទេសទាំងមូលដប់ដងទៅទៀត។ 21ដានីយ៉ែលរស់នៅក្នុងរាជវាំង រហូតដល់ឆ្នាំទីមួយនៃរជ្ជកាលរបស់ស្តេចស៊ីរូស។
ទើបបានជ្រើសរើសហើយ៖
ណាពីដានីយ៉ែល 1: អគត
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2014 United Bible Societies, UK.