វិវរណៈ 7
7
1ក្រោយនោះមក ខ្ញុំឃើញទេវតា៤រូប ឈរនៅជ្រុងផែនដីទាំង៤ ទាំងទប់ខ្យល់នៅផែនដីទាំង៤ទិស មិនឲ្យបក់មកលើផែនដី ឬសមុទ្រ ឬដើមឈើណាឡើយ 2រួចខ្ញុំឃើញទេវតា១ទៀត ដែលឡើងមកពីទិសថ្ងៃរះ មានទាំងត្រារបស់ព្រះដ៏មានព្រះជន្មរស់ ទេវតានោះក៏បន្លឺសំឡេងទៅទេវតាទាំង៤នោះ ដែលមានអំណាចនឹងធ្វើទុក្ខផែនដី ហើយនឹងសមុទ្រថា 3កុំឲ្យធ្វើទុក្ខផែនដី ឬសមុទ្រ ឬដើមឈើណាក្តី ទាល់តែបោះត្រានៅត្រង់ថ្ងាសនៃពួកបាវបំរើរបស់ព្រះនៃយើងសិន 4ខ្ញុំក៏ឮចំនួនពួកអ្នក ដែលបានបោះត្រានោះថា មាន១សែន៤ម៉ឺន៤ពាន់នាក់ ដែលមកពីគ្រប់ទាំងពូជអំបូរនៃជនជាតិអ៊ីស្រាអែល 5គឺពីពូជអំបូរយូដា បានបោះត្រា១ម៉ឺន២ពាន់នាក់ ពីពូជអំបូររូបេន មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរកាឌ់ មាន១ម៉ឺន២ពាន់នាក់ 6ពីពូជអំបូរអេស៊ើរ មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរណែបថាលី មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរម៉ាន៉ាសេ មាន១ម៉ឺន២ពាន់នាក់ 7ពីពូជអំបូរស៊ីម្មាន មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរលេវី មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរអ៊ីសាខារ មាន១ម៉ឺន២ពាន់នាក់ 8ពីពូជអំបូរសាប់យូល៉ូន មាន១ម៉ឺន២ពាន់នាក់ ពីពូជអំបូរយ៉ូសែប មាន១ម៉ឺន២ពាន់នាក់ ហើយពីពូជអំបូរបេនយ៉ាមីន មាន១ម៉ឺន២ពាន់នាក់ ដែលបានបោះត្រា។
9ក្រោយនោះមក ខ្ញុំក្រឡេកទៅឃើញមនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅមុខបល្ល័ង្ក នឹងកូនចៀម ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ 10គេបន្លឺសំឡេងថា សេចក្ដីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង 11រួចអស់ទាំងទេវតាដែលឈរនៅជុំវិញបល្ល័ង្ក ព្រមទាំងពួកចាស់ទុំ នឹងតួមានជីវិតទាំង៤ ក៏ទំលាក់ខ្លួនក្រាបចុះនៅចំពោះបល្ល័ង្ក ថ្វាយបង្គំដល់ព្រះ 12ទាំងទូលថា អាម៉ែន សូមថ្វាយព្រះពរ សិរីល្អ ប្រាជ្ញា ពាក្យអរព្រះគុណ កិត្តិនាម ព្រះចេស្តា នឹងឥទ្ធិឫទ្ធិ ដល់ព្រះនៃយើងរាល់គ្នា នៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។
13នោះពួកចាស់ទុំម្នាក់សួរមកខ្ញុំថា តើអស់អ្នកដែលពាក់អាវសនោះជាពួកណា ហើយមកពីណា 14ខ្ញុំក៏ឆ្លើយទៅថា លោកម្ចាស់អើយ លោកជ្រាបហើយ រួចអ្នកនោះនិយាយមកខ្ញុំថា អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម 15ហេតុនោះបានជាគេស្ថិតនៅចំពោះបល្ល័ង្កព្រះ ព្រមទាំងបំរើទ្រង់ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ ហើយព្រះអង្គ ដែលគង់នៅលើបល្ល័ង្កនោះ ទ្រង់នឹងធ្វើជាត្រសាលបាំងឲ្យគេ 16គេនឹងមិនឃ្លាន ឬស្រេកទៀត ក៏មិនត្រូវថ្ងៃចាំងមកលើគេ ឬចំហាយណាទៀតឡើយ 17ពីព្រោះកូនចៀមដែលនៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេ ទៅដល់រន្ធទឹកនៃជីវិត ហើយព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 7: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.