វិវរណៈ 6
6
1កាលកូនចៀមបកត្រាទី១ នោះខ្ញុំក៏ឃើញ រួចខ្ញុំឮតួមានជីវិត១ បន្លឺសំឡេងដូចផ្គរលាន់ថា ចូរមកមើលចុះ 2ខ្ញុំក៏ក្រឡេកទៅឃើញសេះស១ ឯអ្នកដែលជិះក៏កាន់ធ្នូ ហើយមានគេឲ្យមកុដដល់អ្នកនោះ រួចអ្នកនោះចេញទៅទាំងមានជ័យជំនះ ហើយឲ្យបានឈ្នះតទៅ។
3លុះបកត្រាទី២ នោះខ្ញុំឮតួមានជីវិតទី២ថា ចូរមកមើលចុះ 4នោះមានសេះ១ទៀតចេញមក មានសម្បុរក្រហម ហើយគេឲ្យអ្នកដែលជិះ មានអំណាចអាចនឹងដកយកសេចក្ដីសុខសាន្តពីផែនដីចេញ ឲ្យមនុស្សលោកបានសំឡាប់គ្នា គេក៏ប្រគល់ដាវ១យ៉ាងធំ ដល់អ្នកនោះដែរ។
5លុះបកត្រាទី៣ នោះខ្ញុំឮតួមានជីវិតទី៣ថា ចូរមកមើលចុះ ខ្ញុំក៏ក្រឡេកទៅឃើញសេះខ្មៅ១ ឯអ្នកដែលជិះក៏កាន់ជញ្ជីង១នៅដៃ 6រួចខ្ញុំឮសំឡេង១នៅកណ្តាលតួមានជីវិតទាំង៤ ពោលដូច្នេះថា អង្ករស្រូវសាលី១នាលិថ្លៃ២កាក់ ហើយអង្ករស្រូវឱក៣នាលិថ្លៃ២កាក់ តែកុំឲ្យបង្ខូចប្រេង នឹងស្រាទំពាំងបាយជូរឡើយ។
7លុះបកត្រាទី៤ នោះខ្ញុំឮតួមានជីវិតទី៤ថា ចូរមកមើលចុះ 8ខ្ញុំក៏ក្រឡេកមើលទៅឃើញសេះ១សម្បុរស្លាំង ឯអ្នកដែលជិះមានឈ្មោះថា «សេចក្ដីស្លាប់» ហើយស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏តាមអ្នកនោះទៅ គេឲ្យទាំង២នោះមានអំណាចលើផែនដី១ភាគក្នុង៤ ដើម្បីនឹងសំឡាប់ដោយដាវ អំណត់អត់ នឹងសេចក្ដីវេទនា ហើយដោយសត្វព្រៃនៅផែនដីផង។
9លុះបកត្រាទី៥ នោះនៅក្រោមអាសនា ខ្ញុំក៏ឃើញមានអស់ទាំងព្រលឹងរបស់មនុស្ស ដែលគេបានសំឡាប់ ដោយព្រោះកាន់តាមព្រះបន្ទូល នឹងសេចក្ដីបន្ទាល់ 10ឯព្រលឹងទាំងនោះក៏បន្លឺសំឡេងថា ឱព្រះដ៏ជាម្ចាស់ ជាព្រះបរិសុទ្ធ ហើយពិតប្រាកដអើយ តើទ្រង់ចាំដល់កាលណាទៀតបានជំនុំជំរះ ហើយសងសឹកដល់ពួកមនុស្សនៅលើផែនដី ដោយព្រោះឈាមយើងខ្ញុំរាល់គ្នា 11នោះមានគេឲ្យអាវសវែងដល់អ្នកទាំងនោះ ហើយក៏ប្រាប់ឲ្យឈប់សំរាកបន្តិចសិន ទាល់តែពួកបាវបំរើ ជាគូកន ហើយជាបងប្អូន ដែលត្រូវសំឡាប់បែបដូចគ្នា បានគ្រប់ចំនួន។
12លុះបកត្រាទី៦ នោះខ្ញុំក្រឡេកទៅ ឃើញមានកក្រើកដីជាខ្លាំង ថ្ងៃក៏ត្រឡប់ទៅជាខ្មៅដូចសំពត់រោមខ្មៅ ហើយខែក៏ត្រឡប់ប្រែទៅដូចជាឈាម 13ផ្កាយនៅលើមេឃក៏ធ្លាក់មកលើផែនដី ដូចជាដើមល្វាដែលត្រូវខ្យល់ធំ គ្រវាត់បណ្តាច់ផ្លែខ្ចីចោលចេញដែរ 14ផ្ទៃមេឃក៏បាត់ទៅ ដូចជាក្រាំងដែលគេមូរទៅវិញ ហើយគ្រប់ទាំងភ្នំ នឹងកោះទាំងប៉ុន្មាន ក៏ត្រូវរើចេញពីកន្លែងផង 15អស់ទាំងស្តេចនៅផែនដី នឹងពួកអ្នកធំ ពួកអ្នកមាន ពួកមេទ័ព ពួកខ្លាំងពូកែ ហើយគ្រប់ទាំងបាវបំរើ នឹងអ្នកជាទាំងប៉ុន្មាន គេពួននៅក្នុងរអាង ហើយក្នុងក្រហែងភ្នំទាំងអស់គ្នា 16គេអង្វរទៅភ្នំ ហើយទៅថ្មថា សូមធ្លាក់មកលើយើង ដើម្បីបំបាំងយើងពីព្រះភក្ត្រព្រះអង្គ ដែលគង់លើបល្ល័ង្ក នឹងពីសេចក្ដីក្រោធរបស់កូនចៀមចេញ 17ដ្បិតថ្ងៃធំនៃសេចក្ដីក្រោធរបស់ទ្រង់បានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 6: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.