ទំនុកដំកើង 78

78
សេចក្ដី​បង្រៀន​របស់​អេសាភ។
1ឱ​សាសន៍​របស់​ខ្ញុំ​អើយ
ចូរ​ប្រុង​ត្រចៀក​ស្តាប់​សេចក្ដី​បង្រៀន​របស់​ខ្ញុំ
ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​អស់​ទាំង​ពាក្យ
ដែល​ចេញ​ពី​មាត់​ខ្ញុំ​ចុះ
2ខ្ញុំ​នឹង​បើក​មាត់​បញ្ចេញ​ជា​សេចក្ដី​ប្រៀប‌ធៀប
ហើយ​នឹង​ពោល​ជា​សេចក្ដី​អាថ៌‌កំបាំង​ពី​ចាស់​បូរាណ
3ជា​សេចក្ដី​ដែល​ពួក​យើង​ធ្លាប់​បាន​ឮ​បាន​ដឹង​ហើយ
ដែល​ឪពុក​យើង​បាន​ប្រាប់​តៗ​មក
4យើង​ក៏​មិន​លាក់​សេចក្ដី​ទាំង​នោះ​ទុក​ចំពោះ​កូន​ចៅ
របស់​គាត់​ដែរ
គឺ​នឹង​ប្រកាស​ពី​អស់​ទាំង​សេចក្ដី​សរសើរ​នៃ​ព្រះ‌យេហូវ៉ា
ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ​ឲ្យ​បាន​ស្តាប់
ព្រម​ទាំង​ឥទ្ធា‌នុភាព នឹង​ការ​អស្ចារ្យ
ដែល​ទ្រង់​បាន​ធ្វើ​ផង។
5៙ ដ្បិត​ទ្រង់​បាន​តាំង​ឲ្យ​មាន​ទី​បន្ទាល់​នៅ​ក្នុង​ពួក​យ៉ាកុប
ក៏​បាន​ដំរូវ​ឲ្យ​មាន​ក្រិត្យ‌វិន័យ​នៅ​ក្នុង​ពួក​អ៊ីស្រាអែល
ជា​ច្បាប់​ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​ឰយុកោ​របស់​យើង
ប្រយោជន៍​នឹង​បង្រៀន​ឲ្យ​ពួក​កូន​ចៅ​បាន​ដឹង​ត​រៀង​ទៅ
6ដើម្បី​ឲ្យ​ដំណ​មនុស្ស​ជាន់​ក្រោយ​បាន​ស្គាល់
គឺ​ទាំង​កូន​ចៅ​ដែល​ត្រូវ​កើត​ត​ទៅ
ជា​ពួក​អ្នក​ដែល​នឹង​កើត​ឡើង
ហើយ​ប្រាប់​ដល់​កូន​ចៅ​គេ​ត​ទៅ​ទៀត
7សំរាប់​ឲ្យ​គេ​បាន​តាំង​ចិត្ត​សង្ឃឹម​ដល់​ព្រះ
ឥត​ភ្លេច​អស់​ទាំង​ការ​នៃ​ទ្រង់​ឡើយ
គឺ​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់​វិញ
8ដើម្បី​កុំ​ឲ្យ​គេ​បាន​ដូច​ជា​ពួក​ឰយុកោ
ជា​ដំណ​មនុស្ស​រឹង‌រូស ហើយ​បះ‌បោរ
ជា​ដំណ​មនុស្ស​ដែល​មិន​បាន​តាំង​ចិត្ត​ឲ្យ​ទៀង​ត្រង់
ហើយ​វិញ្ញាណ​គេ​ក៏​មិន​ស្មោះ​ចំពោះ​ព្រះ​នោះ​ឡើយ។
9៙ ឯ​ពួក​កូន​ចៅ​អេប្រា‌អិម​ដែល​មាន​គ្រឿង​ធ្នូ
ហើយ​ក៏​ប្រសប់​បាញ់
គេ​បាន​បែរ​ខ្នង​នៅ​ថ្ងៃ​សឹក​សង្គ្រាម
10គេ​មិន​បាន​កាន់​តាម​សេចក្ដី​សញ្ញា​របស់​ព្រះ
ក៏​មិន​ព្រម​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ទ្រង់​សោះ
11គេ​បាន​ភ្លេច​អស់​ទាំង​កិច្ច​ដែល​ទ្រង់​ធ្វើ
ព្រម​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​សំដែង
ឲ្យ​គេ​ឃើញ​ដែរ
12ទ្រង់​បាន​ធ្វើ​ការ​ចំឡែក នៅ​ភ្នែក​ពួក​ឰយុកោ​គេ
នៅ​ស្រុក​អេស៊ីព្ទ ត្រង់​វាល​សូអាន
13ទ្រង់​បាន​វែក​សមុទ្រ បើក​ជា​ផ្លូវ​ឲ្យ​គេ​ដើរ​ឆ្លង​ទៅ
ក៏​បាន​ធ្វើ​ឲ្យ​ទឹក​ឈរ​ឡើង​ដូច​ជា​កំផែង
14នៅ​វេលា​ថ្ងៃ​ទ្រង់​បាន​នាំ​គេ ដោយ​ពពក
ហើយ​វេលា​យប់​ទាល់​ព្រឹក បាន​នាំ​ដោយ​ពន្លឺ​នៃ​ភ្លើង​វិញ
15ទ្រង់​បំប្រេះ​ថ្មដា​នៅ​ទី​រហោ‌ស្ថាន
ឲ្យ​គេ​បាន​ផឹក​ទឹក​ជា​បរិបូរ ដូច​ជា​ហូរ​ចេញ​ពី​ទី​ជំរៅ​មក
16ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ចេញ​ពី​ថ្ម
ហូរ​ចុះ​មក​ដូច​ជា​ទន្លេ។
17៙ ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​នៅ​តែ​ធ្វើ​បាប
នឹង​ទ្រង់​ទៀត
ជា​ការ​បះ‌បោរ​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត​ត្រង់​ទី​រហោ‌ស្ថាន
18គេ​បាន​ល្បង‌ល​ព្រះ​នៅ​ក្នុង​ចិត្ត​គេ
ដោយ​សូម​អាហារ​តាម​គេ​ប្រាថ្នា
19អើ គេ​បាន​និយាយ​ទំនាស់​នឹង​ព្រះ ដោយ​ពាក្យ​ថា
តើ​ព្រះ‌ទ្រង់​អាច​នឹង​ចាត់‌ចែង​ឲ្យ​មាន​អាហារ​បរិភោគ
នៅ​ទី​រហោ‌ស្ថាន​នេះ​បាន​ឬ
20មើល ទ្រង់​បាន​វាយ​ថ្មដា ឲ្យ​មាន​ទឹក​ផុល​ចេញ
ហើយ​ឲ្យ​ជ្រោះ​មាន​ទឹក​ជន់​លិច​ច្រាំង
ដូច្នេះ តើ​ទ្រង់​អាច​នឹង​ប្រទាន​ឲ្យ​មាន​នំបុ័ង​ដែរ​ឬ
តើ​ទ្រង់​នឹង​ផ្គត់‌ផ្គង់ ឲ្យ​រាស្ត្រ​ទ្រង់​មាន​សាច់​បរិភោគ​ឬ​អី
21ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ឮ
ហើយ​មាន​សេចក្ដី​ក្រោធ
រួច​មាន​ភ្លើង​ឆួល​ឡើង បញ្ឆេះ​ពួក​យ៉ាកុប
មាន​សេចក្ដី​ខ្ញាល់​ចេញ​ទៅ​ទាស់​នឹង​អ៊ីស្រាអែល
22ដោយ​ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ព្រះ
ក៏​មិន​បាន​ទុក​ចិត្ត​នឹង​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ផង
23ទ្រង់​បាន​បង្គាប់​ដល់​ផ្ទៃ​មេឃ​នៅ​ខាង​លើ
ក៏​បាន​បើក​ទ្វារ​នៃ​ស្ថាន‌សួគ៌
24ហើយ​បង្អុរ​នំ​ម៉ាន៉ា ឲ្យ​ធ្លាក់​មក​លើ​គេ ដូច​ជា​ភ្លៀង
សំរាប់​គេ​បរិភោគ
គឺ​ទ្រង់​ប្រទាន​អាហារ​ពី​ស្ថាន‌សួគ៌​ដល់​គេ
25គេ​បាន​បរិភោគ​នំ​របស់​ពួក​ទេវតា​ទាំង​អស់​គ្នា
ទ្រង់​បាន​ផ្ញើ​អាហារ​មក​គេ​ឲ្យ​បាន​ឆ្អែត។
26៙ ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្យល់​ពី​ទិស​ខាង​កើត​បក់​នៅ​លើ​មេឃ
ហើយ​បាន​នាំ​ខ្យល់​ពី​ទិស​ខាង​ត្បូង
ដោយ​ព្រះ‌ចេស្តា​របស់​ទ្រង់
27ក៏​ទំលាក់​សាច់​មក​លើ​គេ​ដូច​ជា​ធូលី​ដី
គឺ​ជា​សត្វ​ស្លាប​ជា​ច្រើន ដូច​ជា​ខ្សាច់​នៅ​សមុទ្រ
28ទ្រង់​ឲ្យ​ធ្លាក់​នៅ​ព័ទ្ធ​ជុំវិញ​លំនៅ​របស់​គេ
គឺ​នៅ​កណ្តាល​ទី​ដំឡើង​ត្រសាល
29ដូច្នេះ គេ​ក៏​បរិភោគ​ទៅ ហើយ​បាន​ឆ្អែត​ពេញ​បន្ទុក
ទ្រង់​បាន​ប្រទាន​ឲ្យ តាម​បំណង​ចិត្ត​គេ
30គឺ​គេ​មិន​ទាន់​អស់​អាល័យ​ក្នុង​ចិត្ត
ហើយ​កាល​អាហារ​នោះ​នៅ​ក្នុង​មាត់​គេ​នៅ​ឡើយ
31នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ បាន​ឆួល​ឡើង​ទាស់​នឹង​គេ
ព្រម​ទាំង​សំឡាប់​អស់​អ្នក​ដែល​ធាត់ៗ​ក្នុង​ពួក​គេ
ហើយ​វាយ​ផ្តួល​ពួក​កំឡោះៗ
នៃ​សាសន៍​អ៊ីស្រាអែល​ផង។
32៙ ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ
គង់​តែ​គេ​នៅ​តែ​ធ្វើ​បាប​ទៀត
គេ​មិន​ព្រម​ជឿ​ការ​អស្ចារ្យ​របស់​ទ្រង់​ឡើយ
33ហេតុ​នោះ ទ្រង់​បាន​ធ្វើ​ឲ្យ​អស់​ទាំង​ថ្ងៃ​របស់​គេ
កន្លង​ទៅ​ជា​ឥត​ប្រយោជន៍
ហើយ​អស់​ទាំង​ឆ្នាំ​គេ ដោយ​សេចក្ដី​ស្ញែង​ខ្លាច
34វេលា​ណា​ដែល​ទ្រង់​ប្រហារ​ពួក​គេ
ទើប​គេ​សួរ​រក​ទ្រង់
ហើយ​ត្រឡប់​មក​ស្វែង​រក​ព្រះ​អស់​ពី​ចិត្ត
35គេ​ក៏​នឹក​ចាំ​ថា ព្រះ‌ទ្រង់​ជា​ថ្មដា​របស់​ខ្លួន​គេ
គឺ​ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​ជា​អ្នក​ប្រោស​លោះ​ដល់​គេ។
36៙ គេ​បាន​លើក​បញ្ចើច​ទ្រង់​ដោយ​មាត់​គេ
តែ​អណ្តាត​របស់​គេ​បាន​កុហក​ទ្រង់​ទេ
37ដ្បិត​ចិត្ត​គេ​មិន​បាន​ទៀង​ត្រង់​នៅ​ចំពោះ​ទ្រង់
ក៏​មិន​ស្មោះ​ចំពោះ​នឹង​សេចក្ដី​សញ្ញា​ទ្រង់​ដែរ
38ប៉ុន្តែចំណែក​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា
បាន​ជា​ទ្រង់​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​គេ
ហើយ​មិន​បាន​បំផ្លាញ​គេ​ទេ
អើ ទ្រង់​បាន​បង្វែរ​សេចក្ដី​ខ្ញាល់​ទ្រង់​ចេញ​ជា​ញយៗ
ឥត​ឲ្យ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ផុល​ឡើង​ទាំង​អស់​ឡើយ
39ទ្រង់​បាន​នឹក​ចាំ​ថា គេ​គ្រាន់​តែ​ជា​សាច់​ឈាម​ប៉ុណ្ណោះ
គឺ​ជា​ខ្យល់​ដែល​បក់​កន្លង​ហួស​ទៅ ឥត​មក​វិញ​ឡើយ។
40៙ ប៉ុន្មាន​ដង​ហើយ ដែល​គេ​បះ‌បោរ​នឹង​ទ្រង់
នៅ​ទី​រហោ‌ស្ថាន
ហើយ​នាំ​ឲ្យ​ព្រួយ​ព្រះ‌ហឫទ័យ​នៅ​ទី​ល្ហល្ហេវ
41គឺ​គេ​បាន​បែរ​ជា​ល្បង​ល​ព្រះ​វិញ​ទៀត
ហើយ​គេ​បិទ​ផ្លូវ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល
42គេ​មិន​បាន​នឹក​ចាំ​ពី​ព្រះ‌ហស្ត​ទ្រង់
ឬ​ពី​ថ្ងៃ​ដែល​ទ្រង់​បាន​ដោះ​គេ​ចេញ​ពី​ខ្មាំង​សត្រូវ
43ឬ​ពី​បែប​យ៉ាង​ណា​ដែល​ទ្រង់​បាន​សំដែង​ទី​សំគាល់
របស់​ទ្រង់​នៅ​ស្រុក​អេស៊ីព្ទ
នឹង​ការ​អស្ចារ្យ នៅ​ទី​វាល​សូអាន​ឡើយ
44ទ្រង់​បាន​ធ្វើ​ឲ្យ​ទន្លេ នឹង​ព្រែក
របស់​សាសន៍​អេស៊ីព្ទ​ត្រឡប់​ទៅ​ជា​ឈាម
ឲ្យ​គេ​ផឹក​ទឹក​នោះ​មិន​បាន
45ទ្រង់​បាន​ចាត់​ហ្វូង​រុយ​មក​បង្ហិន​នៅ​កណ្តាល​គេ
នឹង​កង្កែប​មក​បំផ្លាញ​គេ​ផង
46ទ្រង់​បាន​ប្រគល់​ផល​របស់​គេ ឲ្យ​ចង្រិត​កាត់
ហើយ​ការ​របស់​គេ​ដល់​កណ្តូប
47ទ្រង់​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ​គេ​ដោយ​ព្រឹល
ហើយ​ដើម​ឧទុម្ពរ​ដោយ​សន្សើម​កក
48ទ្រង់​ក៏​ប្រគល់​ហ្វូង​គោ​គេ​ឲ្យ​ត្រូវ​ព្រឹល
ហើយ​ហ្វូង​ចៀម​គេ​ឲ្យ​ត្រូវ​រន្ទះ​បាញ់​ដែរ
49ទ្រង់​បាន​បោះ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​ទៅ​លើ​គេ
ព្រម​ទាំង​សេចក្ដី​ក្រោធ សេចក្ដី​គ្នាន់‌ក្នាញ់
នឹង​សេចក្ដី​វេទនា​ផង
គឺ​ជា​សេចក្ដី​អាក្រក់​ទាំង​ហ្វូង ដែល​ទ្រង់​ចាត់​មក
50ទ្រង់​បាន​ពង្រាប​ផ្លូវ សំរាប់​សេចក្ដី​ខ្ញាល់​របស់​ទ្រង់
ទ្រង់​មិន​បាន​ប្រណី​ព្រលឹង​គេ​ឲ្យ​រួច​ពី​ស្លាប់​ទេ
គឺ​បាន​ប្រគល់​ជីវិត​គេ​ដល់​ជំងឺ​អាសន្ន‌រោគ
51ក៏​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ
គឺ​ជា​ដើម​កំឡាំង​របស់​ហាំ​នៅ​ក្នុង​ត្រសាល​គេ។
52៙ ប៉ុន្តែ ទ្រង់​បាន​កៀង​នាំ​រាស្ត្រ​ទ្រង់​ចេញ​ដូច​ជា​ចៀម
ហើយ​ដឹក‌នាំ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដូច​ជា​ហ្វូង​សត្វ
53ទ្រង់​ក៏​នាំ​គេ​ទៅ​ដោយ​សុខ‌សាន្ត មិន​ឲ្យ​ភ័យ​ខ្លាច​ឡើយ
តែ​សមុទ្រ​បាន​គ្រប​លើ​ពួក​ខ្មាំង​សត្រូវ​គេ​វិញ
54ទ្រង់​បាន​នាំ​គេ​ទៅ​ដល់​ព្រំ​ស្រុក​បរិសុទ្ធ​របស់​ទ្រង់
គឺ​ដល់​ភ្នំ​នេះ​ដែល​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​វាយ​យក
55ទ្រង់​បាន​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ពី​មុខ​គេ​ចេញ
ក៏​វាស់​ស្រុក​នេះ ចែក​ដល់​គេ​ទុក​ជា​មរដក
ព្រម​ទាំង​ឲ្យ​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន
អាស្រ័យ​នៅ​ក្នុង​លំនៅ​របស់​សាសន៍​ទាំង​នោះ
56ប៉ុន្តែគេ​បាន​ល្បង‌ល​ព្រះ​ដ៏​ខ្ពស់​បំផុត
ហើយ​បះ‌បោរ​នឹង​ទ្រង់​វិញ
ឥត​កាន់​តាម​សេចក្ដី​បញ្ញត្ត​ទ្រង់​ឡើយ
57គឺ​បាន​ថយ​ចេញ ហើយ​ប្រព្រឹត្ត​ដោយ​ក្បត់
ដូច​ជា​ពួក​ឰយុកោ​គេ​ដែរ
គេ​ក្រឡាច់​រមួល​ដូច​ជា​ធ្នូ​មិន​ត្រង់
58គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌ហឫទ័យ​ទ្រង់​ថ្នាំង‌ថ្នាក់
ដោយ​ទី​ខ្ពស់​របស់​គេ
ព្រម​ទាំង​បណ្តាល​ឲ្យ​ទ្រង់​ប្រចណ្ឌ
ដោយ​រូប​ឆ្លាក់​របស់​គេ​ផង។
59៙ កាល​ព្រះ‌ទ្រង់​បាន​ជ្រាប​ហើយ
នោះ​ទ្រង់​មាន​សេចក្ដី​ក្រោធ
ហើយ​បាន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រាអែល​ជា​ខ្លាំង
60ដល់‌ម៉្លេះ​បាន​ជា​ទ្រង់​លះ‌បង់​រោង​ឧបោសថ
ដែល​នៅ​ត្រង់​ស៊ីឡូរ
គឺ​ជា​ត្រសាល​ដែល​ទ្រង់​បាន​តាំង​ឲ្យ​នៅ​កណ្តាល
ពួក​មនុស្ស​លោក
61ទ្រង់​ក៏​ប្រគល់​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ឲ្យ​ទៅ​ជា​ឈ្លើយ
ហើយ​សិរី‌ល្អ​ទ្រង់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ
62ទ្រង់​បាន​ប្រគល់​រាស្ត្រ​ទ្រង់​ដល់​អំណាច​ដាវ​ដែរ
ហើយ​មាន​សេចក្ដី​ក្រោធ​ចំពោះ​មរដក​ទ្រង់
63មាន​ភ្លើង​ឆេះ​បំផ្លាញ​ពួក​កំឡោះ​គេ
ឯ​ពួក​ក្រមុំ​របស់​គេ ឥត​មាន​អ្នក​ណា​ដណ្តឹង​ឡើយ
64ពួក​សង្ឃ​របស់​គេ​ក៏​ដួល​ស្លាប់​ដោយ​ដាវ
តែ​ប្រពន្ធ​របស់​គេ​មិន​បាន​យំ​សោក​សោះ។
65៙ គ្រា​នោះ ព្រះ‌អម្ចាស់​ទ្រង់​តើន​ឡើង
ដូច​ជា​មនុស្ស​ដែល​ភ្ញាក់​ពី​ដេក​លក់
គឺ​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​ស្រែក​ហ៊ោ
ដោយ​អំណាច​ស្រា​ទំពាំង‌បាយ‌ជូរ
66រួច​ទ្រង់​វាយ​ពួក​ដែល​ត‌តាំង​នឹង​ទ្រង់ ឲ្យ​ថយ​ក្រោយ
ទ្រង់​ឲ្យ​គេ​មាន​សេចក្ដី​ខ្មាស​នៅ​ជានិច្ច
67មួយ​ទៀត ទ្រង់​មិន​បាន​ទទួល​ត្រសាល​របស់
ពួក​យ៉ូសែប​ឡើយ
ក៏​មិន​បាន​រើស​ពូជ​អំបូរ​អេប្រា‌អិម​ដែរ
68គឺ​ទ្រង់​បាន​រើស​ពូជ​អំបូរ​យូដា នឹង​ភ្នំ​ស៊ីយ៉ូន
ដែល​ទ្រង់​ស្រឡាញ់​នោះ​វិញ
69ទ្រង់​ក៏​ស្អាង​ទី​បរិសុទ្ធ​នៃ​ទ្រង់ ដូច​ជា​អស់​ទាំង​កំពូល​ខ្ពស់
គឺ​ដូច​ជា​ផែនដី​ដែល​ទ្រង់​បាន​តាំង​ឲ្យ​ជាប់
ជា​ដរាប​នោះ​ផង។
70៙ ទ្រង់​ក៏​រើស​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់
ហើយ​នាំ​យក​លោក​ចេញ​ពី​ក្រោល​ចៀម​មក
71គឺ​ទ្រង់​នាំ​យក​លោក​ពី​ការ​ឃ្វាល​មេ​ចៀម​ដែល​មាន​កូន
ដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​ពួក​យ៉ាកុប ជា​រាស្ត្រ​ទ្រង់
គឺ​ពួក​អ៊ីស្រាអែល​ដែល​ជា​មរដក​របស់​ទ្រង់​វិញ
72ដូច្នេះ លោក​ក៏​ធ្វើ​ជា​អ្នក​គង្វាល​ឃ្វាល​គេ
ដោយ​ចិត្ត​ទៀង​ត្រង់
ព្រម​ទាំង​នាំ​ផ្លូវ​គេ ដោយ​ថ្វី‌ដៃ​ដ៏​ជំនាញ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 78: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល