ទំនុកដំកើង 78
78
សេចក្ដីបង្រៀនរបស់អេសាភ។
1ឱសាសន៍របស់ខ្ញុំអើយ
ចូរប្រុងត្រចៀកស្តាប់សេចក្ដីបង្រៀនរបស់ខ្ញុំ
ហើយផ្ទៀងត្រចៀកស្តាប់អស់ទាំងពាក្យ
ដែលចេញពីមាត់ខ្ញុំចុះ
2ខ្ញុំនឹងបើកមាត់បញ្ចេញជាសេចក្ដីប្រៀបធៀប
ហើយនឹងពោលជាសេចក្ដីអាថ៌កំបាំងពីចាស់បូរាណ
3ជាសេចក្ដីដែលពួកយើងធ្លាប់បានឮបានដឹងហើយ
ដែលឪពុកយើងបានប្រាប់តៗមក
4យើងក៏មិនលាក់សេចក្ដីទាំងនោះទុកចំពោះកូនចៅ
របស់គាត់ដែរ
គឺនឹងប្រកាសពីអស់ទាំងសេចក្ដីសរសើរនៃព្រះយេហូវ៉ា
ដល់ដំណមនុស្សជាន់ក្រោយឲ្យបានស្តាប់
ព្រមទាំងឥទ្ធានុភាព នឹងការអស្ចារ្យ
ដែលទ្រង់បានធ្វើផង។
5៙ ដ្បិតទ្រង់បានតាំងឲ្យមានទីបន្ទាល់នៅក្នុងពួកយ៉ាកុប
ក៏បានដំរូវឲ្យមានក្រិត្យវិន័យនៅក្នុងពួកអ៊ីស្រាអែល
ជាច្បាប់ដែលទ្រង់បានបង្គាប់ដល់ពួកឰយុកោរបស់យើង
ប្រយោជន៍នឹងបង្រៀនឲ្យពួកកូនចៅបានដឹងតរៀងទៅ
6ដើម្បីឲ្យដំណមនុស្សជាន់ក្រោយបានស្គាល់
គឺទាំងកូនចៅដែលត្រូវកើតតទៅ
ជាពួកអ្នកដែលនឹងកើតឡើង
ហើយប្រាប់ដល់កូនចៅគេតទៅទៀត
7សំរាប់ឲ្យគេបានតាំងចិត្តសង្ឃឹមដល់ព្រះ
ឥតភ្លេចអស់ទាំងការនៃទ្រង់ឡើយ
គឺកាន់តាមអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់វិញ
8ដើម្បីកុំឲ្យគេបានដូចជាពួកឰយុកោ
ជាដំណមនុស្សរឹងរូស ហើយបះបោរ
ជាដំណមនុស្សដែលមិនបានតាំងចិត្តឲ្យទៀងត្រង់
ហើយវិញ្ញាណគេក៏មិនស្មោះចំពោះព្រះនោះឡើយ។
9៙ ឯពួកកូនចៅអេប្រាអិមដែលមានគ្រឿងធ្នូ
ហើយក៏ប្រសប់បាញ់
គេបានបែរខ្នងនៅថ្ងៃសឹកសង្គ្រាម
10គេមិនបានកាន់តាមសេចក្ដីសញ្ញារបស់ព្រះ
ក៏មិនព្រមប្រព្រឹត្តតាមក្រិត្យវិន័យទ្រង់សោះ
11គេបានភ្លេចអស់ទាំងកិច្ចដែលទ្រង់ធ្វើ
ព្រមទាំងការអស្ចារ្យ ដែលទ្រង់បានសំដែង
ឲ្យគេឃើញដែរ
12ទ្រង់បានធ្វើការចំឡែក នៅភ្នែកពួកឰយុកោគេ
នៅស្រុកអេស៊ីព្ទ ត្រង់វាលសូអាន
13ទ្រង់បានវែកសមុទ្រ បើកជាផ្លូវឲ្យគេដើរឆ្លងទៅ
ក៏បានធ្វើឲ្យទឹកឈរឡើងដូចជាកំផែង
14នៅវេលាថ្ងៃទ្រង់បាននាំគេ ដោយពពក
ហើយវេលាយប់ទាល់ព្រឹក បាននាំដោយពន្លឺនៃភ្លើងវិញ
15ទ្រង់បំប្រេះថ្មដានៅទីរហោស្ថាន
ឲ្យគេបានផឹកទឹកជាបរិបូរ ដូចជាហូរចេញពីទីជំរៅមក
16ទ្រង់បានធ្វើឲ្យមានទឹកចេញពីថ្ម
ហូរចុះមកដូចជាទន្លេ។
17៙ ទោះបើយ៉ាងនោះ គង់តែគេនៅតែធ្វើបាប
នឹងទ្រង់ទៀត
ជាការបះបោរនឹងព្រះដ៏ខ្ពស់បំផុតត្រង់ទីរហោស្ថាន
18គេបានល្បងលព្រះនៅក្នុងចិត្តគេ
ដោយសូមអាហារតាមគេប្រាថ្នា
19អើ គេបាននិយាយទំនាស់នឹងព្រះ ដោយពាក្យថា
តើព្រះទ្រង់អាចនឹងចាត់ចែងឲ្យមានអាហារបរិភោគ
នៅទីរហោស្ថាននេះបានឬ
20មើល ទ្រង់បានវាយថ្មដា ឲ្យមានទឹកផុលចេញ
ហើយឲ្យជ្រោះមានទឹកជន់លិចច្រាំង
ដូច្នេះ តើទ្រង់អាចនឹងប្រទានឲ្យមាននំបុ័ងដែរឬ
តើទ្រង់នឹងផ្គត់ផ្គង់ ឲ្យរាស្ត្រទ្រង់មានសាច់បរិភោគឬអី
21ហេតុនោះ ព្រះយេហូវ៉ាទ្រង់ក៏ឮ
ហើយមានសេចក្ដីក្រោធ
រួចមានភ្លើងឆួលឡើង បញ្ឆេះពួកយ៉ាកុប
មានសេចក្ដីខ្ញាល់ចេញទៅទាស់នឹងអ៊ីស្រាអែល
22ដោយព្រោះគេមិនបានជឿដល់ព្រះ
ក៏មិនបានទុកចិត្តនឹងសេចក្ដីសង្គ្រោះរបស់ទ្រង់ផង
23ទ្រង់បានបង្គាប់ដល់ផ្ទៃមេឃនៅខាងលើ
ក៏បានបើកទ្វារនៃស្ថានសួគ៌
24ហើយបង្អុរនំម៉ាន៉ា ឲ្យធ្លាក់មកលើគេ ដូចជាភ្លៀង
សំរាប់គេបរិភោគ
គឺទ្រង់ប្រទានអាហារពីស្ថានសួគ៌ដល់គេ
25គេបានបរិភោគនំរបស់ពួកទេវតាទាំងអស់គ្នា
ទ្រង់បានផ្ញើអាហារមកគេឲ្យបានឆ្អែត។
26៙ ទ្រង់បានធ្វើឲ្យខ្យល់ពីទិសខាងកើតបក់នៅលើមេឃ
ហើយបាននាំខ្យល់ពីទិសខាងត្បូង
ដោយព្រះចេស្តារបស់ទ្រង់
27ក៏ទំលាក់សាច់មកលើគេដូចជាធូលីដី
គឺជាសត្វស្លាបជាច្រើន ដូចជាខ្សាច់នៅសមុទ្រ
28ទ្រង់ឲ្យធ្លាក់នៅព័ទ្ធជុំវិញលំនៅរបស់គេ
គឺនៅកណ្តាលទីដំឡើងត្រសាល
29ដូច្នេះ គេក៏បរិភោគទៅ ហើយបានឆ្អែតពេញបន្ទុក
ទ្រង់បានប្រទានឲ្យ តាមបំណងចិត្តគេ
30គឺគេមិនទាន់អស់អាល័យក្នុងចិត្ត
ហើយកាលអាហារនោះនៅក្នុងមាត់គេនៅឡើយ
31នោះសេចក្ដីខ្ញាល់របស់ព្រះ បានឆួលឡើងទាស់នឹងគេ
ព្រមទាំងសំឡាប់អស់អ្នកដែលធាត់ៗក្នុងពួកគេ
ហើយវាយផ្តួលពួកកំឡោះៗ
នៃសាសន៍អ៊ីស្រាអែលផង។
32៙ ទោះបើយ៉ាងនោះក៏ដោយ
គង់តែគេនៅតែធ្វើបាបទៀត
គេមិនព្រមជឿការអស្ចារ្យរបស់ទ្រង់ឡើយ
33ហេតុនោះ ទ្រង់បានធ្វើឲ្យអស់ទាំងថ្ងៃរបស់គេ
កន្លងទៅជាឥតប្រយោជន៍
ហើយអស់ទាំងឆ្នាំគេ ដោយសេចក្ដីស្ញែងខ្លាច
34វេលាណាដែលទ្រង់ប្រហារពួកគេ
ទើបគេសួររកទ្រង់
ហើយត្រឡប់មកស្វែងរកព្រះអស់ពីចិត្ត
35គេក៏នឹកចាំថា ព្រះទ្រង់ជាថ្មដារបស់ខ្លួនគេ
គឺព្រះដ៏ខ្ពស់បំផុត ទ្រង់ជាអ្នកប្រោសលោះដល់គេ។
36៙ គេបានលើកបញ្ចើចទ្រង់ដោយមាត់គេ
តែអណ្តាតរបស់គេបានកុហកទ្រង់ទេ
37ដ្បិតចិត្តគេមិនបានទៀងត្រង់នៅចំពោះទ្រង់
ក៏មិនស្មោះចំពោះនឹងសេចក្ដីសញ្ញាទ្រង់ដែរ
38ប៉ុន្តែចំណែកទ្រង់មានសេចក្ដីមេត្តាករុណា
បានជាទ្រង់អត់ទោសចំពោះសេចក្ដីទុច្ចរិតរបស់គេ
ហើយមិនបានបំផ្លាញគេទេ
អើ ទ្រង់បានបង្វែរសេចក្ដីខ្ញាល់ទ្រង់ចេញជាញយៗ
ឥតឲ្យសេចក្ដីក្រោធរបស់ទ្រង់ផុលឡើងទាំងអស់ឡើយ
39ទ្រង់បាននឹកចាំថា គេគ្រាន់តែជាសាច់ឈាមប៉ុណ្ណោះ
គឺជាខ្យល់ដែលបក់កន្លងហួសទៅ ឥតមកវិញឡើយ។
40៙ ប៉ុន្មានដងហើយ ដែលគេបះបោរនឹងទ្រង់
នៅទីរហោស្ថាន
ហើយនាំឲ្យព្រួយព្រះហឫទ័យនៅទីល្ហល្ហេវ
41គឺគេបានបែរជាល្បងលព្រះវិញទៀត
ហើយគេបិទផ្លូវព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល
42គេមិនបាននឹកចាំពីព្រះហស្តទ្រង់
ឬពីថ្ងៃដែលទ្រង់បានដោះគេចេញពីខ្មាំងសត្រូវ
43ឬពីបែបយ៉ាងណាដែលទ្រង់បានសំដែងទីសំគាល់
របស់ទ្រង់នៅស្រុកអេស៊ីព្ទ
នឹងការអស្ចារ្យ នៅទីវាលសូអានឡើយ
44ទ្រង់បានធ្វើឲ្យទន្លេ នឹងព្រែក
របស់សាសន៍អេស៊ីព្ទត្រឡប់ទៅជាឈាម
ឲ្យគេផឹកទឹកនោះមិនបាន
45ទ្រង់បានចាត់ហ្វូងរុយមកបង្ហិននៅកណ្តាលគេ
នឹងកង្កែបមកបំផ្លាញគេផង
46ទ្រង់បានប្រគល់ផលរបស់គេ ឲ្យចង្រិតកាត់
ហើយការរបស់គេដល់កណ្តូប
47ទ្រង់បានបំផ្លាញដើមទំពាំងបាយជូរគេដោយព្រឹល
ហើយដើមឧទុម្ពរដោយសន្សើមកក
48ទ្រង់ក៏ប្រគល់ហ្វូងគោគេឲ្យត្រូវព្រឹល
ហើយហ្វូងចៀមគេឲ្យត្រូវរន្ទះបាញ់ដែរ
49ទ្រង់បានបោះសេចក្ដីខ្ញាល់ដ៏សហ័សទៅលើគេ
ព្រមទាំងសេចក្ដីក្រោធ សេចក្ដីគ្នាន់ក្នាញ់
នឹងសេចក្ដីវេទនាផង
គឺជាសេចក្ដីអាក្រក់ទាំងហ្វូង ដែលទ្រង់ចាត់មក
50ទ្រង់បានពង្រាបផ្លូវ សំរាប់សេចក្ដីខ្ញាល់របស់ទ្រង់
ទ្រង់មិនបានប្រណីព្រលឹងគេឲ្យរួចពីស្លាប់ទេ
គឺបានប្រគល់ជីវិតគេដល់ជំងឺអាសន្នរោគ
51ក៏បានប្រហារអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ
គឺជាដើមកំឡាំងរបស់ហាំនៅក្នុងត្រសាលគេ។
52៙ ប៉ុន្តែ ទ្រង់បានកៀងនាំរាស្ត្រទ្រង់ចេញដូចជាចៀម
ហើយដឹកនាំគេនៅក្នុងទីរហោស្ថាន ដូចជាហ្វូងសត្វ
53ទ្រង់ក៏នាំគេទៅដោយសុខសាន្ត មិនឲ្យភ័យខ្លាចឡើយ
តែសមុទ្របានគ្របលើពួកខ្មាំងសត្រូវគេវិញ
54ទ្រង់បាននាំគេទៅដល់ព្រំស្រុកបរិសុទ្ធរបស់ទ្រង់
គឺដល់ភ្នំនេះដែលព្រះហស្តស្តាំទ្រង់បានវាយយក
55ទ្រង់បានបណ្តេញអស់ទាំងសាសន៍ដទៃពីមុខគេចេញ
ក៏វាស់ស្រុកនេះ ចែកដល់គេទុកជាមរដក
ព្រមទាំងឲ្យពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន
អាស្រ័យនៅក្នុងលំនៅរបស់សាសន៍ទាំងនោះ
56ប៉ុន្តែគេបានល្បងលព្រះដ៏ខ្ពស់បំផុត
ហើយបះបោរនឹងទ្រង់វិញ
ឥតកាន់តាមសេចក្ដីបញ្ញត្តទ្រង់ឡើយ
57គឺបានថយចេញ ហើយប្រព្រឹត្តដោយក្បត់
ដូចជាពួកឰយុកោគេដែរ
គេក្រឡាច់រមួលដូចជាធ្នូមិនត្រង់
58គេបានធ្វើឲ្យព្រះហឫទ័យទ្រង់ថ្នាំងថ្នាក់
ដោយទីខ្ពស់របស់គេ
ព្រមទាំងបណ្តាលឲ្យទ្រង់ប្រចណ្ឌ
ដោយរូបឆ្លាក់របស់គេផង។
59៙ កាលព្រះទ្រង់បានជ្រាបហើយ
នោះទ្រង់មានសេចក្ដីក្រោធ
ហើយបានស្អប់ខ្ពើមដល់សាសន៍អ៊ីស្រាអែលជាខ្លាំង
60ដល់ម៉្លេះបានជាទ្រង់លះបង់រោងឧបោសថ
ដែលនៅត្រង់ស៊ីឡូរ
គឺជាត្រសាលដែលទ្រង់បានតាំងឲ្យនៅកណ្តាល
ពួកមនុស្សលោក
61ទ្រង់ក៏ប្រគល់ឥទ្ធិឫទ្ធិរបស់ទ្រង់ឲ្យទៅជាឈ្លើយ
ហើយសិរីល្អទ្រង់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
62ទ្រង់បានប្រគល់រាស្ត្រទ្រង់ដល់អំណាចដាវដែរ
ហើយមានសេចក្ដីក្រោធចំពោះមរដកទ្រង់
63មានភ្លើងឆេះបំផ្លាញពួកកំឡោះគេ
ឯពួកក្រមុំរបស់គេ ឥតមានអ្នកណាដណ្តឹងឡើយ
64ពួកសង្ឃរបស់គេក៏ដួលស្លាប់ដោយដាវ
តែប្រពន្ធរបស់គេមិនបានយំសោកសោះ។
65៙ គ្រានោះ ព្រះអម្ចាស់ទ្រង់តើនឡើង
ដូចជាមនុស្សដែលភ្ញាក់ពីដេកលក់
គឺដូចជាមនុស្សខ្លាំងពូកែដែលស្រែកហ៊ោ
ដោយអំណាចស្រាទំពាំងបាយជូរ
66រួចទ្រង់វាយពួកដែលតតាំងនឹងទ្រង់ ឲ្យថយក្រោយ
ទ្រង់ឲ្យគេមានសេចក្ដីខ្មាសនៅជានិច្ច
67មួយទៀត ទ្រង់មិនបានទទួលត្រសាលរបស់
ពួកយ៉ូសែបឡើយ
ក៏មិនបានរើសពូជអំបូរអេប្រាអិមដែរ
68គឺទ្រង់បានរើសពូជអំបូរយូដា នឹងភ្នំស៊ីយ៉ូន
ដែលទ្រង់ស្រឡាញ់នោះវិញ
69ទ្រង់ក៏ស្អាងទីបរិសុទ្ធនៃទ្រង់ ដូចជាអស់ទាំងកំពូលខ្ពស់
គឺដូចជាផែនដីដែលទ្រង់បានតាំងឲ្យជាប់
ជាដរាបនោះផង។
70៙ ទ្រង់ក៏រើសដាវីឌ ជាអ្នកបំរើទ្រង់
ហើយនាំយកលោកចេញពីក្រោលចៀមមក
71គឺទ្រង់នាំយកលោកពីការឃ្វាលមេចៀមដែលមានកូន
ដើម្បីឲ្យធ្វើជាអ្នកគង្វាលដល់ពួកយ៉ាកុប ជារាស្ត្រទ្រង់
គឺពួកអ៊ីស្រាអែលដែលជាមរដករបស់ទ្រង់វិញ
72ដូច្នេះ លោកក៏ធ្វើជាអ្នកគង្វាលឃ្វាលគេ
ដោយចិត្តទៀងត្រង់
ព្រមទាំងនាំផ្លូវគេ ដោយថ្វីដៃដ៏ជំនាញ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 78: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.