ទំនុកដំកើង 66
66
ទំនុកជាបទចំរៀង ដែលបានលើកសំរាប់មេភ្លេង។
1នែ ផែនដីទាំងមូលអើយ
ចូរបន្លឺឡើង ដោយអំណរ ថ្វាយព្រះចុះ
2ចូរច្រៀងពីកិត្តិយសនៃព្រះនាមទ្រង់
ឲ្យសេចក្ដីសរសើរទ្រង់បានរុងរឿងឡើង
3ចូរទូលដល់ព្រះថា អស់ទាំងកិច្ចការរបស់
ទ្រង់គួរស្ញែងខ្លាចយ៉ាងណាទៅ
ពួកខ្មាំងសត្រូវនឹងចុះចូលចំពោះទ្រង់
ដោយព្រោះឥទ្ធិឫទ្ធិដ៏ជាធំរបស់ទ្រង់
4ផែនដីទាំងមូលនឹងថ្វាយបង្គំ
ហើយនឹងច្រៀងថ្វាយទ្រង់ផង
គេនឹងច្រៀងសរសើរដល់ព្រះនាមទ្រង់។ –បង្អង់
5៙ មកនេះ ចូរមកមើលការទាំងប៉ុន្មានរបស់ព្រះ
ទ្រង់គួរស្ញែងខ្លាច ក្នុងការដែលទ្រង់
ធ្វើដល់ពួកមនុស្សជាតិ
6ទ្រង់បំផ្លាស់បំប្រែសមុទ្រឲ្យទៅជាដីគោក
គេក៏បានដើរកាត់ទន្លេទៅ
នៅទីនោះយើងខ្ញុំបានរីករាយដោយសារទ្រង់
7ទ្រង់សោយរាជ្យជារៀងរាបតទៅ
ដោយសារព្រះចេស្តានៃទ្រង់
ព្រះនេត្រទ្រង់រំពៃមើលអស់ទាំងសាសន៍
មិនត្រូវឲ្យពួកបះបោរលើកគ្នាឡើងឡើយ។ –បង្អង់
8៙ ម្នាល ជនទាំងឡាយអើយ
ចូរលើកដំកើងព្រះនៃយើងរាល់គ្នា
ហើយបន្លឺឡើងឲ្យបានឮសេចក្ដីសរសើរទ្រង់ទួទៅ
9គឺព្រះដែលរក្សាជីវិតយើងឲ្យរស់នៅ
ក៏មិនឲ្យជើងយើងត្រូវរឥលឡើយ
10ដ្បិត ឱព្រះអង្គអើយ ទ្រង់បានល្បងលយើងខ្ញុំហើយ
ក៏បានសាកយើងខ្ញុំដូចជាគេសាកប្រាក់ដែរ
11ទ្រង់បាននាំយើងខ្ញុំឲ្យជាប់មង
ហើយបានផ្ទុកបន្ទុកយ៉ាងធ្ងន់នៅលើចង្កេះយើងខ្ញុំ
12ទ្រង់បានឲ្យមនុស្សជិះក្បាលយើងខ្ញុំ
យើងខ្ញុំបានដើរលុយភ្លើង នឹងទឹកទៅ
ប៉ុន្តែទ្រង់បាននាំយើងខ្ញុំចេញមកនៅទីដ៏មានជាបរិបូរវិញ
13ទូលបង្គំនឹងយកដង្វាយដុត ចូលទៅក្នុងដំណាក់ទ្រង់
ហើយនឹងលាបំណន់របស់ទូលបង្គំ
14ជាបំណន់ដែលបបូរមាត់ទូលបង្គំបានបន់ទុក
ហើយដែលមាត់ទូលបង្គំបានមានវាចា
ក្នុងកាលដែលមានសេចក្ដីវេទនា
15ទូលបង្គំនឹងថ្វាយចៀមយ៉ាងធាត់
ជាដង្វាយដុតដល់ទ្រង់
ព្រមទាំងក្លិនឈ្ងុយរបស់ចៀមឈ្មោលផង
ទូលបង្គំនឹងថ្វាយទាំងកូនគោ នឹងពពែឈ្មោលដែរ។
–បង្អង់
16៙ មកនេះ ចូរស្តាប់ចុះ អស់អ្នក
ដែលកោតខ្លាចដល់ព្រះអើយ
ខ្ញុំនឹងថ្លែងប្រាប់ពីការដែលទ្រង់បានប្រោសដល់ព្រលឹងខ្ញុំ
17មាត់ខ្ញុំបានអំពាវនាវដល់ទ្រង់
ហើយអណ្តាតខ្ញុំបានសរសើរដំកើងទ្រង់
18បើប្រសិនជាខ្ញុំឃើញមានសេចក្ដីទុច្ចរិតនៅក្នុងចិត្ត
នោះព្រះអម្ចាស់ទ្រង់មិនព្រមស្តាប់ខ្ញុំទេ
19ប៉ុន្តែព្រះទ្រង់បានស្តាប់ខ្ញុំហើយ
ទ្រង់បានប្រុងស្តាប់ពាក្យខ្ញុំអធិស្ឋាន
20សូមសរសើរព្រះអង្គ ដែលទ្រង់មិនបានបែរចេញពី
សេចក្ដីអធិស្ឋានរបស់ខ្ញុំ
ក៏មិនបានបង្វែរសេចក្ដីសប្បុរសទ្រង់ពីខ្ញុំចេញដែរ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 66: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.