ទំនុកដំកើង 66

66
ទំនុក​ជា​បទ​ចំរៀង ដែល​បាន​លើក​សំរាប់​មេ​ភ្លេង។
1នែ ផែនដី​ទាំង​មូល​អើយ
ចូរ​បន្លឺ​ឡើង ដោយ​អំណរ ថ្វាយ​ព្រះ​ចុះ
2ចូរ​ច្រៀង​ពី​កិត្តិយស​នៃ​ព្រះ‌នាម​ទ្រង់
ឲ្យ​សេចក្ដី​សរសើរ​ទ្រង់​បាន​រុងរឿង​ឡើង
3ចូរ​ទូល​ដល់​ព្រះ​ថា អស់​ទាំង​កិច្ច‌ការ​របស់
ទ្រង់​គួរ​ស្ញែង​ខ្លាច​យ៉ាង​ណា​ទៅ
ពួក​ខ្មាំង​សត្រូវ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់
ដោយ​ព្រោះ​ឥទ្ធិ‌ឫទ្ធិ​ដ៏​ជា​ធំ​របស់​ទ្រង់
4ផែនដី​ទាំង​មូល​នឹង​ថ្វាយ‌បង្គំ
ហើយ​នឹង​ច្រៀង​ថ្វាយ​ទ្រង់​ផង
គេ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់។ –បង្អង់
5៙ មក​នេះ ចូរ​មក​មើល​ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ
ទ្រង់​គួរ​ស្ញែង​ខ្លាច ក្នុង​ការ​ដែល​ទ្រង់
ធ្វើ​ដល់​ពួក​មនុស្ស​ជាតិ
6ទ្រង់​បំផ្លាស់​បំប្រែ​សមុទ្រ​ឲ្យ​ទៅ​ជា​ដី​គោក
គេ​ក៏​បាន​ដើរ​កាត់​ទន្លេ​ទៅ
នៅ​ទី​នោះ​យើង​ខ្ញុំ​បាន​រីក‌រាយ​ដោយ‌សារ​ទ្រង់
7ទ្រង់​សោយ‌រាជ្យ​ជា​រៀង‌រាប​ត​ទៅ
ដោយ‌សារ​ព្រះ‌ចេស្តា​នៃ​ទ្រង់
ព្រះ‌នេត្រ​ទ្រង់​រំពៃ​មើល​អស់​ទាំង​សាសន៍
មិន​ត្រូវ​ឲ្យ​ពួក​បះ‌បោរ​លើក​គ្នា​ឡើង​ឡើយ។ –បង្អង់
8៙ ម្នាល ជន​ទាំង‌ឡាយ​អើយ
ចូរ​លើក​ដំកើង​ព្រះ​នៃ​យើង​រាល់​គ្នា
ហើយ​បន្លឺ​ឡើង​ឲ្យ​បាន​ឮ​សេចក្ដី​សរសើរ​ទ្រង់​ទួទៅ
9គឺ​ព្រះ​ដែល​រក្សា​ជីវិត​យើង​ឲ្យ​រស់​នៅ
ក៏​មិន​ឲ្យ​ជើង​យើង​ត្រូវ​រឥល​ឡើយ
10ដ្បិត ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​ល្បង​ល​យើង​ខ្ញុំ​ហើយ
ក៏​បាន​សាក​យើង​ខ្ញុំ​ដូច​ជា​គេ​សាក​ប្រាក់​ដែរ
11ទ្រង់​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ជាប់​មង
ហើយ​បាន​ផ្ទុក​បន្ទុក​យ៉ាង​ធ្ងន់​នៅ​លើ​ចង្កេះ​យើង​ខ្ញុំ
12ទ្រង់​បាន​ឲ្យ​មនុស្ស​ជិះ​ក្បាល​យើង​ខ្ញុំ
យើង​ខ្ញុំ​បាន​ដើរ​លុយ​ភ្លើង នឹង​ទឹក​ទៅ
ប៉ុន្តែទ្រង់​បាន​នាំ​យើង​ខ្ញុំ​ចេញ​មក​នៅ​ទី​ដ៏​មាន​ជា​បរិបូរ​វិញ
13ទូលបង្គំ​នឹង​យក​ដង្វាយ​ដុត ចូល​ទៅ​ក្នុង​ដំណាក់​ទ្រង់
ហើយ​នឹង​លា​បំណន់​របស់​ទូលបង្គំ
14ជា​បំណន់​ដែល​បបូរ​មាត់​ទូលបង្គំ​បាន​បន់​ទុក
ហើយ​ដែល​មាត់​ទូលបង្គំ​បានមាន​វាចា
ក្នុង​កាល​ដែល​មាន​សេចក្ដី​វេទនា
15ទូលបង្គំ​នឹង​ថ្វាយ​ចៀម​យ៉ាង​ធាត់
ជា​ដង្វាយ​ដុត​ដល់​ទ្រង់
ព្រម​ទាំង​ក្លិន​ឈ្ងុយ​របស់​ចៀម​ឈ្មោល​ផង
ទូលបង្គំ​នឹង​ថ្វាយ​ទាំង​កូន​គោ នឹង​ពពែ​ឈ្មោល​ដែរ។
–បង្អង់
16៙ មក​នេះ ចូរ​ស្តាប់​ចុះ អស់​អ្នក
ដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយ
ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ
17មាត់​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់
ហើយ​អណ្តាត​ខ្ញុំ​បាន​សរសើរ​ដំកើង​ទ្រង់
18បើ​ប្រសិន​ជា​ខ្ញុំ​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ចិត្ត
នោះ​ព្រះ‌អម្ចាស់​ទ្រង់​មិន​ព្រម​ស្តាប់​ខ្ញុំ​ទេ
19ប៉ុន្តែព្រះ​ទ្រង់​បាន​ស្តាប់​ខ្ញុំ​ហើយ
ទ្រង់​បាន​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​អធិស្ឋាន
20សូម​សរសើរ​ព្រះ‌អង្គ ដែល​ទ្រង់​មិន​បាន​បែរ​ចេញ​ពី
សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ
ក៏​មិន​បាន​បង្វែរ​សេចក្ដី​សប្បុរស​ទ្រង់​ពី​ខ្ញុំ​ចេញ​ដែរ។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 66: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល