ទំនុកដំកើង 65

65
ទំនុក​ជា​បទ​ចំរៀង​របស់​ស្តេច​ដាវីឌ ដែល​ទ្រង់​លើក​សំរាប់​មេ​ភ្លេង។
1ឱ​ព្រះ‌អង្គ​អើយ
សេចក្ដី​សរសើរ​ចាំ​តែ​ទ្រង់​នៅ​ក្រុង​ស៊ីយ៉ូន
នោះ​គេ​នឹង​លា​បំណន់​ចំពោះ​ទ្រង់
2ឱ​ព្រះ​ដែល​ស្តាប់​សេចក្ដី​អធិស្ឋាន​អើយ
អស់​ទាំង​មនុស្សនឹង​មូល​មក​ឯ​ទ្រង់
3អស់​ទាំង​សេចក្ដី​ទុច្ចរិត​តែង‌តែ​ឈ្នះ​ទូលបង្គំ
ឯ​ការ​រំលង​របស់​យើង​ខ្ញុំ
នោះ​ទ្រង់​នឹង​ជំរះ​ចោល​ចេញ
4មាន​ពរ​ហើយ អ្នក​ណា​ដែល​ទ្រង់​រើស
ហើយ​នាំ​មក​នៅ​ចំពោះ​ទ្រង់
ដើម្បី​ឲ្យ​បាន​អាស្រ័យ​នៅ​ក្នុង​ព្រះ‌លាន​ទ្រង់
យើង​ខ្ញុំ​នឹង​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​លំអ
នៃ​ដំណាក់​ទ្រង់
គឺ​ជា​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ទ្រង់
5ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​អើយ
ទ្រង់​នឹង​ឆ្លើយ​មក​យើង​ខ្ញុំ ដោយ​ការ​គួរ​ស្ញែង​ខ្លាច​តាម
សេចក្ដី​សុចរិត
ទ្រង់​ជា​ទី​ទុក​ចិត្ត​សង្ឃឹម​ស្មោះ
នៃ​គ្រប់​ទាំង​ចុង​ផែនដី​បំផុត
ហើយ​នឹង​ចុង​សមុទ្រ​នៅ​ទី​ឆ្ងាយ​ផង
6ទ្រង់​បាន​តាំង​អស់​ទាំង​ភ្នំ​ឲ្យ​មាំ‌មួន ដោយ​ឥទ្ធិ‌ឫទ្ធិ​នៃ​ទ្រង់
ទ្រង់​ក្រវាត់​ដោយ​ឫទ្ធា‌នុភាព
7ទ្រង់​ធ្វើ​ឲ្យ​សូរ​សន្ធឹក​នៃ​សមុទ្រ​បាន​ស្ងប់​ឈឹង
ព្រម​ទាំង​សូរ​សន្ធឹក​នៃ​រលក
នឹង​ការ​ជ្រួល‌ជ្រើម​នៃ​បណ្តាជន​ទាំង‌ឡាយ​ផង
8ឯ​ពួក​អ្នក​ដែល​នៅ​ទី​ឆ្ងាយ​បំផុត
គេ​ក៏​ខ្លាច​ដោយ​ការ​អស្ចារ្យ​របស់​ទ្រង់
ទ្រង់​បណ្តាល​ឲ្យ​ពេល​ព្រលឹម​ស្រាង
នឹង​ពេល​ល្ងាចព្រលប់ បាន​អរ​សប្បាយ​ផង​គ្នា
9ទ្រង់​ក៏​ថែ​រក្សា ហើយ​ស្រោច​ស្រប់​ផែនដី
ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ផល​កាន់​តែ​ច្រើន​ឡើង
ដោយ​ទន្លេ​នៃ​ព្រះ​មាន​ទឹក​ពេញ
រួច​ទ្រង់​ផ្គត់‌ផ្គង់​ឲ្យ​មាន​ស្រូវ ដោយ​រៀបចំ​ផែនដី​យ៉ាង​នោះ
10ទ្រង់​ស្រោច​គន្លង​ទាំង​ប៉ុន្មាន​ជា​បរិបូរ
ក៏​ពង្រាប​អាចម៍​បំណះ
ហើយ​ធ្វើ​ឲ្យ​ដី​ទន់ ដោយ​ទឹក​ភ្លៀង ក៏​ប្រទាន​ពរ​ដល់​ពន្លក
11ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ឆ្នាំ​បាន​ប្រកប​ដោយ
សេចក្ដី​សប្បុរស​នៃ​ទ្រង់​វិល​ឃួប
ហើយ​អស់​ទាំង​ផ្លូវ​ទ្រង់​ក៏​ស្រក់​ជា​សេចក្ដី​បរិបូរ
12នោះ​ក៏​ស្រក់​មក​លើ​ដី​ឃ្វាល​សត្វ​នៅ​ទី​រហោ‌ស្ថាន
ហើយ​អស់​ទាំង​ទួល​ក៏​ព័ទ្ធ​ដោយ​សេចក្ដី​អំណរ​ដែរ
13អស់​ទាំង​ដី​ឃ្វាល​សត្វ​បាន​ប្រដាប់​ដោយ​ហ្វូង​ចៀម
ឯ​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន នោះ​ក៏​មាន​ស្រូវ​ដាស​ពាស‌ពេញ
ទី​ទាំង​នោះ​បន្លឺ​ឡើង ដោយ​អំណរ ហើយ​ក៏​ច្រៀង​ផង។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 65: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល