ទំនុកដំកើង 64
64
ទំនុករបស់ស្តេចដាវីឌ ដែលទ្រង់លើកសំរាប់មេភ្លេង។
1ឱព្រះអង្គអើយ សូមស្តាប់សំឡេងទូលបង្គំ
ដែលទូលបង្គំពោលដំអូញ
សូមការពារជីវិតទូលបង្គំ ឲ្យរួចពីការភ័យខ្លាចចំពោះ
ពួកខ្មាំងសត្រូវ
2សូមលាក់ទូលបង្គំ ឲ្យកំបាំងពីសេចក្ដីដែលពួកប្រព្រឹត្ត
អាក្រក់ប្រឹក្សាដោយសំងាត់
នឹងពីការចលាចលរបស់មនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិត
3ជាពួកអ្នកដែលបានសំលៀងអណ្តាតដូចជាសំលៀងដាវ
ព្រមទាំងដំរង់ព្រួញគេ គឺជាពាក្យជូរចត់
4ដើម្បីនឹងបាញ់ពីទីកំបាំង ឲ្យត្រូវមនុស្សគ្រប់លក្ខណ៍
គេស្រាប់តែបាញ់អ្នកនោះ ឥតខ្លាចអ្វីសោះ
5គេជំរុញចិត្តគ្នាក្នុងការអាក្រក់
ក៏ពិគ្រោះគ្នាអំពីការដាក់អន្ទាក់ដោយស្ងាត់កំបាំង
គេថា តើអ្នកណានឹងឃើញ
6គេស្វែងរកអំពើទុច្ចរិត
គេថា យើងបានស្វែងរកអស់ពីចិត្តជាស្រេចហើយ
ឯគំនិតខាងក្នុង នឹងចិត្តរបស់គេ សុទ្ធតែមានជំរៅណាស់
7ប៉ុន្តែព្រះទ្រង់នឹងបាញ់ចំគេ
លោតែគេនឹងត្រូវរបួសដោយព្រួញណាមួយ
8គឺអណ្តាតខ្លួនគេនឹងនាំឲ្យគេដួល
ហើយអស់អ្នកណាដែលឃើញនឹងគ្រវីក្បាល
9នោះមនុស្សទាំងអស់នឹងភ័យខ្លាច
ហើយនឹងប្រកាសប្រាប់ពីកិច្ចការរបស់ព្រះ
ព្រមទាំងពិចារណាដោយប្រាជ្ញាពីការដែលទ្រង់ធ្វើ
10ពួកមនុស្សសុចរិតនឹងអរសប្បាយ ដោយនូវព្រះយេហូវ៉ា
គេនឹងពឹងជ្រកក្នុងទ្រង់
អស់អ្នកណាដែលមានចិត្តទៀងត្រង់
គេនឹងអួតសរសើរ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 64: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.