ទំនុកដំកើង 62
62
ទំនុករបស់ស្តេចដាវីឌ ដែលទ្រង់លើកឲ្យមេភ្លេង សំរាប់លោកយេឌូថិន។
1ព្រលឹងខ្ញុំរង់ចាំព្រះអង្គតែមួយ
ដោយស្ងៀមស្ងាត់
សេចក្ដីសង្គ្រោះរបស់ខ្ញុំក៏មកតែពីទ្រង់ដែរ
2គឺទ្រង់តែមួយព្រះអង្គដែលជាថ្មដា
ហើយជាសេចក្ដីសង្គ្រោះនៃខ្ញុំ
ក៏ជាប៉មយ៉ាងខ្ពស់របស់ខ្ញុំៗមិនត្រូវរង្គើជាខ្លាំងឡើយ
3តើអ្នករាល់គ្នានឹងសង្ខុញចូលទៅលើមនុស្ស
ទាំងចង់សំឡាប់គេដល់កាលណាទៀត
ប្រៀបដូចជាកំផែងដែលទ្រេត
ដូចជារបងដែលចង់រលំហើយ
4គេប្រឹក្សាគ្នា
ដើម្បីតែនឹងទំលាក់អ្នកនោះចុះពីយសរបស់ខ្លួន
គេចូលចិត្តនឹងសេចក្ដីភូតភរ មាត់គេឲ្យពរ
តែនៅក្នុងចិត្ត គេប្រទេចផ្តាសាវិញ។ –បង្អង់
5៙ ព្រលឹងខ្ញុំអើយ ចូរនៅស្ងៀមចាំតែព្រះចុះ
ដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំ នោះមកតែពីទ្រង់ទេ
6គឺទ្រង់តែ១ព្រះអង្គដែលជាថ្មដា
ហើយជាសេចក្ដីសង្គ្រោះនៃខ្ញុំ
ក៏ជាប៉មយ៉ាងខ្ពស់របស់ខ្ញុំៗមិនត្រូវរង្គើឡើយ
7សេចក្ដីសង្គ្រោះ នឹងសិរីល្អរបស់ខ្ញុំ នោះនៅនឹងព្រះ
ឯថ្មដានៃកំឡាំងខ្ញុំ នឹងទីពឹងជ្រករបស់ខ្ញុំ
ក៏នៅក្នុងព្រះដែរ
8ជនទាំងឡាយអើយ ចូរទុកចិត្តនឹងទ្រង់ជានិច្ច
ចូរអ្នករាល់គ្នាប្លុងចិត្តនៅចំពោះទ្រង់
ព្រះទ្រង់ជាទីពឹងជ្រកសំរាប់យើងខ្ញុំ។ –បង្អង់
9៙ ប្រាកដមែន មនុស្សធម្មតាជាអសារឥតការ
ហើយមនុស្សមាំទាំជាសេចក្ដីបោកប្រាស់
បើនឹងថ្លឹងគេនៅជញ្ជីង
នោះទាំងអស់រួមគ្នាស្រាលជាងខ្យល់ដង្ហើមទៅទៀត
10កុំឲ្យទុកចិត្តនឹងសេចក្ដីសង្កត់សង្កិនឡើយ
ក៏កុំឲ្យអួតខ្លួនក្នុងការលួចប្លន់ដែរ
បើកាលណាមានទ្រព្យសម្បត្តិចំរើនឡើង
នោះកុំឲ្យទុកចិត្តនឹងរបស់ទាំងនោះឲ្យសោះ
11ព្រះទ្រង់បានមានបន្ទូលម្តងហើយ
ខ្ញុំបានឮសេចក្ដីនេះ២ដងផង គឺថា
ឫទ្ធានុភាពសំរេចនៅលើព្រះ
12ឱព្រះអម្ចាស់អើយ
សេចក្ដីសប្បុរសក៏ជារបស់ផងទ្រង់ដែរ
ដ្បិតទ្រង់សងដល់គ្រប់មនុស្សទាំងអស់
តាមការប្រព្រឹត្តរបស់គេ។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 62: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.