ទំនុកដំកើង 49
49
ទំនុករបស់កូនចៅកូរេ ដែលលើកសំរាប់មេភ្លេង។
1អស់ទាំងសាសន៍អើយ ចូរស្តាប់សេចក្ដីនេះ
មនុស្សទាំងឡាយនៅលោកីយអើយ
ចូរផ្ទៀងត្រចៀកស្តាប់ចុះ
2គឺទាំងធំទាំងតូច ទាំងមានទាំងក្រគ្រប់គ្នា
3មាត់ខ្ញុំនឹងបញ្ចេញប្រាជ្ញា ហើយចិត្តខ្ញុំនឹងរំពឹងគិតតែពី
សេចក្ដីត្រឹមត្រូវ
4ខ្ញុំនឹងផ្ទៀងត្រចៀកស្តាប់ពាក្យឧបមា
ខ្ញុំនឹងផ្តើមច្រៀងសេចក្ដីអាថ៌កំបាំងរបស់ខ្ញុំតាមសូរស៊ុង។
5៙ ហេតុអ្វីបានជាខ្ញុំត្រូវមានចិត្តភ័យខ្លាចក្នុងគ្រាអាក្រក់
គឺកាលណាសេចក្ដីទុច្ចរិត ដែលតាមជាប់កែងជើង
បានព័ទ្ធខ្ញុំជុំវិញហើយ
6ឯក្នុងពួកអស់អ្នកដែលទុកចិត្តនឹងរបស់ទ្រព្យខ្លួន
ហើយអួតអាងពីទ្រព្យសម្បត្តិដ៏មានជាបរិបូរ
7នោះគ្មានអ្នកណាមួយនឹងអាចលោះបងប្អូនខ្លួន
ឬយកដំឡៃសំរាប់លោះគេទៅថ្វាយដល់ព្រះបានឡើយ
8ដ្បិតដំឡៃលោះព្រលឹងគេ នោះថ្លៃពេកណាស់
ឥតដែលអាចនឹងលោះបានឡើយ
9នឹងឲ្យគេរស់នៅជាដរាប ឥតឃើញសេចក្ដីពុករលួយ
មិនបានទេ។
10៙ អើ គេនឹងឃើញពិតថា ពួកមនុស្សប្រាជ្ញក៏ស្លាប់ដែរ
ហើយមនុស្សខ្លៅល្ងង់ នឹងមនុស្សកំរោល គេវិនាស
ទៅដូចគ្នា
ព្រមទាំងចោលរបស់ខ្លួនទុកឲ្យអ្នកដទៃផង
11អ្នកទាំងនោះគិតស្មានក្នុងចិត្តថា ពូជពង្សរបស់គេ
នឹងនៅជាប់ជានិច្ច
ហើយថា ទីលំនៅគេនឹងធន់នៅគ្រប់ទាំងដំណតទៅ
គេក៏ដាក់ឈ្មោះស្រុក តាមឈ្មោះរបស់ខ្លួនដែរ
12ប៉ុន្តែមនុស្សមិនស្ថិតស្ថេរនៅ ដោយមានកេរ្តិ៍ឈ្មោះទេ
គឺគេដូចជាសត្វតិរច្ឆានដែលត្រូវវិនាសវិញ។
13៙ ឯផ្លូវគេ នោះសុទ្ធតែផ្តេសផ្តាសទទេ
ប៉ុន្តែមនុស្សដែលកើតមកខាងក្រោយ
ក៏ចូលចិត្តនឹងពាក្យសំដីរបស់គេដែរ –បង្អង់
14គេដូចជាហ្វូងសត្វដែលដំរង់ទៅឯទីស្លាប់
សេចក្ដីស្លាប់នឹងស៊ីគេ
ហើយមនុស្សទៀងត្រង់នឹងជាន់ឈ្លីគេតាំងពីព្រលឹម
រូបល្អរបស់គេនឹងត្រូវសូន្យទៅ
នៅស្ថានឃុំព្រលឹងមនុស្សស្លាប់
ឥតមានទីអាស្រ័យឡើយ
15ប៉ុន្តែព្រះទ្រង់នឹងលោះព្រលឹងខ្ញុំ ឲ្យរួចពីអំណាចនៃ
ស្ថានឃុំព្រលឹងមនុស្សស្លាប់នោះវិញ
ដ្បិតទ្រង់នឹងទទួលខ្ញុំទុក។ –បង្អង់
16៙ កុំឲ្យភ័យខ្លាច ដោយអ្នក១បានមានឡើង
ក្នុងកាលដែលសេចក្ដីរុងរឿងនៅផ្ទះបានបរិបូរនោះឡើយ
17ដ្បិតកាលណាគេស្លាប់ទៅ នោះនឹងយកអ្វីៗទៅ
ផងមិនបាន
ហើយសេចក្ដីរុងរឿងរបស់គេនឹងមិនចុះទៅតាមឡើយ
18ទោះបើអ្នកនោះបានរាប់ខ្លួនជាមានពរ
ក្នុងកាលដែលនៅរស់នៅឡើយ
ហើយបាននាំឲ្យមនុស្សសរសើរខ្លួន ដោយបាន
លៀងជីវិតយ៉ាងល្អក៏ដោយ
19គង់តែនឹងត្រូវទៅតាមពួកឰយុកោខ្លួន
ដែលមិនឃើញពន្លឺទៀត
20មនុស្សណាដែលមានកេរ្តិ៍ឈ្មោះ តែឥតមានយោបល់
នោះធៀបដូចជាសត្វតិរច្ឆាន ដែលវិនាសទៅនោះឯង។
ទើបបានជ្រើសរើសហើយ៖
ទំនុកដំកើង 49: ពគប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© BFBS/UBS 1954, 1962. All Rights Reserved.