ទំនុកដំកើង 48

48
ទំនុក​ចំរៀង​ជា​របស់​កូន​ចៅ​កូរេ។
1ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ
ហើយ​គួរ​សរសើរ​ណាស់
ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​ខ្ញុំ
គឺ​នៅ​លើ​ភ្នំ​បរិសុទ្ធ​នៃ​ទ្រង់
2ឯ​ភ្នំ​ស៊ីយ៉ូន​នៅ​ទិស​ខាង​ជើង នោះ​មាន​លំអ
ដោយ​នៅ​លើ​ទី​ខ្ពស់
ជា​ទី​រីក‌រាយ​ចិត្ត​ដល់​ផែនដី​ទាំង​មូល
គឺ​ជា​ទី​ក្រុង​នៃ​មហា‌ក្សត្រ​ដ៏​ធំ
3ព្រះ‌ទ្រង់​បាន​សំដែង​ថា ទ្រង់​ជា​ទី​ពឹង​នៅ​ក្នុង
ព្រះ‌រាជ​វាំង​នៃ​ក្រុង​នោះ។
4៙ ដ្បិត​មើល ពួក​មហា‌ក្សត្រ​ទាំង​ប៉ុន្មាន​បាន​ប្រជុំ​គ្នា
ក៏​នាំ​គ្នា​យាង​ទៅ​តាម​ទី​នោះ
5គ្រា​ឃើញ​ទី​ក្រុង នោះ​ក៏​អស្ចារ្យ​ក្នុង​ចិត្ត
គេ​មាន​សេចក្ដី​តក់‌ស្លុត រួច​រត់​ចេញ​បាត់​ទៅ
6នៅ​ទី​នោះ​គេ​កើត​មាន​សេចក្ដី​ភ័យ​ញ័រ​គ្រប់​គ្នា
ក៏​ឈឺ‌ចាប់​ដូច​ជា​ស្ត្រី​ដែល​សំរាល​កូន
7ទ្រង់​បាន​បំបាក់​បំបែក​នាវា​តើស៊ីស
ដោយ​ខ្យល់​ពី​ទិស​ខាង​កើត
8នៅ​ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​ពួក​ពល‌បរិវារ
គឺ​ជា​ក្រុង​របស់​ព្រះ​នៃ​យើង​ខ្ញុំ
នោះ​យើង​ខ្ញុំ​បាន​ឃើញ​មាន ដូច​ជា​បាន​ឮ​រៀង​មក​ហើយ
ព្រះ‌ទ្រង់​នឹង​តាំង​ទី​ក្រុង​នោះ
ឲ្យ​នៅ​ជាប់​ជា​រៀង‌រាប​ដរាប​ទៅ។
–បង្អង់
9៙ ឱ​ព្រះ‌អង្គ​អើយ នៅ​កណ្តាល​ព្រះ‌វិហារ​នៃ​ទ្រង់
នោះ​យើង​ខ្ញុំ​បាន​នឹក​រំពឹង​ពី​សេចក្ដី​សប្បុរស​របស់​ទ្រង់
10ឱ​ព្រះ‌អង្គ​អើយ ដែល​ល្បី​ព្រះ‌នាម​ទ្រង់
បាន​ឮ​សុស‌សាយ​យ៉ាង​ណា
នោះ​សេចក្ដី​សរសើរ​នៃ​ទ្រង់​ក៏​បាន​ដល់​ចុង​ផែនដី​បំផុត
យ៉ាង​នោះ​ដែរ
ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​មាន​ពេញ​ដោយ​សេចក្ដី​សុចរិត
11គួរ​ឲ្យ​ក្រុង​ស៊ីយ៉ូន​មាន​សេចក្ដី​អំណរ
គួរ​ឲ្យ​ពួក​កូន​ស្រី​សាសន៍​យូដា​បាន​រីក‌រាយ​ឡើង
ដោយ​ព្រោះ​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់
12ចូរ​ដើរ​សព្វ​គ្រប់​ក្នុង​ក្រុង​ស៊ីយ៉ូន ចូរ​ដើរ​ព័ទ្ធ​ជុំវិញ​ផង
ហើយ​រាប់​អស់​ទាំង​ប៉ម​នៃ​ទី​ក្រុង
13ចូរ​សង្កេត​មើល​កំផែង​ទាំង​ប៉ុន្មាន​ឲ្យ​មែន‌ទែន
ហើយ​ពិចារណា​ព្រះ‌រាជ​វាំង​នោះ​ផង
ដើម្បី​នឹង​ថ្លែង​ប្រាប់​ដល់​កូន​ចៅ​ត​ទៅ
14ដ្បិត​ព្រះ​នេះ ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​នៅ​អស់‌កល្ប‌ជានិច្ច
ទ្រង់​នឹង​ធ្វើ​ជា​អ្នក​នាំ​មុខ​យើង​ខ្ញុំ
ដរាប​ដល់​អស់​ជីវិត​ផង។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 48: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល