ទំនុកដំកើង 49

49
ទំនុក​របស់​កូន​ចៅ​កូរេ ដែល​លើក​សំរាប់​មេ​ភ្លេង។
1អស់​ទាំង​សាសន៍​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ
មនុស្ស​ទាំង‌ឡាយ​នៅ​លោកីយ​អើយ
ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ
2គឺ​ទាំង​ធំ​ទាំង​តូច ទាំង​មាន​ទាំង​ក្រ​គ្រប់​គ្នា
3មាត់​ខ្ញុំ​នឹង​បញ្ចេញ​ប្រាជ្ញា ហើយ​ចិត្ត​ខ្ញុំ​នឹង​រំពឹង​គិត​តែ​ពី
សេចក្ដី​ត្រឹម‌ត្រូវ
4ខ្ញុំ​នឹង​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​ឧបមា
ខ្ញុំ​នឹង​ផ្តើម​ច្រៀង​សេចក្ដី​អាថ៌‌កំបាំង​របស់​ខ្ញុំ​តាម​សូរ​ស៊ុង។
5៙ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​មាន​ចិត្ត​ភ័យ​ខ្លាច​ក្នុង​គ្រា​អាក្រក់
គឺ​កាល​ណា​សេចក្ដី​ទុច្ចរិត ដែល​តាម​ជាប់​កែង‌ជើង
បាន​ព័ទ្ធ​ខ្ញុំ​ជុំវិញ​ហើយ
6ឯ​ក្នុង​ពួក​អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​របស់​ទ្រព្យ​ខ្លួន
ហើយ​អួត‌អាង​ពី​ទ្រព្យ​សម្បត្តិ​ដ៏​មាន​ជា​បរិបូរ
7នោះ​គ្មាន​អ្នក​ណា​មួយ​នឹង​អាច​លោះ​បង​ប្អូន​ខ្លួន
ឬ​យក​ដំឡៃ​សំរាប់​លោះ​គេ​ទៅ​ថ្វាយ​ដល់​ព្រះ​បាន​ឡើយ
8ដ្បិត​ដំឡៃ​លោះ​ព្រលឹង​គេ នោះ​ថ្លៃ​ពេក​ណាស់
ឥត​ដែល​អាច​នឹង​លោះ​បាន​ឡើយ
9នឹង​ឲ្យ​គេ​រស់​នៅ​ជា​ដរាប ឥត​ឃើញ​សេចក្ដី​ពុក‌រលួយ
មិន​បាន​ទេ។
10៙ អើ គេ​នឹង​ឃើញ​ពិត​ថា ពួក​មនុស្ស​ប្រាជ្ញ​ក៏​ស្លាប់​ដែរ
ហើយ​មនុស្ស​ខ្លៅ​ល្ងង់ នឹង​មនុស្ស​កំរោល គេ​វិនាស
ទៅ​ដូច​គ្នា
ព្រម​ទាំង​ចោល​របស់​ខ្លួន​ទុក​ឲ្យ​អ្នក​ដទៃ​ផង
11អ្នក​ទាំង​នោះ​គិត​ស្មាន​ក្នុង​ចិត្ត​ថា ពូជ‌ពង្ស​របស់​គេ
នឹង​នៅ​ជាប់​ជានិច្ច
ហើយ​ថា ទី​លំនៅ​គេ​នឹង​ធន់​នៅ​គ្រប់​ទាំង​ដំណ​ត​ទៅ
គេ​ក៏​ដាក់​ឈ្មោះ​ស្រុក តាម​ឈ្មោះ​របស់​ខ្លួន​ដែរ
12ប៉ុន្តែមនុស្ស​មិន​ស្ថិត‌ស្ថេរ​នៅ ដោយ​មាន​កេរ្តិ៍​ឈ្មោះ​ទេ
គឺ​គេ​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​ត្រូវ​វិនាស​វិញ។
13៙ ឯ​ផ្លូវ​គេ នោះ​សុទ្ធ​តែ​ផ្តេស‌ផ្តាស​ទទេ
ប៉ុន្តែមនុស្ស​ដែល​កើត​មក​ខាង​ក្រោយ
ក៏​ចូល​ចិត្ត​នឹង​ពាក្យ​សំដី​របស់​គេ​ដែរ –បង្អង់
14គេ​ដូច​ជា​ហ្វូង​សត្វ​ដែល​ដំរង់​ទៅ​ឯ​ទី​ស្លាប់
សេចក្ដី​ស្លាប់​នឹង​ស៊ី​គេ
ហើយ​មនុស្ស​ទៀង​ត្រង់​នឹង​ជាន់​ឈ្លី​គេ​តាំង​ពី​ព្រលឹម
រូប​ល្អ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅ
នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់
ឥត​មាន​ទី​អាស្រ័យ​ឡើយ
15ប៉ុន្តែព្រះ​ទ្រង់​នឹង​លោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​អំណាច​នៃ
ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នោះ​វិញ
ដ្បិត​ទ្រង់​នឹង​ទទួល​ខ្ញុំ​ទុក។ –បង្អង់
16៙ កុំ​ឲ្យ​ភ័យ​ខ្លាច ដោយ​អ្នក​១​បាន​មាន​ឡើង
ក្នុង​កាល​ដែល​សេចក្ដី​រុងរឿង​នៅ​ផ្ទះ​បាន​បរិបូរ​នោះ​ឡើយ
17ដ្បិត​កាល​ណា​គេ​ស្លាប់​ទៅ នោះ​នឹង​យក​អ្វីៗ​ទៅ
ផង​មិន​បាន
ហើយ​សេចក្ដី​រុងរឿង​របស់​គេ​នឹង​មិន​ចុះ​ទៅ​តាម​ឡើយ
18ទោះ​បើ​អ្នក​នោះ​បាន​រាប់​ខ្លួន​ជា​មាន​ពរ
ក្នុង​កាល​ដែល​នៅ​រស់​នៅ​ឡើយ
ហើយ​បាន​នាំ​ឲ្យ​មនុស្ស​សរសើរ​ខ្លួន ដោយ​បាន
លៀង​ជីវិត​យ៉ាង​ល្អ​ក៏​ដោយ
19គង់​តែ​នឹង​ត្រូវ​ទៅ​តាម​ពួក​ឰយុកោ​ខ្លួន
ដែល​មិន​ឃើញ​ពន្លឺ​ទៀត
20មនុស្ស​ណា​ដែល​មាន​កេរ្តិ៍​ឈ្មោះ តែ​ឥត​មាន​យោបល់
នោះ​ធៀប​ដូច​ជា​សត្វ​តិរច្ឆាន ដែល​វិនាស​ទៅ​នោះ​ឯង។

ទើបបានជ្រើសរើសហើយ៖

ទំនុកដំកើង 49: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល